នៅថ្ងៃអង្គារនេះ តុលាការខេត្តស៊ីសាកេត ប្រទេសថៃបានបើកសវនាការជំនុំជម្រះជនជាប់ចោទចំនួនបីរូបដែលរួមមានពលរដ្ឋកម្ពុជាមួយរូប ជនជាតិថៃមួយរូបនិងជនជាតិវៀតណាមមួយរូប ក្រោមបទចោទប្រកាន់ថា បានប្រើប្រាស់គ្រឿងញៀន និងធ្វើចារកម្មក្នុងប្រទេសថៃ។
លោកនេត សេរី អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃបានប្រាប់វីអូអេ តាមទូរស័ព្ទពីប្រទេសថៃមកថា បន្ទាប់ពីបានបើកសវនាការអស់រយៈពេលជាងពីរម៉ោង តុលាការខេត្តស៊ីសាកេតបានប្រកាសថា សំណុំរឿងនេះនឹងយកមកជំនុំជម្រះសារជាថ្មីម្តងទៀតនៅថ្ងៃទី១៥ខែសីហាខាងមុខនេះដោយសារតែគ្មានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់ទៅលើជនជាប់ចោទ។
«ខាងលោកអ៊ីង គឹមថៃបានបដិសេធ។ ហើយខាងលោកមេធាវីយើងគាត់បានបដិសេធដែរ ព្រោះរាល់ការចោទប្រកាន់គ្រាន់តែវាមានជាឯកសារ ក៏ប៉ុន្តែរូបទិដ្ឋភាពនិងភស្តុតាងជាក់ស្តែងវាអត់មាន»។
លោកអ៊ីង គឹមថៃអាយុ៤៦ឆ្នាំត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី៧ខែមិថុនាកន្លងទៅនេះនៅស្រុកត្រពាំងប្រាសាទ ខេត្តស៊ីសាកេត ប្រទេសថៃជាមួយនិងពលរដ្ឋថៃមួយរូបនិងជនជាតិវៀតណាមមួយរូបទៀត។
អាជ្ញាធរថៃបានចោទប្រកាន់ថា ពួកគេមានបំណងចូលទីតាំងបន្ទាយយោធាថៃដោយខុសច្បាប់និងធ្វើចារកម្ម។
នៅក្នុងបន្ទប់សវនាការ លោកអ៊ីង គឹមថៃត្រូវបានលោកនេត សេរីដកស្រង់សម្តីមកអះអាងថា លោកមិនបានធ្វើសកម្មភាពចារកម្មទេ ហើយលោកមកប្រទេសថៃក្នុងនាមជាអ្នកទេសចរណ៍តែប៉ុណ្ណោះ។
លោកនេត សេរីបានបញ្ជាក់ទៀតថា នៅពេលបើកសវនាការ តុលាការគ្មានភស្តុតាងណាមួយដាក់បន្ទុកទៅលើជនជាប់ចោទទេ។
លោក Panitan Watanayagorn អ្នកនាំពាក្យរដ្ឋាភិបាលចាំផ្ទះក្រុងបាងកក ប្រទេសថៃមិនបានធ្វើអត្ថាធិប្បាយទេ ដោយលោកបានអះអាងថា កំពុងជាប់រវល់ប្រជុំ។ ចំណែកឯមន្ត្រីស្ថានទូតថៃប្រចាំប្រទេសកម្ពុជាមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា រដ្ឋាភិបាលមិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់តុលាការបានទេ។ ទោះជាយ៉ាងណាក៏ដោយ ក៏លោកបានមានប្រសាសន៍ថា លោកមិនមានព័ត៌មានគ្រប់គ្រាន់ជុំវិញករណីកាត់ទោសជនសង្ស័យទាំងបីនាក់នេះទេ។
លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ការចោទប្រកាន់ទាំងពីរករណីរបស់តុលាការថៃគ្រាន់តែជាលេសដើម្បីដោះដូរទណ្ឌិតថៃពីររូបដែលកំពុងស្ថិតក្នុងពន្ធនាគារព្រៃសរបស់កម្ពុជាតែប៉ុណ្ណោះ។
«គេរកភស្តុតាងអត់មិនបានសម្រាប់ការឃុំខ្លួនបណ្ណោះអាសន្នទៅលើពលរដ្ឋយើងចំនួនជាង៤០ថ្ងៃហើយនោះទេ។ គេរកមិនឃើញ បែរជាគេថា លើកពេលទៅថ្ងៃទី១៥ខែសីហាវិញ ដើម្បីបង្ហាញភស្តុតាង។ នេះគឺជារយៈពេលដើម្បីគេខិតខំប្រឌិតភស្តុតាងតែប៉ុណ្ណោះ បាទ»។
កាលពីខែកុម្ភៈ តុលាការក្រុងភ្នំពេញបានកាត់ទោសជនជាតិថៃពីររូបគឺលោក Veera Somkhwamkid ឲ្យជាប់ពន្ធនាគារចំនួន៨ឆ្នាំនិងអ្នកស្រី Ratree Pipatanapaiboon ឲ្យជាប់ពន្ធនាគារចំនួន៦ឆ្នាំ ពីបទធ្វើចារកម្មក្នុងទឹកដីកម្ពុជា។
លោក Abhisit Vejjajiva នាយករដ្ឋមន្ត្រីថៃធ្លាប់បានអះអាងថា ពលរដ្ឋកម្ពុជាដែលសង្ស័យពីបទធ្វើចារកម្មក្នុងប្រទេសថៃ អាចជាថ្នូរនឹងពលរដ្ឋថៃពីររូបដែលកំពុងជាប់ពន្ធនាគារក្នុងប្រទេសកម្ពុជាពីបទចារកម្ម។
លោកកុយ គួងបានបញ្ជាក់ថា ជំហររបស់កម្ពុជាមិនអាចធ្វើការដោះដូរពលរដ្ឋរងគ្រោះកម្ពុជាជាមួយនឹងទណ្ឌិតរបស់ថៃបានទេ៕