ប្រទេសកម្ពុជាបានបដិសេធទង្វើរបស់ក្រុមចលនានយោបាយអាវលឿងថៃដែលបានទាមទារឱ្យលុបចោលកិច្ចព្រមព្រៀងព្រំដែនជាមួយប្រទេសកម្ពុជា និងឱ្យបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីទឹកដីខ្មែរ នៅតាមតំបន់ព្រំដែន។ រដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ការទាមទារនេះជាអំពើយ៉ាងងងឹតងងុលដែលមិនអាចទទួលយកបាន។ ទោះបីជាយ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រីថៃ Abhisit Vejjajiva ត្រូវបានគេមើលឃើញថា មិនអាចបោះបង់ចោលអនុស្សរណៈយោគយល់គ្នាអំពីបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃបានទេ ប៉ុន្តែអាចពន្យារការអនុវត្តអនុស្សរណៈយោគយល់គ្នាស្តីពីបញ្ហាព្រំដែននេះ។
នៅថ្ងៃពុធនេះ រដ្ឋាភិបាលទីក្រុងភ្នំពេញបានហៅការទាមទាររបស់ក្រុមចលនានយោបាយអាវលឿង ថៃដែលឱ្យលុបចោលអនុស្សរណៈយោគយល់គ្នាស្តីពីបញ្ហាព្រំដែនឆ្នាំ២០០០ និងឲ្យបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីតំបន់ជម្លោះនៅតាមព្រំដែននោះថា ជាការទាមទារដ៏ឆោតល្ងង់។
កាសែតបាងកកប៉ុស្តិ៍ (Bangkok Post) បានរាយការណ៍ថា ក្រុមចលនានយោបាយអាវលឿងបានទាមទារឲ្យរដ្ឋាភិបាលលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ស្តីពីបញ្ហាព្រំដែនជាមួយប្រទេសកម្ពុជា ដើម្បីបង្ហាញការមិនយល់ព្រមអំពីព្រំដែនរបស់ពួកគេ ដកសមាជិកភាពរបស់ប្រទេសថៃចេញពីគណៈកម្មាធិការបេតិកភណ្ឌពិភពលោក និងបណ្តេញប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ជម្លោះតាមបណ្តោយព្រំដែន។
លោកកុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងថា ការទាមទារ របស់ក្រុមចលនានយោបាយអាវលឿងនេះគឺជាអំពើយ៉ាងងងឹតងងុល។
លោកកុយ គួងបានបន្ថែមថា រដ្ឋាភិបាលកម្ពុជាមិនបានចាត់ទុកសកម្មភាពក្រុមចលនានយោបាយ អ៊ាវលឿងជារឿងសំខាន់ប្រទេសកម្ពុជាទេ។ ប៉ុន្តែអ្វីដែលសំខាន់ចំពោះដំណោះស្រាយព្រំដែនជាមួយកម្ពុជា គឺជំហររបស់រដ្ឋាភិបាលថៃ។
«អនុស្សរណៈយោគយល់គ្នានេះគឺធ្វើឡើងដើម្បីប្រយោជន៍របស់ប្រទេសទាំងសងខាង។ វាមិនមែន មានប្រយោជន៍តែប្រទេសកម្ពុជា ឬប្រទេសថៃនោះទេ។ ការទាមទារឱ្យដេញប្រជាពលរដ្ឋខ្មែរចេញពីតំបន់ដែលថៃដាក់ឈ្មោះថា ជាតំបន់ជម្លោះតាមព្រំដែននោះ គឺមិនអាចទៅរួចជាដាច់ខាត។ អ្វីដែលគេលើកឡើង ទាមទារដេញប្រជាពលរដ្ឋខ្មែរចេញពីតំបន់ជម្លោះនោះ យើងមិនអាចទទួលយកបានទេ ពីព្រោះប្រជាពលរដ្ឋខ្មែររស់នៅលើទឹកដីខ្មែរ»។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា ភាពសៅហ្មងនយោបាយនៅក្នុងទីក្រុងបាងកកបានធ្វើឱ្យគាំងស្ទះដល់ការអនុវត្តអនុស្សរណៈយោគយល់គ្នាស្តីពីបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។
