ប្រទេសថៃបានសុំឲ្យឥណ្ឌូនេស៊ី ពន្យាការបញ្ជូនក្រុមអ្នក សង្កេតការណ៍មកកាន់តំបន់ជម្លោះដោយបញ្ជាក់ថា ខ្លួនត្រូវការចរចាជាមួយកម្ពុជាសិន។
នាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីត វីចាជីវ៉ា អះអាងកាលពីថ្ងៃពុធថា ថៃ និង កម្ពុជាត្រូវជួបពិភាក្សាគ្នាអំពីយន្តការទ្វេភាគីមួយ ទាក់ទងនឹងការបញ្ជូនក្រុមអ្នកសង្កេតការណ៍មកកាន់តំបន់ជម្លោះ។ លោកបានស្នើសុំឲ្យប្រទេសឥណ្ឌូនេស៊ីពន្យាពេលក្នុងការបញ្ជូនក្រុមអ្នកសង្កេតការណ៍ដោយសារមានតម្រូវការចាំបាច់ដើម្បីកំណត់ឲ្យបានច្បាស់លាស់នូវទំហំកិច្ចការ រចនាសម្ព័ន្ធ ហើយនឹងទីតាំង ដែលក្រុមអ្នកសង្កេតការណ៍ត្រូវធ្វើប្រតិបត្តិការ។ នេះបើតាមការបញ្ជាក់របស់ លោកអាប់ភីស៊ីត ក្នុងសេចក្តីសម្រង់ព័ត៌មានប្រចាំថ្ងៃរបស់លោកបន្ទាប់ពីលោកបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន។
លោក អាប់ភីស៊ីតបានថ្លែងថា៖
«ប្រទេសថៃនិងកម្ពុជា ចាំបាច់ត្រូវព្រមព្រៀងគ្នា ក្នុងការកំណត់តំបន់ និងទំហំការងារចំពោះកន្លែងណាដែលក្រុមអ្នកសង្កេតការណ៍អាចអនុវត្តភារកិច្ចរបស់ពួកគេ បើពុំដូច្នោះទេ វាអាចនាំទៅដល់បញ្ហា និងជម្លោះច្រើនបន្ថែមទៀតទាក់ទងនឹងការទាមទារឲ្យមានការសម្រុះសម្រួល»។
នាយករដ្ឋមន្ត្រីថៃដែលពុំបានបញ្ជាក់លម្អិតថាបែបណាជាយន្តការទ្វេភាគីនោះ បានអះអាងថាប្រទេសថៃ បានសរសេរលិខិតទៅកាន់ប្រទេសឥណ្ឌូនេស៊ី ហើយដើម្បីពន្យល់អំពីរឿងដែលថៃបារម្ភនោះហើយ។ គេពុំទាន់ឃើញមានការបញ្ជាក់ពីប្រទេសឥណ្ឌូនេស៊ីនិងសមាគមអាស៊ានយ៉ាងណាទេចំពោះការពន្យាពេលនេះ។ លោក អាប់ភីស៊ីតបានអះអាងជាឯកតោភាគីថា ប្រទេសឥណ្ឌូនេស៊ីបានទទួលស្គាល់ពីស្ថានការណ៍និងកង្វល់របស់ថៃហើយ។
លោក កុយ គួងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងថា ជំហររបស់ ថៃយ៉ាងណាចំពោះរឿងអ្នកសង្កេតការណ៍អាស៊ាននោះកម្ពុជាមិនដឹងទេ តែ កម្ពុជា បានបញ្ជាក់ជំហររបស់ខ្លួនរួចហើយថា កម្ពុជានឹងទទួលយកបែបបទធ្វើ ការងារដែលឥណ្ឌូនេស៊ីបានស្នើមកកម្ពុជាក្នុងលិខិតកាលពីថ្ងៃ២៧កុម្ភៈ។
