អាជ្ញាធរប៉ូលិសក្រុងស្វាយរៀងបានរារាំងប្រជាពលរដ្ឋ និងព្រះសង្ឃមិនឲ្យតវ៉ានៅពីមុខតុលាការដើម្បីស្នើសុំឲ្យដោះលែងលោកយា យ៉េង ដែលកំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំង។ មន្រ្តីរបស់សមាគមសិទ្ធិ មនុស្សADHOC និយាយថា ការរារាំងនេះមិនមានអំពើហិង្សា និងចាប់ប្រជាពលរដ្ឋណាម្នាក់ទេ។
លោក ហេង រស្មី ដែលបានចុះទៅខេត្តស្វាយរៀង ធ្វើសេចក្តីរាយការណ៍ពិស្តារដូចតទៅ៖
ក្រុមមន្រ្តីឃ្លំាមើលការរំលោភសិទ្ធិមនុស្សក្នុងស្រុកមួយ ដែលមានឈ្មោះថា សមាគមសិទ្ធិមនុស្ស ADHOC បាននិយាយនៅថ្ងៃច័ន្ទនេះថា អាជ្ញាធរក្រុងស្វាយរៀងបានរារាំងប្រជាពលរដ្ឋ និងព្រះសង្ឃមិន ឲ្យចូលរួមធ្វើការតវ៉ានៅពីមុខតុលាការដើម្បីទាមទារឲ្យមានការដោះលែងប្រជាពលរដ្ឋមួយរូបឲ្យនៅក្រៅ ឃុំបណ្តោះអាសន្ននៅក្នុងរឿងជម្លោះដីធ្លីមួយជាមួយនិងក្រុមហ៊ុនអាមារ៉ាឌីគ្រុប។
ការរារាំងនេះបានកើតមានឡើងនៅពេលដែលប្រជាពលរដ្ឋប្រមាណជាង១០០នាក់បានធ្វើដំណើររតាមរថយន្តឈ្នួលនិងម៉ូតូ។ ក៏ប៉ុន្តែត្រូវបានប៉ូលិសហាមឃាត់ នៅលើកំណាត់ផ្លូវពីទីរួមស្រុករមាសហែក មកក្រុងស្វាយរៀង។
មន្រ្តីសិទ្ធិមនុស្សបាននិយាយថា ពុំមានអំពើហិង្សាណាមួយប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋ និង សមត្ថកិច្ចទេ។
ព្រះតេជគុណស៊ុន ចាន់ថន ព្រះជន្ម២៣ព្រះវស្សា គង់នៅវត្តតាលួស ឃុំត្រស់ ស្រុករមាសហែក ដែលត្រូវបានប៉ូលិសឃុំកំពង់ត្រាច បានរារាំងមិនឲ្យធ្វើដំណើរជាមួយនិងព្រះសង្ឃមួយអង្គផ្សេងទៀត ឈ្មោះចាប សាម៉ុន បានមានសង្ឃដីកាប្រាប់ VOAសំឡេងសហរដ្ឋអាមេរិកថា ព្រះអង្គមានបំណងនិមន្ត ទៅលេងក្រុងភ្នំពេញ ក៏ប៉ុន្តែត្រូវបានប៉ូលិសហាមឃាត់ ដោយបានចោទប្រកាន់ថា ព្រះអង្គនិមន្តទៅចូល រួមធ្វើការតវ៉ាជាមួយក្រុមប្រជាពលរដ្ឋ។
ព្រះតេជគុណស៊ុន ចាន់ថន បានមានសង្ឃដីកាបន្តទៀតថា ប៉ូលិសបានឲ្យព្រះអង្គធ្វើកំណត់ហេតុ និងផ្តិតមេដៃ ដោយបានព្រមានថា នឹងចាប់ខ្លួន ប្រសិនណាបើព្រះសង្ឃអង្គនេះចូលរួមធ្វើបាតុកម្មជា មួយប្រជាពលរដ្ឋនោះ។
"របាយការណ៍របស់គេមកថា អត្មាហ្នឹងចូលរួមបាតុកម្ម នៅទីរួមខេត្ត ជាមួយពុទ្ធបរិស័ទ អត្មាគ្មានបំណងអញ្ចឹងទេ។ គ្រាន់តែការនិមន្តទៅស្វាយរៀង ក៏ស្នាក់ឆាន់ ព្រោះអីពេលវេលាអាត្មាកំណត់ទៅដល់ទីនោះ គឺពេលវេលាឆាន់ហើយ"។
មន្ត្រីប៉ូលិសប៉ុស្តិ៍កំពង់ត្រាចពុំអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេ ក៏ប៉ុន្តែបើតាមការ បញ្ជាក់ពីព្រះតេជគុណលី ស៊ាវអ៊ីឡាយ ព្រះជន្ម២៧ព្រះវស្សា ព្រះចៅអធិការវត្តកំពង់ត្រាច និងជាអនុ គុណស្រុករមាសហែក បានមានសង្ឃដីកាថា អាជ្ញាធរមានសិទ្ធិក្នុងការឃាត់ខ្លួនព្រះសង្ឃនៅពេលដែល ព្រះអង្គនិមន្តជាសាធារណៈ។
