ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទេសចរណ៍​មិន​រង​ការ​ប៉ះពាល់​ដោយសារ​សង្គ្រាម​ទេ


ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ ដើរ​មើល​ប្រាង្គ​ប្រាសាទ​នានា​ ក្នុង​ខេត្ត​សៀមរាប។​
ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ ដើរ​មើល​ប្រាង្គ​ប្រាសាទ​នានា​ ក្នុង​ខេត្ត​សៀមរាប។​

ភ្នំពេញ៖ លោក ​ថោង ខុន​ រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ រយៈ​ពេល​បួន​ថ្ងៃ​បន្ទាប់ពី​កម្ពុជា​និង​ថៃ​ផ្ទុះ​សង្គ្រាម​លក្ខណៈ​ទ្រង់ទ្រាយ​តូច​នៅ​តំបន់​ជិត​ប្រាសាទ​ព្រះវិហារ​កន្លងមក​នេះ​ មិនបាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​ដែល​កំពុង​មក​ទស្សនា​ប្រទេស​កម្ពុជា​ទេ។

លោក​ ថោង​ ខុន​បាន​មាន​ប្រសាសន៍​ថា​ ​ភ្ញៀវ​ទេសចរ​បាន​ដឹង​អំពី​ព័ត៌មាន​ការ​វាយ​ប្រហារ​នេះ​ ក៏ប៉ុន្តែពួក​គេ​បាន​ចាត់​ទុក​ថា​ ​សង្គ្រាម​ដែល​កើត​ឡើង​នៅតំបន់​ប្រាសាទ​ព្រះវិហារ​នេះ​មិន​ជះ​ឥទ្ធិពល​ដល់​ប្រទេស​កម្ពុជា​ទាំង​មូល​ទេ។

«ជាទូទៅ​គឺ​ភ្ញៀវ​ទេសចរ​មិន​មាន​ការធា្លក់ចុះទេ​ ​ហើយ​ពិសេស​មាន​ការ​កើនឡើង​ក្នុង​ដើម​ខែ​កុម្ភៈ។​នៅ​ខេត្ត​សៀមរាប​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កើន​ឡើង​៣២%។ ​និយាយ​រួម​ ​ចំនួន​កាន់តែ​ច្រើន​ប្រហែល​ជិត​៥០០០​នាក់ក្នុង​មួយ​ថ្ងៃ»។

កាលពី​សប្តាហ៍​មុន​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​បាន​ធ្វើ​សង្គ្រាម​ទ្រង់ទ្រាយ​តូច​អស់​រយៈ​ពេល​៤​ថ្ងៃ​ជាប់ៗ​គ្នា​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ​ ដែល​មាន​អាយុកាល​ប្រមាណ​ជាង​៩០០​ឆ្នាំ។

ការ​វាយ​ប្រយុទ្ធ​គ្នានេះ​ ​ភាគី​ទាំងពីរ​បាន​ប្រើ​ប្រាស់​អាវុធ​ធុនធ្ងន់​ ​ទំនើបៗ​ ​បាញ់​ដាក់គ្នា​ទៅ​វិញ​ទៅ​មក​បណ្តាល​ឲ្យ​ភាគី​ទាំង​សង​ខាង​ស្លាប់ ​និង​រង​របួស។ ​ចំណែក​ឯ​ជនភៀសខ្លួន​ជាច្រើន​ពាន់​គ្រួសារនៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ភៀស​ខ្លួន​ចេញ​ពី​កន្លែង​កើត​ហេតុ​ផង​ដែរ។

លោក​ថោង ខុន​បាន​មាន​ប្រសាសន៍​ថា​ ​សង្គ្រាម​មិន​បាន​ជះ​ឥទ្ធិពល​ដល់​វិស័យ​ទេសចរណ៍​ទេ។​ ​ក៏​ប៉ុន្តែ​ស្របពេល​ដែលចំនួន​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​វៀតណាម​ ​កូរ៉េ ចិននិង​ប្រទេស​ជប៉ុន​មាន​ការ​កើន​ឡើង​នោះ​ ​ចំនួន​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ថៃ​បែរ​ជា​ធ្លាក់ចុះ​ទៅ​វិញ។

«ប្រហែល​ជា​គាត់​មាន​ការ​ព្រួយបារម្ភ​អំពី​សង្គ្រាម​រវាង​ថៃ ​និង​ខ្មែរ។​ ក៏​ប៉ុន្តែ​ចំពោះ​យើង​ ​យើង​អត់​មាន​បិទ​ទេ។ ​យើង​អត់មាន​បិទ​ចំពោះ​ជនជាតិ​ថៃ​ទេ​ ​ហើយ​យើង​បើក​រហូត។ ​អ្នក​វិនិយោគ​ទេសចរណ៍​ក៏ដោយ​ ​យើង​នៅ​តែ​ទទួល​ស្វាគមន៍ ​ហើយ​ធានា​សុវត្ថិភាព​ជូន​គាត់​រហូត»។

លោក​ហូ វ៉ាន់ឌី​ ​សហ​ប្រធាន​ក្រុម​ការងារ​ទេសចរណ៍​កម្ពុជា​ ​បាន​មាន​ប្រសាសន៍​ថា​ ​រហូត​មក​ដល់​ ពេល​នេះ​គ្មាន​ក្រុមហ៊ុន​ទេសចរណ៍​ណា​មួយ​លុប​ចោល​ជើង​ហោះហើរ​របស់​ភ្ញៀវ​ទេសចរ​មក​កាន់​ប្រទេស​កម្ពុជា​ទេ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​ប្រសិន​បើ​ការ​ផ្ទុះ​សង្គ្រាម​នេះ​នៅ​តែ​បន្ត​អូស​បន្លាយ​ នឹងអាច​ប៉ះពាល់ដល់​ភ្ញៀវទេសចរដែលមក​ទស្សន​កិច្ច​ប្រទេស​កម្ពុជា។

«សហគមន៍​អន្តរជាតិ​ទាំងមូល​ ​សូមមេត្តា​ជួយ​អភិវឌ្ឍ​និង​អភិរក្ស​ប្រាសាទ​ព្រះវិហារ​ជាទី​សក្ការៈ​របស់​ យើង​ ​ក៏​ដូច​ជា​របស់​មនុស្ស​ជាតិ​ទាំង​មូល​ដែរ​ ​ដើម្បី​ឲ្យ​តំបន់​ទីលាន​ ​ឬ​ក៏​ខ្សែ​ប្រយុទ្ធ​ទាំងអស់​នោះ​ក្លាយ​ទៅ​ជា​ទីលាន​ពាណិជ្ជ​កម្ម​ ​ទីលាន​សេដ្ឋ​កិច្ច ​ឬ​ក៏​យើង​ហៅ​ថា​ ​ព្រំដែន​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ»។

នៅ​ថ្ងៃច័ន្ទ​ ​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជាជាតិ​នឹង​បើក​កិច្ចប្រជុំ​ជាបន្ទាន់​ ​ក្រោយ​ពី​មាន​ការ​ស្នើ​សុំ​ពី​ភាគី​កម្ពុជា។

កិច្ច​ប្រជុំនេះ​ធ្វើឡើង​រវាង​ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​គឺ​លោក​ហោ ណាំហុង​ ​លោក កាស៊ី ​ភារម្យ​ រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ថៃ​និង​លោក​ម៉ាទី ណាតាឡេហ្គាវ៉ា​ រដ្ឋន្រ្តី​ក្រសួង​ការ​បរទេស​ឥណ្ឌូនេស៊ី ​និង​ជា​ប្រធាន​សមាគម​អាស៊ាន៕

XS
SM
MD
LG