ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូប​ភាព៖ ​អ្នកគាំទ្រ​គណបក្ស​នយោបាយរាប់ម៉ឺន​នាក់​ចូលរួម​ការ​ឃោសនាបោះឆ្នោត​ឃុំ​សង្កាត់​​ថ្ងៃ​បញ្ចប់​នៅ​ភ្នំពេញ​

អ្នក​គាំទ្រ​រាប់ម៉ឺន​នាក់​របស់​គណបក្ស​នយោបាយ​ធំៗ​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​ជំទាស់​សង្គ្រោះជាតិ​ បាន​ចេញ​ហែ​ក្បួន​ឃោសនា​គណបក្ស​តាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ និង​បង្ហាញ​ការ​គាំទ្រ​របស់​ខ្លួន​នៅ​ថ្ងៃ​បញ្ចប់​យុទ្ធនាការឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅថ្ងៃ​សុក្រ​នេះ។

​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ផ្លូវ​ថ្មី​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ​មុន​ពេល​ហែក្បួន។ លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ដែល​កាន់​អំណាច​អស់​រយៈពេល​៣២ឆ្នាំ​បាន​ដឹក​នាំ​ក្បួន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់ ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ជា​លើក​ដំបូង។​ ​គណ​បក្ស​កាន់​អំណាច​នេះ​ ​អះអាង​ថា​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ​១៥ម៉ឺន​នាក់។​

រីឯ​គណបក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​ ​គឺ​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រមូល​ផ្តុំគ្នា​ក្បែ​វត្តចាស់​ ជា​ទី​តម្កល់​និង​ធ្វើ​បុណ្យសព​របស់​អ្នកវិភាគ​ កែម ឡី​ ដែល​ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​ទាំង​កណ្តាលថ្ងៃ។ ក្បួន​ឃោសនា​បោះឆ្នោតឃុំ-សង្កាត់​ថ្ងៃ​ចុង​ក្រោយ​របស់​គណបក្សជំទាស់​ ​ដឹក​នាំ​ដោយ​លោក​ ​កឹម សុខា ​ជា​ប្រធាន​គណបក្ស​ ​ដែលមាន​មហាជន​ជា​អ្នក​គាំទ្រ​ដង្ហែ​ក្បួន​ឃោសនា​ថ្ងៃ​ផ្ដាច់ព្រ័ត្រនេះ​ប្រមាណ​១០ម៉ឺន​នាក់។​

​ពលរដ្ឋ​កម្ពុជា​ចំនួន​ជិត​៨​លាន​នាក់​ បាន​ចុះ​ឈ្មោះ​បោះឆ្នោត។​ ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​១១.៥៧២​នាក់​ ​សម្រាប់​ឃុំ​សង្កាត់​ចំនួន​១.៦៤៦​ ​ទូទាំង​ប្រទេស​ ​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​អាទិត្យ ទី​៤ ខែ​មិថុនា​ឆ្នាំ​២០១៧​ខាង​មុខ​នេះ៕​

XS
SM
MD
LG