ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ដោះលែង​អ្នកទោស​ថៃ​បី​នាក់


ទាហាន​ថៃ​ឈរ​យាម​នៅ​​ច្រក​ទ្វារ​ព្រំដែន​អារញ្ញ​ប្រទេស-ប៉ោយប៉ែត ដោយ​មាន​ទង់​ជាតិ​​កម្ពុជា​បក់​រវិច​នៅ​លើ​​ច្រក​ទ្វារ​​នៅ​​​ពី​​​ខាង​ក្រោយ។
ទាហាន​ថៃ​ឈរ​យាម​នៅ​​ច្រក​ទ្វារ​ព្រំដែន​អារញ្ញ​ប្រទេស-ប៉ោយប៉ែត ដោយ​មាន​ទង់​ជាតិ​​កម្ពុជា​បក់​រវិច​នៅ​លើ​​ច្រក​ទ្វារ​​នៅ​​​ពី​​​ខាង​ក្រោយ។

ប្រទេស​កម្ពុជា​បាន​ដោះលែង​ជន​ជាតិ​ថៃ​បី​នាក់​ពី​ពន្ធនាគារ​បន្ទាប់​ពី​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ ១៨ខែ​ពីបទ​ឆ្លង​ចូល​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់។​ ជន​ជាតិ​ថៃ​ទាំង​បីនាក់​បាន​ចាកចេញ​ទៅ​កាន់​ប្រទេស​ថៃ​នៅ​ថ្ងៃអង្គារ៍​នេះ​ដើម្បី​ជួប​ជុំ​ក្រុមគ្រួសារ​បន្ទាប់ពី​ទទួល​បាន​ការប្រោស​ព្រះរាជទាន​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ខ្មែរ។ ការដោះលែង​ជនជាតិ​ថៃ​បីនាក់​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​ខួប​ឆ្នាំទី​៦០​នៃ​ការបង្កើត​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​ព្រមទាំង​ជំនួប​ជាមួយ​លោក កាសិត ភីរម្យ ​(Kasit Piromya)​ រដ្ឋមន្ត្រី ការបរទេសថៃ ​និង​លោក​ ប្រាយុទ្ធ ចាន់​អូឆា (Prayuth Chan-ocha) ​អគ្គ​មេបញ្ជាការ​កងទ័ព​ជើងគោក​ថៃ។

តុលាការ​ខេត្តសៀម​រាម​បាន​កាត់ទោស​ជនជាតិ​ថៃ​ទាំង​បីនាក់​គឺឈ្មោះ សានុង វង់ឆារ៉ឺន ​(Sanong Wongcharoen)​ អាយុ​៣៦ឆ្នាំ ​លឹម ភួងផេត (Lim Puangpet)​ អាយុ៣៩ឆ្នាំ ​និង ឡាន សាប់ស្រ៊ី (​Lan Sapsri) ​អាយុ៥៣ឆ្នាំ ​ឱ្យ​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចំនួន​១៨ខែ​និង​ពិន័យ​២៥០​ដុល្លារ​អាមេរិក​អំពី​ការឆ្លង​ចូល​ទឹកដី​កម្ពុជា​និង​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​កាលពី​សប្តាហ៍​មុន​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ឧត្តរមាន​ជ័យ​របស់​ប្រទេស​កម្ពុជា​បាន​ចាប់​ខ្លួន​ជនទាំង​បី​នាក់​នេះ​នៅ​ថ្ងៃ​ទី១៨​ ខែ​សីហា​ ឆ្នាំ​២០១០។

លោក​តូច រ៉ា ​ប្រធាន​ក្រុម​ការងារ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា​-ថៃ​ប្រចាំ​ច្រក​ចេញ-ចូល​អន្តរជាតិ​ជាំស្រងាម​ បាន​បញ្ជាក់​ថា​លោក​ ស៊ូវ៉ាត់ កែវស៊ុក (Suwat Kaewsook) ​ទីប្រឹក្សា​ប្រចាំ​ស្ថានទូត​ថៃ​នៅ​កម្ពុជា​ បាន​អម​ដំណើរ​ជនជាតិ​ថៃ​ទាំងបី​នាក់​ឆ្លងកាត់​ច្រក​ព្រំដែន​អន្តរជាតិ​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​នៅ​វេលា​ម៉ោង១ រសៀល។

«ជន​ជាតិ​ថៃ​បី​នាក់​ត្រូវ​បាន​អមដំណើរ​ដោយ​មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​និង​មន្ត្រី​កង​រាជអាវុធហត្ថ​ខេត្ត​សៀមរាប​ឆ្លងកាត់​តាម​ច្រក​ចេញ-ចូល​អន្តរជាតិ​ជាំស្រងាម​ចូល​ទៅក្នុង​ប្រទេស​ថៃ​នៅ​ម៉ោង១។​ នៅ​ពេល​ដែល​ជនជាតិ​ថៃបី​នាក់​បាន​មកដល់​មាត់​ច្រក​ចេញ-ចូល​អន្តរជាតិ​ត្រូវបាន​ទទួល​ស្វាគមន៍​ដោយ​មន្ត្រី​ជាន់ខ្ពស់​ខេត្ត​ស៊ី សាកេត​ ខេត្តសុរិន្ទនិង​គ្រួសារ​ជនជាតិ​ថៃ​ទាំងបី​នាក់»។

លោក​អៀង សុផលឡែត ​អ្នកនាំពាក្យផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ថ្លែង​ប្រាប់​ក្រុម អ្នករាយការណ៍​ព័ត៌មាន​ក្រោយពី​ជំនួប​រវាង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​និង​លោក​ឧត្តមសេនីយ៍​ ប្រាយុទ្ធ ចាន់អូឆា ​ថា ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​បាន​ស្នើសុំ​ឱ្យ​មាន​ការដោះលែង​ជនជាតិ​ថៃ​ទាំង​បីនាក់​ដែល​បាន​ជាប់​ពន្ធនាគារ​នៅក្នុង​ខេត្ត​សៀមរាប។

«សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ថា​ជនជាតិ​ថៃ​បីនាក់​ដែល​ត្រូវបាន​កាត់ទោស​ នៅ​ខេត្ត​សៀមរាប​នោះ​ ត្រូវបាន​ដោះលែង​ និង​កំពុង​ធ្វើដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ ​ហើយ​នឹង​ស្នាក់ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ក្នុង​នាម​ជា​ទេសចរ​ មិនមែន​ជា​ឧក្រិដ្ឋជន​ទេ ​ហើយ​សម្តេច​ក៏​សូម​ជូន​ជនជាតិ​ថៃ​ទាំង​បី​នាក់​ទៅ​ជូន​លោក​ប្រាយុទ្ធ ចាន់​អូឆា ​អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក​ថៃ​ ដើម្បី​នាំ​ពួកគេ​ ទៅ​ជួប​ជុំ​ក្រុមគ្រួសារ​នៅ​ប្រទេស​ថៃ​វិញ»។

លោក​ហេង ហាក់ ​អគ្គនាយក​នៃ​នាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​ក៏បាន​បញ្ជាក់​ថា​ អាជ្ញាធរ​ពន្ធនា គារ​បាន​ដោះលែង​ជនជាតិ​ថៃ​ទាំងបី​នាក់​ពី​ពន្ធនាគារ​ហើយ។ ​លោក​បាន​បញ្ជាក់​បន្ថែមថា​ជន​ទាំងបីត្រូវ​បាន​នាំ​ចេញ​ពី​ពន្ធនាគា​រខេត្ត​សៀមរាប​មកកាន់​ ទីក្រុង​ភ្នំពេញ។

លោក​ទូច រ៉ា ​បាន​បញ្ជាក់​ថា​ជនជាតិ​ថៃ​ទាំងបី​នាក់​នេះ​បាន​ជួប​ជាមួយ​លោក​ប្រាយុទ្ធ​ ចាន់​អូឆា​មុន​ពេល​មន្ត្រី​ស្ថានទូត​ថៃ​នៅ​ទីក្រុង​ភ្នំពេញ​ បាន​រៀបចំ​រថយន្ត​ដឹក​ពួក​គាត់​ទាំងបី​នាក់​ទៅកាន់​ច្រក​ព្រំដែន​អន្តរ​ជាតិ​ជាំស្រងាម ​ដើម្បី​ត្រឡប់​ទៅ​ខេត្ត​ស៊ូរិន្ទ​របស់​ប្រទេស​ថៃ។

កាសែត​បាងកកប៉ុស្តិ៍ (Bangkok Post) ​បាន​រាយការណ៍​កាលពី​សប្តាហ៍​មុន​ថា ​លោក​នាយករដ្ឋមន្ត្រី ​អាភីស៊ីត វីចាជីវ៉ា (Abhisit Vejjajiva) បាន​បញ្ជា​ឱ្យ​លោករដ្ឋមន្ត្រី​ការបរទេស​កាសិត ភីរម្យ​ជួយ​នាំ​ជន​ជាតិ​ថៃ​ទាំង​បី​នាក់​ឱ្យ​បាន​ត្រឡប់​មក​ប្រទេស​ថៃ​វិញ៕

XS
SM
MD
LG