ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្ត​ស្វាយរៀង​ដោះលែង​ប្រជា​ពលរដ្ឋ​ តាម​សំណើ​អាជ្ញាធរ​ និង​មេធាវី​


ឡាន​ប៉ូលិស​នាំ​ជន​សង្ស័យ​ចេញ​ពី​តុលាការ។
ឡាន​ប៉ូលិស​នាំ​ជន​សង្ស័យ​ចេញ​ពី​តុលាការ។

តុលាការ​ក្រុង​ស្វាយរៀង​សម្រេច​មិន​ឃុំ​ខ្លួន​ប្រជា​ពលរដ្ឋ​ចំនួន​៤នាក់​បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​ពី​អាជ្ញាធរ​ និង​មេធាវី​ការពារ​ជន​ជាប់​ចោទ។​ ក៏​ប៉ុន្តែ​តុលាការ​បង្គាប់​ឱ្យ​ពលរដ្ឋ​កុំ​ប្រព្រឹត្ត​ខុស​ឆ្គង​ត​ទៅ​ទៀត​ ​បើ​មិន​ដូច្នេះ​ទេ​ ពួក​គេ​នឹង​ត្រូវ​ចាប់​យក​មក​ឃុំឃាំង​វិញ។

លោក ​ហេង​ រស្មី ​ជូន​សេចក្កី​រាយ​ការណ៍​ជូន​ដូច​ត​ទៅ៖

លោក​ប៉ិច ឈឿត​ ចៅក្រម​ស៊ើប​អង្កេត​នៃ​តុលាការ​ក្រុង​ស្វាយរៀង​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​បញ្ជាក់​ថា​ តុលាការ​បាន​សម្រេច​មិន​ឃុំ​ខ្លួន​ប្រជា​ពលរដ្ឋ​ចំនួន​៤រូប ​ក្រោម​បទ​ចោទ​ប្រកាន់​ថា ​បាន​រារាំង​អ្នក​ កាន់​កាប់​អចលន​ទ្រព្យ​ស្រប​ច្បាប់។​ ក៏​ប៉ុន្តែ​តុលាការ​បាន​បង្គាប់​ឲ្យ​ខ្លួន​គេ​ កុំ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ត​ទៅ​ ទៀត​ បើ​ពុំនោះ​ទេ​ ​ពួក​គេ​នឹង​ត្រូវ​ចាប់​ខ្លួន​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់។

"ឲ្យ​ត្រឡប់​ទៅ​វិញ។ ​សាក​សួរ​រួច​ ដាក់​ក្រោម​ការ​ត្រួត​ពិនិត្យ។ ​ឲ្យ​គាត់​អញ្ជើញ​ទៅ​ផ្ទះ​វិញ​ តែ​ប៉ុណ្តឹង"។

ប្រជាជន​ទាំង​៤រូប​ ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ស្វាយរៀង​បាន​កោះ​ហៅ​នោះ​ រួម​មាន​លោក​ទិត្យ​ ម៉ាប់ ​លោក​ទិត្យ​ សំអាន​ លោក​ឈឹម ​សារ៉ាន​ និង​លោក​ចាន់ ហឿន។​ ចំណែក​លោក​ប៊ូ សុខា​ ប្រជាជន​មួយ​រូប​ផ្សេង​ទៀត​ ដែល​មាន​ឈ្មោះ​នៅ​ក្នុង​កោះ​ហៅ​របស់​តុលាការ​ដែរ​នោះ​ ពុំ​មាន​វត្តមាន​ នៅ​ក្នុង​បន្ទប់​សវនាការ​ជា​បឋម​របស់​តុលាការ​ទេ។

ប្រជា​ពលរដ្ឋ​ ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​កោះហៅ​នោះ​ បន្ទាប់​ពី​មាន​ពាក្យ​បណ្តឹង​មួយ​នៅ​ក្នុង​ រឿង​ទំនាស់​ដី​ធ្លី​ជា​មួយ​ក្រុម​ហ៊ុន​អាន​មារ៉ាឌី​គ្រុប​ដែល​ ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋ​កិច្ច​ពី​រដ្ឋាភិបាល​ ចំនួន​ប្រមាណ​៣៩៦០​ហិកតា​ សម្រាប់​ធ្វើការ​អភិវឌ្ឍន៍​ដាំដើម​កៅស៊ូ ​នៅ​ស្រុក​រមាស​ហែក​ ខេត្ត​ស្វាយរៀង។

លោក​ហង្ស ​សំអន ​មេធាវី​របស់​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៅ​កម្ពុជា​ដែល​ការពារ​ជន​ជាប់​ចោទ ​បាន​ និយាយ​ថា ​ការ​សម្រេច​របស់​តុលាការ​នេះ​គឺ​បាន​ផ្តល់​យុត្តិធម៌​ដល់​កូន​ក្តី​របស់​លោក។

