ភ្នំពេញ៖ ប្រធានរដ្ឋសភាចិនបានមកធ្វើទស្សនកិច្ចនៅកម្ពុជាដើម្បីធ្វើការពិភាក្សាជាមួយក្រុមមេដឹកនាំកម្ពុជា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Ban Ki-moon អគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោកស្រី Hillary Clinton រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។ សមាជិកសភាបាននិយាយថា ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរសំដៅជំរុញសកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
លោក Wu Bangguo ប្រធានសភាចិនបានអញ្ជើញមកដល់ប្រទេសកម្ពុជានៅថ្ងៃពុធនេះ ដើម្បីជួបពិភាក្សាការងារជាមួយក្រុមមេដឹកនាំកម្ពុជា សំដៅពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសជាតិទាំងពីរ។
លោក Wu Bangguo ធ្វើទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ដើម្បីធ្វើការពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយព្រះមហាក្សត្រ នរោត្តម សីហមុនី លោកជា ស៊ីម ប្រធានព្រឹទ្ធសភា លោកហេង សំរិន ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនអំពីទំនាក់ទំនងទ្វេភាគី។
លោក Wu Bangguo បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសបីនៅក្នុងតំបន់អាស៊ី គឺប្រទេសកម្ពុជា ប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ហើយប្រទេសទីមួយសម្រាប់ទស្សនកិច្ចលើកទីមួយរបស់លោកគឺប្រទេសកម្ពុជា។
លោកឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភា បានថ្លែងថា ដំណើរទស្សនកិច្ចរបស់ប្រធានសភាចិននេះ បានឆ្លុះបញ្ចាំងពីសារៈប្រយោជន៍យ៉ាងសំខាន់ណាស់ក្នុងការពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសចិន។
«ការអញ្ជើញមករបស់ឯកឧត្តមប្រធានរដ្ឋសភាប្រជាជនចិនទូទាំងប្រទេសនេះ គឺដើម្បីបញ្ជាក់បន្ថែមទៀត និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អឱ្យរឹងមាំថែមទៀត»។
ដំណើរទស្សនកិច្ចរបស់លោកធ្វើឡើង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Ban Ki-moon អគ្គលេខាធិការអង្គការសហប្រជាជាតិនិងលោកស្រី Hillary Clinton រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។
ក្នុងអំឡុងទស្សនកិច្ចនេះ លោក Wu Bangguo នឹងប្រគល់អំណោយសម្ភារៈមួយចំនួនជូនរដ្ឋសភាកម្ពុជា និងធ្វើជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើគម្រោងពាណិជ្ជកម្ម។
កាលពីសប្តាហ៍មុន ប្រទេសចិនបានសន្យាផ្តល់ប្រាក់ចំនួន៧០០លានដុល្លារអាមេរិកដល់កម្ពុជាសម្រាប់គម្រោងកសាងផ្លូវរថភ្លើងមួយខ្សែពីទីក្រុងភ្នំពេញទៅព្រំដែនវៀតណាមដែលជាខ្សែតភ្ជាប់ដ៏សំខាន់មួយនៅក្នុងប្រព័ន្ធផ្លូវដែកក្នុងតំបន់ដែលកំពុងរីកលូតលាស់ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម។ ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ហិរញ្ញប្បទាន ៨៤ លានដុល្លារអាមេរិកដល់រដ្ឋាភិបាលកម្ពុជាដើម្បីស្តារនិងជួសជុលផ្លូវរថភ្លើងប្រវែង៦៥០គីឡូម៉ែត្រភ្ជាប់ពីប្រទេសថៃមកកាន់ទីក្រុងភ្នំពេញ និងភាគខាងត្បូងឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។
តួលេខរបស់នាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មបានបង្ហាញថា ការនាំចេញរបស់ប្រទេសកម្ពុជាទៅកាន់ប្រទេសចិនមានតម្លៃជាង៣៧លានដុល្លារអាមេរិក និងការនាំចូលរបស់ប្រទេសចិនមកកាន់កម្ពុជាមានតម្លៃជាង ៧៧៥ លានដុល្លារអាមេរិកក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០១០។
ក្នុងឆ្នាំ២០០៩ ការនាំចេញរបស់ប្រទេសកម្ពុជាទៅកាន់ប្រទេសចិនមានជាង១៤លានដុល្លារអាមេរិក និងការនាំចូលរបស់ប្រទេសចិនមកកាន់កម្ពុជាមានតម្លៃជាង៧៧៦លានដុល្លារអាមេរិក។
ប្រទេសចិនជាប្រទេសវិនិយោគទុនបរទេសដ៏ធំជាងគេនៅកម្ពុជា ដូចជាវិស័យកាត់ដេរ វារីអគ្គិសនី កសិកម្ម និងរ៉ែជាដើម។ ការវិនិយោគរបស់ប្រទេសចិនបានកើនឡើងដល់ ៩៣០ លានដុល្លារអាមេរិក ក្នុង ឆ្នាំ២០០៩ ពីចំនួន៤៦១លានដុល្លារអាមេរិកក្នុងឆ្នាំ២០០៧ ហើយនៅត្រីមាសទីមួយឆ្នាំ២០១០មាន ២៣៤ លានដុល្លារអាមេរិក។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Wu Bangguo គ្រោងនឹងទៅទស្សនាប្រាង្គប្រាសាទបុរាណខ្មែរនានា នៅក្នុងខេត្តសៀមរាប៕