តុលាការខេត្តកំពង់ស្ពឺ បានសម្រេចមិនឃុំខ្លួនប្រជាពលរដ្ឋ ឃុំអមលាំងចំនួនបីនាក់ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន ក៏ប៉ុន្តែបានដាក់នៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដោយតម្រូវឲ្យបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាល ឃុំអមលាំងមួយខែម្តង។
ការសម្រេចរបស់តុលាការនេះបានកើតឡើងបន្ទាប់ពីអ្នកភូមិចំនួនជាង២០០នាក់ បានមកតវ៉ានៅមុខសាលាដំបូងខេត្តកំពង់ស្ពឺ។
តុលាការខេត្តកំពង់ស្ពឺ នៅថ្ងៃពុធនេះ បានសម្រេចមិនឃុំខ្លួនប្រជាពលរដ្ឋឃុំអមលាំង ចំនួនបីរូប ក្រោមបទចោទប្រកាន់ថាបានបង្កអគ្គីភ័យដោយចេតនានិងធ្វើឲ្យខូចខាតដោយចេតនា នូវទ្រព្យសម្បត្តិឯកជន។
ក៏ប៉ុន្តែតុលាការបានសម្រេចឲ្យជនជាប់ចោទទាំងបីនាក់ ស្ថិតនៅក្រោមការស៊ើបអង្កេតតាមផ្លូវ តុលាការ ដោយធ្វើការបង្ហាញមុខនៅប៉ុស្តិ៍ប៉ូលីសឃុំអមលាំង នៅថ្ងៃទី៣០ ជារៀងរាល់ខែ។
ការសម្រេចរបស់តុលាការនេះ បានធ្វើឡើងបន្ទាប់ពីលោកកែវ មុនី ចៅក្រមស៊ើបសួរនៃសាលា ដំបូងខេត្តកំពង់ស្ពឺ បានកោះហៅប្រជាពលរដ្ឋចំនួនបីរូប ដែលរួមមានអ្នកស្រីជីន សារុំ អាយុ៣៥ឆ្នាំ អ្នកស្រី ឌុល លាង អាយុ៤១ឆ្នាំនិងលោក ស ថាន អាយុ៣៥ឆ្នាំមកធ្វើការសាកសួរអស់រយៈពេលពេញមួយថ្ងៃ។
ការស៊ើបសួរនេះ បានធ្វើឡើងក្រោមការតវ៉ាប្រឆាំងជំទាស់ពីប្រជាពលរដ្ឋឃុំអមលាំងប្រមាណជាង ២០០នាក់ ដែលបានមកប្រមូលផ្តុំនៅមុខតុលាការ។ ក៏ប៉ុន្តែពុំមានការដាក់ពង្រាយកម្លាំងប៉ូលីស ដើម្បី ទប់ស្កាត់ការជួបប្រជុំគ្នាទេ។
អ្នកស្រីជីន សារុំ បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅមុខតុលាការថា អ្នកស្រីមានការរីករាយ បន្ទាប់ពីតុលាការបានសម្រេចឲ្យអ្នកស្រីមានសេរីភាពនៅក្រៅពន្ធនាគារ។
អ្នកស្រីបានមានប្រសាសន៍ទៀតថា អ្នកស្រីពុំបានធ្វើខុសដូចការចោទប្រកាន់ទេ។
«គាត់សួរខ្ញុំថា បានញុះញង់ប្រជាពលរដ្ឋទៅដុតបំផ្លាញរបស់គេអត់ ក្រុមហ៊ុន SUGAR ។ ខ្ញុំថា ខ្ញុំអត់មានទេ ខ្ញុំឃើញគេទៅ ខ្ញុំទៅដែរ ព្រោះក្រុមហ៊ុនថា រកទំនុកដោះស្រាយឲ្យប្រជាពលរដ្ឋ »។
ចំណែកលោកស ថាន បានមានប្រសាសន៍ថា នៅពេលកើតហេតុនោះ លោកមិនបាននៅកន្លែង កើតហេតុទេ។
«ខ្ញុំទៅដល់ឃើញ ព្រោះខ្ញុំជិះគោយន្តទៅ ទៅជាមួយបងប្អូនជាច្រើន ទៅដល់ឃើញភ្លើងឆេះបាត់ ហើយ។ ហើយពីហ្នឹងមកផ្ទះ។
សំណួរ៖ ចុះគេចោទយើងអញ្ចឹង គិតថាត្រឹមត្រូវទេ?
