ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទឹក​ជំនន់​ទន្លេ​ប៉ះពាល់​ខេត្ត​នៃ​ភូមិភាគ​ឦសាន


ទឹក​ជំនន់​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​កន្លង​មក។ មន្ត្រី​ខេត្ត​​ស្ទឹង​ត្រែង​និង​ក្រចេះ​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ប្រមាណ​៥.០០០​ខ្នង​​ត្រូវ​ទឹក​ទន្លេ​ជន់​លិច។
ទឹក​ជំនន់​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​កន្លង​មក។ មន្ត្រី​ខេត្ត​​ស្ទឹង​ត្រែង​និង​ក្រចេះ​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ប្រមាណ​៥.០០០​ខ្នង​​ត្រូវ​ទឹក​ទន្លេ​ជន់​លិច។

មន្ត្រី​ខេត្ត​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ប្រមាណ​៥.០០០​ខ្នង​នៅ​ភាគ​ឦសាន​ប្រទេស​ ត្រូវ​បាន​ទឹក​ជំនន់​ទន្លេមេគង្គ​ជន់​លិច​ ហើយ​ក្រុម​សង្គ្រោះ​ច្រើន​រាប់រយ​នាក់​កំពុង​ត្រៀម​កម្លាំង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ ខណៈ​ដែល​ទឹក​ទន្លេមេគង្គ​នៅ​តែ​បន្ត​ឡើង។

កម្ពស់​ទឹក​ទន្លេមេគង្គ​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​បាន​ឡើង​ដល់​១០,៨៨​ម៉ែត្រ​នៅ​ថ្ងៃសុក្រ​នេះ​ដោយ​ហួស​កម្រិត​កំណត់​ចំនួន​០,១៨​ម៉ែត្រ​ពី​កំពស់​ទឹក​១០,៧៥​ម៉ែត្រ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ ហើយ​កម្ពស់​ទឹក​នៅ​ក្នុង​ខេត្ត​ក្រចេះ​បាន​ឡើង​ដល់​២១,៧១​ម៉ែត្រ​នៅ​ថ្ងៃសុក្រ​នេះ​ពី​កម្ពស់​ទឹក​ ២១,៦២​ម៉ែត្រ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ខេត្ត។

លោក​ឡូយ​ សុផាត​ អភិបាល​ខេត្ត​ស្ទឹងត្រែង​ បាន​ថ្លែងថា​ភូមិ​ចំនួន​៣៧​ដែល​មាន​ប្រជា​ពលរដ្ឋ​ជាង​៥០០​គ្រួសារ​ និង​ផ្លូវ​ថ្នល់​តាម​ដង​ ទន្លេមេគង្គ​ប្រវែង​ជាង​៤០​គីឡូម៉ែត្រ​នៅ​ក្នុង​ស្រុក​ថាឡាបរិវាត់​ ក្រុង​ស្ទឹងត្រែង​ និង​សៀមបូក​ ត្រូវ​បាន​ទឹក​ទន្លេមេគង្គ​ជន់​លិច។

លោក​ឡូយ​ សុផាត​ បាន​បញ្ជាក់ថា អ្នក​ភូមិ​ចំនួន​៥០​គ្រួសារ​ត្រូវ​បាន​ជន្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព។

«យើង​បាន​ដាក់​ពង្រាយ​កម្លាំង​សង្គ្រោះ​ជាង​១៥០​នាក់​រួមមាន​កង​នគរបាល​ កង​យោធា​ និង​កង​រាជ​អាវុធហស្ថ​ ព្រម​ទាំង​អ្នក​ស្ម័គ្រ​ចិត្ត​កាកបាទ​ក្រហម​ ដើម្បី​ចុះ​ទៅ​តាម​ស្រុក​នីមួយៗ​ដែល​ទទួល​រង​គ្រោះ​នៃ​ទឹក​ជំនន់​នេះ​ ដើម្បី​ជួយ​ជន្លៀស​ពួក​គាត់​ និង​គោ​ក្របី​សត្វ​ផ្សេង​ៗ​ទៀត​របស់​ពួក​គាត់​ទៅ​កាន់​ទី​កន្លែង​សុវត្ថិភាព។​ ស្ថានភាព​ទឹក​ជំនន់​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​នៅ​តែ​ជា​កង្វល់។ និយាយ​រួម​ទៅ​ ទឹក​នៅ​តែ​បន្ត​ឡើង​នៅ​ឡើយ​ និង​នៅ​តែ​ជា​កង្វល់​នៅ​ឡើយ»។

លោក ខាំ​ ភឿន​ អភិបាល​ខេត្ត​ក្រចេះ​ បាន​បញ្ជាក់​ថា ឃុំ​ចំនួន​ជាង​៣០ ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ប្រមាណ​៤.០០០​ខ្នង​ វត្តអារាម​ចំនួន​ប្រាំ​ សាលា​រៀន​ចំនួន​២៦​កន្លែង​ ផ្លូវ​ថ្នល់​ប្រមាណ​៤០​គីឡូម៉ែត្រ​ ព្រម​ទាំង​សន្ទូង​ និង​សំណាប​ជាង​៥.០០០​ហិកតា​ និង​ដំណាំ​ផ្សេងៗ ​ជាង​១៤០​ហិកតា​នៅ​ក្នុង​ស្រុក​សម្បូណ៌​ ស្រុក​ព្រែកប្រសប់​ ស្រុក​ឆ្លូង​ ស្រុក​ចិត្របូរី​ និង​ក្រុង​ក្រចេះត្រូវ​បាន​ទឹក​ជំនន់​ទន្លេមេគង្គ​ជន់​លិច។

លោក​ឧត្តមសេនីយ៍​ត្រី​ ជួង​ ស៊ាងហាក់​ ស្នងការនគរបាលខេត្តក្រចេះបាន​បញ្ជាក់​ថា​ប្រជាពលរដ្ឋ​មិន​ទាន់ចាក​ចេញ​ពី​លំនៅដ្ឋាន​របស់​ពួក​គាត់​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ម៉ោង​នេះ​ ថ្វីត្បិតតែ​ទឹក​ឡើង​លិច​ក្រោម​ផ្ទះ​របស់​ពួក​គាត់​រហូត​ដល់​ជាង​មួយ​ម៉ែត្រ​ក៏​ដោយ។

«យើង​គិត​ថា ទឹក​នៅ​តែ​មាន​កម្លាំង​បន្ត​ឡើង​នៅ​ឡើយ​ទេ។​ សរុប​ទៅ​ កម្លាំង​នគរបាល​ក្នុង​ក្របខណ្ឌ​ទូទាំង​ខេត្ត​មាន​ប្រមាណ​៥០០​នាក់​សរុប​ទាំង​ក្រុង​ទាំង​ស្រុក​ដែល​យើង​ត្រៀម​ធ្វើ​អន្តរាគមន៍​សម្រាប់​ពេល​ដែល​មាន​សំណូមពរ​ចាំបាច់។​ យើង​បារម្ភ​ខ្លាច​ នៅ​ពេល​ដែល​មាន​ខ្យល់​ព្យុះ​មក​ វា​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ។​ យើង​បារម្ភ​ខ្លាច​ទឹក​វា​លិច​ទៅ​ហើយ​ ច្រាំង​ទន្លេ​បាក់​ស្រុត​ដែល​យើង​ត្រូវ​មាន​គ្រោង​ការ​ទុក​ជា​មុន»។

ក្រុម​មន្ត្រី​ខេត្ត​ទាំង​ពីរ​ បាន​និយាយ​ថា​គ្មាន​របាយការណ៍​អំពី​គ្រោះថ្នាក់​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​ទន្លេ​មេគង្គ​នេះ​ទេ។

លោក​ចាន់​ យុត្ថា​ នាយក​ឧទ្ទកាល័យ​ក្រសួង​ធនធាន​ទឹក​ និង​ឧត្តុនិយម​ បាន​ថ្លែង​ថា​នៅ​ម៉ោង​៥​រសៀល​នេះ​ ខេត្ត​ស្ទឹងត្រែង​មាន​កម្ពស់​ ទឹក​១០,៨៨​ម៉ែត្រ​ដែល​ស្ថិត​នៅ​នឹងថ្កល់​តាំង​ពី​ម៉ោង​១០​ព្រឹក​មក​ ហើយ​កម្ពស់​ទឹក​នេះ​នឹង​ចាប់​ផ្តើម​ស្រក​នៅ​ថ្ងៃ​សៅរ៍​ស្អែក។ ខេត្ត​ក្រចេះ​មាន​កម្ពស់​ទឹក​២១,៧១​ម៉ែត្រ​នៅ​ម៉ោង​៥​រសៀល​ បើ​ប្រៀបធៀប​នឹង​កម្ពស់​ទឹក​នៅ​ម៉ោង​៧​ព្រឹក​មាន​ការ​កើន​ឡើង​០,០៧​ម៉ែត្រ​ ហើយ​កម្ពស់​ទឹក​នេះ​នឹង​ចាប់​ផ្តើម​ស្រក​ចុះ​វិញ​នៅ​ថ្ងៃ​ទី​១៤។​ ខេត្ត​កំពង់ចាម​ មក​ដល់​ម៉ោង​៤​រសៀល​មាន​កម្ពស់​ទឹក​១៥,០០​ម៉ែត្រ​ ហើយ​កម្ពស់​ទឹក​នេះ​អាច​នឹង​ស្រក់​ចុះ​វិញ​នៅ​ថ្ងៃ​ទី​១៥៕

XS
SM
MD
LG