នៅដើមឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍មានចំនួន២០០១ករណី គឺបានកើនឡើងបើប្រៀបធៀបទៅ និងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើតាមសម្តីរបស់លោក ពៅ ម៉ាលី អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូន ដែលបានមានប្រសាសន៍នៅក្នុងសិក្ខាសាលាស្តីអំពីយុទ្ឋនាការអប់រំសាធារណៈអំពីសុវត្ថិភាពចរាចរណ៍នៅថ្ងៃអង្គារនេះ។ លោកថ្លែងថា នៅក្នុងរយៈពេលប្រាំខែដើមឆ្នាំ២០១១នេះ យ៉ាងតិចមានមនុស្សចំនួន៨០១នាក់បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍។លោកបានមានប្រសាសន៍ទៀតថា៖
«យើងនាំគ្នាចុះទៅពិនិត្យ វាពាក់ព័ន្ធទៅនឹងកត្តាមនុស្សផង កត្តាផ្លូវថ្នល់ផង ដោយសារគាត់មានការធ្វេសប្រហែស ។ អញ្ចឹងទៅ វានាំឲ្យមានបញ្ហាហ្នឹងកើតឡើង»។
របាយការណ៍ប្រចាំឆ្នាំ២០១០របស់ប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា មានជនរងគ្រោះបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន១.៨១៦នាក់ និងអ្នករងរបួសធ្ងន់ចំនួន៦.៧១៨នាក់។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតកើនឡើងពីរដង នៅក្នុងរយៈពេលប្រាំឆ្នាំកន្លងទៅនេះ។
អាត្រាស្លាប់ចំនួន១១នាក់ បើធ្វើការប្រៀបធៀបជាមួយនឹងយានយន្ត ដែលបានចុះបញ្ជីចំនួន ១០.០០០គ្រឿង ដែលកត្តានេះបានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយ ដែលមានអត្រាមរណៈដោយគ្រោះថ្នាក់ចរាចរណ៍ខ្ពស់នៅក្នុងតំបន់អាស៊ី។
នៅក្នុងរបាយការណ៍ដដែលបានឲ្យដឹងថា មូលហេតុចម្បង ដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺកត្តាមនុស្ស ដែលបើកបរដោយមានទទួលទានជាតិស្រវឹង និងប្រជែងគ្នា។ អ្នកប្រើប្រាស់ម៉ូតូជាយុវជនវ័យក្មេង។ អ្នកថ្មើរជើងគឺជាអ្នកដែលប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ។
លោក ពៅ ម៉ាលី បានមានប្រសាសន៍ថា នៅក្នុងទីក្រុងភ្នំពេញអត្រាគ្រោះថ្នាក់ចរាចរណ៍បានថយចុះ ក៏ប៉ុន្តែបានកើនឡើងនៅតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តព្រះស៊ីហនុ និងនៅខេត្តកំពង់ធំជាដើម។ លោកបានប្រាប់វីអូអេខ្មែរយ៉ាងដូច្នេះថា៖
«វាលក្ខណៈជាគ្រួសារ។ ឧទាហរណ៍ ដូចជានៅកំពង់សោម នៅពេជ្រនិល នៅកំពង់ធំ។ វាម្តងៗ អស់ច្រើន ក៏ប៉ុន្តែចំនួនគ្រោះថ្នាក់វានៅតិចទេ ដោយសារដូចជាគាត់ទៅការថ្ងៃមុនអស់២២នាក់ នៅកំពង់ សោម ជ្រោះពេជ្រនិលមួយគ្រួសារ ហើយនៅខាងកំពង់ធំជាង១០នាក់ដែរ»។
របាយការណ៍ប្រចាំឆ្នាំរបស់ប្រព័ន្ធព័ត៌មានជនរងគ្រោះបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានធ្វើឲ្យកម្ពុជាបានខាតបង់ថវិកាចំនួន២៧៩លានដុល្លារអាមេរិកក្នុងឆ្នាំ២០១០កន្លងទៅនេះ៕