ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​អភិរក្ស​ធនធាន​ធម្មជាតិ​បឹង​ទន្លេសាប​បារម្ភ​ចំពោះ​ការ​វិនិយោគ​ប្រេង​និង​ឧស្ម័ន


ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​ងារ​ថែ​រក្សា និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេ​សាប ក្នុង​ប្រទេស​កម្ពុជា​បាន​លើកឡើង​ថា ការ​វិនិយោគ​ ឬ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ ប្រេង និង​ឧស្ម័ន​ណាមួយ​នៅ​តំ​បន់​ជុំវិញ​បឹង​ទន្លេ​សាប​ អាច​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​និរន្តរភាព​នៃ​បឹង​ទន្លេសាប ដែល​ជា​ប្រភព​ត្រី​ទឹកសាប​ដ៏​សំខាន់​សម្រាប់​ប្រជា​ជន​កម្ពុជា​រាប់​លាន​នាក់។

លោក​ឱម សាវ៉ាត ប្រធាន​កម្មវិធី​នៃ​អង្គការ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៥ ខែ​សីហា​ថា ការ​រុករក ឬ​សកម្មភាព​បូម​ប្រេង និង​ឧស្ម័ន​នៅ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​នេះ ​នឹងធ្វើ​ឲ្យ​បាត់​បង់​ផល​នេសាទ និង​ជីវៈចម្រុះ​ផ្សេងទៀត​នៅក្នុង និង​ជុំវិញ​បឹង​ដែល​ធំ​ជាងគេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ។ លោក​បន្តថា៖

«កាលណា​គាត់​បូម​ប្រេង​នៅ​ក្នុង​តំបន់​ហ្នឹង​ វា​ជៀស​មិន​ផុត​ពី​ការ​ប៉ះពាល់​បរិស្ថាន ព្រោះ​លំហូរ​នៃ​កាក​សំណល់​ប្រេង​អី​ផ្សេង​ៗ​ វា​នឹង​ចូល​ទៅ​ក្នុង​បឹង​ទន្លេសាប។ អញ្ចឹង​វា​នឹង​ប៉ះពាល់​ទៅ​ដល់​ធនធាន​នេសាទ និង​ជលផល​ទាំង​អស់​នោះ។ ម្យ៉ាង​ទៀត​ បើ​កន្លែង​ហ្នឹង​ក្លាយ​ជា​កន្លែង​បូម​ប្រេង គេ​នឹង​ជីក​ផ្លូវ​ទឹក​ដើម្បី​ឲ្យ​កប៉ាល់​ធំៗ​ឆ្លងកាត់ ឬ បើ​ក្រុមហ៊ុន​អស់ហ្នឹង​ធ្វើ​នៅ​ផ្នែក​ខាង​លើ ក៏​យើង​នៅ​តែ​បារម្ភ​ថា កាក​សំណល់​ប្រេង​នឹង​ហូរ​ចូល​បឹង​ទន្លេសាប​ដដែល»។

បឹង​ទន្លេសាប ដែល​ព័ទ្ធ​ជុំវិញ​ដោយ​ខេត្ត​ចំនួន​៦ ​គឺ​កំពង់​ឆ្នាំង ពោធិ៍សាត់​ បាត់ដំបង បន្ទាយ​មានជ័យ សៀមរាប និង​កំពង់ធំ មាន​ផ្ទៃ​ទំហំ​ប្រមាណ២.៧០០​គីឡូម៉ែត្រ​ការ៉េ នៅ​រដូវ​ប្រាំង។ ចំណែក​នៅរដូវ​វស្សា​វិញ បឹង​នេះ​មាន​ទំហំ​រហូត​ដល់​១៦.០០០គីឡូម៉ែត្រ​ការ៉េ ដែល​ធ្វើ​ឲ្យ​វា​មើល​ទៅ​ហាក់​បីដូច​ជា​កូន​សមុទ្រ​ទឹកសាប​មួយ​ដូច្នោះ​ដែរ។

មាន​ប្រជា​ជន​ចំនួន​ជាង​១​លាន​នាក់​កំពុង​រស់នៅ​ដោយ​ពឹង​អាស្រ័យ​ផ្ទាល់​ទៅលើ​ការ​នេសាទ​ត្រី​នៅ​ក្នុង​បឹង​ទន្លេសាប​នេះ ហើយ​បឹង​នេះ​ក៏​បាន​ផ្គត់​ផ្គង់​ជីវភាព​ប្រជាជន​កម្ពុជា​ចំនួន​ជាង​៤​លាន​នាក់​នៅ​ក្នុង​ខេត្ត​ជុំវិញ​ទាំង​៦នោះ​ផងដែរ។ លើស​ពី​នេះ បឹង​ទន្លេសាប​ដែល​មាន​ព្រៃលិចទឹក​ដុះ​ព័ទ្ធ​ជុំវិញ​នេះ ក៏​ជា​ទី​ជម្រក​នៃ​ពពួក​សត្វ​ផ្សេងៗ​ដូច​ជា សត្វ​ល្មូន​ចំនួន​៤២​ប្រភេទ បក្សី​ចំនួន​២២៥​ប្រភេទ ថនិកសត្វ​ចំនួន​៤៤​ប្រភេទ និង​រុក្ខជាតិ​ជាង​២០០​ផងដែរ។