«ចំនួន​សេចក្តី​សម្រេច​ហ្នឹង ​តាម​នីតិវិធី​ ដូចថា​ ការ​សម្រេច​មួយ​ដោយ​ត្រឹម​ត្រូវ​ដែរ​ ដែល​យើង​អាច​ទទួល​យក​បាន​ដែរ​ណា៎។ ​អាហ្នឹង​យើង​អាច​សម្រេច​មិន​ឃុំ​ខ្លួន។​ ​ក៏​ប៉ុន្តែ​បើ​សិន​ជា​សាច់​រឿង​សួរ​ទៅ​ ត្រូវ​ករណី​ហ្នឹង​វា​ធ្ងន់ធ្ងរ​ដែល​បង្ក​អសន្តិសុខ​ខ្លាំង​ទៅ​ដល់​សង្គម អាហ្នឹង​គេ​អាច​សម្រេច​ឃុំ​ខ្លួន​ភ្លាមៗ»។

ចំណែក​លោក​ចាន់ សាវ៉េត​ មន្រ្តី​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​ ADHOC​ វិញ​ បាន​ និយាយ​ថា ​វា​មាន​ចំណុច​ខ្លះ​ដែល​មិន​យុត្តិធម៌ចំពោះ​ការ​សម្រេច​របស់​តុលាការ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ​តុលាការ​គួរ​តែ​លើក​លែង​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​ចំពោះ​ប្រជា​ពល​រដ្ឋ ​ដើម្បី​ជៀស​វាង​ កុំ​ឲ្យ​ពួក​គេ​រស់​នៅ​ដោយ​មាន​ការ​ភ័យ​ខ្លាច។

«គឺ​ត្រូវ​លើក​លែង​ការ​ចោទ​ប្រកាន់​ ​ហើយ​យើង​ខ្ញុំ​គ្រាន់​តែ​ឃើញ​ដីកា​ហ្នឹង​មក​ដាក់​គំនាប​អញ្ចឹង​មាន​ន័យ​ថា​ ជា​ការ​គំរាម​កំហែង​ស្មារតី​ដល់​ប្រជា​ពលរដ្ឋ​ទាំងអស់​នោះ​ហើយ ​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​នោះ ​អាច​ចេញ​មុខ​ទៅ​ធ្វើការ​តវ៉ា​ដើម្បី​ការពារ​រឿង​ដី​ធ្លី​ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​គេ​កំពុង​រំលោភ​បំពាន»។

កាល​ពី​ថ្ងៃ​ច័ន្ទ​អាជ្ញាធរ​ក្រុង​ស្វាយ​រៀង​បាន​រារាំង​ប្រជា​ពលរដ្ឋ​មិន​ឲ្យ​មក​តវ៉ា​នៅ​ចំពោះ​មុខ​តុលាការ​ ដើម្បី​សុំ​ឲ្យ​ដោះលែង​លោក​យា​ យ៉េង ​អាយុ​៣០​ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​ ក្រោម​ បទ​ចោទ​ប្រកាន់​ថា ​បាន​បង្ខាំង​មនុស្ស​ខុស​ច្បាប់​ និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដ​ទៃ។

កាល​ដើម​ខែ​ឧសភា ​ឆ្នាំ​២០១០​នេះ​ ​ប្រជា​ពលដ្ឋ​ចំនួន​៥​ភូមិ ​ប្រមាណ​៧៣៥​គ្រួសារ​បាន​ធ្វើការ​ តវ៉ា​ប្រឆាំង​ជំទាស់​ជាមួយ​ក្រុម​ហ៊ុន​អានមារ៉ាឌី​គ្រុប​ ដោយ​បាន​ចោទ​ប្រកាន់​ថា​ បាន​រំលោភ​យក​ដី​របស់​ ពួក​គេ​ប្រមាណ​ជា​៨០០​ហិកតា​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ដាំ​ដើម​កៅស៊ូ ​ក្រោយ​ពី​ក្រុមហ៊ុន​នេះ​ទទួល​ដី ​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ​តាំង​ពី​ឆ្នាំ​២០០៤។

លោក​ពៅ ឆ័ត្រ ​អាយុ​៣៨​ឆ្នាំ ​ប្រជា​ពលរដ្ឋ​មួយ​រូប​នៅ​ភូមិ​តាសួស​ បាន​និយាយ​ថា ​ក្រុមហ៊ុន​ បាន​រំលោភ​ដី​ប្រជា​ពលរដ្ឋ​ ព្រម​ទាំង​ចាប់​ប្រជា​ពលរដ្ឋ​ដាក់​ឃុំ​ទៀត។

តំណាង​ក្រុម​ហ៊ុន​អានមារ៉ាឌី​គ្រុប​ ពុំ​អាច​ស្នើ​សុំ​ដើម្បី​ទំនាក់​ទំនង​បាន​ទេ។​ ក៏​ប៉ុន្តែ​កាល​ពី​ថ្ងៃ​ច័ន្ទ​ លោកជៀង​ អំ ​អភិបាល​ក្រុង​ស្វាយរៀង​ បាន​ប្រាប់​VOA ​សំឡេង​សហ​រដ្ឋ​អាមេរិក​ថា​ ​ ប្រជា​ពលរដ្ឋ​បាន​រំលោភ​យក​ដី​របស់​រដ្ឋ​ដែល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន។

ពី​ទី​ក្រុង​ភ្នំពេញ​ ខ្ញុំ ​ហេង រស្មី ​VOA ​សំឡេង​សហ​រដ្ឋ​អាមេរិក៕

XS
SM
MD
LG