ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍នេះ កងកម្លាំងប៉ូលីសជាង១៥០នាក់បានដាក់របាំងបិទច្រកផ្លូវនានានៅកន្លែងប្រមូលផ្តុំរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅក្បែរព្រះបរមរាជ្យវាំងដើម្បីប្រារព្ធខួបពីរឆ្នាំ ប្រឆាំងនឹងការឈ្លានពានរបស់ទាហ៊ានថៃ ដែលបានរំលោភទឹកដីកម្ពុជានៅក្បែរប្រាសាទព្រះវិហារ។ កងកម្លាំងប៉ូលីសប្រដាប់ដោយដំបងឆក់ និងខែល បានដាក់ពង្រាយ ព័ទ្ធជុំវិញតំបន់ប្រមូលផ្តុំប្រារព្ធខួបពីរឆ្នាំនៃការឈ្លានពានរបស់ប្រទេសថៃ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏អាជ្ញាធរបានអនុញ្ញាតឱ្យលោក រ៉ុង ឈុន និងអ្នកគាំទ្រប្រមាណ១០នាក់ បានដើរចូលទៅក្នុងកន្លែងប្រមូលផ្តុំ ដើម្បីថ្លែងការណ៍ទៅកាន់ក្រុមអ្នកយកព័ត៌មាន ដោយគ្មានការប៉ះទង្គិចជាមួយកងកម្លាំងប៉ូលីសទេ។
ប្រទេសថៃ បានលើកកងទ័ពថៃចូលមកឈ្លានពានបូរណភាពទឹកដីកម្ពុជា នៅក្បែរប្រាសាទព្រះវិហាររបស់កម្ពុជានៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០០៨ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ កងទ័ពកម្ពុជា និងថៃបានប្រមូលផ្តុំគ្នានៅក្នុងតំបន់ជំម្លោះ និងបានវាយប្រយុទ្ធគ្នាជាច្រើនលើក ដែលបានសម្លាប់កងទ័ពយ៉ាងតិច៨នាក់។ បញ្ហាជម្លោះព្រំដែននេះ បាននាំឱ្យប្រទេសជាប់ជិតខាងទាំងពីរនេះស្ទើរតែកាត់ផ្តាច់ទំនាក់ទំនងការទូត និងបានបង្កើតឱ្យមានសង្គ្រាមពាក្យសម្តីរវាង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីអាផាស៊ីត វេចាជីវ៉ា (Abhisit Vejjajiva)។
លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានថ្លែងថា លោកមានការសោកស្តាយចំពោះការរារាំងរបស់ក្រុមអាជ្ញាធរក្រុងភ្នំពេញ ដើម្បីបិទផ្លូវគ្រប់ច្រកមិនឱ្យអ្នកចូលរួមមកប្រារព្វខួបពីរឆ្នាំនៃការឈ្លានពានរបស់ថៃលើទឹកដីកម្ពុជា។ លោករ៉ុង ឈុន បានបញ្ជាក់ថា ទង្វើរបស់អាជ្ញាធរក្រុងភ្នំពេញបែបនេះ គឺជាការរបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចោញមតិ និងការគំរាមគំហែងដល់ស្មារតីការពារទឹកដីកម្ពុជា។ លោកមានប្រសាសន៍ដូច្នេះថា៖
«យើងគ្រាន់តែចង់ឱ្យប្រទេសជិតខាងត្រូវតែគោរពនូវអធិបតេយ្យភាព និងបូរណភាពទឹកដីនៃកម្ពុជា។ ប៉ុន្តែយើងមានការសោកស្តាយដែលអាជ្ញាធរដាក់ពង្រាយកម្លាំងព្រោងព្រាត ដើម្បីបិទផ្លូវគ្រប់ច្រកល្ហកទាំងអស់ និងពង្រាយកម្លាំងប៉ូលីសគ្រប់ច្រកល្ហក។ នេះគឺជារូបភាពមួយគំរាមគំហែង និងបំបាក់ស្មារតីរបស់ប្រជាពលរដ្ឋ និងយុវជនមិនឱ្យចូលរួមសម្តែងឆន្ទៈស្នេហាជាតិ»។
សាលាក្រុងភ្នំពេញ មិនអនុញ្ញាតឱ្យប្រារព្វពិធីរំលឹកខួបពីរឆ្នាំនៅលើទីវាលក្បែរព្រះបរមរាជ្យវាំងទេ ដោយហេតុផលសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ប៉ុន្តែបានអនុញ្ញាតឱ្យប្រារព្ធពិធីនេះ នៅក្នុងទីស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។
លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានទាមទារឱ្យកងទ័ពថៃ ដកចេញពីទឹកដីកម្ពុជា និងគោរពសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤និងឆ្នាំ១៩០៧សាលក្រមរបស់តុលាការទីក្រុងឡាអេ ឆ្នាំ១៩៦២ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិនានា។ លោកបន្តថា៖
«ថ្ងៃនេះ គឺជាថ្ងៃខួបគំរប់ពីរឆ្នាំទីនៃសៀមឈ្លានពានអធិបតេយ្យភាពនិង បូរណភាពទឹកដីនៃកម្ពុជាយើង។ អញ្ចឹង យើងបានរៀបចំពិធីរំលឹកចងកំហឹង និងបញ្ចេញឆន្ទះស្នេហាជាតិ ហើយក៏ជាសារមួយជម្រាបទៅដល់ព្រះរាជាណាចក្រថៃ ឱ្យដកកងទ័ពចេញពីទឹកដីនៃកម្ពុជាយើងដើម្បីឱ្យស្ថានភាពដូចមុនថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨»។
លោករ៉ុង ឈុន បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យបង្ហាញពីឆន្ទះ និងជំហរច្បាស់លាស់ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋពិតប្រាកដ។
តាមកញ្ចក់ទូរទស្សន៍ជាតិថៃកាលពីថ្ងៃទី៦ ខែកក្កដានេះ លោកនាយករដ្ឋមន្ត្រីថៃអាផាស៊ីត វេចាជីវ៉ា បានបញ្ជាឱ្យរដ្ឋមន្ត្រីការបរទេសថៃ កាស៊ីត ភីរុមីយ៉ា (Kasit Phirumya)ជំទាស់ទៅនឹងការងារបោះបង្គោលព្រំដែន និងការអភិវឌ្ឍនានារបស់កម្ពុជានៅតំបន់ប្រាសាទព្រះវិហារ។
លោកអាផាស៊ីត វេចាជីវ៉ា បានប្រកាសថា នឹងធ្វើឱ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍរបស់កម្ពុជារហូតដល់កំណត់ព្រំដែនច្បាស់លាស់សិន ហើយបើកម្ពុជានៅតែបន្តសកម្មភាព វាជាការរំលោភសិទ្ធិរបស់ថៃ។ រដ្ឋាភិបាលកម្ពុជា បានហៅការអះអាងរបស់លោកនាយករដ្ឋមន្ត្រីរូបនេះថា ជាគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវ និងជាការបង្ករឿងហេតុជាមួយកម្ពុជាតែប៉ុណ្ណោះ។