ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនសង្ស័យ ​មាស មុត​ ថា​គាត់​មិនមែន​ជា​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត


លោក មាស មុត អាយុ​៧១​ឆ្នាំ ជាអតីត​អតីត​មេបញ្ជាការ​កងពល​១៦៤​ទទួល​បន្ទុក​ទាហាន ជើងទឹក​នៅខេត្ត​ព្រះសីហនុ​និង​កំពត​នៅក្នុង​សម័យ​ខ្មែរ​ក្រហម។ នៅ​ក្នុង​បទ​សម្ភាសន៍​ពិសេស​នៅ​ផ្ទះ​លោក​ក្នុង​ស្រុក​សំឡូត​​ខេត្ត​បាត់ដំបង ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១១ លោក​ថ្លែង​ប្រាប់​
លោក មាស មុត អាយុ​៧១​ឆ្នាំ ជាអតីត​អតីត​មេបញ្ជាការ​កងពល​១៦៤​ទទួល​បន្ទុក​ទាហាន ជើងទឹក​នៅខេត្ត​ព្រះសីហនុ​និង​កំពត​នៅក្នុង​សម័យ​ខ្មែរ​ក្រហម។ នៅ​ក្នុង​បទ​សម្ភាសន៍​ពិសេស​នៅ​ផ្ទះ​លោក​ក្នុង​ស្រុក​សំឡូត​​ខេត្ត​បាត់ដំបង ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១១ លោក​ថ្លែង​ប្រាប់​

អតីត​កម្មាភិបាល​ខ្មែរក្រហម​មួយរូប​ដែលជា​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៥នាក់​នៃ​សំណុំរឿង​បន្ថែមគឺ​លោក ​មាស មុត​ព្រមានថា​ការចោទប្រកាន់​រូប​លោក​និង​ការប៉ុនប៉ង​នាំខ្លួន​លោក​ទៅ​កាត់ទោស​ពីបទ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​នានា​នៅ​សម័យ​ខ្មែរក្រហម​គឺ​ជា​ការខុសច្បាប់។

លោក​ មាស មុត​ អាយុ៧១​ឆ្នាំ​ជាអតីត​មេបញ្ជាការ​កងពល​១៦៤​ទទួល​បន្ទុក​ទាហាន ជើងទឹក​នៅខេត្ត​ព្រះសីហនុ​និង​កំពត​នៅក្នុង​ទសវត្សរ៍​១៩៧០។ បើតាម​ដីកា​សន្និដ្ឋាន​របស់​សហ​ព្រះរាជ​អាជ្ញាដែល​វីអូអេ​ផ្នែក​ខេមរ​ភាសា​ទទួលបាន​ពីប្រភព​ស្និទ្ធ​នឹង​តុលាការ​ដែល​សុំលាក់ឈ្មោះ​ព្រោះជារឿង​រសើប​នោះ​ សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ចោទប្រកាន់​ជាបឋម​ លើរូបលោក​មាស មុតថា​មានជាប់​ទាក់ទិន​នឹង​ឧក្រិដ្ឋកម្ម​ជាច្រើន​មានដូច​ជា​ការធ្វើមនុស្សឃាត​ កម្ចាត់​ជនសង្ស័យ​ដែលក្បត់​បក្ស​ឬ​អង្គការ​ ធ្វើទារុណកម្ម​ ធ្វើទុក្ខ​បុកម្នេញ​ផ្នែក​សាសនា​ ជាតិសាសន៍​ នយោបាយ ​បញ្ជូនឲ្យ​គុក ស​២១ សម្លាប់​ ឬ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដូច​ជនសង្ស័យ​ម្នាក់ទៀតគឺ​លោក ស៊ូ ម៉េត​ អតីត​មេបញ្ជាការ​កងពល​៥០២​ ដែលតុលាការ​បានចោទ​ប្រកាន់​ដូចគ្នា​ទៅនឹង ​លោក​មាស មុត​ដែរ។ ដីកា​សន្និដ្ឋាន​ដដែលបាន​ និយាយថា​មាន​មនុស្ស​ជាច្រើន​ពាន់​នាក់​ដែល​ស្លាប់​ក្រោម​ការកាន់កាប់​របស់​លោក​ មាស មុត។

ថ្លែងប្រាប់​វីអូអេ​ផ្នែក​ខេមរភាសា​កាលពី​ពាក់កណ្តាល​ខែ​កក្កដា​ឆ្នាំ២០១១​ ក្នុងកិច្ចសម្ភាស​ជាពិសេស​មួយ​នៅផ្ទះ​របស់​លោក​នៅក្នុង​ស្រុកសំឡូត​ខេត្ត​បាត់ដំបង​លោក មាស មុត​ អះអាង​ថា​លោកពុំ​ជាប់​ពាក់ព័ន្ធ​ដូចការ​ចោទប្រកាន់​របស់តុលាការ​នោះទេ។ លោក​បានថ្លែង​ថា​តុលាការ​មិនគួរ​នាំខ្លួន​កម្មាភិបាល​ខ្មែរក្រហម​ដទៃទៀត​លើសពី ៥នាក់​ដែលកំពុង​ជាប់ឃុំនោះ​ទៅកាត់ទោស​លើសពី​ច្បាប់កម្រិត​នោះទេ។

«ច្បាប់​វា​កម្រិតត្រឹម​ប៉ុណ្ណឹង។​ ឯធ្វើហួស​ពីហ្នឹងទៀត​តើច្បាប់ហ្នឹង​វាយ៉ាងម៉េច? ហ្នឹង​មួយ។ ទី២​ បើធ្វើ​ទៅវា​ប៉ះពាល់​ដល់​កិច្ចការងារ​សន្តិសុខជាតិ​យ៉ាងម៉េច?​ វាប៉ះពាល់ ដល់អ្នក​នៅបន្ត​ទៅទៀត​ពីព្រោះ​ខ្មែរក្រហម​ វាមិនមែន​តែ២ ឬ​៣នាក់ហ្នុង​ឯណា វាច្រើន​ដែរ។​ នៅក្នុង​នៅក្រៅ ​នៅជិត​នៅឆ្ងាយ​អីវាមាន​ទាំងអស់​តែគ្នា។ មែនទែន​ខ្មែរនៅ​ពេលហ្នុង»។

លោក​ មាស មុត​ថ្លែង​យ៉ាងដូច្នេះ​ដោយ​យោង​ថា​កងទ័ព​ជា​អតីត​ទាហាន​ខ្មែរក្រហម ជាច្រើន​កំពុងឈរ​ការពារ​ព្រំដែន​ពី​ការរំលោភ​បំពាន​របស់​ប្រទេស​ថៃ។​ លោក​ថ្លែងថា​បើ យក​មេ​ខ្មែរក្រហម​ដទៃទៀត​ទៅកាត់ទោស​វានឹង​បង្កឲ្យ​មានអារម្មណ៍​មិនល្អ។ លោក មាស មុត​បានចង្អុល​បង្ហាញថា​លោកនិង​អ្នកដទៃ​ក្នុង​សំណុំរឿង​បន្ថែម០០៣​និង​០០៤ មិនមែន​ជាអ្នក​ទទួលខុស​ត្រូវខ្ពស់​បំផុត​ទេ​ ក្រៅពី​លោកគាំទ្រ​សហ​ព្រះរាជ​អាជ្ញាខ្មែរ កន្លងមក​ដែលពុំបាន​ចូលរួម​ជាមួយ​សហ​ព្រះរាជ​អាជ្ញា​បរទេស​ដើម្បី​ដំណើរការ​សំណុំ​រឿងបន្ថែម​នោះ។

«ពីព្រោះ​ច្បាប់​កាត់ទោស​ខ្មែរក្រហម​គេកម្រិត​តែថា​អ្នកដឹកនាំ​ខ្ពស់បំផុត​ ហើយ​និងអ្នកដែល​ទទួល​ខុសត្រូវ​ខ្ពស់បំផុត។ ឥឡូវ​អ្នកដឹកនាំ​ខ្ពស់បំផុត​ និងអ្នក​ទទួលខុស ត្រូវខ្ពស់​បំផុតហ្នឹង​ វានៅ​ឯតុលាការ​ហើយ»។

