ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ថៃ​លាលែង​ពី​សមាជិកភាព​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក


ប្រទេស​ថៃ​បារម្ភ​ថា​ការ​យល់ព្រម​លើ​ផែនការ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​​នឹង​ដាក់​ប្រទេស​​ថៃ​ឱ្យ​ស្ថិត​នៅត្រង់​ចំណុច​ចាញ់​ប្រៀប​កម្ពុជា។

នៅ​ថ្ងៃច័ន្ទ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​សម្តែង​ការ​ស្វាគមន៍​ដល់​សេចក្តី​សម្រេច​របស់​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ​ពិចារណា​លើ​ផែនការ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា​ បើ​ទោះបី​ជា​ប្រទេស​ថៃ​បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​អង្គការ​យូណេស្កូ​នេះ​ក៏​ដោយ។

ប្រទេស​ថៃ​ បាន​ដក​ខ្លួន​ចេញ​ពី​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ឆ្នាំ១៩៧២​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើ​ផែនការ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា។​ នេះ​បើយោង​តាម​កាសែត​ថៃ​ The Nation ​បាន​រាយការណ៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា ​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ​បាន​សម្រេច​ផ្តល់​យុត្តិធម៌​ដល់​ប្រទេស​កម្ពុជា​សម្រាប់​ផែនការ​គ្រប់គ្រង​ អភិរក្ស ​និង​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ។

«ដល់​ឥឡូវ ​យើង​សុំ​តែ​យុត្តិធម៌។ យុត្តិធម៌​នៅ​ឆ្នាំ១៩៦២​ធ្វើឱ្យ​ថៃ​ដកខ្លួន​ចេញពី​តុលាការ​យុត្តិធម៌​អន្តរជាតិ។ ឥឡូវ​ជាថ្មី​ម្តងទៀត​ ថៃ​ដកខ្លួន​ចេញពី​សមាជិក​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភពលោក។ (ខ្ញុំ) សូម​ផ្តាំ​ទៅ​ឯកឧត្តម​អាប់ភីស៊ីត វីចាជីវ៉ា ​ បើ​ចិត្ត​កូនប្រុស ​ឯកឧត្តម​ធ្វើ​លិខិត​ជាផ្លូវ​ការ​នៅថ្ងៃ​ស្អែក​ ពីព្រោះ​ថ្ងៃស្អែក​ជាថ្ងៃ​ប្រជុំ​គណៈរដ្ឋមន្ត្រី»។

លោក​ស៊ូវិត ឃុនគីតទិ (Suwit Khunkitti) ​ប្រធាន​គណៈ​ប្រតិភូ​ថៃ​ចរចា​ជាមួយ​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ​នៅក្នុង​ទីក្រុង​ប៉ារីស​បាន​ថ្លែង​ថា ​គណៈ​ប្រតិភូ​របស់​លោក​បាន​ប្រាប់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ថា​ ប្រទេស​ថៃ​បាន​លាលែង​ចេញ​ពី​ប្រទេស​សមាជិក​នៃ​អនុសញ្ញា។

លោក​ស៊ូវិត​រដ្ឋមន្ត្រី​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ ​បាន​បញ្ជាក់​ថា ​គណៈ​កម្មាធិការ​បេតិក​ភណ្ឌ​ពិភពលោក​មិន​អើពើ​ការព្រួយ​បារម្ភ​របស់​ប្រទេស​ថៃ​ដែល​ពិចារណា​លើ​ផែនការ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា ​នឹង​ធ្វើឱ្យ​ស្មុគស្មាញ​ដល់​ជម្លោះ​ព្រំដែន​ថៃ​ កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​បន្ត​ថា ​ប្រទេស​កម្ពុជា​ត្រូវការ​អង្គការ​យូណេស្កូ​នេះ។​ ប្រទេស​កម្ពុជា​មិនដក​ខ្លួន​ចេញពី​អង្គការ​យូណេស្កូ​នេះ​ទេ។ ប្រទេស​កម្ពុជា​បាន​ខំប្រឹងប្រែង​ប្រែក្លាយ​ខ្លួន​ជា​សមាជិក​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៅក្នុង​ឆ្នាំ​២០០៩។

«យើង​មិនដក​ខ្លួន​ចេញពី​អង្គការ​យូណេស្កូ​ទេ ​ពីព្រោះ​យើង​ជាម្ចាស់​ផ្ទះ​នៃ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ច្រើន​ណាស់​ ដូចជា​ប្រាសាទ​អង្គរវត្ត ​ប្រាសាទ​ព្រះវិហារ ​និង​សម្បត្តិ​អរូបិយ​មួយ​ចំនួន​ទៀត ​ហើយ​ឥឡូវ​កំពុង​តែ​ត្រៀម​បញ្ចូល​ទៅក្នុង​បេតិកភណ្ឌ​ពិភពលោក​នូវ​ក្បាច់​គុណ​បុរាណ​ខ្មែរ​ ដែល​មាន​ល្បុក្កតោ​ ខ្លា​ក្រាប​ ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក។ ដូច្នេះ​យើង​ត្រូវការ​អង្គការ​យូណេស្កូ​នេះ។ យើង​មាន​បេតិកភណ្ឌ​ច្រើន​ណាស់»។

កាសែត​ថៃ ​បាងកក​ប៉ុស្តិ៍​ (Bangkok Post) ​បាន​រាយការណ៍​នៅថ្ងៃ​ច័ន្ទនេះ​ថា ​លោក​នាយករដ្ឋមន្ត្រី​ថៃ​អាប់ភីស៊ីត វិចាជីវ៉ា (Abhisit Vejjajiva) បាន​ការពារ​សេចក្តី​សម្រេច​ដក​ប្រទេស​ថៃ​ ចេញ​ពី​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ដោយ​ថ្លែង​ថា ​ការ​យល់ព្រម​លើ​ផែនការ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា​នឹង​ដាក់​ប្រទេស​ឱ្យ​ស្ថិត​នៅត្រង់​ចំណុច​ចាញ់​ប្រៀប​គេ៕

XS
SM
MD
LG