នៅសហរដ្ឋអាមេរិកដែលជាប្រទេសចម្រុះជាតិសាសន៍ គេឃើញមានការយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងនានានៅក្នុងការលើកកម្ពស់ការយល់ដឹងពីអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីរបស់ពលរដ្ឋអាមេរិកាំងដែលមានដើមកំណើតពីជាតិសាសន៍ផ្សេងៗនៅជុំវិញពិភពលោក។
នេះគឺជាផ្នែកមួយដ៏សំខាន់នៃគោលបំណងរបស់មហោស្រពតន្ត្រីនិងវប្បធម៌ Sabaidee ដែលត្រូវបានរៀបចំឡើងដោយមេដឹកនាំនិងសមាជិករបស់សហគមន៍អាស៊ីអាគ្នេយ៍នៅរដ្ឋកាលីហ្វ័រញ៉ានិងនៅជុំវិញសហរដ្ឋអាមេរិក។
ចាប់ពីថ្ងៃសុក្រ ទី១៤ រហូតដល់ថ្ងៃអាទិត្យ ទី១៦ ខែមិថុនា មហោស្រពដ៏ធំបំផុតមួយនេះនឹងប្រារព្ធឡើងនៅទីក្រុង Chino រដ្ឋកាលីហ្វ័រញ៉ា ដោយមានការប្រគុំតន្ត្រី ការសម្តែងសិល្បៈប្រពៃណីរបស់ប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍មួយចំនួន រួមទាំងការតាំងពិព័រណ៍វប្បធម៌ និងស្តង់ម្ហូបអាហារដែលបង្ហាញពីអត្តសញ្ញាណរបស់ប្រទេសកម្ពុជា ថៃ និងឡាវជាដើម។
នៅក្នុងការប្រគុំតន្ត្រីវិញ គេឃើញថា សិល្បករវ័យក្មេងដ៏ល្បីល្បាញរបស់កម្ពុជារួមមានលោក វ៉ាន់ដា លោក វ៉ាន់ថាន់ និងកញ្ញា Sophia នៃផលិតកម្មបារមី នឹងចូលរួមសម្តែងផងដែរ៕
វេទិកាបញ្ចេញមតិ