ភ្នំពេញ៖ អតីតមេដឹកនាំខ្មែរក្រហមសំខាន់ៗបីរូប គឺ អៀង ធីរិទ្ធ ខៀវ សំផន និងនួន ជា អាចនឹងត្រូវនាំខ្លួនចូលសវនាការតែមួយរួមគ្នានៅថ្ងៃច័ន្ទសបា្តហ៍ក្រោយដើម្បីដោះស្រាយបណ្តឹងទាមទារឲ្យដោះលែងពួកគេ។ នេះគឺជាលើកទីមួយហើយដែលអតីតមេដឹកនាំខ្មែរក្រហមកំពូលៗទាំងបីនឹងជួបមុខគ្នាតទល់ក្នុងសវនាការជាសាធារណៈ។
នេះបើយោងទៅតាមមន្រ្តីជាន់ខ្ពស់របស់សាលាក្តីខ្មែរក្រហមដែលបានឲ្យដឹងនៅថ្ងៃព្រហស្បត៍នេះ។ ក៏ប៉ុន្តែលោកស្រី អៀង ធីរិទ្ធ ជនជាប់ចោទម្នាក់នៅក្នុងចំណោមបីនាក់នោះទំនងជាមិនអាចចូលរួមសវនាការនេះបានទេ។
សវនាការនេះនឹងសម្រេចថាតើត្រូវដោះលែងជនជាប់ចោទទាំងបីនាក់ឲ្យមានសេរីភាពឡើងវិញឬយ៉ាងណា។
លោកឡាស អលសិន មន្រ្តីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្តីខ្មែរក្រហម មានប្រសាសន៍ថា អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ចខ្មែរក្រហម អៀង ធីរិទ្ធ អតីតប្រមុខរដ្ឋខ្មែរក្រហមខៀវ សំផន និងអតីតបងធំទីពីរនៃរបបខ្មែរក្រហមលោកនួន ជា នឹងអង្គុយនៅក្នុងសវនាការតែមួយនៅថ្ងៃច័ន្ទទី៣១ ខែមករា សប្តាហ៍ ក្រោយនេះ។
«លោកស្រី អៀង ធីរិទ្ធ ខៀវ សំផន និងនួន ជា នឹងបង្ហាញខ្លួនរួមគ្នានៅក្នុងសវនាការតែមួយនៅថ្ងៃច័ន្ទ ដើម្បីសម្រេចលើការទាមទារឲ្យដោះលែងពួកគេ»។
ក៏ប៉ុន្តែលោកផាត់ ពៅ សៀង សហមេធាវីការពារក្តីឲ្យអៀង ធីរិទ្ធ បញ្ជាក់ថា លោកប្រហែលជាសម្រេចមិនចូលរួមនៅក្នុងសវនាការនេះទេដោយសារតែលោកគ្មានពេលវេលាគ្រប់គ្រាន់នៅក្នុងការរៀបចំសំណុំឯកសារ ហើយកូនក្តីរបស់លោកក៏មិនអាចចូលរួមនៅក្នុងសវនាការនេះដែរ។
«តុលាការទើបជូនដំណឹង វាធ្វើអត់ទាន់។ ហើយចំណុចទីពីរ កូនក្តីខ្ញុំ គឺថានៅពេលដែលចូលទៅខ្លាចគាត់ ឃើញលោកនួន ជា អញ្ចឹងទៅគាត់អត់សប្បាយចិត្តឡូឡានៅក្នុងសវនាការទៀត ម្ល៉ោះហើយអត់ទៅ»។
ក្រុមមេធាវីរបស់នួន ជា ខៀវ សំផន និងអៀង ធីរិទ្ធ បានទាមទារឲ្យសាលាក្តីខ្មែរក្រហមសម្រេចដោះលែងកូនក្តីរបស់ផងខ្លួនដោយសារតែសាលាក្តីខ្មែរក្រហមឃុំឃាំងជាបណ្តោះអាសន្នជនជាប់ចោទទាំងនេះលើសរយៈពេលកំណត់របស់ច្បាប់ហើយនោះគឺជាការឃុំឃាំងខុសច្បាប់។
ដោយឡែក លោកអាង ឧត្តម សហមេធាវីការពារក្តីឲ្យអៀង សារី អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរក្រហមបានសម្រេចចិត្តមិនប្តឹងទាមទារឲ្យបើកសវនាការដើម្បីសម្រេចដោះលែងកូនក្តីរបស់ខ្លួននោះទេដោយសារតែក្រុមការពារក្តីរបស់លោកចង់យកពេលវេលានេះរៀបចំការការពារក្តីសម្រាប់ការបើកសវនាការពេញអង្គ។
សាលាក្តីខ្មែរក្រហមគ្រោងនឹងបើកសវនាការកាត់ទោសអតីតមេដឹកនាំកំពូលៗខ្មែរក្រហមមាន នួន ជា ខៀវ សំផន អៀង សារី និងភរិយារបស់គាត់អៀង ធីរិទ្ធនៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០១១នេះ។
ជនជាប់ចោទទាំងបួននាក់ត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាស្រ្ត ឧក្រិដ្ឋកម្មសង្គ្រាមនិង ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទាក់ទងទៅនឹងការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧លាននាក់នៅ ក្នុងអំឡុងដែលពួកគេគ្រប់គ្រងអំណាចចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩៕