ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថាក់ស៊ីន ស៊ីនណាវ៉ាត់ គ្រោង​ទស្សនកិច្ច​កម្ពុជា


លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា (ស្តាំ) ពិភាក្សា​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ (Thaksin Shinawatra) នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ក្នុង​ពេល​កន្លង​មក។ (រូបថត​ឯកសារ)
លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា (ស្តាំ) ពិភាក្សា​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ (Thaksin Shinawatra) នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ក្នុង​ពេល​កន្លង​មក។ (រូបថត​ឯកសារ)

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​ បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ ថាក់ស៊ីន ស៊ីនណាវ៉ាត់ (Thaksin Shinawatra) នឹង​ចាប់​ផ្តើម​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​សុក្រ​នេះ។

ដំណើរ​ទស្សនកិច្ច​របស់​លោកថាក់ស៊ីន ស៊ីនណាវ៉ាត់ បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​លោក​ស្រី​នាយក​រដ្ឋមន្ត្រី​ថៃ យីងឡាក់ ស៊ីនណាវ៉ាត់​ (Yingluck Shinawatra) ដែល​នឹង​ធ្វើ​ទស្សនកិច្ច​រយៈពេល​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ទី​១៥។

កាល​ពីថ្ងៃ​ច័ន្ទ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា​ លោក​ ថាក់ស៊ីន ស៊ីនណាវ៉ាត់ នឹង​ស្នាក់​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​១៦​ ដល់​ថ្ងៃ​ទី​២៤ ​ខែ​កញ្ញា​ និង​ចូល​រួម​សន្និសីទ​ស្តី​ពី​អនាគត​សេដ្ឋកិច្ច​អាស៊ី​ដែល​បាន​រៀបចំ​ដោយ​រាជ​បណ្ឌិតសភា​កម្ពុជា។ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​ លោក​នឹង​មិន​និយាយ​ជា​មួយ​លោក​ ថាក់ស៊ីន ស៊ីនណាវ៉ាត់ ​អំពី​ផល​ប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ​ទេ​ ហើយ​ក៏​គ្មាន​ការ​ចរចា​អំពី​បញ្ហា​ប្រេង​ និង​ឧស្ម័ន​រវាង​លោក ​ថាក់ស៊ីន ស៊ីនណាវ៉ាត់ ​និង​កម្ពុជា​នោះ​ដែរ។

«ខ្ញុំ​សូម​បញ្ជាក់​ថា ​លោក ​ថាក់ស៊ីន ស៊ីនណាវ៉ាត់ គ្មាន​ភារកិច្ច​នឹង​ចរចា​លើ​ករណី​អ្វី​ទាំង​អស់​ក្នុង​ផល​ប្រយោជន៍​រឿង​ទំនាក់​ទំនង​រវាង​កម្ពុជា​ ថៃ​ ព្រោះ​នេះ​ជា​តួនាទី​របស់​រាជរដ្ឋាភិបាល​ថៃ​ មិនមែន​ជា​តួនាទី​របស់​លោក​ ថាក់ស៊ីន ស៊ីនណាវ៉ាត់ ទេ»។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​បាន​បន្ត​ថា គ្មាន​កិច្ចព្រម​ព្រៀង​ត្រូវ​បាន​សម្រេច​អំពី​បញ្ហា​ប្រេង​នេះ​ទេ។ ទោះ​បី​ជា​ការ​ចរចា​រវាង​កម្ពុជា​ និង​ថៃ​បាន​ធ្វើ​ឡើង​ជា​សម្ងាត់​ និង​ចំហ​ក្តី ការ​ចរចា​ទាំង​អស់​មិន​ទាន់​បាន​ចេញ​លទ្ធផល​ណា​មួយ​ទេ​ ហើយ​ក៏​មិន​អាច​មាន​រឿង​ផលប្រយោជន៍​អាថ៌កំបាំង​ណា​មួយ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​ បាន​ថ្លែង​ថា លោក​នឹង​ទទួល​លោក ថាក់ស៊ីន ជា​ផ្លូវ​ការ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ និង​និយាយ​អំពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។

