កាលពីថ្ងៃព្រហស្បតិ៍ អង្គការអ្នកសល់ពីស្លាប់នៃរបបខ្មែរក្រហមឈ្មោះ ASRIC ដែលមានទីតាំងនៅសហរដ្ឋអាមេរិកឲ្យដឹងថា សាលាក្តីខ្មែរក្រហមនៅភ្នំពេញនឹងមិនអាចរកយុត្តិធម៌បានទេ ប្រសិនបើតុលាការនេះទម្លាក់ចោលរឿងក្តី០០៣ និង០០៤ ដែលត្រូវបានប្រឆាំងដោយរដ្ឋាភិបាលកម្ពុជានោះ។
ចៅក្រមបានបញ្ចប់ការស៊ើបអង្កេតរឿងក្តី០០៣កាលពីមួយខែកន្លងទៅនេះ ប៉ុន្តែ ក្រោយមកសហព្រះរាជអាជ្ញាបរទេសលោកអ៊ែនឌ្រូ ឃែលី (Andrew Cayley) មានប្រសាសន៍ថា ការស៊ើបអង្កេតសម្រាប់រឿងក្តី០០៣ មិនគ្រប់គ្រាន់ទេ ហើយថា ត្រូវមានកិច្ចការច្រើនទៀតដែលត្រូវធ្វើ។ ចាប់ពីពេលនោះមកលោកឃែលី ត្រូវតុលាការបញ្ជាឲ្យដកការរិះគន់របស់លោកវិញ ប៉ុន្តែលោកឃែលីថា លោកនឹងប្តឹងឧទ្ធរណ៍។ អង្គការASRICឲ្យដឹងថា តុលាការមិនអាចសម្រេចលើអង្គហេតុនៃរឿងក្តីនេះបានទេបើគ្មានការស៊ើបអង្កេតត្រឹមត្រូវនោះ។
លោកស្រី នូ លក្ខិណា គឺជាស្ថាបនិកអង្គការASRIC ដែលជាអង្គការអ្នកសល់ពីស្លាប់នៃរបបខ្មែរក្រហមតែមួយគត់នៅសហរដ្ឋអាមេរិក។ លោកស្រីបាននិយាយមកកាន់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមSkype ថា៖
«អ្នកសល់ពីស្លាប់កម្ពុជា និងសង្គមកម្ពុជាសមនឹងទទួលបានប្រសើរជាងនេះពីព្រោះពួកគេបានទទួលរងការឈឺចាប់អស់រយៈពេល៣៥ឆ្នាំហើយ ហើយគេមិនទាន់បានចូលរួមក្នុងតុលាការនៅឡើយ។ ដូច្នេះ ការកាត់ទោសតែជនជាប់ចោទកំពូលប្រាំនាក់មិនគ្រប់គ្រាន់ទេ។ ប្រសិនបើមានភស្តុតាងដែលថា មានជនដៃដល់ទៀតនោះ មន្រ្តីតុលាការត្រូវធ្វើការឲ្យបានប្រាកដប្រជា»។
លោកស្រីមានប្រសាសន៍ថា កាលពីសប្តាហ៍មុនមានមនុស្ស៧៥០នាក់បានចុះហត្ថលេខាលើញ្ញតិ្តមួយអំពាវនាវដល់តុលាការដែលគាំទ្រដោយអង្គការសហប្រជាជាតិនេះ ស៊ើបអង្កេតរឿងក្តី០០៣ឲ្យបានប្រាកដប្រជា។ លោកស្រីថ្លែងថា តុលាការដែលភាគច្រើនមិនបញ្ចេញឲ្យដឹងនូវអ្វីដែលកំពុងកើតឡើងនោះ ត្រូវធ្វើកិច្ចការឲ្យបានប្រសើរជាងនេះ។
«យើងត្រូវការតម្លាភាពថែមទៀតពីតុលាការ។ យើងត្រូវការព័ត៌មានប្រកបដោយបច្ចុប្បន្នភាពជាងនេះ។ ហើយយើងត្រូវការឲ្យតុលាការដោះស្រាយភាពខ្វែងគំនិតគ្នាក្នុងចំណោមភាគីកម្ពុជា និងភាគីអង្គការសហប្រជាជាតិ។ ដូច្នេះពួកគេត្រូវទុកមោទនភាពរបស់ខ្លួនដោយឡែក ហើយផ្តោតលើអ្វីដែលជារឿងល្អបំផុតសម្រាប់អ្នកសល់ពីស្លាប់ ជាជាងប្រយោជន៍បុគ្គល»។