លោកផៃ ស៊ីផានបញ្ជាក់ថា ប្រទេសកម្ពុជាមានកង្វល់អំពីដំណោះស្រាយព្រំដែន បើអនុស្សរណៈ យោគយល់គ្នាស្តីពីបញ្ហាព្រំដែនឆ្នាំ២០០០ មិនដើរទៅមុខទេនោះ។ ប៉ុន្តែកាតព្វកិច្ចរបស់កម្ពុជា ក្នុងការថែរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដី ត្រូវបានបំពេញរួចជាស្រេចហើយ។
លោកធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្ស Adhoc បានថ្លែងថា ក្រុមចលនានយោបាយអ៊ាវលឿងថៃបានលើកយកបញ្ហាអនុស្សរណៈយោគយល់គ្នារវាងរដ្ឋាភិបាលទីក្រុងបាងកក និងទីក្រុងភ្នំពេញអំពីបញ្ហាព្រំដែនមកធ្វើជាលេសនយោបាយដើម្បីទម្លាប់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Abhisit Vejjajiva។
លោកធន សារ៉ាយបានបញ្ជាក់ថា រដ្ឋាភិបាលលោក Abhisit Vejjajiva នឹងមិនពន្លឿនការអនុវត្ត អនុស្សរណៈយោគយល់គ្នាស្តីពីបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃនេះទេ ដោយលោក ព្រួយបារម្ភអំពីស្ថានភាពតានតឹងកាន់តែខ្លាំងឡើង។ ប៉ុន្តែរដ្ឋាភិបាលរបស់លោក Abhisit Vejjajiva នឹងមិនធ្វើតាមការទាមទាររបស់ក្រុមចលនានយោបាយអាវលឿងទេ។
«ខ្ញុំគិតថា រដ្ឋាភិបាលលោក Abhisit Vejjajiva មិនលុបចោលអនុស្សរណៈយោគយល់គ្នាអំពីបញ្ហា ព្រំដែនជាមួយប្រទេសកម្ពុជាទេ។ រដ្ឋាភិបាលលោក Abhisit Vejjajiva មិនធ្វើតាមអ្វីដែលស្នើសុំនោះ ទេ ពីព្រោះវាបាត់នូវមូលដ្ឋាននៃជជែកគ្នារវាងប្រទេសទាំងពីរ។ លោក Abhisit Vejjajiva ដឹងថា អនុស្សរណៈយោគយល់នេះគឺជាមូលដ្ឋានសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការផង និងរក្សានូវមូល ដ្ឋានសម្រាប់ពិភាក្សាគ្នាបន្តទៅទៀតអំពីបញ្ហាព្រំដែននេះ។ ដូច្នេះ ការធ្វើអញ្ចឹងមិនមែនមានបំណង ដើម្បីអនុស្សារណៈប៉ុន្មានទេ ប៉ុន្តែធ្វើម៉េចឱ្យរដ្ឋាភិបាលរលំរលាយទៅវិញទេ»។
ក្រុមចលនានយោបាយអាវលឿងបានធ្វើបាតុកម្មទម្លាក់រដ្ឋាភិបាលរបស់លោក Samak Sundaravej និងលោក Somchai Vongsavat ដែលបានគាំទ្រលោកអតីតនាយករដ្ឋមន្ត្រី Thaksin Shinawatra នៅក្នុង ឆ្នាំ២០០៨ ប៉ុន្តែឥឡូវនេះក្រុមចលនានយោបាយអាវលឿងបានយកបញ្ហាអនុស្សរណៈយោគយល់ គ្នាស្តីពីបញ្ហាព្រំដែនមកកៀបសង្កត់ឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Abhisit Vejjajiva ចុះចេញពីតំណែង៕