ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដោយ​សារជីវភាព​ ​អ្នក​នេសាទ​ត្រូវ​បង្ខំ​ចិត្ត​នេសាទ​ខុសច្បាប់


បាត់ដំបង៖​ ប្រជា​សហគមន៍​នេសាទ​នៅ​លើ​មាត់​បឹង​ទន្លេ​សាប​លើកឡើង​ថា​ ​ការ​ហាម​ឃាត់​ពួកគេ​មិន​ឲ្យនេសាទ​នៅ​រដូវ​បិទនេសាទ​នេះ ​ប្រៀប​ដូចជា​ការ​វាយ​កម្ទេច​ឆ្នាំងបាយ​របស់​ពួកគេ​ដូច្នោះ​ដែរ ដោយសារ​ពួកគេ​រស់នៅ​ពឹង​អាស្រ័យទៅ​លើ​របរ​នេសាទ​នេះ​តែ​មួយ​មុខ​ប៉ុណ្ណោះ។

លោក​ ឈុន លាង ​ដែល​ស្លៀក​ខោ​ជើង​វែង និង​លែង​ខ្លួន​ទទេ​ ​កំពុង​អង្គុយ​ប្រឡែង​លេង​ជាមួយ​កូន​ៗ​របស់​លោកលើ​ផ្ទះ​ឈើ​តូច​មួយ។​ ផ្ទះ​ឈើ​នេះទ្រ​ពី​ក្រោម​ដោយ​គំនរ​នៃ​ដើម​ឫស្សី​ជា​ច្រើន​បាច់ចង​ភ្ជាប់​គ្នា​ ​និង​ផ្អៀង​ចុះ​ឡើង​ដោយសារ​រលក​ នៅ​ពេល​មាន​កាណូត​បើក​កាត់​ម្តងៗ។

ផ្ទះ​អណ្តែត​ទឹក​របស់​លោក​ ឈុន​ លាង​នេះ​ស្ថិតនៅ​តាម​បណ្ដោយ​ដង​ស្ទឹង​សង្កែ​ ​ក្នុង​ភូមិ​អន្លង់​តាអួ ​ឃុំកោះ​ជីវាំង​ ស្រុក​ឯកភ្នំ។​ គេត្រូវធ្វើដំណើរ​តាម​កាណូត​ចេញ​ពី​រួម​ខេត្ត​បាត់​ដំបង​រយៈ​ពេល​៥​ម៉ោងទើប​ទៅ​ដល់។

ដូច​អ្នក​នេសាទ​ជា​ច្រើន​ទៀត​ដែរដែល​រស់នៅ​លើ​ផ្ទះអណ្ដែត​ទឹក​ជា​ជួរ​អម​សងខាង​ដង​ស្ទឹង​សង្កែចម្ងាយ​ប្រមាណ ​១​គីឡូម៉ែត្រ​ពី​មាត់​បឹង​ទន្លេសាប​នេះ​ ​លោក​ឈុន លាង​ អ្នក​នេសាទ​វ័យ​៥៣​ឆ្នាំ​មាន​ប្រសាសន៍​ថា​ ​ការ​ហាម​ឃាត់​អ្នកភូមិ​មិន​ឲ្យ​នេសាទ​នៅ​ក្នុង​រដូវ​បិទ​នេសាទ​នេះ​ ហាក់​ដូចជា​ការ​វាយ​បំបែក​ឆ្នាំង​បាយ​របស់​ពួក​លោក​ដែរ​ ​ដោយសារ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ភូមិរបស់​លោក​នេះត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅលើ​របរ​នេសាទ​តែ​មួយ​មុខ​ប៉ុណ្ណោះ។

«វា​ខុស​ដោយ​ឡែក​ពី​អ្នក​ដែល​មាន​អត្ត​សញ្ញាណ​ប័ណ្ណ​ជា​កសិករ ​ឬ​ជា​អ្នក​ស្រែ​ ​អ្នក​ចម្ការ​ ​ដល់​ខែ​ ​គេ​ទៅ​ធ្វើ​ស្រែ​ធ្វើ​ចម្ការ​ដល់​ប្រជាពល​រដ្ឋ ​ដែល​មាន​អត្ត​សញ្ញាណ​ប័ណ្ណ​ជា​អ្នក​នេសាទ​ គ្មាន​ដី​ស្រែ​ គ្មាន​ដី​ចម្ការ​នោះ ​គឺ​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ទៅ​លើ​ការ​នេសាទ​នេះ​ឯង»។