លោក​ឱម សាវ៉ាត​មាន​ប្រសាសន៍​ថា ការ​វិនិយោគ​រ៉ែ ប្រេង និង​ឧស្ម័ន​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​នេះ អាច​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ជីវៈ​ចម្រុះ​ទាំង​នេះ ដោយរួម​ទាំង​ត្រី​ចំនួន​ជាង​២០០​ប្រភេទ​នៅ​ក្នុង​បឹង​នេះ​ផងដែរ។ លោក​ថ្លែង​ដូច្នេះថា៖

«អ្វី​ដែល​យើង​ព្រួយ​បារម្ភ​នោះ​គឺថា ប្រជា​នេសាទ​គាត់​ពឹង​អាស្រ័យ​តែ​ទៅលើ​ផល​នេសាទ ហើយ​ក្រុមហ៊ុន គេ​វិនិយោគ​ គេ​រំពឹង​ផល​ចំណេញ​ពី​ធនធាន​រ៉ែ​ទាំង​អស់​នោះ។ អញ្ចឹង​ហើយ ក្នុង​នាម​យើង​ធ្វើ​ការ​ជាមួយ​អ្នក​នេសាទ​ យើង​មាន​ការ​ព្រួយ​បារម្ភ​ ពីព្រោះ អ្វី​ដែល​ទាក់​ទង​នឹង​ទិន្ន​ន័យ​ក្រុម​ហ៊ុន​ដែល​គេ​កំពុង​តែ​ធ្វើការ​ទាក់​ទង​ដែន​នេសាទ​ក្តី​ ទាក់​ទង​នឹង​ការ​ចុះ​កិច្ច​សន្យា​ជាមួយ​រដ្ឋាភិបាល​ក្តី​ គឺ​យើង​អត់​បាន​ដឹង​ឲ្យ​បាន​ទូលំទូលាយ នេះ​ហើយ​ជា​ក្តី​ព្រួយ​បារម្ភ​របស់​យើង។»

បច្ចុប្បន្ន យ៉ាង​ហោច​ណាស់​ក៏​មាន​ក្រុម​ហ៊ុន​ចំនួន​ពីរ​ដែល​កំពុង​សិក្សា​ស្រាវជ្រាវ​រក​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​នេះ។ ទី​១គឺ​ក្រុមហ៊ុន​ប្រេងរបស់​ប្រទេស​ជប៉ុន ឈ្មោះ Japan Oil, Gas and Metals National Corporation ដែល​ជា​ក្រុមហ៊ុន​រដ្ឋ​របស់​ជប៉ុន។ ក្រុមហ៊ុន​នេះ បាន​ទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល​កម្ពុជា កាលពី​ខែ​ឧសភា ឆ្នាំ​២០១០ ដើម្បី​ស្រាវជ្រាវ​រក​ប្រេង​លើ​ផ្ទៃដី​ទំហំ ៦៥០០ គីឡូម៉ែត្រ​ការ៉េ ក្នុង​ប្លុក​ទី​១៧ ស្ថិតនៅ​ភាគ​ខាង​ជើង​បឹងទន្លេសាប។

