ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​នយោបាយ​និយាយ​ថា​ការ​ព្រួយ​កង្វល់​របស់​យោធា​ថៃ​បញ្ឆេះ​ឲ្យ​មាន​ជម្លោះ​ជាមួយ​កម្ពុជា


ទាហាន​ថៃ​ម្នាក់​ឈរ​យាម​នៅ​ពី​មុខ​លួស​បន្លា​ដែល​គេ​បាន​រាយ​ដើម្បី​បិទ​ផ្លូវ​នៅ​ជិត​ព្រំដែន​រវាង​ប្រទេស​ថៃ​និង​កម្ពុជា​ ​កាល​ពី​ថ្ងៃ​​អាទិត្យ​ទី​២៤​ខែ​មេសា​ឆ្នាំ​២០១១ នៅ​​បន្តិច​មុន​​​ផ្ទុះ​ការ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​​ក្នុង​​ថ្ងៃ​ទី​៣​ទៀត។
ទាហាន​ថៃ​ម្នាក់​ឈរ​យាម​នៅ​ពី​មុខ​លួស​បន្លា​ដែល​គេ​បាន​រាយ​ដើម្បី​បិទ​ផ្លូវ​នៅ​ជិត​ព្រំដែន​រវាង​ប្រទេស​ថៃ​និង​កម្ពុជា​ ​កាល​ពី​ថ្ងៃ​​អាទិត្យ​ទី​២៤​ខែ​មេសា​ឆ្នាំ​២០១១ នៅ​​បន្តិច​មុន​​​ផ្ទុះ​ការ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​​ក្នុង​​ថ្ងៃ​ទី​៣​ទៀត។

ការ​ប្រយុទ្ធ​បាន​បន្ត​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​និង​ថៃ​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​អស់​រយៈ​ពេល​បី-បួន​ថ្ងៃ​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច​១២​នាក់​ស្លាប់។ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី​បាន​លប់ចោល​ដំណើរ​បំពេញ​ទស្សនកិច្ច​ដើម្បី​ព្យាយាម​ធ្វើ​ការ​សម្របសម្រួល​ដើម្បី​បញ្ចប់​ជម្លោះ​នោះ។ ​អ្នក​វិភាគ​នយោបាយ​ថៃ​ខ្លះ​និយាយ​ថា​យោធា​របស់​ប្រទេស​នោះ​ ដែល​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​នោះ​អាច​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ច្រានចោល​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​មាន​សន្តិភាព​របស់​អន្តរជាតិ។

ការ​ប្រយុទ្ធ​គ្នា​ម្តងៗ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ​បាន​បន្ត​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​ដោយ​មាន​សេចក្តី​រាយការណ៍​ពី​ការ​បាញ់​តបត​គ្នា​ហើយ​នឹង​ការ​ផ្ទុះ​យ៉ាង​ខ្លាំង។

កងទ័ព​ទាំងពីរ​បាន​បាញ់​តបត​គ្នា​ដោយ​កាំភ្លើងធំ​ហើយនឹង​កាំភ្លើង​ដៃ​អស់​រយៈពេល​៤​ថ្ងៃ​កន្លង​មក​ហើយ​នៅ​ជិត​ប្រាសាទ​នានា​នៅ​ក្នុង​ដែនដី​មាន​ជម្លោះ។ ព្រំដែន​នៅ​ក្នុង​តំបន់​នោះ​មិន​ដែល​ត្រូវ​បាន​កំណត់​ច្បាស់លាស់​ទេ។

ភាគី​និមួយៗ​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅ​មក​ពី​ការ​បាញ់​មុន។

លោក​ Marty ​Natalegawa​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី​បាន​លប់​ចោល​ផែនការ​បំពេញ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ​និង​បាងកក​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ពិភាក្សា​រក​មធ្យោបាយ​បញ្ចប់​ការ​ប្រយុទ្ធ​នៅ​តាម​ព្រំដែនដែល​បាន​ផ្ទុះ​ឡើង​កាល​ពី​ខែ​កុម្ភៈ​ហើយ​បាន​ធ្វើឲ្យ​មនុស្ស​ជាង​២០​នាក់​ស្លាប់។

អ្នក​វិភាគ​នយោបាយ​ខ្លះ​និយាយ​ថា​យោធា​ថៃ​ប្រហែល​ជា​បាន​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ចេញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​ការ​សម្របសម្រួល​ជម្លោះនេះ។ ពួក​គេ​និយាយ​ថា​មេ​បញ្ជាការ​យោធា​កំពុង​ប្រកាន់​ជំហរ​កាន់​តែ​ខ្លាំង​ឡើង​មុន​ពេល​ការ​បោះឆ្នោត​ជាតិ​ដែល​គេ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​មិនហួស​ពី​ខែ​កក្កដា​នេះ។

