ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាស ​មុត ​និង ​ស៊ូ ​ម៉េតជា​ជន​ជាប់​សង្ស័យ​ក្នុង​សំណុំរឿង​០០៣៖ ឡូរ៉ង់ កាស្ពែ-អង់ស៊ែម៉េ


លោក ​ឡូរ៉ង់ កាស្ពែ-អង់ស៊ែម៉េ សហចៅក្រម​ស៊ើបអង្កេត​បម្រុង​អន្ដរជាតិ​ដែល​លាលែង​ពី​ការងារ
លោក ​ឡូរ៉ង់ កាស្ពែ-អង់ស៊ែម៉េ សហចៅក្រម​ស៊ើបអង្កេត​បម្រុង​អន្ដរជាតិ​ដែល​លាលែង​ពី​ការងារ

សហចៅក្រម​ស៊ើបអង្កេត​បម្រុង​អន្ដរជាតិ​ដែល​លាលែង​ពី​ការងារ ​លោក ​ឡូរ៉ង់ កាស្ពែ-អង់ស៊ែម៉េ ​បាន​ជំរុញ​ឡើងវិញ​ឲ្យ​ចាប់​នាំ​ខ្លួន ​អតីត​មេបញ្ជាការ​ជាន់ខ្ពស់​កងទ័ព​ខ្មែរក្រហម​ពីរ​នាក់​គឺ​ស៊ូ ​ម៉េត ​និង​មាស ​មុត ​យក​មក​កាត់ទោស​ក្នុង​សំណុំរឿង​០០៣។

មនុស្ស​ជា​ច្រើន​ពាន់​នាក់​ត្រូវ​គេ​ជឿ​ថា ​បាន​ស្លាប់​នៅ​ក្រោម​ការ​គ្រប់គ្រង​នៃ​កម្មាភិបាល​ជាន់ខ្ពស់​ខ្មែរ​ក្រហម​ទាំង​ពីរ​នាក់​នេះ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ចន្លោះ​ពី​ឆ្នាំ ​១៩៧៥ ​ដល់​ឆ្នាំ​១៩៧៩។

នៅ​ក្នុង​ដីកា​សម្រេច​ជា​ឯកតោ​ភាគី​ចំនួន​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​កាល​ពី​ថ្ងៃ​ពុធ​លោក ​ឡូរ៉ង់ កាស្ពែ-អង់ស៊ែម៉េ ​បាន​សរសេរ​ដូច​គ្នា​ដោយ​គ្រាន់​តែ​បង្ហើប​ពី​តួនាទី​របស់​មាស ​មុត ​និង ​ស៊ូ ​ម៉េត ​ថា ​ជា​អ្នក​ទទួល​ខុសត្រូវ​ខ្មែរក្រហម​ដែល​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​ឬ ​សាលាក្ដី​ខ្មែរក្រហម​មាន​យុត្តាធិការ «ក្នុងការ​នាំខ្លួន​ជន​ជាប់​សង្ស័យ» ទាំង​នេះ​យក​មក​កាត់ទោស។

លោក​ចៅក្រម​សញ្ជាតិ​ស្វ៊ីស ​បាន​ពិពណ៌នា​យ៉ាង​ពិស្ដារ​ថា ​មេបញ្ជាការ​កងទព័​ជើង​ទឹក​កងពល​លេខ ​១៦៤ ​ដែល​គេ​ស្គាល់​ថា​ជា ​មាស ​មុត ​ជាប់​ពាក់ព័ន្ធ​នឹង​បោស​សំអាត​ផ្ទៃក្នុង​នៃ​កងពល​របស់​ខ្លួន​ដែល​មាន​ទាហាន​ចន្លោះ​ពី​៨៥០០​ ទៅ ​១០ ០០០ ​នាក់ ​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​លើ​ប្រទេស​វៀតណាម​ចន្លោះ​ពី​ឆ្នាំ ​១៩៧៧ ​ដល់​ឆ្នាំ​១៩៧៨ ​ការ​ចាប់​ខ្លួន ​និង​សម្លាប់​អ្នក​នេសាទ​ថៃ​ និង​វៀតណាម។

ក្រៅ​ពីនោះ​មាស ​មុត ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចាប់​អ្នកទោស​ទៅ​កាន់​មន្ទីរ​ ស ​២១ ​ឬ ​គុក​ទួលស្លែង ​ការ​គ្រប់គ្រង​មន្ទីរ​សន្តិសុខ​វត្ត​ អេងទាញាណ ​ក្នុង​ខេត្ត​កំពុងសោម​ដែល​មានមាន​មនុស្ស​យ៉ាងតិច​២០០ ​នាក់​ត្រូវ​បាន​រក​ឃើញ​ថា ​ស្លាប់​នៅ​ទីនោះ។

លោក ​ឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ ​ក៏​បាន​រៀបរាប់​ទៀត​ថា ​មាស ​មុត ​ជាប់​ពាក់ព័ន្ធ​នឹង​ការដ្ឋាន​វាយថ្ម​ស្ទឹងហាវ ​ក្នុង​ខេត្ត​ដដែល​នេះ​។ ​មនុស្ស​ចំនួន​យ៉ាង​តិច​១០០​នាក់​ ត្រូវ​ធ្វើ​ការ​ដោយ​បង្ខំ​នៅ​ទីនេះ ​។ ទី​កន្លែង​ទាំង​ពីរ​គឺ​ជា​មណ្ឌល​សម្លាប់​ និង​កែប្រែ​ដែល​ជា​ផ្នែក​នៃ​បោសសំអាត​ផ្ទៃក្នុង​ផងដែរ។

ស្រប​ជាមួយ​គ្នា​នេះ​ដែរ​ សហចៅក្រម​ស៊ើបអង្កេត​អន្ដរជាតិ​បម្រុង ​លោក ​ឡូរ៉ង់ កាស្ពែ-អង់ស៊ែម៉េ បាន​បង្ហាញ​ថា ​ប្រធាន​កងពលលេខ​៥០២​ ដែល​គេ​ស្គាល់​ថា ​ជា ​ស៊ូ ​ម៉េត ​មេបញ្ជាការ​កងទ័ព​អាកាស ​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​មន្ទីរសន្តិសុខ ​ស ​២២ ​ដែល​មាន​អ្នកទោស​ចំនួន ​៣០០ ​នាក់ ​ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​ចាប់​ និង​បញ្ជូន​អ្នកទោស​ទៅ​កាន់​គុក​ទួលស្លែង​និង​ការដ្ឋាន​សាងសង់​ព្រលាន​យន្ដហោះ​ នៅ​ខេត្ត​កំពង់ឆ្នាំ​ដែល​មាន​ប្រជាជន​ចំនួន​ជាង​ ១០ ០០០ ​នាក់​ត្រូវ​កេណ្ឌ​ឲ្យ​ធ្វើការ។

សេចក្ដី​សម្រេច​នេះ​ធ្វើ​ឡើង​ខណៈពេល​ដែល​លោក​ឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ ​ត្រូវ​លាឈប់​ពី​សាលាក្ដី​ខ្មែរក្រហម​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី៤​ ខែ​ឧសភា​នេះ។

លោក​សហចៅក្រម​ស៊ើបអង្កេត​បម្រុង​សញ្ជាតិស៊្វីស ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

លោក ​ឡាស ​អលសិន ​អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​ខាង​ភាគី​អង្គការ​សហប្រជាជាតិ​មាន​ប្រសាសន៍​ថា ​សំណួរ​របស់​វីអូអេ​សម្លេង​សហរដ្ឋអាមេរិក​ជា​ខេមរភាសា​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​លោក ​កាស្ពែ-អង់ស៊ែម៉េ ​រួច​ហើយ ​ហើយ​លោក​កំពុង​តែ​រង់ចាំ​ការ​ឆ្លើយតប​មក​វិញ​ផងដែរ។

លោក ​ឡុង ​បញ្ញាវុធ ​មន្ដ្រី​គម្រោង​នៃ​អង្គការ​គម្រោង​យុត្តិធម៌​សង្គម​សេរី​នៅ​កម្ពុជា​ដែល​ជា​ផ្នែក​មួយ​នៃ​អង្គការOSJI របស់​សហរដ្ឋ​អាមេរិក​ថ្លែង​ថា ​លោកឡូរ៉ង់ កាស្ពែ-អង់ស៊ែម៉េ ​នៅ​មាន​សមត្ថកិច្ច​ក្នុង​ការ​ចេញ​សេចក្ដីថ្លែងការណ៍​មុន​នឹង​លោក​បញ្ចប់​ការងារ​នៅ​ថ្ងៃ​ស្អែក​នេះ។

«គាត់​ជា​ចៅក្រម ​គាត់​នៅ​មាន​សិទ្ធិ​ចាត់ចែង​នៅ​ឡើយ»។

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រឆាំង​ជំទាស់​យ៉ាង​ខ្លាំងក្លា​ទៅ​នឹង​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​បន្ថែម​យក​មក​កាត់​ទោស​ក្នុង​សំណុំរឿង​០០៣ ​និង​០០៤ ​ដែល​មាន​ជន​ជាប់សង្ស័យ​សរុប​ចំនួន​ប្រាំ​នាក់។

ការិយាល័យ​សហចៅក្រម​ស៊ើបអង្កេត​បាន​ប្រកាស​កាល​ពី​ខែ​មេសា ​ឆ្នាំ​២០១១ ​ពី​ការ​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​០០៣​នេះ​។ ​ក៏ប៉ុន្ដែ​លោក ​ឡូរ៉ង់ កាស្ពែ-អង់ស៊ែម៉េ ​ដែល​ចូល​កាន់​ការងារ​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​នេះ​មាន​ប្រសាសន៍​ថា ​ការ​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​ទី​៣ ​នេះ​មិន​ពេញលេញ​ហើយ​តម្រូវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​បន្ថែម៕

XS
SM
MD
LG