សាកសពបុរសវ័យក្មេងម្នាក់ដេកដួលនៅពាក់កណ្ដាលដងផ្លូវ Jerome Avenue នៅក្រោមផ្លូវដែកដែលខ្ពស់ផុតពីដី។ ទិដ្ឋភាពនេះត្រូវបានបំភ្លឺដោយភ្លើងពណ៌ខៀវភ្លឺចាំងនៃស្លាកសញ្ញាមួយនៅពីលើភោជនីយដ្ឋាន El Caribe ដែលបិទទ្វារចោល។ រថយន្តដឹកសំរាមមួយគ្រឿងឈប់សំចតពាក់កណ្ដាលទីនៅឯផ្លូវបែកជា ៤ ដ៏ស្ងាត់ជ្រងំមួយនៅក្នុងសង្កាត់ Bronx នៃទីក្រុង New York សហរដ្ឋអាមេរិក។
របាយការណ៍ដែលបានកត់ត្រាទុកបានបង្ហាញថា បុគ្គលិកពេទ្យសង្គ្រោះបន្ទាន់បានធ្វើដំណើរមកដល់ និងបានបញ្ជាក់ថា បុរសវ័យក្មេងរូបនេះបានស្លាប់នៅម៉ោង ៥ និង ៨ នាទីព្រឹកព្រលឹមស្រាងៗ ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០១៧។
ប៉ូលិសក៏បានមកដល់កន្លែងកើតហេតុដែរ។ ប៉ូលិសបានយកខ្សែហាមឃាត់ព័ទ្ធជុំវិញកន្លែងកើតហេតុ និងបានសម្ភាសន៍អ្នកបើករថយន្តដឹកសំរាម និងអ្នកប្រមូលសំរាមនៃរថយន្តនោះ។ នេះបើយោងតាមរបាយការណ៍ដែលបានកត់ត្រាទុក និងការសម្ភាសន៍។ បើយោងតាមរបាយការណ៍ដែលបានកត់ត្រាទុករបស់ប៉ូលិស អ្នកបើករថយន្ត និងអ្នកប្រមូលសំរាមនៃរថយន្តនោះបាននិយាយថា បុរសដែលបានស្លាប់នេះ គឺជាជនចំណែកម្នាក់ដែលបានហក់ឡើងជាន់លើធ្នើរឡើងជិះរថយន្ត ប៉ុន្តែបានភ្លាត់ជើងធ្លាក់ ក៏ត្រូវរថយន្តដឹកសំរាមនេះកិនពីលើ។ របាយការណ៍ដំបូងរបស់ប៉ូលិសមិនបានបញ្ជាក់ថា បុរសនោះមានឈ្មោះអ្វីនោះទេ។
ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក អ្នកយកព័ត៌មានម្នាក់របស់ស្ថានីយទូរទស្សន៍ News 12 ប្រចាំសង្កាត់ Bronx បានរាយការណ៍ថា អ្នកដែលរស់នៅក្បែរខាងនោះគិតថា ជនរងគ្រោះនោះគឺជា «បុរសគ្មានផ្ទះសម្បែងម្នាក់ដែលពួកគេធ្លាប់ឃើញនៅក្នុងតំបន់នោះ»។ នៅរសៀលថ្ងៃដដែលនោះ សារព័ត៌មាន Daily News បានរាយការណ៍ថា បុរសនោះគឺជា «បុរសគ្មានផ្ទះសម្បែងព្រហើនម្នាក់»។
រថយន្តដឹកសំរាមនោះជារបស់ក្រុមហ៊ុន Sanitation Salvage ដែលជាក្រុមហ៊ុនដឹកសំរាមដ៏ធំមួយនៅក្នុងទីក្រុង New York។ ក្រោយមក អ្នកគ្រប់គ្រងក្រុមហ៊ុននេះបានមកយករថយន្តដឹកសំរាមនេះទៅទុកនៅទីធ្លាក្រុមហ៊ុនវិញ។ បន្ទាប់មក បើយោងតាមការរៀបរាប់របស់កម្មករប្រមូលសំរាមអំពីព្រឹត្តិការណ៍នៅយប់នោះ រថយន្តនោះត្រូវបានបញ្ជូនត្រឡប់ទៅវិញដោយមិនបានប្រមូលសំរាមបានច្រើននោះទេ។