នៅ​មុន​រដូវ​បិទ​នេសាទ​ ​លោក​ឈុន លាង​អាច​រក​ប្រាក់​ចំណូលបាន​ជាង​១​លាន​រៀល​ដែរក្នុង​មួយ​ខែ​ ជាមួយ​នឹង​ឧបករណ៍​នេសាទ​របស់​លោក ​គឺមង​ក្រឡា​ល្អិត។​ ប៉ុន្តែ​ចាប់​តាំង​ពី​រដូវ​បិទ​នេសាទ​ចូល​មក​ដល់​ ​លោក​ឈុន លាងអះអាង​ថា​ ​លោក​រក​ត្រីបាន​ស្ទើរ​មិន​គ្រាន់​ទុក​ហូប​ផង​ទេ។

ការ​បិទ ឬ​ហាមឃាត់​នេសាទ​ត្រូវ​បាន​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​ពី​ខែ​កក្កដា​ រហូត​ដល់​ខែ​តុលា​ ដែល​អំឡុង​ពេល​នេះ​ជា​រដូវ​ត្រី​ពង​ ​ត្រីកូន។

តាម​ច្បាប់​ស្ដីពី​ជលផល​កម្ពុជា​ ​ក្នុង​រដូវ​បិទ​នេសាទ​ ​រាល់​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​សិប្ប​កម្ម​ និង​ឧស្សាហ​កម្ម​ទាំងអស់​ត្រូវ​បាន​ហាម​ឃាត់​ ​ដូចជា​លប​វែង​ៗ​ និង​មង​ ឬ​អួន​ ​ដែល​មាន​ក្រឡា​ល្អិត​តូច​ជាង​មួយ​សង់ទីម៉ែត្រ​កន្លះ​ជាដើម។​ ប៉ុន្តែ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ ​ដូចជា​សំណាញ់​ឬ មង​ខ្លី​ៗ ​ជាដើម ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​នៅ​ក្នុង​អំឡុង​ពេល​បិទ​នេសាទ​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ ​លោក​ឈុន លាង​មាន​ប្រសាសន៍​ថា​ ​តាម​ការ​កំណត់​របស់​ច្បាប់​នៅ​ក្នុង​រដូវ​បិទ​នេសាទ​នេះ​ ​លោក​មិន​អាច​រក​ត្រី​បាន​គ្រប់​គ្រាន់​ដើម្បី​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​នោះ​ទេ​ ដោយសារ​ផល​ត្រី​កាន់តែ​ធ្លាក់​ចុះ​ផង​ ​គួប​ផ្សំនឹង​អ្នក​នេសាទ​កាន់តែ​ច្រើន​ផង។

ដូច្នេះ​ លោក​ឈុន លាង​ ​ក៏​ដូចជា​ប្រជា​នេសាទ​ដទៃ​ទៀត​ដែរ​ ​បាន​សម្រេច​ចិត្ត​ដោយ​បង្ខំគឺ​ត្រូវ​តែ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ដែល​ច្បាប់​បាន​ហាម​ឃាត់​នៅ​ក្នុង​រដូវ​បិទ​នេសាទ​នេះ ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​លោក។

«រដូវ​បិទ​នេសាទ​នេះ​ ​បើ​និយាយ​ទៅ​ ​មិន​ថា​តែ​ខ្ញុំ​ ឬ​ប្រជា​ពលរដ្ឋ​ទាំង​អស់​នៅ​ក្នុង​ឃុំ​កោះ​ជីវាំង​នេះ​ទេ​ ​ទោះជា​បិទ​មិន​ឲ្យ​រក​ក៏​នៅតែ​រក​ ​គ្រាន់តែ​ថា​ ​រក​លួច​លាក់​អញ្ចឹង​ទៅ។​ ពេល​សមត្ថកិច្ច​ជលផល​ចុះ​ចាប់​ ​ក៏​ចេះតែ​លួចលាក់​លួច​រក​អញ្ចឹង​ទៅ។​ បើ​មិន​អញ្ចឹង​ទេ​ គឺ​ដោះស្រាយ​ជីវភាព​អត់​បាន»។

នៅ​រំលង​ប្រមាណ​៥​ផ្ទះ​ពី​ផ្ទះ​របស់​លោក​ឈុន លាង​ គឺលោកយ៉ុន ផាន់ ជាអ្នក​នេសាទ​ម្នាក់ទៀត​វ័យ​៣៤​ឆ្នាំ។ លោក​បាន​មាន​ប្រសាសន៍​ដោយ​សម្លឹង​ទៅ​រក​មង​ក្រឡា​ល្អិត​ៗ​របស់​លោក​គរ​នៅ​លើ​ផ្ទះ​ថា​ ​លោក​ក៏​ត្រូវ​បង្ខំ​ចិត្ត​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ហាមឃាត់​ដោយ​លួចលាក់​ដែរ​ ដើម្បី​ទ្រទ្រង់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ។

«ឆ្លៀត​រក​អី​ខ្លះ​ដែរ​ ​បើ​មិន​ឲ្យ​រក​មិន​ងាប់​ហើយ? ​មិន​ដាច់​ពោះ​ងាប់​ហើយ? នៅ​ស្រុក​គោក​ ​គេ​គ្រាន់​បាន​ស្រែ​បាន​ផល​ខ្លះ។ ​នៅ​ស្រុក​ទឹក​ទៅ​ហើយ​ ​បើ​មិន​ឲ្យ​រក​យ៉ាង​ម៉េច?»

លោក​យ៉ុន ផាន់ និង​លោក​ឈុន​ លាង​បាន​លើកឡើង​ថា​ ​ពួកគេ​និង​ប្រជា​នេសាទ​ដទៃ​ទៀត​ ​សុទ្ធ​តែ​កំពុង​ប្រឈម​មុខ​នឹង​ការ​បង្ក្រាប​ ​ការ​ផាក​ពិន័យ​ ​ឬ​រហូត​ដល់​ការ​រឹបអូស​ឧបករណ៍​នេសាទ​របស់​ពួក​គេ​ពី​សំណាក់​អាជ្ញាធរ​ជលផល​ ​ប៉ុន្តែ​ពួកគេ​អះអាង​ថា​ ​ពួកគេ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ការ​នេសាទ​ដោយ​លួច​លាក់​នោះ​ទេ។

នៅ​ក្នុង​ឃុំ​កោះ​ជីវាំង​ដែល​គ្រប់គ្រង​ភូមិ​អណ្តែត​ទឹក​សរុប​ចំនួន​៥​ភូមិ​នេះ​ ​មាន​ប្រជាពលរដ្ឋ​ចំនួន​២០៤៤​ គ្រួសារ​ គឺមាន​មនុស្ស​ជាង​១​ម៉ឺន​នាក់។ ​ជាង​៧០%​នៃ​ប្រជាជន​ទាំងនេះ​គឺ​ជា​អ្នក​នេសាទ​សុទ្ធសាធ​ ​ហើយ​ក្រៅ​ពី​នេះ​គឺជា​អ្នក​លក់ដូរ​ទំនិញ​បន្តិច​បន្តួច​ និង​ជាជាង​ជួល​ជុល​ទូក​ ឬ​កាណូត​ជាដើម​ ​នេះ​បើ​យោង​តាម​លោក ប៊ុន​ បេង មេឃុំ​កោះ​ជី​វាំង​នេះ។

លោក ប៊ុន បេង មានប្រសាសន៍​នៅ​លើ​ផ្ទះ​អណ្ដែត​ទឹក​របស់​លោក​ថា​ ​ជា​រៀងរាល់​ឆ្នាំ​ ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​របស់​លោក​តែង​តែ​ជួប​ប្រទះ​នូវ​បញ្ហា​ខ្វះ​ខាត​ខាង​ជីវភាព​នៅ​ក្នុង​រដូវ​បិទ​នេសាទ​នេះ​ ​ដោយ​សារ​ពួកគេ​ភាគ​ច្រើន​ពឹង​ផ្អែក​តែ​ទៅលើ​របរ​នេសាទ​តែមួយ​មុខ​នេះ​ឯង។

ដូច្នេះ​លោកប៊ុន បេង​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ ​ បើ​ទោះ​ជា​លោក​បាន​ព្យាយាម​ណែនាំ​ប្រជា​ពលរដ្ឋ​កុំ​ឲ្យ​ប្រើ​ឧបករណ៍​ដែល​ច្បាប់​ហាម​ឃាត់​ក្នុងរដូវ​បិទ​នេសាទ​ ​ហើយ​ឲ្យ​ពួកគេ​បង្កើន​មុខ​របរដូចជា​ចិញ្ចឹម​ត្រី​ ​និង​អន្ទុង​បន្ថែម​ក៏ដោយ ​ ​ក៏​ពេល​ខ្លះ​ ​លោក​ត្រូវ​បង្ខំ​ចិត្តបិទ​ភ្នែក​ ​បិទ​ត្រចៀក​ខ្លះ ​ចំពោះ​ការ​ឆ្លៀត​នេសាទ​របស់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ ដោយ​ប្រើ​ឧបករណ៍​ហាម​ឃាត់​ទាំង​នោះ​ដែរ។

«ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​គឺ​បាន​ត្រី​មួយ​គីឡូ​ ឬ​ពីរ​គីឡូ​ យកទៅ​ដោះ​ដូរ​ជា​អង្ករ​សម្រាប់​ហូប​ប៉ុណ្ណឹង​ឯង។ ​ នៅ​ទី​នេះ​គឺ​មានតែ​ប៉ុណ្ណឹង​ឯង​ គឺ​រក​ត្រី​បាន​យក​ទៅ​លក់ដើម្បី​ទិញ​អង្ករ​ ​ព្រោះ​យើង​អត់​មាន​ជង្រុក​ឯណា​នឹង​ទុក​សម្រាប់​ដោះ​ស្រាយ​នោះ​ ​អត់​មាន​ទេ»។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ណៅ ធួក ​ប្រធាន​រដ្ឋបាល​ជលផល​ មានប្រសាសន៍​ថា​ ​ច្បាប់​ស្តី​ពី​ជលផល​ពុំ​អនុញ្ញាត​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​ ឬ​លើកលែង​ចំពោះ​សហគមន៍​នេសាទ​ណាមួយ​ ​ដែល​នេសាទនៅ​ក្នុង​រដូវ​បិទ​នេសាទ​នេះ​ទេ។

«នេះ​គឺជា​ច្បាប់។ យើង​មិន​អាច​សម្រួល​បាន​ទេ ហើយ​ការ​អនុវត្ត​នេះ​គឺ​សម្រាប់​ប្រជាពលរដ្ឋទូទៅ​ ​ទូទាំង​ប្រទេស​ ​មិនមែន​សម្រាប់​តែ​សហគមន៍មួយ​ហ្នឹង ឬក៏​មួយ​ចំនួន​តូច​នោះ​ទេ»។

លោក​ណៅ ធួក​មាន​ប្រសាសន៍​បន្ថែម​ដោយ​លើក​ទឹកចិត្ត​ឲ្យ​សហគមន៍​នេសាទ​នៅ​ជុំវិញ​បឹង​ទន្លេសាប​ ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​មួយ​រយៈពេល​នៃ​រដូវ​បិទ​នេសាទ​នេះ ដើម្បី​ធានា​ថា​ ​ត្រី​មេ​ពូជ​អាច​ពង​កូន​បាន​ច្រើន​ សម្រាប់​ការ​នេសាទ​របស់​ប្រជា​ពលរដ្ឋ​នៅ​រដូវ​បើក​នេសាទ​វិញ​ក្នុង​ខែ​តុលា​ខាង​មុខ​នេះ៕

XS
SM
MD
LG