ចំនួនមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ២០១១នេះបានកើនឡើងលើសឆ្នាំ២០១០ ដោយការមិនគោរពច្បាប់ចរាចរណ៍ ការបើកបរលឿន ការបើកបរធ្វេសប្រហែស និងការបើកបរក្នុងពេលស្រវឹង។ ក្រុមមន្ត្រីរដ្ឋាភិបាលបានសម្តែងការព្រួយបារម្ភអំពីគ្រោះថ្នាក់ចរាចរណ៍ ដោយសន្យាខំប្រឹងពង្រឹងការអនុវត្តច្បាប់ និងការអប់រំ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ។
ក្រុមមន្ត្រីរដ្ឋាភិបាល បាននិយាយនៅថ្ងៃច័ន្ទនេះថា ចំនួនមនុស្សស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីខ្មែររយៈពេលបីថ្ងៃនេះបានកើនឡើងដល់៥៥នាក់ពីចំនួនមនុស្សស្លាប់៤៩នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
លោកហ៊ឹម យ៉ាន ប្រធាននាយកដ្ឋានចរាចណ៍ផ្លូវគោកនៃក្រសួងមហាផ្ទៃ បានថ្លែងថា មនុស្ស៥៥នាក់បានស្លាប់ និងជាង២០០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចាប់ពីថ្ងៃព្រហស្បតិ៍ដែលជាថ្ងៃចាប់ផ្តើមការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយៈពេលបីថ្ងៃ។
លោកហ៊ឹម យ៉ានបានបញ្ជាក់ថា ចំនួនមនុស្សស្លាប់បានកើនឡើង៦នាក់ និងចំនួនអ្នករងរបួសធ្ងន់បានថយចុះជាង៤០នាក់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០១១ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១០។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយៈពេលបីថ្ងៃនេះ មនុស្ស៩នាក់ត្រូវបានរាយការណ៍ថា បានស្លាប់នៅក្នុងខេត្តបាត់ដំបង ៥នាក់នៅក្នុងខេត្តកំពង់ចាម ៦នាក់នៅក្នុងទីក្រុងភ្នំពេញ ៥នាក់នៅក្នុងខេត្តកំពង់ឆ្នាំង ៤នាក់នៅក្នុងខេត្តសៀមរាប និង២នាក់នៅក្នុងខេត្តតាកែវ។
លោកហ៊ឹម យ៉ានបានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងដោយការបើកបរលើសល្បឿនកំណត់ចំនួន៣៣ភាគរយ ការបើកបរធ្វេសប្រហែសចំនួន២៦ភាគរយ និងការបើកបរក្នុងពេលស្រវឹងចំនួន២០ភាគ។
លោកនួន សាមិន ស្នងការប៉ូលិសខេត្តកំពង់ចាម បានថ្លែងថា មនុស្ស៥នាក់បានស្លាប់ និង៣៧នាក់បានរងរបួសក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ។
លោកនួន សាមិនបានបញ្ជាក់ថា ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនមានអាយុរវាងពី១៨ឆ្នាំទៅ២៥ឆ្នាំ ដោយសារការបើកបរក្នុងពេលស្រវឹង។
លោកឡាច សារិន ស្នងការរងប៉ូលិសខេត្តសៀមរាប បានបញ្ជាក់ថា មនុស្ស៤នាក់បានស្លាប់ និងរងរបួស១៣នាក់ ដោយសារការបើកបរក្នុងពេលស្រវឹង និងការធ្វេសប្រហែស។
លោកឡាច សារិនបានថ្លែងថា លោកនៅតែមានការព្រួយបារម្ភអំពីគ្រោះថ្នាក់ចរាចរណ៍។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានរំឭកថា ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០១០ មនុស្ស៤៩នាក់បានសម្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និងមានអ្នករបួសធ្ងន់ចំនួន២៩៦នាក់ផ្សេងទៀត ដោយសារអ្នកបើកបរមានការធ្វេសប្រហែស មិនគោរពច្បាប់ចរាចរណ៍ អ្នកបើកម៉ូតូមិនពាក់មួកសុវត្ថិភាព បើកបរមិនប្រកាន់ខ្ជាប់តាមគន្លងផ្លូវ បើកក្នុងល្បឿនលឿនហួសកំណត់ និងបើកបរក្រោមឥទ្ធិពលជាតិស្រវឹងជាដើម ហើយអ្នកថ្មើរជើងក៏មានការធ្វេសប្រហែស មិនបានដើរអែបចិញ្ចើមថ្នល់ ហើយអ្នកឆ្លងកាត់ថ្នល់មិនបានប្រុងប្រយ័ត្ន៕