ក្រោយភ្លាមៗដែលកម្ពុជាបានប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីជួយអន្តរាគមន៍បញ្ចប់ជម្លោះយោធារវាងកម្ពុជានិងថៃដោយសាររឿងវិវាទព្រំដែននៅឯតំបន់ប្រាសាទព្រះវិហារ ប្រទេសថៃបានអះអាងថាខ្លួននឹងពន្យល់ក្រុមប្រឹក្សា សន្តិសុខអ.ស.បនិងពន្យល់ក្រុមប្រទេសនានាឱ្យដឹងពីស្ថានការណ៍ដែលកើតឡើងតាំងពីថ្ងៃ៤កុម្ភៈ។ នេះបើតាមការអះអាងរបស់ អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Panitan Watanayagorn ដែលបានថ្លែងប្រាប់ វីអូអេ ផ្នែកខេមរភាសាពីទីក្រុងបាងកកកាលពីល្ងាចថ្ងៃច័ន្ទ។
«ក្រសួងការបរទេសកំពុងរៀបចំដំណើរការដាក់លិខិតទៅកាន់ក្រុមប្រឹក្សាអ.ស.បដើម្បីជូនដំណឹងដល់សមាជិកក្រុមប្រឹក្សាសន្តិសុខ អ.ស.ប អំពីឧបទ្ទវហេតុដែលបានកើតឡើងដែលពលរដ្ឋថៃត្រូវរងការវាយប្រហារដោយកងយោធាកម្ពុជា»។
នៅពេលសួរពីការចោទប្រកាន់ថាគ្រាប់កាំភ្លើងថៃបានធ្វើឱ្យខូចខាតដល់ប្រាសាទព្រះវិហារ លោក Panitan Watanayagorn ពុំបានបង្ហាញការទទួលខុសត្រូវណាមួយនោះទេដោយចាត់ទុកថាការវាយប្រហាររបស់កងទ័ពថៃគឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់កងទ័ពកម្ពុជាពីទីតាំងជាច្រើនមកលើពួកគេតែប៉ុណ្ណោះទេ។
«យើងគ្រាន់តែបានធ្វើសកម្មភាពដើម្បីការពារខ្លួនហើយខ្ញុំគិតថាសារលិខិតនឹងពន្យល់បានច្បាស់លាស់លម្អិតអំពីរឿងការចល័តកងទ័ពថៃនិងកងទ័ពកម្ពុជា»។
ប្រទេសថៃត្រូវគេរាយការណ៍មកថាក៏មានការខូចខាតនិងត្រូវជំរុញឱ្យមានពលរដ្ឋថៃរាប់ពាន់នាក់ត្រូវជម្លៀសចេញពីភូមិស្ថានក្បែរតំបន់ជម្លោះ និងរងរបួសស្លាប់មួយចំនួនហើយកម្ពុជាក៏ត្រូវគេរាយការណ៍មកថាមានការខូចខាត រងរបួសស្លាប់មួយចំនួននិងប៉ះពាល់ដល់ប្រាសាទ ព្រះវិហារដោយសារការវាយប្រយុទ្ធគ្នា៤លើកចុងក្រោយចាប់តាំងពីថ្ងៃ៤កុម្ភៈ មកទល់ថ្ងៃច័ន្ទ៧កុម្ភៈ។
លោក នាយករដ្ឋមន្ត្រីហ៊ុនសែននៃប្រទេសកម្ពុជាបានដាក់ពាក្យប្តឹងទៅកាន់ក្រុមប្រឹក្សាអ.ស.បចំពោះការវាយប្រហាររបស់យោធាថៃដោយអាវុធយុទ្ធភ័ណ្ឌជាច្រើនប្រភេទមកលើកងទ័ពកម្ពុជានៅតាមព្រំដែនដោយចោទប្រកាន់ថា កងទ័ពថៃបានឈ្លានពានចូលទឹកដីកម្ពុជានៅតំបន់ប្រទាញប្រទង់គ្នាជិតប្រាសាទព្រះវិហារនិងតំបន់ផ្សេងៗទៀតនិងការចោទប្រកាន់ថាកងទ័ពថៃបានបាញ់គា្រប់កាំភ្លើងធំនិងគ្រាប់ផ្លោងធ្វើឱ្យខូចខាតដល់ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌអន្តរជាតិ។
