តុលាការរាជធានីភ្នំពេញបានកាត់ទោសឱ្យអតីតមេដឹកនាំសហជីពប្រចាំរោងចក្រកាត់ដេរម្នាក់ជាប់ពន្ធនាគារចំនួនដប់ខែអំពីបទជួញដូរគ្រឿងញៀនប៉ុន្តែបានដោះលែងអតីតមេដឹកនាំសហជីពនៅល្ងាចថ្ងៃសុក្រនេះបន្ទាប់ពីបានជាប់ពន្ធនាគារចំនួនជាងប្រាំពីរខែមកហើយដែលក្រុមមន្ត្រីសហជីព សិទ្ធិមនុស្សនិងមេធាវី បានហៅសេចក្តីសម្រេចនេះថាជាអំពើអយុត្តិធម៌។
លោកសួស ចន្ថា អាយុ២៤ឆ្នាំ ប្រធានសហជីពប្រចាំរោងចក្រកាត់ដេរយូណាយធីត អាផារ៉ែលនៅក្នុងខណ្ឌដង្កោ ត្រូវបានចាប់ខ្លួននៅក្នុងខែវិច្ឆិកា ឆ្នាំ២០១០ អំពីបទចែកចាយគ្រឿងញៀននិងត្រូវបានជាប់ឃុំនៅក្នុងពន្ធនាគារព្រៃសរយៈពេលប្រាំពីរខែនិងប្រាំថ្ងៃ។
លោកឌិត ស៊ីវុត្ថា ចៅក្រមជំនុំជម្រះតុលាការរាជធានីភ្នំពេញ បានប្រកាសសាលក្រមចំពោះមុខជនជាប់ចោទថា តុលាការបានសម្រេចផ្តន្ទាទោសឈ្មោះ សួស ចន្ថា អាយុ២៤ឆ្នាំ ឱ្យជាប់ពន្ធនាគារចំនួន១០ខែ ប៉ុន្តែត្រូវអនុវត្តទោសក្នុងពន្ធនាគារចំនួនប្រាំពីរខែ និងប្រាំថ្ងៃ ហើយទោសនៅសល់ត្រូវព្យួរ។
លោកអ៊ឹម ម៉ាច មេធាវីរបស់លោកសួស ចន្ថា បានថ្លែងថា លោកមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការកាត់សេចក្តីរបស់តុលាការដោយអយុត្តិធម៌ប្រឆាំងនឹងកូនក្តីរបស់លោក។
«ការដាក់ទោសសម្រាប់កូនក្តីខ្ញុំមិនយុត្តិធម៌ទេ ពីព្រោះកូនក្តី របស់ខ្ញុំមិនបានប្រព្រឹត្ត ហើយនេះ គឺជាជនណាម្នាក់ដែលធ្វើបាបគាត់»។
លោកគង់ អាទិត្យ អនុប្រធានសម្ព័ន្ធសហជីពស៊ីខៅឌូ បានថ្លែងថា ការសម្រេចរបស់តុលាការមិនយុត្តិធម៌ទេនិងផ្ទុយពីអ្វីដែលសាក្សីនិងមេធាវីបានសាកសួរព័ត៌មាននិងភស្តុតាងទាំងអស់នោះ។
«បើយើងវិភាគការប្រមូលភស្តុតាង និងហេតុផលជាលក្ខណៈវិទ្យាសាស្ត្រ លោកសួស ចន្ថា អត់មានពាក់ព័ន្ធនឹងរឿងជួញដូរ និងការប្រើប្រាស់គ្រឿងញៀនទេ។ យើងសប្បាយចិត្តចំពោះការដោះលែង សួស ចន្ថា ក៏ប៉ុន្តែអ្វីដែលតុលាការចោទប្រកាន់គាត់ថា គាត់ជាអ្នកចែកចាយគ្រឿងញៀនយោងតាមហេតុផលនេះ គឺមិនយុត្តិធម៌ទេ»។
កងរាជអាវុហត្ថ បានឆែកឆេររកឃើញគ្រឿងញៀនម្សៅចំនួនប្រាំបួនកញ្ចប់តូចៗនៅក្រោមកែបម៉ូតូរបស់ លោក សួស ចន្ថា និងបានចោទប្រកាន់លោកអំពីបទចែកចាយគ្រឿងញៀន។
ក្នុងតុលាការលោកសួស ចន្ថា បានបដិសេធមិនទទួលស្គាល់ភស្តុតាងម្សៅគ្រឿងញៀនទាំងអស់នេះទេ ហើយបានបដិសេធការចោទប្រកាន់អំពីការប្រើប្រាស់គ្រឿងញៀន និងការចែកចាយគ្រឿងញៀន។
លោកអ៊ំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថាលោកសួស ចន្ថា មិនគួត្រូវបានផ្តន្ទាទោសចំពោះការចោទប្រកាន់នេះទេពីព្រោះវាមានភាពមិនប្រក្រតីតាំងពីពេលចាប់ខ្លួនគាត់។
«បើយើងយោងតាមភស្តុតាង យោងតាមចម្លើយសាក្សី និងជនរងគ្រោះ យើងថា លោកសួស ចន្ថា នេះ ជាមនុស្សស្អាតស្អំ ដូចជាមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។ យើងសង្ស័យថារឿងនេះមានអ្វីនៅពីក្រោយខ្នងបង្កើតជាភាពមិនប្រក្រតីដែលជាការសោកស្តាយ ដែលធ្វើឱ្យលោកសួស ចន្ថា ត្រូវបាន តុលាការផ្តន្ទាទោសដប់ខែ និងដាក់ពន្ធនាគារជាក់ស្តែងប្រាំពីរខែ និងប្រាំថ្ងៃនេះ»។
លោក សួស ចន្ថា ត្រូវបានដោះលែងចេញពីពន្ធនាគារព្រៃសនៅល្ងាចថ្ងៃសុក្រនេះ ដោយបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅពេលនេះ ខ្ញុំមានអារម្មណ៍រំភើប។ ចំពោះសវនាការកាត់ទោសចំពោះរូបខ្ញុំ គឺខ្ញុំមិនពេញចិត្តទេ ពីព្រោះនិយាយឱ្យខ្លី ខ្ញុំអត់សប្បាយ។ វាមិនមែនជាទង្វើរបស់ខ្ញុំទេ»។
មនុស្សប្រមាណ៥០នាក់ពីតំណាងសហជីព និងអង្គការសង្គមស៊ីវិលនានាព្រមទាំងក្រុមគ្រួសារបានទទួលស្វាគមន៍លោកសួស ចន្ថា ចេញពីពន្ធនាគារព្រៃស។ បន្ទាប់ពីចេញពីពន្ធនាគារព្រៃស លោក សួស ចន្ថា បានធ្វើដំណើរទៅកាន់វត្តព្រះពុទ្ធសាសនាមួយនៅក្បែរ ដើម្បីស្រោចទឹករំដោះគ្រោះ៕