ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​​ចាប់​ផ្តើម​ងើប​ចេញពី​វិបត្តិ​សេដ្ឋកិច្ច


កំណើន​នាំចេញ​ផ្នែក​វាយនភ័ណ្ឌ​ទៅ​កាន់​ទីផ្សារ​ស.រ.អ.​ និង​ទី​ផ្សារ​​អឺរ៉ុប​ កើន​ឡើង​២១​ភាគរយ​ក្នុង​រយៈ​ពេល​ ៩ ​ឬ​ ១០​ខែ​ដើម​ឆ្នាំ​នេះ។
កំណើន​នាំចេញ​ផ្នែក​វាយនភ័ណ្ឌ​ទៅ​កាន់​ទីផ្សារ​ស.រ.អ.​ និង​ទី​ផ្សារ​​អឺរ៉ុប​ កើន​ឡើង​២១​ភាគរយ​ក្នុង​រយៈ​ពេល​ ៩ ​ឬ​ ១០​ខែ​ដើម​ឆ្នាំ​នេះ។

វ៉ាស៊ីនតោន៖ ប្រទេស​កម្ពុជា ​បង្ហាញ​ឲ្យ​ឃើញ​ពីការ​ចាប់​ផ្តើម​ងើប​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល។ មន្ត្រី​ជាន់​ខ្ពស់​នៃ​ប្រទេស​កម្ពុជា​យល់​ស្រប​ទៅ​នឹង​ការ​ទស្ស​ទាយ​ពី​កំណើន​ សេដ្ឋកិច្ច​របស់​អង្គការ​រូបិយ​វត្ថុ​អន្តរជាតិ ​IMF ​ដែល​បាន​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​ នឹង​កើន​ឡើង​ពី​៦​ ទៅ​៧​ភាគ​រយ​វិញ​នៅ​ឆ្នាំ​ខាង​មុខ​ ​បន្ទាប់​ពី​ត្រូវ​រង​ការ​ប៉ះទង្គិច​ដោយ​វិបត្តិ​សេដ្ឋ​កិច្ចពិភពលោក។

ការ​កើន​ឡើង​វិញ​ផ្នែក​សេដ្ឋកិច្ច​នេះ​ ត្រូវ​មន្ត្រី​រដ្ឋាភិបាល​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​គឺ​ផ្អែកទៅ​លើ​កំណើន​នាំចេញ​ផ្នែក​វាយនភ័ណ្ឌ​ទៅ​កាន់​ទីផ្សារ​ស.រ.អ.​ និង​ទី​ផ្សារអឺរ៉ុប​ កើន​ឡើង​២១​ភាគរយ​ក្នុង​រយៈ​ពេល​៩ ​ឬ​១០​ខែដើម​ឆ្នាំ​ និង​កំណើន​ភ្ញៀវ​ទេសចរណ៍​ចំនួន​១៥​ភាគរយ​ ដែល​ភាគ​ច្រើន​មក​ពី​តំបន់​អាស៊ី​ ​ហើយកំណើន​នាំ​ចេញ​ផ្នែក​វិស័យ​កសិកម្ម​កើន​ឡើង​ ៥​ភាគរយ​ ​នេះ​បើ​តាម​ការ​អះអាង​របស់លោក​ហង្ស ​ជួនណារ៉ុន​ រដ្ឋលេខា​ធិការ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ដែល​បានថ្លែង​ប្រាប់​ VOA ​ផ្នែក​ខេមរៈ​ភាសា​កាល​ពី​ថ្ងៃ​ពុធ។

«កត្តា​ទាំងអស់​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​ងើប​ចេញ​ពី​វិបត្តិ​សេដ្ឋ​កិច្ចហិរញ្ញ​វត្ថុ ​ដែល​ពិភពលោក​បាន​ឆ្លង​កាត់​ក្នុង​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​គេ​ឃើញ​មាន​ការ​ទស្សទាយ​ខុសគ្នា​ពី​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០១០ ​រវាង​កម្ពុជា​និង​ IMF ​។ ​លោក ​ហង្ស ជួនណារ៉ុន ​បាន​អះអាង​ថា៖