លោក ហ៊ុន សែន ថ្លែងជាសាធារណៈកាលពីថ្ងៃច័ន្ទបានទទូចស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអ.ស.បដើរតួរនាទីជាបន្ទាន់ក្នុងការបញ្ចប់ជម្លោះយោធារវាងថៃនិងកម្ពុជាជាជាងកិច្ចចរចាទ្វេរភាគី។
«ទីមួយ យើងបន្ទាន់ក្រុមប្រឹក្សាសន្តិសុខដើម្បីទប់ស្កាត់ជម្លោះ។ អាស៊ានមកយើងស្វាគមន៍។ ទី២ បើជម្លោះបែបនេះលើផែនទីអ្នកឯងគូសតាមចិត្តអញ្ចឹងមិនបានទេត្រូវទៅតុលាការហើយកុំខ្លាចការកាត់ក្តីនៅតុលាការ ព្រោះចរចាវាមិនកើត។ ឥឡូវទប់ត្រឹមតែថា អ្នកណាឈរនៅទីណា ឈរនៅទីនោះសិនរង់ចាំគណៈកម្មការព្រំដែនឬរង់ចាំតុលាការអន្តរជាតិកាត់ក្តី បើគេថាដីហ្នឹងជាដីរបស់ថៃកម្ពុជាថយ»។
លោក ហ៊ុន សែននៅក្នុងលិខិតរបស់លោកកាលពីថ្ងៃ៦កុម្ភៈទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អ.ស.បបានចាត់ទុកថាកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់នឹងអាចជួយបញ្ជៀសបញ្ហាអស្ថេរភាពនិងរក្សាបានសន្តិភាពក្នុងតំបន់។
ទោះជាយ៉ាងណាក៏ដោយ លោក Panitan Watanayagorn បានអះអាងថាថៃនៅតែប្រកាន់ជំហរនៃការដោះស្រាយទ្វេរភាគីជាជាងតាមរយៈលំដាប់អន្តរជាតិតែប្រទេសថៃគ្រាន់តែជូនដំណឹងទៅកាន់ប្រទេសជាមិត្តនិងសម្ព័នមិត្តរបស់ខ្លួនពីព្រឹត្តិការណ៍លម្អិតដែលបានកើតឡើងតាំងពីថ្ងៃ៤ កុម្ភៈមក។
«យើងប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាជាមួយកម្ពុជាដោយសន្តិវិធីតាមរយៈទ្វេរភាគីតែយើងក៏ត្រូវជូនដំណឹងផងដែរដល់មិត្តរបស់ថៃនិងសម្ព័ន្ធមិត្តរបស់ខ្លួនដែលថាយើងគ្មានចេតនាធ្វើអ្វីផ្សេងក្រៅពីកិច្ចការពារខ្លួននោះទេនៅពេលមានការវាយប្រហារ។នោះគឺជាជំហររបស់យើងហើយយើងប្តេជ្ញាថានឹងជួយប្រទេសជិតខាងរបស់យើងដើម្បីដោះស្រាយបញ្ហានេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
កម្ពុជានិងថៃចាប់ផ្តើមមានវិវាទព្រំដែន ផ្នែកការទូតនិងយោធាជាមួយគ្នាឡើងវិញក្រោយពីកម្ពុជាបានដាក់បា្រសាទព្រះវិហារចូលក្នុងបញ្ជីរបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ២០០៨ ដោយសារថៃបានតវ៉ាថាទីតាំងដីក្បែរប្រាសាទព្រះវិហារជាទឹកដីថៃ។ កងទ័ពប្រទេសកម្ពុជានិងថៃនៅតាមបណ្តោយព្រំដែនបានវាយប្រហារគ្នាជាច្រើនលើករហូតមកទល់នឹងថ្ងៃច័ន្ទដោយបណ្តាល ឱ្យមាន របួសនិងស្លាប់ទាំងសងខាងនៅពេលដែលមានការចោទប្រកាន់គ្នាទៅវិញទៅមកពីការឈ្លានពានរំលោភបូរណៈភាពដែនដីតាមបណ្តោយព្រំដែនដែលមិនទាន់ បានបោះបង្គោលដោយសារសភាថៃមិនទាន់បានផ្តល់ការយល់ព្រមឱ្យបន្តដំណើរការបោះបង្គោលព្រំដែនតាមឯកសារដែលគណៈកម្មការព្រំដែននៃប្រទេសទាំងពីរបានធ្វើរួមគ្នា។
