ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​ចាប់ផ្តើម​ការ​កាត់ទោស​ជា​ប្រវត្តិសាស្រ្ត​ដល់​មេដឹកនាំ​ខ្មែរ​ក្រហម


លោក ជុំ ម៉ី (ឆ្ឆ្វេង) និង​ លោក ប៊ូ ម៉េង (ស្តាំ) អ្នក​រស់​រាន​ពី​របប​ខ្មែរ​ក្រហម​ ឈរ​បួងសួង​នៅ​នៅ​អតីត​វាលពិឃាដ​ជើង​ឯក នៅ​ជាយក្រុង​​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​​មិថុនា​ឆ្នាំ​២០១១។
លោក ជុំ ម៉ី (ឆ្ឆ្វេង) និង​ លោក ប៊ូ ម៉េង (ស្តាំ) អ្នក​រស់​រាន​ពី​របប​ខ្មែរ​ក្រហម​ ឈរ​បួងសួង​នៅ​នៅ​អតីត​វាលពិឃាដ​ជើង​ឯក នៅ​ជាយក្រុង​​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​​មិថុនា​ឆ្នាំ​២០១១។

តុលាការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ចាប់ផ្តើម​កាត់ទោស​ជា​ប្រវត្តិសាស្រ្ត​ដល់​ពួក​មេដឹកនាំ​ខ្មែរ​ក្រហម​៤​នាក់​ ដែល​ជា​ពួក​កុម្មុយនីស្ត​ជ្រុល​និយម​ដែល​បដិវត្តន៍​បង្ហូរ​ឈាម​របស់​ពួកគេ​ក្នុង​ទសវត្សរ៍​១៩៧០​ បាន​សម្លាប់​ប្រជាពលរដ្ឋ​ជិត​១​ភាគ​៤។​ នៅ​ខណៈពេល​ដែល​ការ​កាត់​ទោស​ត្រូវ​គេ​ទន្ទឹង​រង់ចាំ​យ៉ាងយូរ​នោះ​ បាន​ត្រូវ​ទទួល​ស្វាគមន៍​ដោយ​ជន​រងគ្រោះ​ ពួកគេ​ក៏​កំពុង​រិះគន់​តុលាការ​ពី​បទ​ចោទ​ប្រកាន់​ពី​ការ​ជ្រៀត​ជ្រែក​ខាង​នយោបាយ​ដែល​អាច​កម្រិត​ការកាត់ទោស​ជន​ចុងចោទ​បន្ថែម​ទៀត។

សវនាការ​ដំបូង​បាន​បើកធ្វើ​កាលពី​ថ្ងៃ​ច័ន្ទ​នៅ​តុលាការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​ដើម្បី​កាត់ទោស​ពួកមេដឹកនាំ​ដែល​នៅ​រស់រាន​មាន​ជីវិត​និង​ជាន់ខ្ពស់​បំផុត​របស់​របប​ពួក​ខ្មែរ​ក្រហម។

មនុស្ស​រាប់រយ​នាក់​ បាន​ដើរ​ចូល​ក្នុង​បន្ទប់​តុលាការ​ដែល​ស្ថិត​នៅ​ខាង​ក្រៅ​រាជធានី​ភ្នំពេញ​ដើម្បី​មើល​ការ​កាត់ទោស​ចុងចោទ​ដែល​គេ​រង់ចាំ​ជា​យូរ​មក​ហើយ។

ចុងចោទ​ទាំងនោះ​មាន​ខៀវ សំផន​ ប្រមុខរដ្ឋ​ អៀង សារី​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ ភរិយា​របស់​គាត់​អៀង ធីរិទ្ធ​ ដែល​ជា​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច​ និង​នួន​ ជា ​ដែល​គេ​ស្គាល់​ថា​ជា​បងធំ​ទី​២។

ក្នុង​ចំណោម​ការចោទ​ប្រកាន់​ផ្សេង​ទៀត​ ពួកគេ​ត្រូវ​រង​ការចោទ​ប្រកាន់​ពី​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ប្រល័យ​ពូជសាសន៍​ចំពោះ​តួនា​ទី​របស់​ពួកគេ​នៅ​ក្នុង​ការប៉ុនប៉ង​របស់​ពួកគេ​ក្នុង​ចុង​ទសវត្សរ៍​១៩៧០​ដើម្បី​បោស​សម្អាត​បន​ប្រតិកិរិយា​ហើយ​បាន​ធ្វើ​ឲ្យ​ប្រទេស​ធ្លាក់​ចូល​ទៅក្នុង​កសិកម្ម​មហា​លោតផ្លោះ។