«នៅ​ថ្ងៃ​ទី​១៦ លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ មក​ដល់​កម្ពុជា។​ ខ្ញុំទទួល​លោក​ ថាក់ស៊ីន ស៊ីនណាវ៉ាត់ នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​និង​បាយ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​លោក​ឯង​ថា​អ្វី​ខ្ញុំ។​ ប្រទេស​ខ្ញុំ​ ទីស្តីការ​គណៈរដ្ឋមន្ត្រី​ខ្ញុំ»។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន​ បាន​ថ្លែង​ថា ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី​២៤​ លោក​ ថាក់ស៊ីន​ នឹង​ធ្វើ​បទ​ឧទេ្ទសនាម​នៅ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​នៅ​ថ្ងៃ​ទី​១៧។ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​លេង​កូនហ្គោល​ជាមួយ​លោក​ ថាក់ស៊ីន នៅ​ថ្ងៃ​ទី​១៨។ ​លោក ​ថាក់ស៊ីន ធ្វើ​ឧទ្ទេសនាម​នៅ​សិក្ខាសាលា​ស្តីពី​អនាគត​សេដ្ឋកិច្ច​អាស៊ី​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១៩។​ នៅ​ថ្ងៃ​ទី​២០ ​លោក​ ថាក់ស៊ីន ជិះ​យន្តហោះ​ទៅ​កាន់​ខេត្ត​សៀមរាប​ដើម្បី​ជួប​ជាមួយ​ក្រុម​មេដឹក​នាំ​ចលនា​អាវ​ក្រហម​ និង​អ្នក​គាំទ្រ។​ សមាជិក​សភា​កម្ពុជា​ និង​ថៃ ​និង​មន្ត្រី​ជាន់​ខ្ពស់​នឹង​លេង​បាល់ទាត់​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៤។

លោក ​កឹម​ សុខា ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​ថ្លែង​ថា​ កម្ពុជា​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក ​ថាក់ស៊ីន​ ដើម្បី​ជៀស​វាង​ជម្លោះ​ដែល​អាច​កើត​មាន​រវាង​កម្ពុជា ​និងថៃ។

«ថៃ​មិន​ដែល​នៅ​ក្រោម​យើង​ទេ​ ច្រើន​តែ​កេង​ពី​យើង។​ ខ្ញុំ​សុំ​ឲ្យ​គាត់​ ប្រយ័ត្ន​ចាញ់​កល់ល្បិច​គេ​យក​ចំណេញ​សេដ្ឋកិច្ច​ពី​យើង»។

លោក ​សុន ​ឆ័យ ​តំណាង​រាស្ត្រ​គណបក្ស​សម​ រង្សី​ បាន​ថ្លែង​ថា កម្ពុជា​គួរ​តែ​ទទួល​បាន​ការ​យល់​ព្រម​ ឬ​ការ​ស្រុះ​ស្រួល​ជា​មួយថៃ​មុន​នឹង​អនុញ្ញាត​ឲ្យ​លោក​ថាក់ស៊ីន​ មក​កម្ពុជា។

«យើង​សង្កេត​ឃើញ​ថា​ មាន​រដ្ឋាភិបាល​ថ្មី​ដែល​មាន​ប្អូន​ស្រី​របស់​លោក ថាក់ស៊ីន ជា​នាយករដ្ឋមន្ត្រី​នេះ​ ហាក់​ដូច​ជា​យើង​អាច​នឹង​មាន​ការ​ស្រុះស្រួល​គ្នា​ជាង​មុខ​ក៏​ពិត​មែន​ ក៏ប៉ុន្តែ​បើ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ប្រទេស​កម្ពុជា​ត្រូវ​តែ​គោរព​សេចក្តី​សម្រេច​របស់​តុលាការ​ប្រទេស​ថៃ​ និង​មិន​ត្រូវ​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ទៅ​លើ​ច្បាប់​ទម្លាប់​ប្រទេស​គេ​ ជាពិសេស​ប្រទេស​ជិត​ខាង​យើង​នោះ​ទេ»។

ក្នុង​រដ្ឋាភិបាល​របស់​អតីត​នាយករដ្ឋមន្ត្រី​ អាភីស៊ីត វីចាជីវៈ (Abhisit Vejjajiva) បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ចាប់​បញ្ជូន​ខ្លួន​លោក​ ថាក់ស៊ីន ទៅ​ប្រទេស​ថៃ​ដើម្បី​ប្រឈម​នឹង​តុលាការ​ ប៉ុន្តែ​ទីក្រុង​ភ្នំពេញ​បាន​បដិសេធ៕

XS
SM
MD
LG