ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​រាជធានី​ភ្នំពេញ​បដិសេធ​ការ​សុំ​ច្បាប់​ដង្ហែ​ក្បួន​ទាមទារ​តម្លើង​ប្រាក់ខែ​គ្រូ​បង្រៀន


លោក ​រ៉ុង ​ឈុន ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ចូល​រួម​នៅ​ក្នុង​បាតុកម្ម​មួយ​​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​សីហា​ឆ្នាំ​២០០៨ ដើម្បី​ប្រឆាំង​នឹង​​ការណ៍​ដែល​ប្រទេស​ថៃ​បញ្ជូន​ទ័ព​ទៅ​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ​និង​ប្រាសាទ​តាមាន់។ នៅ​ថ្ងៃ​សុក្រ​នេះ ក្បួន​ដង្
លោក ​រ៉ុង ​ឈុន ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ចូល​រួម​នៅ​ក្នុង​បាតុកម្ម​មួយ​​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​សីហា​ឆ្នាំ​២០០៨ ដើម្បី​ប្រឆាំង​នឹង​​ការណ៍​ដែល​ប្រទេស​ថៃ​បញ្ជូន​ទ័ព​ទៅ​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ​និង​ប្រាសាទ​តាមាន់។ នៅ​ថ្ងៃ​សុក្រ​នេះ ក្បួន​ដង្

នៅ​ថ្ងៃ​សុក្រ​នេះ​ សាលា​រាជធានី​ភ្នំពេញ​បាន​បដិសេធ​សំណើរ​សុំ​ដើរ​ដង្ហែ​ក្បួន​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​ខែ​ដល់​គ្រូ​បង្រៀន​ ដែល​កំពុង​ប្រឈម​នឹង​តម្លៃ​ម្ហូប​អាហារ​ឡើង​ថ្លៃ។ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​គ្រោង​នឹង​ដើរ​ដង្ហែ​ក្បួន​នៅ​ទិវា​គ្រូ​បង្រៀន​ពិភពលោក​ថ្ងៃ​ទី​៥​ ខែ​តុលា​ តាម​ដង​ផ្លូវ​នា​នា​ក្នុង​ទីក្រុង​ភ្នំពេញ ​ដើម្បី​ប្រគល់​ញត្តិ​ជូន​ក្រសួង​អប់រំ​ ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ​និង​រដ្ឋសភា​ ដោយ​មាន​អ្នក​ចូល​រួម​យ៉ាង​តិច​៣៥០​នាក់។​ ញត្តិ​នេះ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​បៀវត្សរ៍​របស់​គ្រូ​បង្រៀន​ ការ​លុបបំបាត់​ភាព​មិន​ប្រក្រតី ​ឬ​ អំពើ​ពុករលួយ​នៅ​ក្នុង​វិស័យ​អប់រំ​ និង​ការ​លើក​កម្ពស់​គុណភាព​អប់រំ។

សេចក្តីថ្លែងការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​មាន​ការ​ដង្ហែ​ក្បួន​ឡើយ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ ​សុវត្ថិភាព ​និង​សណ្តាប់​ធ្នាប់​សាធារណៈ ​ព្រោះ​អំឡុង​ពេល​នេះ​ សាលា​រាជធានី​ភ្នំពេញ​កំពុង​រង​ផល​ប៉ះពាល់​ពី​ទឹក​ជំនន់។

សេចក្តី​ថ្លែងការណ៍​នេះ​ បាន​បន្ថែម​ថា​សាលា​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាត​ឲ្យ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ធ្វើ​ការ​ជួប​ប្រជុំ ​និង​សម្តែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​និង​អនុញ្ញាត​ឲ្យ​ចាត់​តំណាង​១៥​នាក់​ធ្វើ​ដំណើរ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ ​ដើម្បី​យក​ញត្តិ​ទៅ​ប្រគល់​ជូន​ក្រសួង​អប់រំ​ ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ​និង​រដ្ឋសភា។

លោក ​រ៉ុង ​ឈុន ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«យើង​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​សាលា​រាជធានី​ភ្នំពេញ​ ហើយ​យើង​កត់​សម្គាល់​ឃើញ​ថា​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ ​និង​ការ​ដង្ហែ​ក្បួន​ធ្លាក់​លេខ​សូន្យ​នៅ​កម្ពុជា​យើង​ ហើយ​យើង​មើល​ឃើញ​ថា​ ការ​ធ្វើ​បែប​នេះ​ប្រាសចាក​ទៅ​នឹង​អ្វី​ដែល​មាន​ការ​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ស្តីពី​សិទ្ធិ​ប្រជា​ពលរដ្ឋ»។