សាលាក្តីដែលគាំទ្រដោយអង្គការសហប្រជាជាតិមួយនេះ ត្រូវបានបង្កើតឡើងដើម្បីបើកសវនាការរឿងក្តីទាំងឡាយដែលទាក់ទិននឹងឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តដោយខ្មែរក្រហមក្នុងអំឡុងខ្លួនកាន់អំណាចរវាងឆ្នាំ១៩៧៥ និង១៩៧៩ ដែលក្នុងរយៈពេលនេះ មានមនុស្សប្រហែល២លាននាក់បានបាត់បង់ជីវិត។ ក្នុងរឿងក្តីសរុបទាំង៤ មានមនុស្សសរុប១០នាក់ដែលត្រូវបានរំពឹងថា នឹងត្រូវបានស៊ើបអង្កេត។
តុលាការបានបញ្ចប់រឿងក្តី០០១ កាលពីឆ្នាំកន្លងទៅ ហើយកាត់ទោសអតីតប្រធានសន្តិសុខនៃរបបខ្មែរក្រហមពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ជនជាប់ចោទបួននាក់ដែលមានវ័យចំណាស់ទៅហើយនោះ នឹងត្រូវបានកាត់ទោសនៅខែក្រោយក្នុងរឿងក្តី០០២។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់អំពីការប្រឆាំងដ៏ខ្លាំងក្លាចំពោះរឿងក្តី០០៣ និង០០៤។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បាននិយាយថា ការកាត់ទោសបន្ថែមទៀតអាចធ្វើឲ្យមានអស្ថិរភាពដល់សន្តិសុខប្រទេស។
អ្នករិះគន់និយាយថា ដោយសារតែភាពចម្រុះនៃសាលាក្តីដោយមានមន្ត្រីរដ្ឋាភិបាល និងអន្តរជាតិមានតួនាទីស្មើគ្នានៅគ្រប់ឋានានុក្រមនោះ ការប្រឆាំងរបស់រដ្ឋាភិបាលបង្កឧបសគ្គដ៏ធំដល់ការស៊ើបអង្កេតដ៏ត្រឹមត្រូវមួយ។ ក្នុងដំណើរការស៊ើបអង្កេតរឿងក្តី០០៣ ចៅក្រមស៊ើបអង្កេតសម្រេចមិនបញ្ចេញព័ត៌មានជាសាធារណៈទេ។ ការរក្សាភាពសម្ងាត់នេះធ្វើឲ្យជនរងគ្រោះនៃរបបខ្មែរក្រហមនៅកម្ពុជា គ្មានវិធីណានឹងបានដឹងអំពីថាតើឧក្រិដ្ឋកម្មដែលត្រូវបានស៊ើបអង្កេតទាំងនោះមានផលប៉ះពាល់ដល់ពួកគេឡើយ។
សហព្រះរាជ្ញាអន្តរជាតិលោកអ៊ែនឌ្រូ ឃែលី បានអំពាវនាវដល់តុលាការឲ្យបន្ថែមប្រាំមួយសប្តាហ៍ទៀតដល់កាលបរិច្ឆេទកំណត់សម្រាប់ការដាក់ពាក្យសុំធ្វើជាដើមបណ្តឹងរដ្ឋប្បវេណីដែលត្រូវបានកំណត់នៅថ្ងៃទី១៨ ខែ ឧសភានោះ។ អង្គការASRIC ដែលបានចុះឈ្មោះដើមបណ្តឹងរដ្ឋប្បវេណីជាច្រើនសម្រាប់រឿងក្តី០០២ គាំទ្រជំហរនេះ។ ចៅក្រមស៊ើបអង្កេតដែលមានអំណាចលើការសម្រេចចិត្តមិនទាន់បានធ្វើការឆ្លើយតបទៅនឹងសំណើពន្យាពេលនេះទេ៕
ប្រែសម្រួលដោយអ៊ឹម សុធារិទ្ធ