នៅក្នុងផ្ទះអាផាធឺមែនមួយនៅជាប់ផ្លូវ Grand Concourse ក្នុងសង្កាត់ Bronx ដែលមានចម្ងាយជាង ៣ គីឡូម៉ែត្រពីកន្លែងកើតហេតុ ម្ដាយរបស់បុរសដែលបានស្លាប់នេះកំពុងតែរង់ចាំបុរសនេះត្រឡប់មកផ្ទះវិញ។ អ្នកស្រី Hadiatou Barry ដែលជាជនអន្តោប្រវេសន៍ជនជាតិហ្គីណេ បានមករស់នៅក្នុងសង្កាត់ Bronx នៃទីក្រុង New York នេះ ដើម្បីស្វែងរកជីវភាពប្រសើរជាងមុនសម្រាប់គ្រួសាររបស់អ្នកស្រី។
បុរសដែលស្លាប់នោះគឺជាកូនប្រុសច្បងរបស់អ្នកស្រីដែលមានអាយុ ២១ ឆ្នាំ ឈ្មោះ Mouctar Diallo។ ជាទូទៅ កូនប្រុសរបស់អ្នកស្រីរូបនេះគេងនៅក្នុងបន្ទប់ទទួលភ្ញៀវនៃផ្ទះអាផាធឺមែនរបស់អ្នកស្រី។ ជាធម្មតា លោក Mouctar Diallo ធ្វើការនៅពេលយប់ ហើយមកផ្ទះវិញនៅពេលព្រឹកព្រលឹមស្រាងៗដើម្បីគេង។ ប៉ុន្តែ ឥឡូវនេះ បុរសវ័យក្មេងរូបនេះនឹងមិនបានមកគេងនៅលើគ្រែរបស់ខ្លួនទៀតទេ។
ក្នុងរយៈពេលមិនយូរប៉ុន្មានក្រោយមក អ្នកស្រី Hadiatou Barry បានទទួលដំណឹងដ៏អាក្រក់បំផុតដែលគួរឲ្យភ្ញាក់ផ្អើលមួយ ដែលនោះគឺភាពក្រៀមក្រំសោកសៅ និងការម៉ាក់ងាយ។
ការងារពេលយប់របស់លោក Mouctar Diallo គឺធ្វើជាអ្នកជួយប្រមូលសំរាមក្រៅផ្លូវការសម្រាប់រថយន្តដឹកសំរាមរបស់ក្រុមហ៊ុន Sanitation Salvage ហើយរថយន្តដឹកសំរាមដែលលោកបានប្រមូលសំរាមឲ្យនៅយប់នោះជារថយន្តដែលបានកិនសម្លាប់លោក។
បន្ទាប់មកទៀត អ្នកស្រី Hadiatou Barry បានទទួលដំណឹងថា អ្នកបើករថយន្តដឹកសំរាម និងអ្នកជួយប្រមូលសំរាមចម្បងនៃរថយន្តនោះ បានអះអាងថា ពួកគេមិនស្គាល់លោក Mouctar Diallo នោះទេ។ ប៉ុន្តែ តាមពិត បុរសទាំងពីរនេះបានស្គាល់លោក Mouctar Diallo អស់រយៈពេលជាងមួយឆ្នាំមកហើយ និងបានបង់ជាលុយសុទ្ធឲ្យលោក Mouctar Diallo សម្រាប់ការជួយរបស់លោកនៅក្នុងការប្រមូលសំរាម។ ជាងនេះទៅទៀត ឥឡូវនេះ នៅទូទាំងក្រុង New York មនុស្សម្នាទូទៅបានស្គាល់កូនរបស់អ្នកស្រីថាជាបុរសគ្មានផ្ទះសម្បែងស្នាក់នៅ ដោយសារតែការផ្សាយរបស់សារព័ត៌មាន។
អ្នកស្រី Hadiatou Barry បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា៖ «បុរសនោះជាកូនរបស់ខ្ញុំ។ ខ្ញុំចង់ឲ្យសេចក្ដីរាយការណ៍នានារាយការណ៍ពីការពិតអំពីកូនប្រុសរបស់ខ្ញុំ ដើម្បីកុំឲ្យរឿងនេះកើតឡើងចំពោះអ្នកដទៃផ្សេងទៀត»។