«នៅក្នុង​ឆ្នាំ​២០១០​នេះ​ បើ​គិត​ជា​ទស្សនៈ​ទាន​រួម​គឺ​ថា​ ​ទាំង​រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​ទាំង​អង្គការ​រូបិយ​វត្ថុ​អន្តរជាតិ​IMFគឺ​ថា​ ​មាន​ទស្សនៈទាន​ដូចគ្នា​ ​ក៏ប៉ុន្តែ​គ្រាន់​ តែ​ខុស​គ្នា​ត្រង់​ចំណុច​ដែលរាជ​រដ្ឋាភិបាល​បាន​ធ្វើការ​ព្យាករណ៍​ថា​ ​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០១០​មាន​ចំនួន​៥,៥​ភាគរយ​ ហើយ​IMFធ្វើការ​ព្យាករណ៍​ទាប​ជាង​ហ្នឹង​បន្តិច។​ ​ដោយ​ឡែក​ ​នៅ​ក្នុង​ឆ្នាំ​២០១១​គឺ​ យើង​មាន​ការ​ឯកភាព​គ្នា​ថា កំណើន​សេដ្ឋកិច្ច​មាន​ប្រហាក់​ប្រហែល​ ៦​ភាគរយ​ ​ហើយ​អតិផរណា​ប្រហែល​ជា​សម្រេច​បាន​៤​ភាគរយ»។

របាយ​ការណ៍​វិភាគ​សេដ្ឋកិច្ច​របស់​អង្គការ​IMFបាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​មាន​ចំនួន​៤,៨​ភាគរយ​នៅ​ឆ្នាំ​២០១០​ ​នៅពេល​ថ្លឹង​ថ្លែង​ជាមួយ​នឹង​ផលិត​ផល​សរុប​ក្នុង​ស្រុក​ GDP ​ដែល​កើន​ចំនួន​៤​ភាគរយ​ ក្នុង​តារាង​សន្ទស្សន៍​ថ្លៃ​ទំនិញ​របស់​ប្រទេស។

ក្នុង​ចំណោម​កត្តា​ទាំង​៤​ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​ ​មាន​ផ្នែក​សំណង់​ដែល​គេ​មើលឃើញ​ថា​ ​នៅ​មានឱនភាព​ជាង​គេ​ ​ខណៈ​ដែល​វិស័យ​កសិកម្ម​ ​ទេសចរណ៍​ ​និង​វិស័យ​កាត់ដេរ​ មាន​ការ​ងើប​ឡើង​យ៉ាង​ឆាប់​រហ័ស។ ​ដោយ​ឡែក​ ​ការ​វិនិយោគ​ជា​ច្រើន​ពី​ប្រទេស​ចិន​ និង​វៀតណាម​ បាន​កើត​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ដូចជាដំណាំ​កៅស៊ូ​លើ​ដី​សម្បទាន​ ​ប្រព័ន្ធ​ទូរគមនាគមន៍​ ​ការ​ជីករ៉ែ​ ​អគ្គិសនី​ជាដើមដែល​កម្ពុជា​ អាច​រក​ចំណូល​បាន​បន្ថែម​ពី​លើ​ការ​ពឹងពាក់​លើ​ទីផ្សារ​អាមេរិក​ ​និងអឺរ៉ុប​លើការ​នាំចេញ​សម្លៀក​បំពាក់​កាត់ដេរ​នោះ។

ប្រទេស​កម្ពុជា​ជា​ប្រទេស​ក្រីក្រ​មួយ​ ដែល​នៅ​ត្រូវការ​ជំនួយ​និង​កម្ចី​ពី​បរទេស​ យ៉ាង​តិច​ពាក់​កណ្តាល​នៃ​ចំណូល​ថវិកា​រដ្ឋ​ជា​រៀង​រាល់​ឆ្នាំ៕

XS
SM
MD
LG