លោកស ថាន៖ «បានថា អត់ត្រឹមត្រូវ»។
កាលពីថ្ងៃទី១៨ ខែមិនា ឆ្នំា២០១០ កន្លងទៅនេះ យ៉ាងតិចមានរោងចំាដីចំនួនប្រាំមួយរបស់ក្រុម ហ៊ុនភ្នំពេញ SUGAR ត្រូវបានដុតបំផ្លាញខ្ទេចខ្ទីអស់។
ក្រុមហ៊ុននេះ បានដាក់ពាក្យបណ្តឹងទៅតុលាការ ដោយប្តឹងចោទប្រកាន់ប្រជាពលរដ្ឋចំនួន១៥ នាក់យ៉ាងតិច ពីបទបង្កអគ្គីភ័យ និងបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដោយចេតនា។
លោកចាន់ សុជាតិ មេធាវីការពារក្តីជនរងគ្រោះ មកពីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានមានប្រសាសន៍ថា ការដាក់ឲ្យស្ថិតនៅក្រោមការឃ្លំាមើលរបស់តុលាការ គឺជាការល្អប្រសើរមួយ សម្រាប់កូនក្តីរបស់លោកទាំងបីរូប។
«ខ្ញុំគិតថា វាអត់មានបញ្ហាអ្វីធំដំទាក់ទង និងការរកស៊ីរបស់គាត់ទេ ។ ជម្រើសនេះហើយ ដែល គាត់មានឱកាស និងរកស៊ីនៅខាងក្រៅចញ្ចឹមកូន ធ្វើស្រែចំការបាន»។
លោក អ៊ូច ឡេង មន្ត្រីដីធ្លីរបស់សមាគមសិទ្ធិមនុស្ស ADHOC មិនបានពេញចិត្តចំពោះសេចក្តី សម្រេចរបស់តុលាការទេ។
លោកបានមានប្រសាសន៍ថា តុលាការ គួរតែលើកលែងការចោទប្រកាន់ទាក់ទឹននឹងជម្លោះដីធ្លី នៅក្នុងឃុំអមលាំងនេះ។
«ប្រជាពលរដ្ឋ គាត់គ្មានកំហុសអ្វីទេ គ្មានទោសគ្មានពៃរ៍។ ដូច្នេះត្រូវលើកលែងការចោទប្រកាន់គាត់។ កុំចងជើងគាត់ ដោយប្រើច្ឆន្ទានុសិទ្ធិរបៀបនេះតទៅទៀត»។
ក្រុមហ៊ុនភ្នំពេញ SUGAR របស់លោកឧកញ៉ាលី យ៉ុងផាត់ ដែលបានទទួលដីសម្បទានសេដ្ឋកិច្ច ជិត១០០០០ ហិកតា សម្រាប់ធ្វើការអភិវឌ្ឍន៍ដំាដើមអំពៅ នៅក្នុងខេត្តកំពង់ស្ពឺនោះ ត្រូវបានប្រជាពល រដ្ឋនៅឃុំអមលាំង បានចោទប្រកាន់ថា បានរំលោភដីធ្លីរបស់ពួកគេ។
តុលាការខេត្តកំពង់ស្ពឺ ធ្លាប់បានចាប់ខ្លួនលោកយូ ថូ និងលោកឃឹម រិទ្ធី ដាក់ពន្ធនាគារនៅក្នុងរឿង ជម្លោះដីធ្លី ជាមួយនឹងលោកឧកញ៉ាលី យ៉ុងផាត់ នេះ។ ក៏ប៉ុន្តែក្រោយមកបានដោះលែងពួកគេឲ្យមាន សេរីភាពវិញ៕