ពាណិជ្ជកម្មទ្វេភាគីកម្ពុជានិងថៃបានកើនឡើងក្នុងរយៈពេលបីខែដើមឆ្នាំ២០១១នេះ បើទោះបីជាមានជម្លោះព្រំដែនក៏ដោយ។ ក្រុមអ្នកវិភាគបាននិយាយនៅថ្ងៃច័ន្ទនេះថា កំណើនពាណិជ្ជកម្មទ្វេភាគីនេះអាចជាកត្តាដ៏សំខាន់មួយដើម្បីនាំទៅរកដំណោះស្រាយជម្លោះព្រំដែន។
ពាណិជ្ជកម្មទ្វេភាគីសរុបចំនួន៧១៦លានដុល្លារអាមេរិកក្នុងរយៈពេលបីខែដំបូង ដោយកើនឡើង ៣៥ភាគរយពីចំនួន៥២៧លានដុល្លារអាមេរិកក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១០។ នេះបើតាមស្ថិតិ របស់ស្ថានទូតថៃប្រចាំនៅកម្ពុជាដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។
ទំហំពាណិជ្ជកម្មទ្វេភាគីកំពុងតែកើនឡើង ខណៈដែលការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងថៃបានផ្ទុះឡើងនៅក្នុងខែកុម្ភៈនៅព្រំដែនក្បែរប្រាសាទព្រះវិហារ និងចាប់ពីថ្ងៃទី២២ខែមេសាដល់ថ្ងៃទី៣ ខែឧសភា នៅប្រាសាទតាមាន់ និងប្រាសាទតាក្របីក្នុងខេត្តឧត្តរមានជ័យ។
លោក ធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្សអាដហុក បានថ្លែងថា កំណើនពាណិជ្ជកម្មទ្វេភាគីនេះជារឿងសំខាន់នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃ ហើយទោះជាប្រទេសទាំងពីរមានជម្លោះព្រំដែន និងការវាយប្រយុទ្ធគ្នារវាងកងទ័ពនៃប្រទេសទាំងពីរក្តី សកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរមិនបានកាត់ផ្តាច់ទេ។ លោក ធន សារ៉ាយ បានបញ្ជាក់ថា បើពាណិជ្ជករថៃមានឥទ្ធិពលទៅលើនយោបាយថៃ វាអាចជួយជំរុញដល់ដំណោះស្រាយជម្លោះរវាងប្រទេសទាំងពីរ។ លោកថ្លែងថា៖
«ការកើនឡើងពាណិជ្ជកម្មនេះ អាចបង្កលក្ខណៈងាយស្រួលដល់ការចរចាក្នុងការបញ្ចប់អរិភាពខាងយោធានិងនយោបាយ។ រឿងពាណិជ្ជកម្មនេះក៏អាចជួយបង្កលក្ខណៈងាយស្រួលឱ្យមានការបញ្ចប់ជម្លោះនេះ ឱ្យបានឆាប់ដែរ»។
លោក ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានកម្ពុជាដើម្បីកិច្ចសហប្រតិបត្តិការ និងសន្តិភាព បានថ្លែងថា កម្ពុជាមានជម្លោះព្រំដែនជាមួយថៃតាំងពីឆ្នាំ២០០៨ ប៉ុន្តែវាមិនប៉ះពាល់ខ្លាំងដល់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរទេដែលជាកត្តាវិជ្ជមាន។ លោកបានប្រាប់វីអូអេខ្មែរថា៖
«ខ្ញុំមើលឃើញថា វាអាចជាកត្តាជំរុញឱ្យមានសន្តិភាពនៃប្រទេសទាំងពីរ។ វាមិនអាចភ្ជាប់ជាលក្ខណៈផ្ទាល់ដល់ជម្លោះព្រំដែនកម្ពុជាថៃទេ ប៉ុន្តែវាជាកត្តាមួយបង្កនូវបរិយាកាសនយោបាយរវាងទីក្រុងភ្នំពេញ និងទីក្រុងបាងកកឱ្យល្អប្រសើរ។ វាមិនបានដោះស្រាយផ្ទាល់ទៅដល់ជម្លោះព្រំដែនក៏ដោយ ក៏វាជាកត្តាវិជ្ជមានមួយ ដើម្បីបង្កឱ្យបរិយាកាសនយោបាយទំនាក់ទំនងទ្វេភាគីកាន់តែល្អ។ វាមិនមែនជាកត្តាចម្បងដើម្បីដោះស្រាយជម្លោះព្រំដែននោះទេ ប៉ុន្តែវាជាកត្តាបន្ទាប់បន្សំសំខាន់មួយដែរ»។
លោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា បានថ្លែងថា កម្ពុជានិងថៃកំពុងទទួលបានផលចំណេញនៃកំណើនពាណិជ្ជកម្មទ្វេភាគីនេះ។ លោក ច័ន្ទ សុផល បានបន្ថែមថា អ្នកនយោបាយនៃប្រទេសទាំងពីរយល់ឃើញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចដែលប្រទេសទាំងពីរបានទទួលភាពចំណេញដូចគ្នា និងនាំឱ្យមេដឹកនាំពិចារណាលើការបញ្ចប់ជម្លោះព្រំដែននេះ។
«បើយើងគិតពីផលប្រយោជន៏នៃសេដ្ឋកិច្ច និងវប្បធម៌ យើងយល់ថា វាមិនគួរមានជម្លោះទេ។ សារៈសំខាន់ នៃផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនេះមកធ្វើជាហេតុផលសំខាន់ក្នុងការបញ្ចប់ជម្លោះ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការថែមទៀត»។
លោក ចាន់ ណូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា ការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃមានផលប៉ះពាល់តិចតួចណាស់ទៅលើសកម្មភាពពាណិជ្ជកម្ម ដោយសារតែពាណិជ្ជកម្ម គឺស្វែងរកផលចំណេញនៅពេលអ្នកជំនួញយល់ថា វាមានផលចំណេញ ពួកគេនៅតែធ្វើ។
លោកស្រី ជីរ៉ាណាន់ វង្សម៉ុងកុល នាយកនៃការិយាល័យជំរុញពាណិជ្ជកម្មបរទេសប្រចាំស្ថានទូតថៃក្នុងទីក្រុងភ្នំពេញ បានបញ្ជាក់ថា ការកើនឡើងនេះគឺដោយសារការជឿជាក់គ្នាទៅវិញទៅមករវាងអ្នកជំនួញ កម្ពុជា និងថៃ ហើយជំនឿរបស់ប្រជាពលរដ្ឋកម្ពុជាលើផលិតផលថៃ ហើយយើងសង្ឈឹមថានិន្នាការកើនឡើងនេះបន្តពេញមួយឆ្នាំ២០១១នេះ។
ស្ថិតិបានបង្ហាញថា ការនាំចូលរបស់ថៃមកកម្ពុជាមានប្រេង ផលិតផលប្រើប្រាស់ គ្រឿងសំណង់ ផ្លែឈើ បន្លែ និងគ្រឿងសំអិតសំអាងកាយជាដើម ហើយផលិតផលកម្ពុជាដែលត្រូវបាននាំចូលទៅថៃរូមមានផលិតផលកសិកម្ម សម្លៀកបំពាក់ ដែកអេតចាយ និងត្រីជាដើម៕