ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេឡូ​វីអូអេ ២៣ កុម្ភៈ ២០១២៖ សិទ្ធិ​សេរីភាព​របស់​កម្មករ​រោងចក្រ​ក្នុង​ប្រទេស​កម្ពុជា


លោក​ជា មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា
លោក​ជា មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា

ក្រុម​មន្ត្រី​សហជីព​ និង​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ បាន​ទទូច​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន​ជន​ដៃដល់​ ដែល​បាន​បាញ់​កម្មករ​កម្មការិនី​រោងចក្រ​មួយ​កន្លែង​ ក្នុង​ក្រុងបាវិត​ ខេត្តស្វាយរៀង​ កាលពី​ថ្ងៃទី​២០​ ខែកុម្ភៈ​នោះ​ មក​ផ្តន្ទាទោស​តាម​ច្បាប់។​ ក្នុង​ការពិភាក្សាអំ​ពី​«សេរីភាព​កម្មករ​ក្នុង​ប្រទេស​កម្ពុជា»​ ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​ថ្ងៃព្រហស្បតិ៍​ទី​២៣​ខែ​កុម្ភៈ​ ឆ្នាំ​២០១២​ លោក​ជា មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ និង​លោក​អំ សំអាត​ មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ​ ដែល​ជា​វាគ្មិន​បាន​ទទូច​រួម​គ្នា​ថា​ ជន​សង្ស័យ​ត្រូវគេ​ស្គាល់​អត្តសញ្ញាណ​ហើយ។​ ជន​នោះ​គួរ​ត្រូវ​ចាប់ខ្លួន​ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់។

លោក​ ជា មុនី​ បាន​អះអាង​ថា​ លោក​មាន​ការសោកស្តាយ​ដែល​អ្នក​មាន​អំណាច​ បាន​ប្រើ​អាវុធ ​ដើម្បី​បញ្ចប់​ការទាមទារ​ ឬ​ក៏​បញ្ចប់​សិទ្ធិ​សេរីភាព​ ឬ​ក៏​គម្រាម​ កំហែង​កម្មករ​កម្មការិនី​ស្លូតត្រង់។​ នៅ​ថ្ងៃ​ទី​២០កុម្ភៈ​ មាន​កម្មករ​កម្មការនី​នៅ​ រោងចក្រ​មួយ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តស្វាយរៀង​ មាន​កម្មការនី​៣​នាក់​បាន​រង​ការបាញ់​ប្រហារ​ ពេល​ពួកគេ​ធ្វើការ​តវ៉ា​ទាមទារ​សិទ្ធិ​ដោយ​អហិង្សា​តាម​ច្បាប់។

«ជា​ការអៀនខ្មាស់​មួយ។​ វា​ជា​ការណ៍​មួយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​នឹង​មាន​ការធ្លាក់​ចុះ​ ដោយសារ​តែ​ជន​ម្នាក់​ ពីរនាក់​ដែល​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កម្មករ​កម្មការិនី»។

លោក​អំ សំអាត​ មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ
លោក​អំ សំអាត​ មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ

លោក​ អំ សំអាត​ដែល​ឃ្លាំ​មើល​និង​ស៊ើបអង្កេត​រឿង​នេះ​ បាន​អះអាង​ថា​ នេះ​ មិនមែន​ ជា​ការបាញ់​ដោយ​អចេតនា​ទេ​ តែ​ជា​ការប៉ុនប៉ង​ធ្វើ​មនុស្សឃាត​កម្មការិនី​យើង។

«នេះ​ជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​កម្មករ ​កម្មការិនី​យើង​យ៉ាង​ធ្ងន់ធ្ងរ»។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី២៣ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១២៖

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

XS
SM
MD
LG