ចុងចោទ​ចាស់​ជរា​ទាំងបួន​មាន​អាយុ​ពី​៧៩​ឆ្នាំ ​ទៅ​៨៥​ឆ្នាំ​ ពួកគេ​ទាំងអស់​គ្នា​បាន​ប្រកែក​ការ​ចោទ​ប្រកាន់​ប្រឆាំង​ខ្លួន។ ការ​កាត់ទោស​របស់​ពួកគេ​ អាចចំណាយ​ពេល​បី ​បួន​ឆ្នាំ។

កញ្ញា​សេង ​ធារី ​ជា​ប្រធាន​សមាគម​ជនរងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ក្នុង​ប្រទេស​កម្ពុជា។ កញ្ញា ​មាន​អារម្មណ៍​រំភើប​ផង​និង​ការរំជួល​ចិត្ត​ផង​ដែល​នៅ​ទី​បញ្ចប់​បាន​ឃើញ​ពួកមេដឹកនាំ​ខ្មែរ​ក្រហម​បាន​ឡើង​តុលាការ។

«ជា​និច្ចកាល​ យើង​បាន​សួរ​ខ្លួនឯង​ថា​តើ​ហេតុអ្វី? ហេតុអ្វី​បាន​ជា​វា​កើត​ឡើង? ហេតុអ្វី​បាន​ជា​បុគ្គល​ទាំងនេះ​ មេដឹកនាំ​ខ្មែរ​ក្រហម​ទាំងនោះ ​គិត​ថា​ពួកគេ​អាច​ដើរតួ​ជា​ព្រះ​អាទិទេព។ ពួកគេ​សម្លាប់​ឪពុក​ម្តាយ​របស់​ខ្ញុំ​និង​សម្លាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ផ្សេង​ទៀត​២​លាន​នាក់។ តើ​ពួកគេ​មាន​សិទ្ធិ​អ្វី​ធ្វើ​ការ​ពិសោធន៍​មនុស្ស​ក្នុង​លក្ខណៈ​ឃោរឃៅ​បែប​នេះ? ហើយ​ខ្ញុំ​សង្ឃឹម​ថា​ដំណើរការ​របស់​តុលា​ការ​នឹង​បញ្ចាំង​ពី​ភាព​ងងឹត​ដោយ​ការ​ផ្តល់​ព័ត៌មាន ​ដោយ​ការបំបាត់​សំណួរ​ថា​ហេតុអ្វី? ហេតុអ្វី​បាន​ជា​វា​កើត​មានឡើង​នោះ?»

កញ្ញា​សេង ធារី ​និង​ជនរងគ្រោះ​ផ្សេង​ទៀត​ហើយ​មេធាវី​ បាន​ជំរុញ​ឲ្យមាន​ការ​កាត់ទោស​ពួកមេដឹក​នាំខ្មែរ​ក្រហម​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​ រួមមាន​មេបញ្ជាការ​យោធា​និង​ប្រធាន​គុក​ដែល​នៅរស់រាន​មាន​ជីវិត។ ប៉ុន្តែ​តុលាការ​មិន​យល់ព្រម​ហើយ​បាន​ទទួល​រងការ​ចោទ​ប្រកាន់​ពី​អំពើ​ពុករលួយ​និង​ការ​គាបសង្កត់​ខាង​នយោបាយ។

នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ខ្លួន​ឯង ​ជា​អតីត​ខ្មែរ​ក្រហម​ បាន​និយាយ​ថា​លោក​ចង់​ឲ្យមាន​ការ​កាត់ទោសនេះ ​ហើយ​ឲ្យមាន​តែ​ពីរ​ករណី​ប៉ុណ្ណោះ ​ដែល​ករណី​នេះ​ជាករណី​ចុង​ក្រោយ។ លោក​ជជែក​ឲ្យហេតុផល​ថា​ការកាត់ទោស​អាចនាំ​ឲ្យមាន​អស្ថិរភាព។

