តុលាការរបស់ប្រទេសកម្ពុជាបានចោទប្រកាន់ជាផ្លូវការប្រឆាំងជនជាតិបរទេសពីររូប ដែលរួមមាន ជនជាតិបង់ក្លាដេស និងនេប៉ាល់ពីបទភេរវកម្មប្រឆាំងនឹងស្ថានទូតអាមេរិក អូស្ត្រាលី និងអង់គ្លេស។ ការចោទប្រកាន់នេះធ្វើឡើង ក្រោយពីជនបរទេសទាំងពីររូបនេះ បានផ្ញើសារថា មានជនបរទេសចំនួន៤រូប បានប៉ុនប៉ងវាយប្រហារស្ថានទូតបស្ចិមប្រទេសទាំងបីនេះ។
លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ៖
លោកសុខ រឿន ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញ បានបញ្ជាក់នៅថ្ងៃសុក្រនេះថា តុលាការបានសម្រេចចោទប្រកាន់ជាផ្លូវការចំពោះជនជាតិនេប៉ាល់មួយរូប និងជនជាតិបង់ក្លាដេសមួយរូប ពីបទប្រឆំាងភេរវកម្ម និងចូលមកកាន់ប្រទេសកម្ពុជាដោយខុសច្បាប់។
"ចោទពីបទភេរវកម្ម ដោយប្រើហិង្សា ដែលមានគោលដៅក្នុងបំណងជំរុញ និងបង្ហាញថា មានលក្ខណៈដាក់សម្ពាធផ្នែកនយោបាយប៉ះពាល់ដល់សន្តិសុខជាតិ និងបង្កភាពតក់ស្លុតដល់បុគ្គលិក ស្ថានទូតអូស្រ្តាលី អាមេរិក អង់គ្លេស ដែលជាបុគ្គល ដែលត្រូវបានច្បាប់ការពារជាអន្តរជាតិ និងចូលមកព្រះរាជាណាចក្រកម្ពុជាដោយគ្មានការអនុញ្ញាត"។
កាលពីថ្ងៃទី២ ខែមិថុនា កន្លងទៅនេះ អាជ្ញាធររបស់រដ្ឋាភិបាលកម្ពុជាបានចាប់ខ្លួនលោកDT TAUDYAL ហៅ DIP អាយុ៤៤ឆ្នាំ ជាជនជាតិនេប៉ាល់នៅផ្ទះរបស់លោក ដែលមានទីតាំងនៅខណ្ឌ ចំការមន រាជធានីភ្នំពេញ និងលោកRAFIQUL ISLAM ហៅ KALAM អាយុ៤២ឆ្នាំ ជាម្ចាស់ភោជ នីយដ្ឋាន ដែលមានទីតាំងនៅក្នុងសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ។
លោកគាត ចន្ទឋារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានមានប្រសាសន៍ថា ការចាប់ ខ្លួនជនជាតិបរទេសទាំងពីររូបនេះ បានកើតមានឡើងដោយសារតែពួកគេបានផ្ញើរសារទៅស្ថានទូត បស្ចិមប្រទេសមួយចំនួន ដែលរួមមានស្ថានទូតស.រ.អ. អូស្រ្តាលី និងអង់គ្លេសថា មានជន ជាតិបរទេសចំនួន៤រូបកំពុងរៀបចំផែនការសកម្មភាពភេរវកម្មបំផ្លិចបំផ្លាញប្រឆាំងនឹង ស្ថានទូតទាំង៣នេះ។
លោកគាត ចន្ទឋារិទ្ធ ពុំបានបញ្ជាក់អត្តសញ្ញាណជនបរទេសទាំង៤រូបនោះទេ ដោយលោក បានមានប្រសាសន៍ថា បន្ទាប់ពីប៉ូលិសបានស្រាវជ្រាវជនបរទេសទាំង៤រូបនេះ ពុំជាប់ពាក់ព័ន្ធទៅនឹង សកម្មភាពភេរវកម្មទេ។
"ពាក់ព័ន្ធនឹងគាត់សរសេរសំបុត្រអណាមិកដាក់ទៅស្ថានទូតអាមេរិក ស្ថានទូតអង់គ្លេស ស្ថានទូតអូស្រ្តាលី នៅភ្នំពេញណា៎ ដោយគាត់ប្រាប់ថា មានមុខសញ្ញា៤នាក់ ឈ្មោះក ខ គ ឃ។ ខ្ញុំអត់ ចាំគឺថា កំពុងតែរៀបចំផែនការធ្វើសកម្មភាពភេរវកម្មបំផ្លិចបំផ្លាញ វាយប្រហារនៅស្ថានទូតហ្នឹងណា៎"។
លោកគាត ចន្ទឋារិទ្ធ បានមានប្រសាសន៍ទៀតថា យើងបានសម្រេចឃុំខ្លួនជនសង្ស័យទាំង២ រូបនេះ នៅពន្ធនាគារព្រៃសហើយ ដើម្បីរងចាំជំនុំជម្រះទោស។
លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលបានដាក់ពង្រឹងសន្តិសុខ និងរិតបណ្តឹងការពារបន្ថែម ទៀតនៅស្ថានទូតបស្ចិមប្រទេសទាំងអស់ក្នុងប្រទេសកម្ពុជា។
លោកJOHN JOHNSON អ្នកនាំពាក្យស្ថានទូតស.រ.អ. ប្រចាំប្រទេសកម្ពុជា បានមាន ប្រសាសន៍ប្រាប់ VOA សំឡេងស.រ.អ.ថា នៅពេលដែលកំពុងដំណើរការស៊ើបអង្កេត យើងពុំធ្វើអត្ថាធិប្បាយទេ។
ប្រទេសកម្ពុជាធ្លាប់បានប្រើប្រាស់ជាទីជម្រក ដោយមេភេរវករJEMAAH ISLAMIYA ដែលហៅកាត់ថា JI គឺឈ្មោះ HAMBALI កាលពីឆ្នាំ២០០៣ ហើយក្រោយមកត្រូវបានអាជ្ញាធររដ្ឋាភិបាលថៃចាប់ខ្លួន បន្ទាប់ពីចាកចេញពីប្រទេសកម្ពុជា។
ស.រ.អ.បានចាត់ទុកកម្ពុជាថា ជាដៃគូដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិ។
ពីទីក្រុងភ្នំពេញ ខ្ញុំ ហេង រស្មី VOA សំឡេងស.រ.អ.៕