ទាក់ទងនឹងការប្រយុទ្ធគ្នានៅព្រំដែនកម្ពុជាថៃ ព័ត៌មានដែលវីអូអេខ្មែរទទួលបានពីប្រទេសថៃនាពេលថ្មីៗឲ្យដឹងថា អ្នកនាំពាក្យរងយោធាថៃមួយរូបលោកវរសេនីយ៍ឯក វីរាជន ស៊ូគន់ថាផាធិផាក (Werachon Sukondhapatipak) បានបដិសេធពីការចោទប្រកាន់មន្ត្រីកម្ពុជាដោយអះអាងថា ភាគីថៃមិនមែនឈ្លានពានកម្ពុជានោះទេ ហើយថៃក៏មិនមែនជាអ្នកបង្កហេតុនៃការវាយប្រយុទ្ធគ្នានោះដែរ។
មន្ត្រីយោធាថៃ លោកវរសេនីយ៍ឯក វីរាជន ស៊ូគន់ថាផាធិផាក បានអះអាងថា ការវាយប្រយុទ្ធគ្នានៅតាមព្រំដែនយប់នេះ គឺជាការវាយប្រហាររប៉េះរប៉ោះតែប៉ុណ្ណោះ តែបានស្តីបន្ទោសភាគីកម្ពុជាថា ការមិនព្រមចរចាទ្វេភាគីជាមួយថៃទើបនាំឲ្យកើតការវាយប្រយុទ្ធគ្នា។ លោកថ្លែងដូច្នេះថា៖
«ខ្ញុំមិនដឹងថា ហេតុអ្វីបានជាការវាយប្រយុទ្ធគ្នាទៅវិញទៅមកកើតឡើងទេ តែខ្ញុំអាចធានាថាហេតុការណ៍នេះ មិនមែនកើតពីភាគីថៃទេ។ តែប៉ុន្មានថ្ងែនេះមេបញ្ជាការកងទ័ពថៃគ្រប់ជាន់ថ្នាក់ព្យាយាមទាក់ទងជាមួយមេបញ្ជាការទ័ពកម្ពុជា តែជាចុងក្រោយយើងបានដឹងថា កងទ័ពកម្ពុជាត្រូវគេបញ្ជាមិនឲ្យទាក់ទងជាមួយភាគីថៃ»។
លោកវរសេនីយ៍ឯករូបនេះបានបន្ថែមថា យោធាថៃគ្រាន់តែវាយតបដើម្បីការពារខ្លួនតែប៉ុណ្ណោះ។
មន្ត្រីផ្លូវការកម្ពុជាបាននិយាយថា ក្នុងការវាយប្រយុទ្ធគ្នា៤ថ្ងៃមកនេះ គឺថៃ ប៉ុនប៉ងកាន់កាប់ប្រាសាទតាមាន់ ប្រាសាទតាក្របីដែលស្ថិតនៅខេត្តឧត្តរមានជ័យជាប់ព្រំដែនកម្ពុជាថៃ។
រូបភាពនិងសេចក្តីរាយការណ៍នៃការប្រយុទ្ធគ្នាកាលពីថ្ងៃសុក្រសប្តាហ៍មុន៖
លោក ផៃ ស៊ីផានអ្នកនាំពាក្យមួយរូបនៃតំបន់សមរភូមិកម្ពុជា បានអះអាងថាការវាយប្រហារគ្នាជាទ្រង់ទ្រាយតូចនៅក្បែរប្រាសាទតាក្របី ដែលលោក បានចាត់ទុតថាថៃប៉ុនប៉ងចូលមកកាន់កាប់។
តែអ្នកនាំពាក្យយោធាថៃ វរសេនីយ៍ឯក វីរាជន បានច្រានចោលការចោទប្រកាន់នេះ។ លោក អះអាងថា ការឈ្លានពាន និងការប៉ុនប៉ងកាន់កាប់ប្រាសាទតាក្របី ហើយនឹងប្រាសាទតាមាន់មិនមែនជាបំណងរបស់ថៃទេ។ លោកអះអាងថាថៃចង់បានមិត្តភាពល្អជាមួយប្រទេសជិតខាងកម្ពុជា។
គ្មានសេចក្តីរាយការណ៍ស្តីពីគ្រោះថ្នាក់នៃការវាយប្រហារចុងក្រោយនេះនៅឡើយទេ។ ការវាយប្រយុទ្ធគ្នាកើតឡើងក្រោយពេលថៃមិនព្រមទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីមកធានាបទឈប់បាញ់គ្នានៅឯតំបន់មានជម្លោះតាមព្រំប្រទល់កម្ពុជាថៃ។
អង្គការសហប្រជាជាតិនិងសមាគមអាស៊ានបានអំពាវនាវឲ្យកម្ពុជាថៃ បញ្ឃប់ការបាញ់គ្នាជាបន្ទាន់ ហើយចរចាដោយសន្តិភាពដើម្បីបញ្ចប់បញ្ហាវិវាទ៕