បាងកក៖អាជ្ញាធរខ្មែរហើយនឹងថៃ និយាយថា ការប្រយុទ្ធគ្នាថ្មីៗ បានផ្ទុះឡើងរវាងយុទ្ធជនរបស់គេ ហើយជាថ្មីម្ដងទៀតភាគីម្ខាងៗ ដាក់កំហុសទៅលើភាគីមួយទៀត។ ការពើបប្រយុទ្ធគ្នាថ្មីៗកើតមានឡើង ក្រោយបន្ដិចពីការសុំរបស់ក្រុមប្រឹក្សាសន្ដិសុខអសបឲ្យប្រទេសទាំងពីរ បញ្ជាដាក់បទឈប់បាញ់គ្នានៅជុំវិញព្រំដែនមានជម្លោះ ដែលមានការប្រយុទ្ធគ្នានៅដើមខែនេះ។
យោធាថៃនៅថ្ងៃអង្គារឲ្យដឹងថានៅពេលព្រឹក យុទ្ធជនកម្ពុជាបានវាយប្រហារទៅលើច្រកចេញចូលព្រំដែន បណ្ដាលឲ្យយុទ្ធជន៥នាក់របួស មានម្នាក់របួសជាទម្ងន់។
លោកវរសេនីយ៍ឯក (Werachon Sukondhapatipak) អ្នកនាំពាក្យយោធាថៃ និយាយថាមានគ្រាប់បែកដៃយ៉ាងតិចមួយគ្រាប់ត្រូវបានគ្រវែងទៅលើច្រកចេញចូលព្រំដែន ហើយយុទ្ធជនថៃបានបាញ់តទៅវិញដោយប្រើកាំភ្លើងវែង។
លោកនិយាយថា ពួកគេរំពឹងថានឹងមានការវាយប្រហារ ក្រោយពីក្រុមប្រឹក្សាសន្ដិសុខអសបបដិសេធសំណើរបស់ប្រទេសកម្ពុជាសុំឲ្យបញ្ជូនកងទ័ពរក្សាសន្ដិភាពទៅកាន់តំបន់នោះ។
«យើងជឿថាថ្នាក់មេដឹកនាំកម្ពុជាមិនពេញចិត្ដនឹងលទ្ធផលនោះទេ ហើយគេនឹងព្យាយាមធ្វើអ្វីៗដែលជាការបង្ករហេតុ ដើម្បីនឹងធ្វើឲ្យយោធាថៃឆ្លើយតបតវិញ»។
ទោះជាយ៉ាងនេះក៏ដោយ លោកផៃស៊ីផានអ្នកនាំពាក្យនៃទីស្ដីការគណ:រដ្ឋមន្ដ្រីខ្មែរ បដិសេធថាយុទ្ធជនកម្ពុជាមិនបានបាញ់មុនទេ។ លោកនិយាយថា យុទ្ធជនថៃបានបាញ់មុន។
«យប់មិញពីម៉ោង១០:៣០នាទី ខ្ញុំចង់និយាយថា នៅពេលល្ងាច ទៅដល់ម៉ោង៥:២០នាទីព្រឹក យុទ្ធជនថៃបានគ្រវែងគ្រាប់បែកដៃ១១គ្រាប់»។
លោកផៃស៊ីផានមានប្រសាសន៍ថា គ្មានយុទ្ធជនខ្មែររបួសទេ ហើយពួកគេមិនបានបាញ់តទៅវិញ
ទេ។
ការប្រយុទ្ធគ្នាបានផ្ទុះឡើង២អាទិត្យកន្លងមក នៅតំបន់ព្រំដែនមានជម្លោះនៅជិតប្រាសាទព្រះវិហារតាមបែបហ៊ិនឌូ មានចំណាស់៩០០ឆ្នាំដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយហៅថា(Phra Viharn) នៅប្រទេសថៃ។
យោធាខ្មែរនិងថៃបាញ់កាំភ្លើងធំ ហើយនិងកាំភ្លើងស្វ័យប្រវត្តិដាក់គ្នាទៅវិញទៅមក បណ្ដាលឲ្យមនុស្សមួយចំនួនស្លាប់ ហើយនឹងធ្វើឲ្យមនុស្សរាប់ពាន់នាក់រត់ចេញពីតំបន់ព្រំដែន។
ភាគីទាំងពីរដាក់កំហុសទៅលើភាគីមួយទៀតថាបាន ចាប់ផ្ដើមការប្រយុទ្ធគ្នានេះ។ ប្រទេសកម្ពុជាចង់បានជំនួយរបស់អន្ដរជាតិ ដើម្បីរាំងខ្ទប់ការប្រយុទ្ធគ្នាតទៅទៀត។ រីឯប្រទេសថៃ ចង់ឲ្យបញ្ហានេះ ត្រូវបានដោះស្រាយជាទ្វេភាគី។
កាលពីថ្ងៃច័ន្ទរដ្ឋមន្ដ្រីក្រសួងការបរទេសនៃប្រទេសទាំងពីរ បានជួបជាមួយក្រុមប្រឹក្សាសន្ដិសុខនៃអសប។ ក្រុមប្រឹក្សាសន្ដិសុខនៃអសបសុំឲ្យប្រទេសទាំងពីរអនុវត្ដតាមបទឈប់បាញ់គ្នាជាអចិន្ដ្រៃយ៍ ហើយនឹងធ្វើការជាមួយសមាគមនៃប្រទេសអាស៊ីភាគអគ្នេយ៍ដើម្បីបញ្ចប់ជម្លោះនេះ។
ក្រុមរដ្ឋមន្ដ្រីក្រសួងការបរទេសនៃសមាគមអាស៊ាននឹងពិភាក្សាគ្នាអំពីបញ្ហានេះនៅអាទិត្យក្រោយនៅទីក្រុងហ្សាការតា៕
ប្រែសម្រួលដោយ កងស៊ីវន