លោក​ឌឹម​ សុវណ្ណារ៉ុម​ ជា​មន្រ្តី​ទទួល​ខុសត្រូវ​កិច្ចការ​សាធារណៈ​របស់​តុលាការ។លោក​បាន​ច្រានចោល​ពី​ការមាន​ការជ្រៀតជ្រែក​ខាង​នយោបាយ។

«ឥឡូវនេះ​ ខ្ញុំ​បាន​ធ្វើការងារ​នេះ​ជាង​ពីរ​ឆ្នាំ​ហើយៗ​មាន​ការប្រែប្រួល​ច្រើនណាស់។ ដូច​លោក​មាន​ប្រសាសន៍​ឬ​ក៏​លើកឡើង​ពី​ប្រសាសន៍​របស់សម្តេច​ ហ៊ុន សែន ​ជា​ហូរហែ​ ខ្ញុំ​សូម​ជម្រាប​លោក​ថា​តុលាការ​នេះ​ជា​តុលាការ​ឯករាជ្យ​តុលាការ​នេះ​គឺ​ឯករាជ្យ។ ស្ថាប័ន​តុលាការ​គឺ​ឯករាជ្យ»។

តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​ បាន​ត្រូវ​បង្កើត​ឡើង​ដើម្បី​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម។ ប៉ុន្តែ​ការបង្កើត​តុលាការ​នេះ​បាននាំ​ឲ្យមាន​ការចរចា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ដែល​ចង់​ត្រួតត្រា​ដំណើរការ​កាត់ទោស​នេះ។

នៅក្នុ​ង​ករណី​ទី​១​ កាលពី​ឆ្នាំ​ទៅ ​តុលាការ​បាន​កាត់​ឲ្យ​ជាប់ទោស​កាំង ​ហ្គេកអ៊ាវ​ដែល​បាន​មើល​ការខុសត្រូវ​គុក​និង​កន្លែង​ធ្វើ​ទារុណកម្ម​ដ៏សំ​ខាន់​មួយ​របស់​ខ្មែរ​ក្រហម។ តុលាការ​បាន​កាត់​ទោស​ជន​នេះ​ឲ្យជាប់​គុក​៣៥ឆ្នាំដែល​បាន​ត្រូវ​បន្ថយ​មក​ត្រឹម​១៩​ឆ្នាំ។

ក្នុង​កំឡុងពេល​នៃ​ការគ្រប់គ្រង​ជិត​៤ឆ្នាំ​របស់​ពួក​ខ្មែរ​ក្រហម​មាន​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​ច្រើន​រហូត​ដល់​២​លាន​នាក់​បាន​ស្លាប់​មកពី​ការសម្លាប់​ចោល​ ការ​ធ្វើ​ទារុណកម្ម​ ការ​បង្អត់​អាហារ​និង​ការបង្ខំ​ធ្វើការ​ជា​ទម្ងន់។

ពួកគេ​ បាន​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​ទីក្រុង​ហើយ​បាន​ឃុំឃាំង​ឬ​សម្លាប់​ចោល​ជនណា​ដែល​ប្រឆាំង​នឹង​បដិវត្តន៍​កុម្មុយនីស្ត​ជ្រុល​និយម​របស់​ពួកគេ។

កងទ័ព​កុម្មុយនីស្ត​វៀតណាម​ បាន​បញ្ចប់​ការគ្រប់គ្រង​របស់​ពួកគេ​ដោយ​ការ​ឈ្លានពាន​ប្រទេស​កម្ពុជា​ហើយ​រុញ​ពួកខ្មែរ​ក្រហម​ទៅកាន់​ព្រំដែន​ថៃ​ដែ​ល​ជា​ទី​កន្លែង​ដែល​ពួកគេ​ធ្វើការ​តស៊ូ​រហូត​ដល់​ពួកគេ​បាន​រលាយ​នៅឆ្នាំ​១៩៩៨។

ប៉ុល ពត​ មេដឹកនាំ​កំពូល​ខ្មែរ​ក្រហម ​ដែល​គេ​ស្គាល់​ថា​ជា​បងធំ​ទី​១​ បានត្រូវ​កម្ចាត់​ចេញពី​ក្រុម​នោះ​នៅ​ឆ្នាំ​តែមួយ​នោះ​ ដែល​ជន​នោះ​បាន​ស្លាប់៕

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG