ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការពារ​ប្រទេស​អាមេរិក​បាន​ប្តេជ្ញា​បណ្តុះបណ្តាល​កងទ័ព​កម្ពុជា​ផ្នែក​ជំនួយ​មនុស្សធម៌​


​ក្រសួង​ការពារ​ប្រទេស​អាមេរិក​ ប្តេជ្ញា​​ធ្វើការ​ជា​បន្ត​​​ជាមួយ​កងទ័ព​​កម្ពុជា​ ដើម្បី​អភិវឌ្ឍ​កងទ័ព​អាជីព​មួយ​ដែល​នឹង​រួមចំណែក​ដល់​ស្ថិរភាព​ និង​សន្តិភាព​តំបន់ ​និង​អន្តរជាតិ។
​ក្រសួង​ការពារ​ប្រទេស​អាមេរិក​ ប្តេជ្ញា​​ធ្វើការ​ជា​បន្ត​​​ជាមួយ​កងទ័ព​​កម្ពុជា​ ដើម្បី​អភិវឌ្ឍ​កងទ័ព​អាជីព​មួយ​ដែល​នឹង​រួមចំណែក​ដល់​ស្ថិរភាព​ និង​សន្តិភាព​តំបន់ ​និង​អន្តរជាតិ។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ប្រទេស​អាមេរិក​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ក្រសួង​ការពារ​ប្រទេស​អាមេរិក​បាន​ប្តេជ្ញា​ចិត្ត​ជួយ​បណ្តុះបណ្តាល​សមត្ថភាព​ជំនាញ​ផ្នែក​ជំនួយ​មនុស្សធម៌​ដល់​កងទ័ព​កម្ពុជា​សម្រាប់​កិច្ចការ​ថែរក្សា​សន្តិភាព​ និង​ការដោះ​មីន។

លោក​ Robert Scher ​ឧបការីរង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាងត្បូង ​និង​អាស៊ីអាគ្នេយ៍​ បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​លើក​ទី​មួយ​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​ពី​ថ្ងៃ​ទី​២៦​ និង​ទី​២៧​ ខែ​តុលា​នេះ ​ដែល​បាន​ពិភាក្សា​ជាមួយ​មន្ត្រី​យោធា​កម្ពុជា​អំពី​ឱកាស​សម្រាប់​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​ថែរក្សា​សន្តិភាព​ ជំនួយ​មនុស្សធម៌ ​និង​កំណែ​ទម្រង់​ការពារ​ជាតិ​ដែល​ជា​ប្រធានបទ​ដ៏​សំខាន់​នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហ​រដ្ឋ​អាមេរិក​ និង​កម្ពុជា ​នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍។

លោក Robert Scher ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​នៅ​សណ្ឋាគារ​ Sunway​ថា ​ការ​ប្តេជ្ញា​ ជា​បន្ត​របស់​ក្រសួង​ការពារ​ប្រទេស​អាមេរិក​ធ្វើការ​ជាមួយ​កងទ័ព​កម្ពុជា​ដើម្បី​អភិវឌ្ឍ​កងទ័ព​អាជីព​មួយ​ដែល​នឹង​រួមចំណែក​ដល់​ស្ថិរភាព​ និង​សន្តិភាព​តំបន់ ​និង​អន្តរជាតិ។

«ខ្ញុំ​សូម​បញ្ជាក់​ថា ​ក្រសួង​ការពារ​ប្រទេស​អាមេរិក​មាន​ការប្តេជ្ញា​ ក្នុង​ការបន្ត​ជួយ​កសាង​សមត្ថភាព​ជំនាញ​របស់​កងយោធពល​ខេមរភូមិន្ទ​ ដោយ​ទន្ទឹម​នឹង​នោះ ​លើក​ទឹក​ចិត្ត​ឱ្យ​កង​យោធពល​ខេមរភូមិន្ទ​ដើរ​តាម​ផ្លូវ​នៃ​តម្លាភាព ​នីតិរដ្ឋ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឱ្យ​បាន​ប្រសើរ​ឡើង»។