លោក ​មាស មុត​ថ្លែងយ៉ាង​ដូច្នេះសំដៅ​ទៅលើ​សំណុំរឿង​០០១​ ដែលមាន​កាំង ហ្កេក អ៊ាវ ​ហៅ ឌុច​ប្រធានគុក​ទួលស្លែង​ស២១​ដែលត្រូវ​បានកាត់​ទោសរួច​ពីបទ​ទទួល​ខុស ត្រូវ​ចំពោះ​ការកាប់សម្លាប់​ពលរដ្ឋខ្មែរ​ជាង​១២.០០០​នាក់​ និងសំណុំ​រឿង​០០២​ដែល មាន​មេដឹកនាំ​កំពូលៗ​៤រូបគឺ​មាន​ នួន ជា​ បងធំ​ទី២​ ខៀវ សំផន​ អតីត​ប្រមុខរដ្ឋ​ អៀង សារី អតីត​រដ្ឋមន្ត្រីការ​បរទេស​ និង​អៀង ធីរិទ្ធ​អតីត​រដ្ឋមន្ត្រី​សង្គមកិច្ច​ ដែល​ជាប់ចោទ​ពីបទ​ឧក្រិដ្ឋ​នានា​ទាក់ទង​នឹង​ការទទួលខុស​ត្រូវចំពោះ​ការកាប់សម្លាប់​ពលរដ្ឋខ្មែរ​ជិត២លាន​នាក់​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់ឆ្នាំ​១៩៧៩។

ក៏ប៉ុន្តែ​នៅក្នុង​ដីកា​សន្និដ្ឋាន​លើកទី៣​ជាឯកសារ​សម្ងាត់​របស់​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ដែល​មាន​ចំនួន​១១២​ទំព័រ​ជា​ភាសា​អង់គ្លេស​ដែល​ វីអូអេ​ខេមរភាសា​ទទួលបាន​ពីប្រភព​ស្និទ្ធ​នឹង​តុលាការ​ សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​បានស្នើ​កាលពី​ថ្ងៃទី២០​ខែវិច្ឆិកា​ឆ្នាំ២០០៨ ​ឲ្យ​សហ​ចៅក្រម​ស៊ើបអង្កេត​ ធ្វើការទៅ​តាមច្បាប់​ ស៊ើប​អង្កេត​លោក​មាស មុត​ពីបទ​ឧក្រិដ្ឋកម្ម​ជាច្រើន​ដែល​ព្រះរាជ​អាជា្ញ​ជឿថា​លោក មាស មុតបានប្រព្រឹត្ត។​ ក្រៅពីសរសេរ​ ពីការទទួល​ខុសត្រូវ​របស់លោក​ មាស មុត​ថាជា​ប្រធានគុក​ វត្ត​អង់តាញឹម​ ខេត្ត​ព្រះសីហនុ​ និង​ជាប់​សង្ស័យ​ពី​ការកម្ចាត់​ក្រុមមន្ត្រី​កងទ័ព​ក្នុង​កងពល​១៦៤​ ឯកសារ​ដដែល​នោះ​បាន​បញ្ជាក់​ថា​លោក​ មាស មុត​ បាន​ទាក់ទង​ជាលិខិត​ ទូរស័ព្ទ​ជាប្រចាំ​ជាមួយ​ សុន សេន​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ខ្មែរ​ក្រហម​ដែល​កាន់កាប់​កងទ័ព​ទាំងមូល។ ហើយពេល​ខ្លះ​ទាក់ទង​ជាមួយ​ប៉ុល ពត​និង​មេដឹកនាំ​ជាន់ខ្ពស់​របស់​ ខ្មែរក្រហម​ផង​ដែរ​ក្រៅពី​បានបញ្ជាក់​ពីការ​ដឹងឮ​ទាំងអស់​ទាក់ទង​នឹង​ការចាប់ខ្លួន​ ការបញ្ជូន​ខ្លួនទៅកាន់គុក​ស២១។ ឯកសារ​ដដែល​បាន​បញ្ជាក់​ថា៖

