ក្រុមអាជ្ញាធរខេត្តព្រះវិហារនិយាយថាពួកគេបានប្រទះឃើញនិងប្រមូលបានបន្ទះលោហៈធាតុជាច្រើន បំណែកពីក្នុងព្រៃនៅក្នុងភូមិសាស្រ្តឃុំគូលេនត្បូង ស្រុកគូលេន ចម្ងាយប្រហែលជាង៩០គីឡូម៉ែត្រពីតំបន់ប្រាសាទព្រះវិហារ ដែលកំពុងមានជម្លោះជាមួយប្រទេសថៃ។
ក្រោយពីបានឮសំឡេងផ្ទុះពីលើអាកាសដ៏កក្រើកមួយកាលពីព្រឹកម៉ោង៦ថ្ងៃអង្គារទី១៦ខែសីហា នេះ។ បន្ទះលោហៈធាតុជាង២០ដុំ ដែលមានកម្រាស់ចាប់ពី បួនលី ដល់ប្រាំពីរលី ព្រមទាំងប្រអប់អេឡិចត្រូនិក មួយផង ត្រូវបានគេប្រទះឃើញ រាយប៉ាយនៅក្បែរផ្ទះអ្នកភូមិ និងជាប់នៅតាមដើមឈើ។ នេះបើយោងតាមការអះអាងរបស់អាជ្ញាធរខេត្តព្រះវិហារ។
លោកស ថាវី អភិបាលរងខេត្តព្រះវិហារបានថ្លែងថា ជាបឋម យើងបានដាក់ការសង្ស័យថា វាជាប្រភេទយន្តហោះយកការណ៍គ្មានមនុស្សបើក តែយើងមិនទាន់ដឹងថា វាមកពីប្រភពណានោះទេ។
«យើងក៏បានយកអាហ្នឹងមកហើយ បានសុំគោលការណ៍ដឹកនាំពីឯកឧត្តមអភិបាលខេត្តថា បានរកឃើញហើយ អញ្ចឹងគាត់ក៏បានផ្តល់គោលការណ៍បន្តទៀតថា ឲ្យអញ្ជើញក្រុមជំនាញខាងស៊ីម៉ាក់ បានចូលរួមនិងក្រុមសង្កេតការណ៍ពីបទឈប់បាញ់ បានចូលរួមផង ដើម្បីមកពិនិត្យថាតើ អំបែងនេះជាប្រភេទអ្វី ហើយវាមកពីប្រភពណា អញ្ចឹងវត្ថុតាងទាំងអស់បានយកមករក្សាទុក ហើយមកនៅឃើញចំពោះមុខ កន្លែងអធិការស្រុកគូលេននេះតែម្តង។ ក្រោយពីបានពិនិត្យរួចរាល់អស់ហើយ វត្ថុតាងទាំងអស់នេះនឹងប្រគល់ជូនក្រុមសង្កេតការណ៍បទឈប់បាញ់ ដើម្បីយកទៅសិក្សាស្រាវជ្រាវបន្ត»។
លោកស ថាវី បានឲ្យដឹងទៀតថា មិនមានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទេ ពាក់ព័ន្ធទៅនឹងការផ្ទុះធ្លាក់យន្តនោះហើយប្រជាពលរដ្ឋត្រូវបានគេជូនដំណឹងឲ្យរាយការណ៍ជូនសមត្ថកិច្ចប្រសិនបើពួកគេប្រទះឃើញបំណែកបន្ទះលោហៈធាតុទាំងនោះ៕