ព្រះអង្គបានមានសង្ឃដីកាទៀតថា ព្រះសង្ឃអង្គនេះបានប្រព្រឹត្តខុសទៅនឹងវិន័យរបស់ព្រះសង្ឃ។
"ព្រោះកាលណាយើងចូលខ្លួនទៅជាមួយនិងគេ យើងធ្វើរឿងជាមួយនិងគេ វាអាក្រក់មើល ព្រោះយើងជាព្រះសង្ឃ"។
គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋចំនួន៥ភូមិ ប្រមាណ៧៣៥គ្រួសារ មានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន អានម៉ារ៉ាឌីគ្រុប សម្រាប់អភិវឌ្ឍន៍ដាំដើមកៅស៊ូ ក្រោយពីក្រុមហ៊ុននេះបានទទួលដីសម្បទានសេដ្ឋកិច្ច ពីរដ្ឋាភិបាលចំនួន៣៩៦០ហិកតា។ ក៏ប៉ុន្តែប្រជាពលរដ្ឋបាននិយាយថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះ បានប៉ះពាល់ដល់ដីរបស់ពួកគេចំនួនជាង៨០០ហិកតា។
បន្ទាប់ពីជម្លោះដីធ្លីជាមួយនិងក្រុមហ៊ុននេះ តុលាការក្រុងស្វាយរៀងបានចាប់ឃុំខ្លួនលោកយា យ៉េង ពីបទបង្ខាំងមនុស្សខុសច្បាប់ និងបង្កអគ្គីភ័យដោយចេតនា។ តុលាការក្រុងស្វាយរៀងក៏បាន ចេញដីកានាំខ្លួនប្រជាពលរដ្ឋចំនួន១៥រូបបន្ថែមទៀត។
លោកស្រីយ៉ាក់ សាលី អាយុ៣១ឆ្នាំ មកពីភូមិតាលួស ឃុំត្រស់ បាននិយាយថា ប្រជាពលរដ្ឋនៅ ក្នុងភូមិបានរត់ចូលព្រៃ និងបានគេចចេញពីភូមិខ្លះ ដោយភ័យខ្លាច ពីការតាមចាប់ខ្លួនរបស់អាជ្ញាធរ។
"យាយមួយគាត់នៅដេកតែក្នុងព្រៃ ពូន។ ដេកច្រើនណាស់នៅក្នុងព្រៃ អត់ហ៊ានចូលមក។ ដូចថា តវ៉ា ជាមួយប្រជាពលរដ្ឋក្នុងភូមិហ្នឹង។ ហើយចំណែកពូម្នាក់ គាត់នឹកឃើញថា ចង់ទៅថៃតែ បើទៅដូចបោះបង់ប្រជាពលរដ្ឋនៅក្នុងភូមិចោល។ ដល់អញ្ចឹងគាត់សុខចិត្តទៅឃ្លាំនៅក្នុងព្រៃ ដើម្បីសង្កេតមើលប្រជាពលដ្ឋ ប្រសិនបើជួបបញ្ហាអី គាត់ ដូចថា នៅស្រុកគេ យកសុខតែខ្លួនហ្នឹង ក៏វាមិនសមដែរ"។
លោកចាន់ សាវ៉េត មន្រ្តីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សADHOC បាននិយាយថា ចំណាត់វិធានការរបស់អាជ្ញាធរក្រុងស្វាយរៀងនេះ គឺជាការគំរាមដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
"វាជាសកម្មភាពមួយនៃការគំរាមកំហែងដល់សិទ្ធិសេរីភាពក្នុងការទាមទារតវ៉ារបស់ប្រជាពលរដ្ឋ។
លោកជៀង អំ អភិបាលក្រុងស្វាយរៀង បានបដិសេធការចោទប្រកាន់នេះ ដោយលោក បានមានប្រសាសន៍ថា អាជ្ញាធរមិនបានធ្វើបាបប្រជាពលរដ្ឋទេ។
លោកជៀង អំ បានលើកឡើងផងដែរថា ប្រជាពលរដ្ឋទាំង៥ភូមិនេះ បានរំលោភយកដីរបស់រដ្ឋាភិបាល ដែលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនអានមារ៉ាឌីគ្រុបតាំងពីឆ្នាំ២០០៤មកម៉្លេះ។
ពីទីក្រុងស្វាយរៀង ខ្ញុំ ហេង រស្មី VOA សំឡេងសហរដ្ឋអាមេរិក៕