ក្រុមហ៊ុន​ទី​២ គឺ​ក្រុមហ៊ុន​ប្រេង​របស់​ប្រទេស​វៀតណាម ឈ្មោះ PetroVietnam Exploration Production Corp ដែល​ជា​ក្រុមហ៊ុនរដ្ឋ​របស់​វៀតណាម​ដែរ។ ក្រុមហ៊ុន​នេះ ទទួល​បាន​សិទ្ធិ​រុករក​ប្រេង​និង​ឧស្ម័ន​នៅក្នុង​ប្លុក​ទី​១៥ ដោយ​គ្រប​ដណ្តប់​លើ​ផ្ទៃដីទំហំ ៦.៩០០​គីឡូម៉ែត្រ​ការ៉េ នៅ​ភាគ​ខាង​ឦសាន​ជាប់​បឹង​ទន្លេសាប។ ក្រុមហ៊ុន​PetroVietnam ​នេះ អាច​រុករក​ប្រេង​នៅក្នុង​ប្លុក​នោះ​ ក្នុងរយៈ​ពេល​៣០​ឆ្នាំ និង​រុករក​ឧស្ម័ន​ក្នុង​រយៈ​ពេល​៣៥​ឆ្នាំ។ នេះ​បើ​យោង​តាម​របាយការណ៍​ព័ត៌មាន​នានា។ មន្រ្តី​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ធ្វើការ​ងារ​ខាង​រ៉ែ​ ប្រេង​និង​ឧស្ម័ន​ក្នុង​ប្រទេស​កម្ពុជា​នេះ បាន​ថ្លែង​ដោយ​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ថា ការ​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​បរទេស​រុករក​ឬ​អាច​ឈាន​ទៅ​ធ្វើ​អាជីវកម្ម​ប្រេង និង​ឧស្ម័ន​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​នេះ គឺ​អាច​បង្ក​គ្រោះ​មហន្តរាយ​ដ៏​ធំ​សម្រាប់​កម្ពុជា ដោយ​មន្ត្រី​រូប​នោះ​លើកឡើង​ថា ក្រុមហ៊ុន​ខ្លះ​មិន​ដែល​ហ៊ាន​ទិញ​ឧបករណ៍​ទំនើប​ថ្លៃ​ៗ សម្រាប់​ច្រោះ ឬ​បូម​យក​ប្រេង​ឬ​ឧស្ម័ន​នោះ​ទេ ដោយសារ​តែ​ពួកគេ​គិត​គូរ​តែ​ពី​ប្រាក់​ចំណេញ​តែ​ប៉ុណ្ណោះ។ ដូច្នេះ មន្ត្រី​ដដែល​បាន​អះអាង​ថា បឹងទន្លេសាប​នឹង​ត្រូវ​បាត់បង់ បើ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​គិត​គូរ​ទៅដល់​ផល​ប៉ះពាល់​រយៈ​ពេល​វែង​ដែល​អាច​កើត​មាន​ឡើង​ចំពោះ​បឹង​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា​នេះ។

មន្ត្រី​នៃ​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​រុក​រក​ប្រេង និង​ឧស្ម័ន​នៅ​ជុំវិញ​បឹង​ទន្លេសាប​នេះទេ។

ប៉ុន្តែ លោកលឹម​ គាន​ហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប​មានប្រសាសន៍​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅក្នុង​សន្និសិទ្ធ​កាសែត​មួយកាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា រដ្ឋាភិបាល​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​ការ​សិក្សា​ពី​ហេតុ​ប៉ះពាល់​បរិស្ថាន​ត្រឹម​ត្រូវ​ មុន​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ ធ្វើ​ការ​រុករក និង​ឈាន​ទៅ​ទាញ​យក​ផល​ពី​ធនធាន​ធម្មជាតិ​ទាំង​នោះ។ លោក លឹម គាន​ហោ​ បាន​បន្ថែម​ថា រដ្ឋាភិបាល​ក៏​នឹង​ថ្លឹង​ថ្លែង​មើល​ផល​ប៉ះពាល់​ពី​ការ​វិនិយោគរ៉ែ ប្រេង និង​ឧស្ម័ន​នៅ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​ផល​ប្រយោជន៍​នៃ​ការ​អភិរក្ស​តំបន់​នោះ​ដែរ ប៉ុន្តែ​លោករដ្ឋមន្ត្រី​បាន​បដិសេធ​មិន​និយាយ​ថា​តើ​មាន​ក្រុមហ៊ុន​ប៉ុន្មាន​បាន​ទទួល​សិទ្ធិ និង​កំពុង​រុករក​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​នេះ​ទេ។

យ៉ាង​ណា​ក៏ដោយក៏លោកឱម សាវ៉ាតមានប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​បើក​ឲ្យ​មាន​វិនិយោគ​ទុន​ដើម្បី​ទាញ​យក​ធនធាន​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​នេះ តែ​នៅ​ពេល​ដែល​បឹង​ទន្លេសាប​លែង​ផ្តល់​ធនធាន​សម្បូរ​បែប​ដូច​ពេល​បច្ចុប្បន្ន​នេះ។

ដូច្នេះលោកឱម សាវ៉ាត មាន​ប្រសាសន៍​បន្ថែម​ថា ពេល​នេះ​ មិនមែន​ជា​ពេល​ដែល​កម្ពុជា​ត្រូវ​ទាញ​យក​ធនធាន​រ៉ែ ប្រេង និង​ឧស្ម័ន ពី​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ទេ ដោយសារ​បឹង​នេះ​នៅតែ​ជា​ប្រភព​ដ៏​សំខាន់​សម្រាប់​ចិញ្ចឹម​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​នៅឡើយ​នោះ។

XS
SM
MD
LG