«ជា​ផ្នែក​មួយ​នៃ​ការសម្លាប់​ក្នុង​កងពល​១៦៤​ លោក​ មាស មុត​ បានចាប់​កងទ័ព​នៃ​កងពល​១៦៤​ និង​ បញ្ជូន​ពួកគេ​ទៅកាន់​គុក​ស ២១​ ដែលជន​ទាំងនោះ​ត្រូវគេ​ឃុំ គេធ្វើ​ទារុណកម្ម​ ហើយនឹង​សម្លាប់​ទៀតផង​នៅទី​បំផុត។​ កងទ័ព​ជិត​៤០០នាក់​មកពី កងពល​១៦៤​ត្រូវចាប់ខ្លួន​ ហើយ​បញ្ជូន​ទៅគុក​ស២១​ ដោយ​លោក​ មាស មុត»។

លោក ​មាស មុត​ បាន​បដិសេធ​ថា​គ្មានជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋកម្ម​ដែលត្រូវ​ចោទ ប្រកាន់​នោះទេ។ តែលោក​ទទួលស្គាល់​ថាមាន​ការបញ្ជូន​ខ្លះ។

«ដែលខ្ញុំ​ថាអាច​មានខ្លះ​តាមវិធី​អញ្ចេះ​ ខាងសេនា​ធិការ​គេហៅ​ឲ្យទៅ​រៀនសូត្រ។​ដល់​រួច​ទៅ​គេប្រាប់មក​អង្គភាព​វិញថា​ឈ្មោះ​នេះៗ​ ប៉ុន្មាន​នាក់​នេះ​គេមិនឲ្យ​ត្រឡប់ ទៅ​អង្គភាព​វិញទេ។​ ហើយខាង​សេនាធិការ​គេបញ្ជូន​ទៅ​ស ២១​ទៅ។ ហើយ​ខាង​អង្គភាព​អត់ដឹង​ថារឿង​ហ្នុងវា​យ៉ាងម៉េច​អី​យ៉ាងម៉េច​ទេ។ នេះ​ខ្ញុំ​និយាយ​ពី​អង្គភាព​ដែល​ខ្ញុំទទួល​ខុសត្រូវ​មានបញ្ហា​ហ្នឹងខ្លះ​ មួយករណី​ ពីរ​ករណី»។

ទោះបី​ជាយ៉ាងណា​ក៏​ដោយ​លោក មាស មុត ​ដូចជា​ជនសង្ស័យ​៤នាក់ទៀត​ក្នុង​សំណុំ​រឿង​០០៣/០០៤ ​គឺស្ថិត​ក្នុងដៃ​សហចៅក្រម​ស៊ើបអង្កេត​ដែល​ត្រូវ​សម្រេច​ថា ​នឹង​ចាប់ ខ្លួន​មកឃុំ​បណ្តោះ​អាសន្ន​ ស៊ើបអង្កេត​ឬក៏​មិន​ធ្វើតាម​សហព្រះរាជ​អាជ្ញា​បរទេស​នោះ។

លោក​ មាស មុត​បានរំលឹក​តុលាការ​កាត់ទោស​ខ្មែរក្រហម​ថាតុលាការ​ត្រូវតែដឹង​ឲ្យ ច្បាស់ពី​ប្រភព​កកើត​ខ្មែរក្រហម​ចេញមក​ពីណា។ លោក​និយាយ​យ៉ាងដូច្នេះ​យោងទៅ​ ដល់​រដ្ឋប្រហារ​ថ្ងៃ១៨​ខែមិនា​ឆ្នាំ១៩៧០​ ដែលលោក​សេនាប្រមុខ​លន់ ណុល​គាំទ្រ​ដោយ ​សហរដ្ឋ​អាមេរិក​បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេចឪ​ព្រះនរោត្តម​ សីហនុ​ ហើយ​ពេល​នោះធ្វើឱ្យ​ព្រះអង្គ​អំពាវនាវ​ឲ្យមានការ​ងើបតស៊ូ។

«អញ្ចឹង​ ដើមចម​ មេធំ​របស់​ខ្មែរក្រហម​ទី១​គឺអាមេរិក ​ហើយទី២​គឺសម្តេចឪ។ ហើយ តុលាការ​យក​ប៉ុន្មាន​នាក់ទៅ​កាត់ក្តី​០០២ហ្នឹង​ខ្ញុំថា​មិនទាន់ចំ​មេមែន​ទែន​នៅឡើយទេ​ពីព្រោះ​រឿងវា​អញ្ចឹង។ បើសិនណា​គ្មានអាមេរិក​បញ្ឆេះឲ្យ​លន់ ណុល​ធ្វើរដ្ឋប្រហារ​ក៏ អត់កើត​ខ្មែរក្រហម​ ហើយបើកុំ​មាន​ការអំពាវនាវ​របស់​សម្តេចឪ​ឲ្យកូនចៅ​រត់ចូលព្រៃ​ ម៉ាគី​តស៊ូ​ក៏អត់មាន​ខ្មែរក្រហម។ រឿងវា​សរុបមក​វានៅត្រង់​ហ្នុងអញ្ចឹង​បើលែង​តែពាក់ កណ្តាល​ផ្លូវអាហ្នុង​វាដូចជា​មិនសូវ​ជាស្រួល​បួល»។

ចៅក្រម​កម្ពុជា​ក្នុង​តុលាការ​កាត់ទោស​ខ្មែក្រហម​ប្រកាន់ជំហរ​ដូច​រដ្ឋាភិបាលកម្ពុជា​គឺជំទាស់​នឹង​ការប៉ុនប៉ង​នាំខ្លួន​ជនសង្ស័យ​៥នាក់​បន្ថែមទៀត​នៃសំណុំ​រឿង ០០៣/០០៤​មកកាត់ទោស​ ដោយបារម្ភ​ខ្លាច​ប៉ះពាល់​ដល់សន្តិភាព​ដែលទើប​កើតមាន​ក្នុង​ប្រទេស​កម្ពុជា។​ តែ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​ត្រូវ​ទទួល​រងការ​ចោទ​ប្រកាន់​ថា​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ក្នុងដំណើការ​ស្វែងរក​យុត្តិធម៌​របស់​តុលាការ។

សំណុំរឿង​០០៣/០០៤​ មាន​ អ្នកស្រី​ អ៊ឹម ចែម តាទិត​ តា អាន​ លោក​ស៊ូ ម៉េត​ និង​លោក​មាស មុត។ ឈ្មោះ​ទាំង៥នាក់​នេះ​ត្រូវបញ្ចេញ​ជា​សាធារណៈ​ជាលើក​ដំបូង​ដោយ​បណ្តាញ​ព័ត៌មាន​ The Scoop​ នៃ​ប្រទេស​ New Zealand ​និង​The Christian Science ​Monitor​ នៅពេល​ថ្មីៗ​នេះ​ដែរ។

លោក មាស មុត​បានចូល​សមាទាន​សីល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដើម្បី​សាង​បុណ្យ​ សន្សំ កុសល​តាមប្រពៃណី​អ្នកកាន់​ព្រះពុទ្ធ​សាសនា។​ លោកទៅកាន់​វត្តតាសាញ​ក្បែរផ្ទះ ជារៀង​រាល់ថ្ងៃ​សីល​និង​ពិធីបុណ្យ​តាម​ព្រះពុទ្ធ​សាសនា​ផ្សេងៗ។ លោក មាស មុត​មាន ស្រុកកំណើត​នៅខេត្ត​តាកែវ​ ធ្លាប់បួស​ជាព្រះសង្ឃ​ផងដែរ​មុនពេល​ ចូលរួម​ក្នុង​ចលនា តស៊ូ។​ លោក​ ធ្លាប់ធ្វើ​ជាទីប្រឹក្សា​ក្រសួង​ការពារជាតិ​ មាន​ឋានន្តរ​សក្កិ​ឧត្តមសេនីយ៍​ទោ​ ក្រោយ​សមាហរណកម្ម។ ក៏ប៉ុន្តែ​បានចូល​និវត្តន៍​កាលពី​ឆ្នាំទៅ៕

XS
SM
MD
LG