លោក ​Pavin ​Chachavalpongpun​ នៅ​វិទ្យាស្ថាន​ការ​សិក្សា​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​ប្រទេស​សឹង្ហបូរី។ លោក​មាន​ប្រសាសន៍​ថា​ យោធា​ថៃ​មិន​ចង់​ឃើញ​មាន​ការ​បោះឆ្នោត​ ដោយសារ​ការ​ភ័យខ្លាច​ថា​សម្ព័ន្ធមិត្ត​របស់​អតីត​នាយករដ្ឋមន្រ្តី​ ថាក់ស៊ីន ស៊ីណាវ៉ាត (Thaksin​ Shinawatra)​ អាច​វិលត្រឡប់​មក​កាន់​អំណាច​វិញ​ហើយ​នឹង​រុះរើ​រចនាសម្ព័ន្ធ​បញ្ជាការ​កងទ័ព។

«ដូច្នេះខ្ញុំ​គិត​ថា ​ហាក់​ដូច​ជា​មាន​ចេតនា​ខ្លះ​សម្រាប់​មនុស្ស​នៅ​ក្នុង​យោធា​ដែល​ចង់​ប្រើប្រាស់​វិបត្តិ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ដែល​ថៃ​មាន​ជាមួយ​កម្ពុជា​ដើម្បី​ធ្វើ​ឲ្យ​ត្រឹមត្រូវ​ដល់​ការ​ពន្យារពេល​ឬ​ផ្អាក​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ»។

លោក​ ថាក់ស៊ីន ​បាន​ត្រូវ​ទម្លាក់​ចេញ​ពី​អំណាច​នៅ​ក្នុង​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ២០០៦​ហើយ​ពួក​អ្នក​គាំទ្រ​លោក​បាន​ត្រូវ​គេ​ដក​ចេញ​ពី​រដ្ឋាភិបាល​និង​យោធា។

អ្នក​វិភាគ​នយោបាយ​ជាច្រើន​នៅ​ក្នុង​តំបន់​និយាយ​ថា​ ក្រុម​អ្នកកាន់​អំណាច​ជា​យូរ​មក​ហើយ​ក្នុង​ទីក្រុង​បាងកក​ហើយនឹង​ពួក​យោធា​ គិត​ថា​ពួកគេ​រង​ការ​គំរាម​កំហែង​ពី​ប្រជាប្រិយភាព​របស់​លោក ថាក់ស៊ីន។

ពួក​អ្នករិះគន់​របស់​លោក​ចាត់ទុក​មហាសេដ្ឋី​ទូរគមនាគមន៍​រូប​នេះ​ថា​ជា​ជន​ពុករលួយ​និង​ផ្តាច់ការ​ ក៏ប៉ុន្តែ​លោក​ត្រូវបាន​ទទួល​ការ​ស្រឡាញ់​ពីវណ្ណៈ​កម្មករនិង​អ្នកស្រុក​តំបន់​ដាច់ស្រយាល​ដែល​បាន​បោះឆ្នោត​ជ្រើសរើស​លោក​ពីរ​ដង។

លោក​ ថាក់ស៊ីន ​រស់នៅ​និរទេស​ខ្លួន​ដើម្បី​ជៀស​ពី​ការ​ចោទ​ប្រកាន់​អំពើ​ពុករលួយ​ ក៏ប៉ុន្តែ​ពួក​អ្នកគាំទ្រ​របស់​លោក​ចង់​ឲ្យ​លោក​វិលត្រឡប់​មក​កាន់​អំណាច​វិញ។

ការ​ស្ទង់​មតិ​បង្ហាញ​ថា​ការ​បោះឆ្នោត​នឹង​មាន​ការ​ប្រកិតគ្នា​រវាង​គណបក្ស​ភឿថៃ​ដែល​ជា​សម្ព័ន្ធមិត្ត​ជាមួយ​លោក​ ថាក់ស៊ីន​ ហើយនឹង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​កំពុង​កាន់​អំណាច​របស់​នាយករដ្ឋមន្រ្តី ​Abhisit​ Vejjajiva។

លោក ខាល ថេយ័រ (Carl ​Thayer) ​ជា​សាស្ត្រាចារ្យ​មុខវិជ្ជា​នយោបាយ​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​សាកលវិទ្យាល័យ​ញូវសៅថ៍វេលស៍ (New​ South​ Wales) ​នៃ​ប្រទេស​អូស្រ្តាលី។ លោក​មាន​ប្រសាសន៍​ថា​ ការ​ភ័យខ្លាច​នៃ​ការ​ផ្លាស់ប្តូរ​មេដឹកនាំ​របស់​ពួក​យោធា ​បាននាំ​ឲ្យ​ខ្លួន​គាប​សង្កត់​រដ្ឋាភិបាល​ឲ្យ​លប់ចោល​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាតិ​ឲ្យ​មាន​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី​នៅ​តាម​ព្រំដែន។

«បើ​និយាយ​ម៉្យាងទៀត​ ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​ស៊ីវិល​លើ​ពួក​យោធា​ស្ទើរ​ តែមិនមាន​ទាល់​តែសោះ។ ពួកគេ​មិន​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​នរណា​ទេ​ហើយ​ពួកគេ​កំពុង​ប្រតិបត្តិការ​តាម​របៀប​ខ្លួន​ឯង​ហើយ​ប្រហែល​ការពារ​ខ្លួន​ឯង​ ពីព្រោះ​ចេញពី​ទស្សនៈ​របស់​គេ​ ការ​បោះឆ្នោត​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ចំពោះ​ពួកគេ​ប្រសិនបើ​ការ​បោះឆ្នោត​នោះ​ប្រព្រឹត្ត​ទៅ​មិនដូច​អ្វី​ដែល​ពួកគេ​ចង់​បាន​នោះ»។

លោក​ Werachon​ Sukondhapatipak​ ជា​អ្នក​នាំពាក្យ​យោធា​ថៃ។ លោក​បាន​ច្រានចោល​ការ​ចោទប្រកាន់​នេះ ​ហើយ​ថា ​ស្ថានភាព​ព្រំដែន​មិន​មាន​ទាក់ទិន​នឹង​យោបាយ​ទេ។

«ចំពោះ​យោធា​ថៃ​ យើង​ប្រាកដ​នឹង​មិន​ប្រើប្រាស់​ដែនដី​ នឹង​មិន​ប្រើប្រាស់​សុវត្ថិភាព​និង​សន្តិសុខ​របស់​ប្រទេស​និង​ប្រជាពលរដ្ឋ​ជាមួយ​នឹង​នយោបាយ​ទេ។ យើង​នឹង​មិន​ធ្វើ​ឲ្យ​បញ្ហា​ទាំងពីរ​នេះ​ជាប់​ទាក់ទិនគ្នា​ឬ​នៅ​ជាមួយ​គ្នា​ទេ»។

គណបក្ស​ប្រឆាំង​និង​អ្នក​វិភាគ​នយោបាយ​ខ្លះ​និយាយ​ថា ​យោធាថៃ​អាច​ប្រើប្រាស់​ការ​ប្រយុទ្ធ​ជាមួយ​កម្ពុជា​ជា​លេស​ដើម្បី​រឹបអូស​អំណាច។ ថៃ​មាន​រដ្ឋប្រហារ​ឬ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ចំនួន​១៨​ដង​មក​ហើយ​ចាប់តាំង​ពី​ឆ្នាំ​១៩៣២​មក។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ មេបញ្ជាការ​យោធា​បដិសេធ​ថា​ពួក​គេ​នឹង​មិន​ធ្វើ​រដ្ឋប្រហារ​ម្តង​ទៀត​ទេ។

ទោះបី​មាន​ការ​ធានា​អះអាង​ជា​សាធារណៈ​ក៏​ដោយ​ ការ​ផ្តាច់​ការ​ផ្សាយ​ទូរទស្សន៍​អស់​រយៈពេល​បី​បួន​ម៉ោង​កាលពី​សប្តាហ៍​មុន​ បាននាំ​ឲ្យ​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ​មាន​ការ​ភ័យខ្លាច​ថា​រដ្ឋប្រហារ​បាន​កើតមាន។ បន្តិច​ក្រោយ​មក​ ស្ថានីយ៍​ទូរទស្សន៍​បាន​ច្រានចោល​ថា​ការ​បារម្ភ​នេះ ​ដោយ​ថា​វា​ជា​បញ្ហា​បច្ចេកទេស៕

ប្រែ​សម្រួល​ដោយ​ ជឹង​ ប៉ូជីន

XS
SM
MD
LG