លោក Robert Scher​ បាន​បន្ត​ថា ​កម្មវិធី​សហ​ប្រតិបត្តិការ​សំខាន់​ទាក់ទង​នឹង​ការ​បណ្តុះ​បណ្តាល​ផ្នែក​ថែ​រក្សា​សន្តិភាព ​ការដោះមីន​ និង​ជំនួយ​មនុស្សធម៌ ​បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ។

លោក​ឧត្តមសេនីយ៍​ឯក​ ឈុំ ​សុជាតិ​ អនុរដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ​ បាន​ថ្លែង​ថា​ប្រទេស​កម្ពុជា​ស្វាគមន៍​ដល់​ការប្តេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ជួយ​កសាង​សមត្ថភាព​ជំនាញ​របស់​កងទ័ព​កម្ពុជា។

លោក​ឧត្តមសេនីយ៍​ឯកឈុំ ​សុជាតិ​បាន​បញ្ជាក់​ថា ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កងទ័ព​សហ​រដ្ឋ​អាមេរិក​ និង​កម្ពុជា​បាន​បង្កើន​នូវ​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ។

«ចំពោះ​សហ​រដ្ឋ​អាមេរិក​ យើង​ឃើញ​ថា ​បាន​បង្កើន​នូវ​ជំនឿ​ទុក​ចិត្ត​គ្នា​រវាង​កងទ័ព​របស់​យើង​ទាំងពីរ​ និង​រវាង​ក្រសួង​ការពារជាតិ​ទាំង​ពីរ​កន្លង​មក​នេះ ​ដូច​ជា​មាន​ការ​ហ្វឹកហាត់​ជំនួយ​មនុស្សធម៌​នានា​ ដើម្បី​បង្កើន​នូវ​ចំណេះ​ដឹង​និង​ការ​ដក​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​បង្កើន​ថែមទៀត​នូវ​សមត្ថភាព​ និង​ការងារ​របស់​កង​យោធពល​ខេមរភូមិន្ទ​ ដែល​ជា​កងទ័ព​មួយ​មាន​អាជីព​ពិត​ប្រាកដ​ក្នុង​ភារកិច្ច​ការពារ​ជាតិ ​ក៏​ដូច​ជា​អន្តរជាតិ ​ដូច​ជា​ នៅ​ប្រទេស​ស៊ូដង់ ​ប្រទេស​ឆាត ​និង​អាហ្វ្រិក​កណ្តាល​ និង​ការ​ដោះ​មីន»។

លោក​សុន​ ឆ័យ ​តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី​ បាន​ថ្លែង​យ៉ាងដូច្នេះ​ថា៖«យើង​មាន​ភាព​កក់ក្តៅ​ជាមួយ​ជំនួយ​យោធា​របស់​សហ​រដ្ឋ​អាមេរិ​កជាង​ការ​ជួយ​ឧបត្ថម្ភ​ខាង​វិស័យ​យោធា​ពី​ប្រទេស​កុម្មុយនីស្ត​ មាន​ប្រទេស​ចិន​ និង​វៀតណាម​ជា​ដើម ​ពីព្រោះ​ការ​ជួយ​ពី​សហ​រដ្ឋ​អាមេរិក​នេះ​អាច​ជួយ​ជំរុញ​ឱ្យ​កងទ័ព​របស់​យើង​មាន​វិន័យ ​ហើយ​ក្នុង​ប្រទេស​សេរី ​និង​ប្រជាធិបតេយ្យ ​កងទ័ព​ជា​អ្នក​ការពារ​ប្រជារាស្ត្រ ​និង​ទឹកដី​ មិនមែន​ជា​អ្នក​ដែល​ប្រើ​កាំភ្លើង​ទៅ​កាង​ឱ្យ​ពួក​ឈ្មួញ ​និង​បាញ់​ប្រជារាស្ត្រ​យ៉ាង​សាហាវ​ព្រៃផ្សៃ​នោះ​ទេ»។

សហ​រដ្ឋ​អាមេរិក​បាន​ចាប់​បង្កើន​កិច្ច​សហប្រតិបត្តិការ​ និង​ទំនាក់ទំនង​ទ្វេភាគី​កាន់​តែ​ប្រសើរ​ឡើង​ជាមួយ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG