ភ្នំពេញ៖ នៅមិនទាន់មានសញ្ញាណាមួយសម្រាប់បោះជំហានទៅមុខសម្រាប់ការដោះស្រាយជំលោះព្រំដែនដ៏តានតឹងរវាងប្រទេសកម្ពុជា និងប្រទេសថៃនៅឡើយទេ បន្ទាប់ពីប្រទេសទាំងពីរនេះ បានកសាងទំនាក់ទំនងការទូតដូចធម្មតាឡើងវិញនោះ។ ក្រុមមន្ដ្រីនៅមានទស្សនៈផ្សេងគ្នានៅឡើយសម្រាប់ការចរចាជាថ្មីអំពីបញ្ហាព្រំដែនក្នុងពេលខាងមុខនេះ។
មន្រ្តីជាន់ខ្ពស់ប្រទេសកម្ពុជា និងប្រទេសថៃនៅមានទស្សនៈមិនចុះសម្រុងគ្នានៅឡើយ ចំពោះលទ្ធភាពឆ្ពោះទៅរកការដោះស្រាយជម្លោះព្រំដែន ដែលកំពុងតែជាប់គាំងនៅពេលនេះ។ ថ្វីបើទំនាក់ទំនងការទូតនៃប្រទេសទាំងពីរបានឈានឡើងដល់កម្រិតធម្មតាឡើងវិញ ដូចពីមុនក៏ដោយ។
លោកវ៉ា គឹមហុង ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការដោះស្រាយវិវាទព្រំដែនរបស់ប្រទេសកម្ពុជា អធិប្បាយនៅថ្ងៃព្រហស្បតិ៍នេះថា ភាពធូរស្រាលផ្នែកការទូត គឺជារឿងដាច់ដោយឡែកពីកិច្ចការដោះស្រាយទំនាស់ព្រំដែន ហើយលោកមិនទាន់មានសុទិដ្ឋិនិយមនៅឡើយ។
«នេះជារឿងពីរដាច់ដោយឡែកពីគ្នាទេ។ រឿងដាក់ឲ្យទូតជាការល្អហើយ ជាវិជ្ជមានហើយ។ ប៉ុន្ដែរឿងទំនាក់ទំនងធ្វើកិច្ចការរបស់គណៈកម្មការព្រំដែន ខណ្ឌព្រំសីមា បោះបង្គោល វាលុះត្រាតែឯកសារ ដែលថៃថា ត្រូវឆ្លងកាត់រដ្ឋសភារបស់គេ តាមមាត្រាទី១៩០នោះ ត្រូវបានអនុម័ត ទើបយើងអាចធ្វើបាន។ ឲ្យខ្ញុំសុទិដ្ឋិនិយមម្ដេចកើត បើគេអត់ដាក់(ឆ្លងសភា)ផង ជិតបីឆ្នាំហើយ? »
ប្រទេសកម្ពុជា និងប្រទេសថៃទើបតែបានតែងតាំងឯកអគ្គរាជទូតរៀងៗខ្លួនឲ្យកាន់ការងាររបស់ពួកគេវិញ ទៅកាន់ប្រទេសនីមួយៗ កាលពីថ្ងៃអង្គារ និងថ្ងៃពុធ បន្ទាប់ពីបានបន្ទាបទំនាក់ទំនងការទូត នេះមកត្រឹមកម្រិតភារធារីអស់រយៈពេលជិត១០ខែរួចមក។
ការបន្ទាបទំនាក់ទំនងការទូតធ្វើឡើងក្រោយពីប្រទេសកម្ពុជាបានតែងតាំងលោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃ ដែលត្រូវផ្តន្ទាទោសដោយតុលាការប្រទេសថៃនោះ ឲ្យធ្វើជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន និងធ្វើជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា។
លោកកួយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មានប្រសាសន៍ថា ថ្វីបើទំនាក់ទំនងការទូតកម្ពុជាថៃវិលមករកភាពប្រក្រតីឡើងវិញ ក៏ប៉ុន្តែការចរចាអំពីបញ្ហាព្រំដែន រវាងប្រទេសទាំងពីរអាចចាប់ផ្តើមទៅបានលុះណាតែរដ្ឋសភានៃប្រទេសថៃអនុម័តលើកិច្ចព្រមព្រៀងនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា ថៃជាមុនសិន។
«បើថៃចង់បន្ដចរចាទ្វេភាគី លុះត្រាតែសភាថៃអនុម័តកំណត់ហេតុទាំងបីនោះសិន បានអាចទៅមុខទៀតបាន បើទោះជាពេលនេះទំនាក់ទំនងការទូតឡើងកម្រិតជាធម្មតាឡើងវិញហើយក៏ដោយ»។
រដ្ឋសភានៃប្រទេសថៃត្រូវអនុម័តយល់ព្រមទៅលើកិច្ចព្រមព្រៀង ដែលធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំនៃ គណៈកម្មាធិការព្រំដែនចម្រុះចំនួនបីលើក គឺនៅឆ្នាំ២០០៨ និងឆ្នាំ២០០៩ នៅខេត្តសៀមរាប នៅក្នុងទីក្រុងបាងកក និងជាចុងក្រោយនៅក្នុងទីក្រុងភ្នំពេញ កាលពីខែមេសាឆ្នាំមុន។
បើយោងទៅតាមមន្រ្តីកម្ពុជា ការយល់ព្រមរបស់សភាថៃទៅលើកិច្ចព្រមព្រៀងនៃកិច្ចប្រជុំទាំងនេះ នឹងអនុញ្ញាតឲ្យមានការចុះទៅសិក្សា ចុះវាស់វែងព្រំដែន និងចុះទៅបោះបង្គោលព្រំដែនរួម និងអនុញ្ញាតឲ្យដំណើរការតាមនីតិវិធីច្បាប់ផ្សេងៗទៀត។
លោកថានី ថងផាក់ឌី អគ្គនាយករងនៃនាយកដ្ឋានព័ត៌មានរបស់ក្រសួងការបរទេសថៃ មានប្រសាសន៍ ដោយមានសុទិដ្ឋិនិយមទៅវិញថា ការតែងតាំងមន្រ្តីទូតទាំងពីរឡើងវិញនឹងបើកផ្លូវឆ្ពោះទៅរកដំណោះស្រាយបញ្ហាព្រំដែន។
«ចំពោះបញ្ហាព្រំដែន ខ្ញុំគិតថា ជាមួយនឹងឯកអគ្គរាជទូតរបស់យើង ដែលត្រូវបានតែងតាំងឡើងវិញនេះនឹងជួយសម្រួលកាន់តែមានប្រសិទ្ធិភាព និងធ្វើឲ្យកិច្ចសហការ និងការប្រាស្រ័យទាក់ទងគ្នាកាន់តែជិតស្និតរវាងប្រទេសទាំងពីរ។ សម្រាប់ប្រទេសថៃ កិច្ចព្រមព្រៀងកាលពីពេលមុននៃកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនចម្រុះ នៅតែអាចដាក់បញ្ចូលក្នុងរបៀបវារៈរបស់រដ្ឋសភា។ ហើយយើងសង្ឃឹមថា ការយល់ព្រមពីរដ្ឋសភាក្នុងអនាគតដ៏ខ្លីនេះនឹងនាំឲ្យមានកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនចម្រុះក្នុងពេលដ៏ឆាប់បំផុត»។
ដោយឡែក លោកប៉ានីតាន់ វឌ្ឍនាយ៉ាកន អ្នកនំាំពាក្យរបស់លោកនាយករដ្ឋមន្រ្តីថៃ អាភីស៊ីប វីចាជីវ៉ា មានប្រសាសន៍តាមទូរស័ព្ទពីទីក្រុងបាងកកមកថា ប្រក្រតីភាពផ្នែកការទូតនៃប្រទេសទាំងពីរនឹងជួយជំរុញកិច្ចសហប្រតិបត្តិការគ្នាកាន់តែខ្លាំងថែមទៀតទៅលើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច។
ប្រទេសកម្ពុជា និងប្រទេសថៃមានទំនាស់ព្រំដែនយ៉ាងតឹងតែងជាមួយគ្នាចាប់តាំងពីខែកក្កដាឆ្នាំ២០០៨មកម៉្លេះ បន្ទាប់ពីប្រទេសថៃជំទាស់មិនបានសម្រេចចំពោះការដាក់ប្រាសាទព្រះវិហារខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោក។
នៅក្នុងពេលថ្មីៗនេះ ប្រទេសកម្ពុជាបានស្វែងរកអន្តរាគមន៍ពីបណ្តាប្រទេសអាស៊ាន និងអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែននេះ ក៏ប៉ុន្តែប្រទេសថៃប្រាថ្នាចង់ឲ្យមានការដោះស្រាយជាលក្ខណៈទ្វេភាគីវិញ។
លោកថានី ថងផាក់ឌី អគ្គនាយករងនៃនាយកដ្ឋានព័ត៌មានរបស់ក្រសួងការបរទេសថៃ មានប្រសាសន៍ថា មានការជជែកគ្នាដើម្បីរកលទ្ធភាពឲ្យមានជំនួបទល់មុខគ្នារវាងនាយករដ្ឋមន្រ្តីថៃ លោកអាភីស៊ីបវីចាជីវ៉ា និងលោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន សម្រាប់ដោះស្រាយបញ្ហាព្រំដែននេះ។ ក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសខ្មែរ លោកកួយ គួង បញ្ជាក់ថា នៅមិនទាន់មានភាពជាក់លាក់ណាមួយសម្រាប់ជំនួបនៃប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរនៅឡើយទេ៕