ការពិតនៃការស្លាប់របស់លោក Mouctar Diallo នេះគឺថា អាជ្ញាធរដែលធ្វើការស៊ើបអង្កេតលើហេតុការណ៍នេះ មិនបានដឹងថា លោកជាកម្មករប្រមូលសំរាមឲ្យរថយន្តដឹកសំរាមនោះ នោះទេ។ ទើបតែរយៈពេលយ៉ាងតិច ២ ខែក្រោយមកបន្ទាប់ពីហេតុការណ៍នេះបានកើតឡើងបុណ្ណោះ ទើបអាជ្ញាធរបានដឹងអំពីរឿងនេះ។ ហើយនៅពេលដែលពួកគេដឹងអំពីរឿងនេះ ពួកគេមិនបានចាត់វិធានការណាមួយប្រឆាំងនឹងអ្នកបើករថយន្តដឹកសំរាម និងអ្នកប្រមូលសំរាមមួយរូបទៀត ដែលបានកុហកប៉ូលិសនោះទេ។
គណៈកម្មការសុចរិតភាពអាជីវកម្ម (Business Integrity Commission) ដែលជាទីភ្នាក់ងាររបស់រដ្ឋបាលក្រុង New York ដែលទទួលបន្ទុកលើការមើលការខុសត្រូវលើឧស្សាហកម្មក្រុមហ៊ុនប្រមូលសំរាម នៅតែអនុញ្ញាតឲ្យបុរសអ្នកបើករថយន្តដឹកសំរាម និងអ្នកប្រមូលសំរាមម្នាក់ទៀតបន្តធ្វើការដដែល។ ប៉ូលិស និងរដ្ឋអាជ្ញាសង្កាត់ Bronx បានបិទការស៊ើបអង្កេតដោយមិនមានការចោទប្រកាន់ណាមួយធ្វើឡើងនោះទេ។
កាលពីថ្ងៃទី ២៧ ខែមេសា កន្លងទៅនេះ បុរសឈ្មោះ Sean Spence ដែលជាអ្នកបើករថយន្តដឹកសំរាមឲ្យក្រុមហ៊ុន Sanitation Salvage ដែលអាជ្ញាធរបាននិយាយថា ជាអ្នកដែលបានបើករថយន្តកិនពីលើលោក Mouctar Daillo និងកុហកអំពីរឿងនេះនោះ បានបុកបុរសម្នាក់ទៀតវ័យ ៧២ ឆ្នាំ ឈ្មោះ Leo Clarke ឲ្យស្លាប់បាត់បង់ជីវិត។
លោក Leo Clarke បានកាន់ឈើច្រត់ដើរឆ្លងផ្លូវនៅក្នុងប្លុកមួយនៃសង្កាត់ Bronx កាលពីល្ងាចថ្ងៃទី ២៧ ខែមេសា។ នៅពេលនោះ លោកត្រូវបានរថយន្តដឹកសំរាមទម្ងន់ ៤០ តោនបើកបុក។ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតលើរឿងនេះ ហើយឥឡូវនេះ បុរសអ្នកបើករថយន្តដឹកសំរាមឈ្មោះ Sean Spence នេះ ត្រូវបានគេផ្អាកពីការងារមិនឲ្យបើករថយន្តឲ្យក្រុមហ៊ុន Sanitation Salvage ទៀតទេ។
នៅពេលដែលប្រាប់ថា អ្នកបើករថយន្តដឹកសំរាមឈ្មោះ Sean Spence នោះបានបើកបុកមនុស្សស្លាប់ជាលើកទីពីរ អ្នកស្រី Hadiatou Barry បានបង្ហាញការភ្ញាក់ផ្អើលដោយនិយាយថា៖ «ឱ! ព្រះជាម្ចាស់អើយ»។
នាយកដ្ឋានប៉ូលិសក្រុង New York បានបញ្ជាក់ថា ការនិយាយកុហកប៉ូលិសគឺមិនមែនជាទោសឧក្រិដ្ឋនោះទេ។ នាយកដ្ឋានប៉ូលិសនេះនៅតែរក្សាគោលជំហររបស់ខ្លួនថា ខ្លួនបានធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដោយមានទាំងការប្រមូលអំណះអំណាងរបស់សាក្សី ការប្រមូលព័ត៌មាននៃការទូរស័ព្ទទៅលេខសង្គ្រោះបន្ទាន់ ៩១១ និងវីដេអូពីកន្លែងកើតហេតុជាដើម។
អ្នកនាំពាក្យម្នាក់បាននិយាយថា ប៉ូលិសគ្មានសិទ្ធិក្នុងការធ្វើការស៊ើបអង្កេតលើប្រតិបត្តិការរបស់ក្រុមហ៊ុនគ្រប់គ្រងសំរាមឯកជននេះទេ។
អ្នកនាំពាក្យរបស់ការិយាល័យរដ្ឋអាជ្ញាសង្កាត់ Bronx បានបញ្ជាក់ថា គណៈកម្មការសុចរិតភាពអាជីវកម្ម មិនបានបញ្ជូនករណីឧក្រិដ្ឋណាមួយទៅឲ្យរដ្ឋអាជ្ញាអំពីទង្វើរបស់បុគ្គលិកក្រុមហ៊ុន Sanitation Salvage នោះទេ។ ដូច្នេះហើយបានជារដ្ឋអាជ្ញាគ្មានមូលហេតុណាមួយដែលត្រូវធ្វើការស៊ើបអង្កេតបន្តទៀតនោះទេ។
អ្នកនាំពាក្យគណៈកម្មការសុចរិតភាពអាជីវកម្ម បាននិយាយថា គណៈកម្មការនេះទទួលបានដំណឹងថា បុរសវ័យក្មេងដែលបានស្លាប់កាលពីខែវិច្ឆិកាឆ្នាំមុននេះ គឺអាចជាកម្មករម្នាក់របស់ក្រុមហ៊ុន Sanitation Salvage។ គណៈកម្មការនេះទទួលបានដំណឹងដូចនេះ នៅក្នុងអំឡុងពេលប្រជុំមួយជាមួយនឹងសកម្មជនសិទ្ធិពលកម្ម អំពីលក្ខខណ្ឌការងារនៅក្រុមហ៊ុន Sanitation Salvage។
រឿងដែលលោក Mouctar Diallo ត្រូវបានរថយន្តដឹកសំរាមបុកស្លាប់នេះ គឺជារឿងសម្ងាត់ដែលអ្នកធ្វើការជាមួយនឹងលោកភាគច្រើនបានដឹងអស់រយៈពេលជាច្រើនខែមកហើយ។
មន្ត្រីគណៈកម្មការសុចរិតភាពអាជីវកម្មនានាបាននិយាយថា ពួកគេបានប្រឈមតតាំងជាមួយនឹងលោក Sean Spence និងអ្នកប្រមូលសំរាមចម្បងរបស់លោកឈ្មោះ Chris Bourke ហើយបុរសទាំងពីរអ្នកនេះបានសារភាពថា ពួកគេបានប្រឌិតរឿងដែលថាមានអ្នកដំណើរថ្មើរជើងមិនស្គាល់អត្តសញ្ញាណម្នាក់បានហក់ឡើងលើរថយន្តដឹកសំរាមរបស់ពួកគេនេះឡើង។
អ្នកនាំពាក្យរបស់គណៈកម្មការសុចរិតភាពអាជីវកម្មនេះ បានឲ្យដឹងថា ទីភ្នាក់ងារនេះមិនមានសិទ្ធិអំណាចក្នុងការផ្អាកការងារអ្នកបើករថយន្តដឹកសំរាមដោយឯកឯងនោះទេ។ ទីភ្នាក់ងារនេះបានបញ្ជាក់ថា លោក Sean Spence ត្រូវបានផ្អាកពីការងារ ក្រោយពីមានហេតុការណ៍បុកមនុស្សស្លាប់លើកទីពីរ ដោយសារតែទីភ្នាក់ងារនេះបានស្នើក្រុមហ៊ុន Sanitation Salvage ឲ្យធ្វើដូច្នេះ ហើយក្រុមហ៊ុននេះបានធ្វើតាម។
ប៉ុន្តែ ក្រោយពីសួរថាហេតុអ្វីបានជាគណៈកម្មការសុចរិតភាពអាជីវកម្មមិនបានស្នើឲ្យក្រុមហ៊ុន Sanitation Salvage បញ្ឈប់អ្នកបើករថយន្តដឹកសំរាមនោះភ្លាមៗ បន្ទាប់ពីបានរកឃើញថា អ្នកបើករថយន្តដែលជាប់ពាក់ព័ន្ធនឹងឧបទ្ទវហេតុមនុស្សស្លាប់នេះបានកុហកប៉ូលិសនោះ អ្នកនាំពាក្យរូបនោះបានបដិសេធមិនធ្វើអត្ថាធិប្បាយណាមួយលើរឿងនេះនោះទេ។
VOA បានព្យាយាមជាច្រើនលើកច្រើនសារក្នុងការទាក់ទងសុំយោបល់ពីអ្នកបើករថយន្តដឹកសំរាមនេះ ប៉ុន្តែមិនទទួលបានជោគជ័យអ្វីនោះទេ។
ចំណែកឯក្រុមហ៊ុន Sanitation Salvage វិញក៏មិនបានឆ្លើយតបចំពោះការស្នើសុំរបស់ VOA ជាច្រើនដងកន្លងមកនេះក្នុងការសុំយោបល់ពីក្រុមហ៊ុននេះនោះដែរ។
នៅក្នុងកិច្ចសម្ភាសន៍មួយ លោក Chris Bourke ដែលជាអ្នកប្រមូលសំរាមចម្បងម្នាក់សម្រាប់រថយន្តដឹកសំរាមដែលបានបុកលោក Mouctar Diallo ឲ្យស្លាប់នោះ បានអះអាងថា លោកមិនដឹងថា រឿងប្រឌិតអំពីបុរសគ្មានផ្ទះសម្បែងព្រហើននោះកើតចេញពីណានោះទេ។ លោកបាននិយាយថា លោកបាននិយាយជាមួយនឹងប៉ូលិសតែមួយភ្លែតប៉ុណ្ណោះ ហើយមិនបានចាំថាលោកបាននិយាយអ្វីនោះដែរ។ លោកបានបន្ថែមថា លោក Mouctar Diallo «មិនដឹងជាចេញពីណាមកនោះទេ»។
មកទល់នឹងពេលបច្ចុប្បន្ននេះ អ្នកស្រី Hadiatou Barry និងអតីតអ្នកធ្វើការជាមួយនឹងលោក Mouctar Diallo នៅឯក្រុមហ៊ុន Sanitation Salvage បាននិយាយថា ពួកគេមិនប្រាកដថា ពួកគេដឹងពីការពិតអំពីការស្លាប់របស់លោក Mouctar Diallo នោះទេ។ កម្មករប្រមូលសំរាមទាំងនោះបានបញ្ជាក់ថា អ្នកជួយប្រមូលសំរាមមិនត្រូវឡើងជាន់លើធ្នើរឡើងជិះកៅអីខាងមុខនៃរថយន្តដឹកសំរាមនោះទេ ប៉ុន្តែត្រូវដើរតាមផ្លូវ ប្រមូលសំរាមនៅតាមចិញ្ចើមថ្នល់ និងតោងជិះពីក្រោយរថយន្តដឹកសំរាម។
ជារៀងរាល់យប់នៅក្នុងទីក្រុង New York រថយន្តដឹកសំរាមជាច្រើនរបស់ក្រុមហ៊ុនប្រមូលសំរាមជាង ២៥០ ក្រុមហ៊ុន បានចេញដំណើរនៅទូទាំងសង្កាត់ទាំង ៥ នៃក្រុង New York នេះ ដើម្បីប្រមូលសំរាមពីគ្រប់កន្លែងអាជីវកម្មទាំងអស់។ ដើម្បីប្រមូលសំរាមនៅតាមដងផ្លូវវែង និងបត់ក្រវៀចក្រវៀននានាឲ្យបានទាន់ពេល រថយន្តដឹកសំរាមទាំងនេះបានជិះបត់បែនកាត់តាមទីក្រុង New York នេះក្នុងល្បឿនមួយប្រកបដោយគ្រោះថ្នាក់។
តាំងពីឆ្នាំ ២០១០ មក មានអ្នកស្លាប់ដោយសាររថយន្តដឹកសំរាមឯកជននៅទូទាំងក្រុង New York ចំនួន ៣៣ នាក់មកហើយ។
ឥឡូវនេះ រថយន្តដឹកសំរាមរបស់ក្រុមហ៊ុន Sanitation Salvage ដែលមានការពាក់ព័ន្ធជាមួយនឹងការស្លាប់របស់មនុស្សពីរនាក់រួចមកហើយនៅក្នុងរយៈពេល ៦ ខែកន្លងមកនេះ មិនបានបំពេញតាមលក្ខខណ្ឌត្រួតពិនិត្យសុវត្ថិភាពរថយន្តរបស់រដ្ឋាភិបាលសហព័ន្ធក្នុងកម្រិតមួយដែលខ្ពស់ជាងកម្រិតមធ្យមថ្នាក់ជាតិចំនួន ៤ ដង។
ការស៊ើបអង្កេតមួយរបស់ក្រសួងការងារសហរដ្ឋអាមេរិកបានរកឃើញថា ក្រុមហ៊ុននេះមិនបានបើកប្រាក់បៀវត្សរ៍ចំនួនរាប់សែនដុល្លារដល់កម្មកររបស់ខ្លួននោះទេ ហើយកម្មករធ្វើការ ១៨ ម៉ោងក្នុងមួយថ្ងៃ។ ដោយសារតែអ្នកបើករថយន្តដឹកសំរាមមានការនឿយហត់ខ្លាំងពេក ពួកគេបានជួលអ្នកជួយប្រមូលសំរាមបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាប្រមូលសំរាមឲ្យបានទាន់ពេលវេលា។ ជារឿយៗ អ្នកដែលពួកគេជួលនោះច្រើនតែជាបុរសវ័យក្មេងនៅតាមផ្លូវ។
លោក Mouctar Diallo គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលពួកគេជួលនោះ ដែលលោកត្រូវបានគេស្គាល់នៅឯក្រុមហ៊ុន Sanitation Salvage ថាជា «បុរសជាជនទី ៣»។
គេនៅមិនទាន់ច្បាស់ទេថាតើលោក Mouctar Diallo បានមករស់នៅសង្កាត់ Bronx ដែលជាសង្កាត់មួយមានជនអន្តោប្រវេសន៍ជនជាតិ ហ្គីណេជាច្រើនរស់នៅក្នុងសហរដ្ឋអាមេរិកនេះ តាំងពីពេលណានោះទេ ប៉ុន្តែ លោកបានចាប់ផ្ដើមធ្វើការឲ្យក្រុមហ៊ុន Sanitation Salvage កាលពីចុងរដូវផ្ការីកឆ្នាំ ២០១៦ មកម្ល៉េះ។ នេះបើយោងតាមការសម្ភាសន៍ជាមួយនឹងអ្នកធ្វើការជាមួយនឹងលោក។
ដំបូង លោក Mouctar Diallo ធ្វើការជាមួយនឹងអ្នកបើករថយន្តឈ្មោះ Timothy Belgrave និងក្រោយមកជាមួយនឹងអ្នកបើករថយន្តឈ្មោះ Vernando Smith។ លោក Mouctar Diallo ដែលមានឈ្មោះហៅក្រៅថា «Gotto» ត្រូវបានគេគោរពសរសើរដោយសារតែភាពក្លាហានរបស់លោកក្នុងការមិនខ្លាចកណ្ដុរ និងវិធីដែលលោកធ្វើឲ្យមនុស្សរាល់គ្នាសើចសប្បាយ។ លោកបានធ្វើការជាមួយនឹងលោក Sean Spence និងលោក Chris Bourke អស់រយៈពេលជាងមួយឆ្នាំមកហើយ។
អតីតអ្នកបើករថយន្តដឹកសំរាមឈ្មោះ Vernando Smith បាននិយាយអំពីកម្មករ និងការគ្រប់គ្រងនៅឯក្រុមហ៊ុន Sanitation Salvage យ៉ាងដូច្នេះថា៖ «មនុស្សស្ទើរតែគ្រប់គ្នាសុទ្ធតែស្គាល់ Gotto ទាំងអស់។ ពួកគេនឹងឃើញគាត់នៅលើរថយន្តដឹកសំរាម។ ទោះបីជាពួកគេមិនស្គាល់ឈ្មោះគាត់ក៏ដោយ ក៏ពួកគេស្គាល់មុខរបស់គាត់ដែរ។ គាត់ជាជនជាតិអាហ្វ្រិកតែម្នាក់គត់ដែលបានធ្វើការឲ្យក្រុមហ៊ុន Sanitation Salvage នេះ»។
បើយោងតាមការសម្ភាសន៍ជាមួយនឹងកម្មករបច្ចុប្បន្ន និងអតីតកម្មកររបស់ក្រុមហ៊ុន Sanitation Salvage នេះចំនួន ១៥ នាក់ «បុរសជាជនទី ៣» ដូចនេះ ជារឿយៗទទួលប្រាក់កម្រៃជាលុយសុទ្ធ ពីក្រុមហ៊ុនផ្ទាល់ ឬពីអ្នកបើករថយន្តដឹកសំរាម និងអ្នកប្រមូលសំរាមចម្បង។ បន្ទាប់មក ពេលខ្លះ អ្នកបើករថយន្តដឹកសំរាម និងអ្នកប្រមូលសំរាមចម្បងទទួលបានលុយទាំងនេះវិញពីក្រុមហ៊ុន។ នេះបើយោងតាមការបញ្ជាក់របស់កម្មករទាំងនេះ។
ការបង់លុយក្រៅផ្លូវការដូចនេះគឺជាតឹកតាងមួយបញ្ជាក់អំពីការលំបាកក្នុងការប្រមូលសំរាមនេះឲ្យបានទាល់ពេលវេលា។ សម្រាប់ការប្រមូលសំរាមជាធម្មតាមួយសម្រាប់ក្រុមហ៊ុនមួយផ្សេងទៀតនៅក្នុងសង្កាត់ Bronx នេះដែរ រថយន្តដឹកសំរាមត្រូវឈប់យកសំរាមប្រហែលជា ២ រយដងឯណោះ។ ចំណែកឯសម្រាប់ក្រុមហ៊ុន Sanitaiton Salvage វិញ ការប្រមូលសំរាមភាគច្រើនគឺតម្រូវឲ្យរថយន្តដឹកសំរាមឈប់យកសំរាមរហូតដល់ជិត ១ ពាន់ដងឯណោះ។
កម្មករក្រុមហ៊ុន Sanitation Salvage បានបញ្ជាក់ថា «បុរសជាជនទី ៣» ទាំងនេះអាចរកប្រាក់កម្រៃបានចាប់ពី ៣០ ដល់ ៨០ ដុល្លារអាមេរិកក្នុងមួយយប់ សម្រាប់ការធ្វើការរហូតដល់ ១៨ ម៉ោង ឬក៏ ២០ ម៉ោងឯណោះ។
កាលពីឆ្នាំ ២០១៥ បន្ទាប់ពីមានការស៊ើបអង្កេតមួយបានធ្វើឡើង ក្រសួងការងារសហរដ្ឋអាមេរិកបានសន្និដ្ឋានថា ក្រុមហ៊ុន Sanitation Salvage បានជំពាក់កម្មករនានាចំនួន ៣ សែន ៨ ម៉ឺន ៥ ពាន់ដុល្លារអាមេរិក សម្រាប់ការធ្វើការបន្ថែមម៉ោងរបស់កម្មករទាំងនោះនៅក្នុងរយៈពេល ៣ ឆ្នាំកន្លងមក។
ក្រុមហ៊ុន Sanitation Salvage បានអះអាងថា ខ្លួនមិនបានបើកប្រាក់កម្រៃដល់កម្មករទាំងនោះ ដោយសារតែកម្មករទាំងនោះចង់ឲ្យក្រុមហ៊ុនបើកប្រាក់កម្រៃឲ្យសម្រាប់ពេលវេលាដែលពួកគេចំណាយពេលលេចសើចជាមួយនឹងមិត្តភ័ក្ដិ។ នៅពេលដែលក្រសួងការងារមិនប្ដឹងក្រុមហ៊ុននេះទៅតុលាការ បញ្ហានេះក៏ត្រូវបានបញ្ចប់ទៅ។