លោក ឧបនាយករដ្ឋមន្ត្រីទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារប្រទេសបានអះអាងថាការវាយប្រហារដោយយោធាដែលនាំឱ្យខូចខាតដល់ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោកគឺជារឿងដ៏ស្មុគស្មាញពិបាកដោះស្រាយតាមរយៈកិច្ចចរចាទ្វេរភាគីដែលលោក សង្កត់ធ្ងន់ថាគួរត្រូវដោះស្រាយដោយ ក្រុមប្រឹក្សាសន្តិសុខអ.ស.បជាបន្ទាន់ហើយ។
«ព្រោះព្រំដែននេះ ការពើបប្រយុទ្ធគ្នាបន្តបន្ទាប់មកនេះគឺច្បាស់លាស់ណាស់គឺនឹងនាំមកនូវការខូចខាតសព្វបែបយ៉ាងជាពិសេសគឺថាប្រាសាទដែលជាបេតិកភណ្ឌពិភពលោកគឺប្រាសាទព្រះវិហារនេះឯង»។
លោក ទៀ បាញ់បានអះអាងថាការផ្ទុះអាវុធបានឈប់កាលពីល្ងាចថ្ងៃច័ន្ទហើយលោកបានថ្លែងការពារកងទ័ពកម្ពុជាថាគ្មានការរំលោភទៅលើទឹកដីថៃនោះទេ។
«រឿងគឺបញ្ជាក់ឱ្យច្បាស់ យើងមិនមានមហិច្ឆតាណាទៅចូលគេទេ។ សំខាន់បំផុតគឺយើងរក្សាការពារផលប្រយោជន៍យើងហ្នឹងឱ្យវាបានស្ថិតស្ថេរគង់វង្សតែប៉ុណ្ណោះឯង។ យើងមិនមានមហិច្ឆតាទៅទន្ទ្រានគេដូចគេវាយប្រហារនោះ ដូចគេចោទប្រកាន់នោះ គឺគ្មានទេ»។
ការវាយប្រយុទ្ធគ្នាជាថ្មីបានធ្វើឱ្យមានក្តីព្រួយបារម្ភពីស.រ.អា អង្គការសហប្រជាជាតិនិង សមាគមអាស៊ានផងដែរដោយទទូចឱ្យភាគីជម្លោះទាំងពីរឈប់វាយប្រហារគ្នាហើយស្វែងរកដំណោះស្រាយដោយសន្តិវិធី។
អ្នកវិភាគស្ថានការណ៍យោធាក្នុងប្រទេសកម្ពុជាមួយរូបដែលនិយាយក្នុងលក្ខខណ្ឌមិនឱ្យបញ្ជាក់អត្តសញ្ញាណបានអះអាងថាសម្ពាធ នយោបាយផ្ទៃក្នុងថៃតាមលក្ខណៈជាតិនិយមរឿងព្រំដែនរួមនិងការទាមទារឱ្យរដ្ឋាភិបាលថៃដោះស្រាយ បញ្ហាព្រំដែនជាមួយកម្ពុជាឱ្យខាងតែបាននោះហើយដែលជាកត្តាមួយដែលនាំឱ្យមានការវាយប្រហារគ្នា។ ក៏ប៉ុន្តែបានដាក់ចម្ងល់ថាការវាយប្រយុទ្ធគ្នារវាងកងទ័ពទាំងពីនោះ ជារឿងចម្លែក ដែលភាគីនីមួយៗ ហាក់ដូចជាមិនបានបញ្ចេញកម្លាំងរបស់ខ្លួនយ៉ាងពេញទំហឹង និងហាក់ដូចជា នៅមានការអត់ធ្មត់ទៅវិញទៅមកនៅឡើយ។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគដដែលបាននិយាយថាថៃនិងរងការស្តីបន្ទោសជាអន្តរជាតិយ៉ាងច្រើនប្រសិនបើរកឃើញថាពិតជាធ្វើឱ្យប៉ះពាល់ដល់ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌអន្តរជាតិ៕