ភ្នំពេញ៖ ម៉ម ឡូរ៉ាទេវរី និងក្រុមភ្លេងរបស់នាងឈ្មោះថា The Like Me's គឺជាក្រុមថ្មីមួយដែលទទួលបានប្រជាប្រិយ៍ភាពយ៉ាងលឿននៅក្នុងសហរដ្ឋអាមេរិក។ ក្រុមនេះកំពុងធ្វើទស្សនកិច្ចរយៈពេលខ្លីមួយនៅក្នុងប្រទេសកម្ពុជា។ ពួកគេសង្ឃឹមថាបទភ្លេងរបស់ពួកគេនឹងបានទៅដល់ប្រជាជនកាន់តែច្រើននៅក្នុងទឹកដីកំណើតរបស់ឪពុក-ម្តាយពួកគេ។
ក្រុមភ្លេងក្នុងស្រុកនៃក្រុងSan Jose រដ្ឋកាលីហ្វ័រញ៉ា លេងបទភ្លេងដែលនិពន្ធដោយខ្លួនឯងឥតយកលំនាំតាមគេហើយក៏លេងបទដែលពេញនិយមខ្លាំងនៅក្នុងអំឡុងទសវត្សរ៍១៩៦០មួយនេះដែរគឺ«បទស្វារាំម៉ាន់ឃីស»។
ម៉ម ឡូរ៉ាទេវរី ដែលមានអាយុ២៤ឆ្នាំ លេងហ្គីតាផងនិងច្រៀងផង។ ចំណែកឯបងស្រីជីដូនមួយរបស់នាងដែលជាជនជាតិអាមេរិកកាំងដើមកំណើតខ្មែរ ឈ្មោះ ហុង ហេលីណា ដួងច័ន្ទ អាយុ៣១ឆ្នាំ ជាអ្នកលេងបាស។ ម៉ម ឡូរ៉ាទេវរី និយាយថា បទចម្រៀងនេះបានទៅដល់ប្រជាជនកម្ពុជាពីរជំនាន់។ វាបាននិយាយទៅដល់ជនអន្តោប្រវេសន៍ដែលបានភៀសខ្លួនពីរបបខ្មែរក្រហមនិងទៅដល់កូនរបស់ពួកគេ ហើយក៏ជំរុញឲ្យមានការជជែកគ្នារវាងមនុស្សទាំងពីរជំនាន់អំពីភាពស្រដៀងគ្នារបស់ពួកគេ។
បទចម្រៀងដើមរបស់ក្រុមនេះទទួលបានការពេញនិយមពីសំណាក់ប្រជាពលរដ្ឋអាមេរិកាំង ដើមកំណើតខ្មែរវ័យក្មេងជាច្រើនដែលស្វះស្វែងរកសំឡេងមួយរបស់ខ្លួន។
ម៉ម ឡូរ៉ាទេវរី និយាយថានាងសង្ឃឹមថាបទចម្រៀងរបស់នាងនឹងបានទៅដល់ប្រជាជនកាន់តែច្រើនក្នុងដំណើររបស់នាងនៅក្នុងប្រទេសកម្ពុជាប៉ុន្តែនាងមិនដែលរំពឹងទេថានឹងរកបានអ្នកគាំទ្រយ៉ាងច្រើនរួចទៅហើយនៅទីនេះ។
«ពីមុនខ្ញុំស្មានថា ប្រជាពលរដ្ឋខ្មែរអត់ស្គាល់យើងសោះ ដូច្នេះពេលមកស្រុកខ្មែរយើងមានFans (អ្នកគាំទ្រ) ហើយគេមកលើstage(ឆាក) ហ្នឹងហើយគេសួរយើងហើយមានអ្នកព័ត៌មានសួរយើងសំណួរច្រើនមែនទែន។ ដូច្នេះ ខ្ញុំអរមែនទែនហើយគិតថាដូចជាRock Stars ហ្នឹង»។
កើតនៅក្នុងសហរដ្ឋអាមេរិក ម៉ម ឡូរ៉ាទេវរី និពន្ធបទចម្រៀងក្នុងនាមជាជនជាតិខ្មែរផងនិងជាជនជាតិអាមេរិកាំងផង។
«ពីដំបូង ខ្ញុំតែងបទឲ្យខ្លួនឯងពីព្រោះ បើខ្ញុំមានអារម្មណ៍អ្វី ខ្ញុំដាក់អារម្មណ៍ហ្នឹងនៅក្នុងបទហ្នឹង ហើយពេលខ្ញុំចូលរួមជាមួយក្រុមភ្លេងខ្ញុំ យើងទាំងអស់គ្នាចូលរួមហើយយើងមានអារម្មណ៍ហើយដាក់អារម្មណ៍ក្នុងបទទៅ»។
សោកនាដកម្មនៅលើស្ពានពេជ្រនៅតំបន់កោះពេជ្រកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំមុន ក៏បានជំរុញឲ្យនាងតែងបទចម្រៀងមួយបទដែលឧទ្ទិសទៅដល់ជនរងគ្រោះនៅក្នុងឧបទ្ទវហេតុដ៏គួរឲ្យរន្ធត់នោះដែរ។ បទនេះមានចំណងជើងថា «ពេជ្រ»។
«យើងចង់ឲ្យប្រជាពលរដ្ឋដែលមានគ្រួសារស្លាប់នៅកោះពេជ្រហ្នឹង ខ្ញុំចង់ឲ្យគេស្តាប់ភ្លេងយើងហើយមានអារម្មណ៍ជាប់បេះដូងបន្តិចព្រោះបទហ្នឹងគេហៅថា ពេជ្រ ហើយយើងចង់និយាយថា អ្នករងគ្រោះហ្នឹងជាពេជ្រ យើងនឹងចាំគេ ព្រោះគេមានតម្លៃល្អណាស់»។
ក្រុមអ្នកគាំទ្រនិងអ្នកស្តាប់ថ្មីៗអាចទស្សនា ម៉ម ឡូរ៉ាទេវរីនិងក្រុមThe Like Me'sរបស់នាងសម្តែងនៅយប់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះនៅក្នុងការប្រគុំតន្ត្រីដោយឥតគិតថ្លៃមួយចាប់ពីម៉ោង៦ល្ងាចនៅឯមណ្ឌលកំសាន្តកោះពេជ្រក្នុងទីក្រុងភ្នំពេញ។ ការប្រគុំតន្ត្រីនោះនឹងជាការសម្តែងចុងក្រោយរបស់ក្រុមនេះនៅក្នុងប្រទេសកម្ពុជាយ៉ាងហោចណាស់ក៏សម្រាប់ពេលនេះដែរ៕