«យើងបានបញ្ជាក់ច្បាស់ហើយថា បើក្នុងករណីប្រទេសថៃជំទាស់មិនព្រមនោះគឺកម្ពុជាយល់ព្រមទទួលជាឯកតោភាគី»។
កម្ពុជានិងថៃបង្ហាញឲ្យឃើញពីជំហរផ្ទុយគ្នាខ្លះរឿងទទួលយកក្រុមអ្នកសង្កេតការណ៍។ ភាពផ្ទុយគ្នាដែលទំនងជារឿងលំបាកដល់ឥណ្ឌូនេស៊ីនោះគឺ កម្ពុជាយល់ព្រមឥតលក្ខខណ្ឌតាមការរៀបចំរបស់ឥណ្ឌូនេស៊ី តែថៃបានបញ្ជាក់ ថានឹងត្រូវរៀបចំជួបប្រជុំគ្នារកយន្តការទ្វេភាគីមួយជាមុនសិននៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជានិងថៃដែលនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីតបានបញ្ជាក់ថានឹងធ្វើនៅថ្ងៃទី៧ និងថ្ងៃទី៨ ខែកុម្ភៈ។ ក៏ប៉ុន្តែ លោក កុយ គួងនឹងមន្ត្រីយោធាកម្ពុជាម្នាក់បានអះអាងស្រដៀងគ្នាថា ថៃបានប្រកាស ដាក់ថ្ងៃចរចាតែម្នាក់ឯង ដោយគ្មានការយល់ព្រមពីកម្ពុជា។
លោក កុយ គួងនិងមន្ត្រីយោធាខ្មែរដដែលបានអះអាងថាកម្ពុជាបានបញ្ជាក់រួចហើយថា ដរាបណាឯកសារព្រំដែនទាំងបី មិនត្រូវសភាថៃអនុម័ត ហើយអ្នកសង្កេតការណ៍អាស៊ានមិនទាន់មានវត្តមានកម្ពុជានឹងមិនជួបប្រជុំជាមួយថៃទេ។ អ្នកវិភាគកម្ពុជាខ្លះនិយាយថាថៃអាចចាប់ឲ្យកម្ពុជាទទួលខុសត្រូវរឿងថៃ ពន្យាពេលទទួលយកអ្នកសង្កេតការណ៍ ប្រសិនបើកម្ពុជាមិនព្រមចរចាទ្វេភាគីជាមួយខ្លួនរឿងយន្តការទ្វេភាគីដែលថៃចង់រៀបចំជាមួយកម្ពុជាមុនពេលទទួលយកអ្នកសង្កេតការណ៍អាស៊ាននោះ។
នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីសប្តាហ៍ទី៣នៃខែកុម្ភៈក្នុងប្រទេសឥណ្ឌូនេស៊ី ប្រទេសកម្ពុជានិងថៃបាន ប្រកាសព្រមគ្នាពីការបង្ហាញ ឆន្ទៈទទួលយកអ្នកសង្កេតការណ៍អាស៊ាន ៣០ នាក់ ចែកគ្នាពាក់កណ្តាលម្នាក់ ទៅកាន់តំបន់ជម្លោះនៅជាប់ព្រំដែនប្រទេសទាំងពីរជិតតំបន់ប្រាសាទព្រះវិហារ ដើម្បីធានាបទឈប់បាញ់គ្នានិងធ្វើឲ្យមានទំនុកចិត្តឡើងវិញរវាង ភាគីទាំងពីរ ថៃនិងកម្ពុជា។
ការប្រកាសទទួលយកក្រុមអ្នកសង្កេតការណ៍នេះកើតឡើង ក្រោយពីកងទ័ព កម្ពុជានិងថៃ បានវាយប្រយុទ្ធគ្នា៤ ថ្ងៃ ចាប់ពីថ្ងៃទី៤ដល់ ថ្ងៃទី៧ខែកុម្ភៈតាមបណ្តោយព្រំដែនជិតតំបន់ប្រាសាទព្រះវិហារ ធ្វើឲ្យ មានស្លាប់និង របួសទាំងសងខាងដោយសារការចោទប្រកាន់រឿងរំលោភបំពានបូរណភាពដែនដី៕