ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ចាប់ផ្តើម​ដំណើរការ​ផ្សារ​មូលប័ត្រ


បុរស​កម្ពុជា​ម្នាក់​ដើរ​នៅ​ជិត​រូបថត​រូបិយវត្ថុ​ផ្សេងៗ ក្នុង​អំឡុង​ពិធី​​បើក​សម្ពោធទី​ស្នាក់ការ​ផ្សារ​មូលប័ត្រ​កម្ពុជា​ (Cambodia Securities Exchange) ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​​ច័ន្ទ​ទី​១១​ខែ​កក្កដា​ឆ្នាំ​២០១១។ ប្រទេស​កម្ពុជា​បាន​សម្ពោធ​​ទីផ្សារ
បុរស​កម្ពុជា​ម្នាក់​ដើរ​នៅ​ជិត​រូបថត​រូបិយវត្ថុ​ផ្សេងៗ ក្នុង​អំឡុង​ពិធី​​បើក​សម្ពោធទី​ស្នាក់ការ​ផ្សារ​មូលប័ត្រ​កម្ពុជា​ (Cambodia Securities Exchange) ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​​ច័ន្ទ​ទី​១១​ខែ​កក្កដា​ឆ្នាំ​២០១១។ ប្រទេស​កម្ពុជា​បាន​សម្ពោធ​​ទីផ្សារ

បន្ទាប់ពី​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នៅថ្ងៃ​ច័ន្ទ​នេះ​ ប្រទេស​កម្ពុជា​បាន​ប្រកាស​បើក​ជា​ផ្លូវការ​នូវ​ក្រុមហ៊ុន​មូលប័ត្រ​កម្ពុជា​ ដែល​មន្រ្តី​រដ្ឋាភិបាល​ និង​អ្នក​សេដ្ឋកិច្ច​ឯករាជ្យ​រំពឹង​ពី​ការរីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​អនាគត​នៃ​ប្រទេស​កម្ពុជា។

លោក​គាត ឈន់ ​ឧបនាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ មាន​ប្រសាសន៍​នៅក្នុង​ពិធី​សម្ពោធ​បើក​ក្រុមហ៊ុន​មូលប័ត្រ​កម្ពុជា​ ថា​នេះ ​គឺ​ជា​មោទនភាព​របស់​ប្រទេស​កម្ពុជា នៅ​ពេល​ដែល​ក្រុមហ៊ុន​នេះ​អាច​នឹង​ចាប់​ដំណើរការ​ជាផ្លូវការ​នៅចុង​ឆ្នាំ២០១១​នេះ។

«ការសម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នា​ថ្ងៃនេះ​ ជា​សក្ខីភាព​បង្ហាញ​ថា​ ក្រុមហ៊ុន​ផ្សារ​មូលប័ត្រ​កម្ពុជា​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ទទួល​ឲ្យ​មាន​ការជួញដូរ​ដែល​គ្រោង​ចាប់ផ្តើម​នៅចុង​ឆ្នាំ​នេះ»។

ក្រុមហ៊ុន​មូលប័ត្រ​កម្ពុជា​ គឺជា​ក្រុមហ៊ុន​ចម្រុះ​កម្ពុជា​និង​ប្រទេស​កូរ៉េ​ ដោយ​មាន​ភាគហ៊ុន​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន​៥៥​ភាគរយ​និង​៤៥​ភាគរយ​គឺជា​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ Korea Exchange Inc ​មកពី​ប្រទេស​កូរ៉េ​ខាងត្បូង។

លោក​ ហ៊ុន សែន​ នាយក​រដ្ឋមន្រ្តី​កម្ពុជា ​ធ្លាប់បាន​ប្រកាស​ពី​គម្រោង​បើក​ផ្សារ​មូលប័ត្រ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ២០០៧​មក​ម្ល៉េះ ​ក៏​ប៉ុន្តែ​ការបង្កើត​ផ្សារ​ភាគហ៊ុន​នេះ​ ត្រូវ​បាន​ពន្យារ​ពេល​ជាច្រើន​លើក។

រហូត​មកទល់​នឹង​ពេល​នេះ​មាន​ក្រុមហ៊ុន​រដ្ឋ​ចំនួន​៣​ គឺ​អាជ្ញាធរ​រដ្ឋាករ​ទឹកស្វយ័ត​ភ្នំពេញ ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហនុ ​និង​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា​ ដែល​ត្រូវ​ចុះ​បញ្ជី​សម្រាប់​ដំណើរការ​ដំបូង​គេ។