លោក Chirs Bourke ដែលជាអ្នកប្រមូលសំរាមចម្បងម្នាក់ ដែលបានជ្រើសរើសលោក Mouctar Diallo នៅតាមដងផ្លូវ ឲ្យជួយប្រមូលសំរាម បាននិយាយថា សម្រាប់ការប្រមូលសំរាមឲ្យបានទាន់ពេលដែលតម្រូវឲ្យកម្មករធ្វើការច្រើនម៉ោង និងអត់ធ្មត់ខ្ពស់នោះ «ប្រសិនបើអ្នកគិតមើលទៅ នោះយើងឃើញថា គ្រោះថ្នាក់នឹងកើតឡើងជាមិនខាន»។ ការងារប្រមូលសំរាមគឺជាការងារងាយគ្រោះថ្នាក់ដល់ជីវិតទី ៥ នៅក្នុងសហរដ្ឋអាមេរិក។
លោក Chirs Bourke បាននិយាយយ៉ាងដូច្នេះថា៖ «វាមិនត្រឹមតែរឿងការស្លាប់របស់លោក Mouctar Diallo ប៉ុណ្ណោះទេ ប៉ុន្តែការធ្វើការដូចនេះគឺមានលក្ខណៈអមនុស្សធម៌។ ពួកគេនឹងឲ្យអ្នកធ្វើការដូចជាទាសករអញ្ចឹង។ អ្នកអាចធ្វើការ ១៨ ម៉ោងក្នុងមួយថ្ងៃ និងទៅផ្ទះដេក ៤ ម៉ោង ហើយងើបមកធ្វើការវិញ ១២ ម៉ោងនៅថ្ងៃបន្ទាប់»។
កន្លងមក VOA និងអង្គការសារព័ត៌មាន ProPublica បានផ្ញើសំណួរជាច្រើនទៅឲ្យក្រុមហ៊ុន Sanitaiton Salvage និងមេធាវីរបស់ក្រុមហ៊ុននេះ ដើម្បីសួរអំពីការស្លាប់របស់លោក Mouctar Diallo អំពីការណ៍ដែលអ្នកបើករថយន្តដឹកសំរាម និងអ្នកប្រមូលសំរាមចម្បងប្រឌិតរឿងឡើង អំពីលក្ខខណ្ឌការងារនៅក្នុងក្រុមហ៊ុន និងអំពីបញ្ហារបស់ក្រុមហ៊ុននេះជាមួយនឹងក្រសួងការងារ។ ប៉ុន្តែ ក្រុមហ៊ុននេះមិនបានឆ្លើយតបអ្វីនោះទេ។
កាលពីដើមខែឧសភាកន្លងទៅនេះ គណៈកម្មការសុចរិតភាពអាជីវកម្មបានបញ្ជាក់ថា ករណីរថយន្តដឹកសំរាមបុកមនុស្សស្លាប់លើកទីពីរនេះ និងសេចក្ដីរាយការណ៍នានាអំពីលក្ខខណ្ឌការងារនៅក្នុងក្រុមហ៊ុននេះ បានជំរុញឲ្យមានការធ្វើការស៊ើបអង្កេតមួយដែលអាចបណ្ដាលឲ្យមានការបញ្ឈប់ប្រតិបត្តិការរបស់ក្រុមហ៊ុននេះ ឬក៏ការដំឡើងប្រព័ន្ធតាមដាន។
ប៉ុន្តែ សហជីពការងារ យុទ្ធនាការដងផ្លូវដែលមានសុវត្ថិភាព និងអង្គការសហគមន៍សង្កាត់ Bronx កំពុងអំពាវនាវឲ្យមានការផ្អាកអាជ្ញាប័ណ្ណធ្វើអាជីវកម្មរបស់ក្រុមហ៊ុន Sanitation Salvage នេះ។
គណៈកម្មការសុចរិតភាពអាជីវកម្មបានបញ្ជាក់ថា៖ «យើងយកចិត្តទុកដាក់ហ្មត់ចត់ចំពោះការចោទប្រកាន់របស់កម្មករទាំងអស់នេះ។ ប្រសិនបើលទ្ធផលនៃការស៊ើបអង្កេតនេះសក្ដិសមនឹងការចាត់វិធានការដូច្នេះមែន នោះអាជ្ញាប័ណ្ណអាជីវកម្មរបស់ក្រុមហ៊ុននេះនឹងត្រូវដកហូតភ្លាមៗតែម្ដង»៕
លោក Georges Leonard Sagno នៃ VOA ផ្សាយជាភាសាបារាំងទៅកាន់ទ្វីបអាហ្រ្វិក រាយការណ៍បន្ថែម។
ប្រែសម្រួលដោយ ភី សុភាដា