លោក​ រ៉ុង ​ឈុន ​បាន​បញ្ជាក់​ថា​ លោក​មិន​បោះបង់​ចោល​ផែនការ​ដើរ​ដង្ហែ​ក្បួន​ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជីវភាព​របស់​គ្រូ​បង្រៀន​នេះ​ទេ។

«ជំហរ​របស់​ខ្ញុំ​នៅ​តែ​ព្យាយាម​ធ្វើ​ការដង្ហែ ​បើ​ទោះបី​អាជ្ញាធរ​រារាំង​យ៉ាង​ណា​ក៏​ដោយ។​ យើង​នៅ​តែ​ធ្វើ​ការ​តស៊ូ​មតិ​ ហើយ​យើង​នឹង​មាន​យុទ្ធសាស្ត្រ​ច្រើន»។

លោក ​រ៉ុង ​ឈុន​ បានបន្ត​ថា​ញត្តិ​នេះ​ទាមទារ​តម្លើង​ប្រាក់បៀវត្សរ៍​របស់​គ្រូ​បង្រៀន​ឡើង​ដល់​២៥០​ដុល្លារ​អាមេរិក​ ពី​ចំនួន​ប្រាក់បៀវត្សរ៍​បច្ចុប្បន្ន​ជា​មធម្យ​ ៥០​ដុល្លារ​អាមេរិក​សម្រាប់​គ្រូ​បង្រៀន​នៅ​បឋមសិក្សា​ដើម្បី​ឲ្យ​មាន​តុល្យភាព​នឹង​តម្លៃ​ទីផ្សារ។

«ទី​មួយ​ យើង​អបអរសាទរ​ទិវា​គ្រូ​បង្រៀន​ពិភព​លោក ​ហើយ​ឆ្លៀត​យក​ឱកាស​នេះ​ យើង​ធ្វើ​ការទាមទារ​ជូន​គ្រូ​បង្រៀន ​ដោយសារ​បច្ចុប្បន្ន​មាន​ការ​ប្រឈម​ខ្លាំង​ ទាក់​ទង​នឹង​បញ្ហា​ជីវភាព​រស់​នៅ​របស់​ពួក​គាត់។​ យើង​និយាយ​អំពី​ទំនិញ​ឡើង​ថ្លៃ ​និង​បញ្ហា​ផ្សេងៗ​ជា​ច្រើន»។

លោក​ ចាន់​ សាវ៉េត ​ប្រធាន​ផ្នែក​ឃ្លាំ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​ នៃ​សមាគម​សិទ្ធិ​មនុស្ស​ អាដហុក​ បាន​ថ្លែង​ថា​សាលា​រាជធានី​ភ្នំពេញ​បាន​រឹត​ត្បឹត​សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចោញ​មតិ ​ការ​ប្រមូល​ផ្តុំ ​និង​ការ​ដើរ​ដង្ហែ​ក្បួន។

«ការ​ត្បិត​ត្បៀត​មិន​ឲ្យ​ធ្វើ​ការ​ដង្ហែ​ក្បួន​ ទៅ​តាម​អ្វី​ដែល​ជា​សេចក្តី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ។​ វា​ ប៉ះពាល់​ដល់​ការ​មិន​គោរព​សិទ្ធិ​មនុស្ស ​ដ៏​ទូលំ​ទូលាយ​នៅ​ក្នុង​ប្រទេស​យើង ​ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។​ សាលា​រាជធានី​ភ្នំពេញ​មិន​អាច​យក​លេស​ត្រឹម​តែ​រឿង​ប៉ះពាល់ ​សន្តិសុខ ​និង​សណ្តាប់ធ្នាប់​សាធារណៈ​នោះ»។

លោក ​ចាន់​ សាវ៉េត​ បាន​បន្ត​ថា​សាលា​រាជធានី​ភ្នំពេញ​គួរ​តែ​អនុញ្ញាត​ឲ្យ​ដង្ហែ​ក្បួន​ ដើម្បី​បង្ហាញ​ពី​សេរីភាព​នៃ​ការ​សម្តែង​មតិ​ និង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ពេញ​លេញ​របស់​រដ្ឋាភិបាល​កម្ពុជា៕

XS
SM
MD
LG