​ស្នាក់ការ​ផ្សារ​មូលប័ត្រ​កម្ពុជា​ស្ថិតនៅ​ក្នុង​វិមាន​កាណាឌីយ៉ាក្រុង​ភ្នំពេញ​ (​១១ ​កក្កដា ​២០១១)
​ស្នាក់ការ​ផ្សារ​មូលប័ត្រ​កម្ពុជា​ស្ថិតនៅ​ក្នុង​វិមាន​កាណាឌីយ៉ាក្រុង​ភ្នំពេញ​ (​១១ ​កក្កដា ​២០១១)
លោក ​Kim Bongsoo ​អគ្គនាយក​ក្រុមហ៊ុន​ Korea Exchange Inc ​មាន​ប្រសាសន៍​តាមរយៈ​អ្នកបកប្រែ​ថា​មូលប័ត្រ​កូរ៉េ​បាន​រួម​ចំណែក​យ៉ាង​សកម្ម​នៅក្នុង​ការ​ជំរុញ​ការ​រីកចម្រើន​សេដ្ឋកិច្ច​នៅ​ប្រទេស​កូរ៉េ។ ហើយ​៥០ឆ្នាំ​ក្រោយ​ពី​ការបង្កើត​មូលប័ត្រ ​ប្រទេស​កូរ៉េ​បាន​ក្លាយ​ទៅជា​មហា​អំណាច​សេដ្ឋកិច្ច​ទី១៣ ​នៅក្នុង​ ពិភព​លោក។

លោក​ Kim Bongsoo ​ មាន​ប្រសាសន៍​ថា​ ផ្សារ​មូលប័ត្រ ​នឹង​រួមចំណែក​ដល់​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ទាំង​មូល​នៅ​ក្នុង​ប្រទេស​កម្ពុជា។

«ទីផ្សារ​មូលប័ត្រ​គឺជា​សសៃឈាម​សំខាន់​មួយ​សម្រាប់​ការប្រមូល​មូលនិធិ​ផ្គត់ផ្គង់​ដល់​សហគ្រាស​ ដូច្នេះ​ហើយ​បា​នជា​វឌ្ឍនភាព​នៃ​ទីផ្សារ​មូលប័ត្រ​នឹង​រួម​ចំណែក​យ៉ាង​សកម្ម​ដល់​ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​ទាំងមូល»។

លោក​បណ្ឌិត​កង ច័ន្ទតារារ័ត្ន​ នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​អភិវឌ្ឍន៍​យល់​ថា ​ការបង្កើត​ក្រុមហ៊ុន​ផ្សារ​មូលប័ត្រ​នេះ​អាច​រីកចម្រើន​ទៅបាន​អាស្រ័យ​ទៅលើ​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​ទូទៅ​ហើយ​ការ​ចាប់ផ្តើម​ដែល​មាន​តែ​ក្រុមហ៊ុន​រដ្ឋ​ចំនួន​តែបី​នេះ​ ដោយសារ​តែ​មិនទាន់​មាន​ការទុកចិត្ត​ពី​ក្រុមហ៊ុន​ឯកជន​ដទៃទៀត។

«គឺជា​ជំហាន​មួយ​ថ្មី ​ដែល​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​របស់​មហាជន​ទូទៅ ​ក៏​ដូចជា​អ្នក​វិនិយោគ​ទូទៅ ​ហើយ ​អញ្ចឹង​វា​មាន​ក្រុមហ៊ុន​តិចតួច​ណាស់ ​ដែល​ហ៊ាន​ប្រថុយ​ទិញមុន»។

ប្រទេស​កម្ពុជា ​គឺជា​ប្រទេស​ដែល​បង្កើត​ផ្សារ​មូលប័ត្រ​ ឬ​ក៏​ផ្សារ​ភាគហ៊ុន​យឺត​ជាងគេ​ បើ​ធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង​របស់​ខ្លួន ​ដូចជា​ប្រទេស​វៀត​ណាម​ ដែល​បាន​បង្កើត​ផ្សារ​មូលប័ត្រ​នៅឆ្នាំ​២០០០​ រីឯ ​ប្រទេស​ឡាវ ​បាន​បង្កើត​ផ្សារ​ភាគហ៊ុន​កាលពី​ខែ​មករា ​ដើម​ឆ្នាំ​២០១១​នេះ៕

XS
SM
MD
LG