ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នក​ទោស​គុក​ទួលស្លែង​យក​​សាលក្រម​​កាត់ទោស​ឌុច​ទៅ​ឧទ្ទិស​ដល់​ជន​រងគ្រោះ


ភ្នំពេញ៖ អតីត​អ្នកទោស​គុក​ទួលស្លែង​បានយកសាលក្រមកាត់ទោស​ឌុច​ទៅ​ឧទ្ទិស​ដល់​ជន​រងគ្រោះ​ ដែល​ត្រូវ​បាន​សម្លាប់​ក្រោម​បញ្ជា​របស់​ឌុច។ ​ការឧទ្ទិសនេះធ្វើឡើង​នៅ​ថ្ងៃនេះ​ ​ក្នុង​យុទ្ធ​នាការ​ចែក​សៀវភៅ​សាលក្រម​របស់​សាលាក្ដី​ខ្មែរ​ក្រហម។

“ខ្ញុំ​សូម​លើក​សាលក្រម​នេះ​ ​បង្ហាញ​ទៅ​វិញ្ញាណ​ក្ខន្ធ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​នៅ​ទីនេះ​ ​ឲ្យ​ទទួល​យក​នូវ​សាលក្រម​ និង​លទ្ធផល​ ​ឲ្យ​យល់ថា​ ​អ្នក​ដែល​ធ្វើ​បាប​បងប្អូន​ទាំងអស់​ ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​គុក​៣៥​ឆ្នាំ​ក្នុង​ប្រវត្តិសាស្រ្ដ"។

លោក​ វ៉ាន់ ណាត​ អតីត​អ្នកទោស​គុក​ទួលស្លែង​ ​មាន​ប្រសាសន៍​ដូច្នេះ​ ​ក្នុង​ពិធី​ចែក​សៀវភៅ​ស្ដីពី​សាលក្រម​របស់​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ ​ក្នុង​សំណុំ​រឿង​០០១​ ឬ​ករណីឌុច។ សៀវភៅ​នេះ​បាន​ចែក​ដល់​អតីត​អ្នកទោស​គុក​ទួលស្លែង​ចំនួន​បីនាក់​ ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក្នុង​បរិវេណ​អតីត​មន្ទីរ​ ​ស​ ២១ ​ឬ​គុក​ទួលស្លែង​ ​ក្រុង​ភ្នំពេញ។

នេះ​គឺជា​ការ​បើក​យុទ្ធនាការ​ចែក​សៀវភៅ​ស្ដីពី​សាលក្រម​កំណត់​ទោស​ឌុច​ ​ថ្ងៃ​ដំបូង​របស់​សាលាក្ដី​ ខ្មែរ​ក្រហម។​ ការ​ចែក​សៀវភៅ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឃុំ​ព្រៃស​ និង​នៅ​សារមន្ទីរ​ជើងឯក​ ជាយ​ក្រុង​ភ្នំពេញ​ ដែល​អ្នកទោស​គុក​ទួលស្លែង​ត្រូវ​បាន​យក​ទៅ​ធ្វើការ​កែប្រែ​នៅ​គុក​ស ២៤ ​នៅក្នុងឃុំព្រៃស​នេះ​ និង​ត្រូវ​បាន​យក​ទៅ​សម្លាប់​ចោល​នៅ​បឹង​ជើងឯក។

សាលាក្ដី​ខ្មែរ​ក្រហម​គ្រោង​នឹង​បោះពុម្ពសៀវភៅ​ស្ដីពី​សាលក្រម​កាត់​ទោសឌុច ​ទាំង​សាលក្រម​សង្ខេប ​និង​សាលក្រម​ពេញ​លេញ​ ​សរុប​ចំនួន​២៧០០០​ក្បាល​សម្រាប់​ចែក​ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា​នៅ​ទូទាំងប្រទេស។

ដៃ​ទាំងពីរ​លើក​សៀវភៅ​សាលក្រម​កម្រាស់​៤៥០​ទំព័រ ​ឡើង​ទៅ​លើ ​លោក​វ៉ាន់ ណាត​ ​អាយុ​៦៤​ឆ្នាំ​ បែរ​មុខ​ទៅ​រក​អគារ​មួយ​ ​ដែល​អ្នកទោស​ជាច្រើន​រយ​នាក់​ត្រូវ​បាន​បង្ខាំង​ក្នុង​អគារនេះ​ ​មុនត្រូវ​យក​ទៅ​សម្លាប់​ចោល។​ គាត់​ពោល​ជាថ្មី​ម្ដង​ទៀត​ ដោយ​សម្លេង​មួយៗ​ហាក់​ដូច​ជា​ហត់​បន្ដិច​ថា​ ​គាត់​មាន​ក្ដី​រីករាយ​ចំពោះ​សាលក្រម​ក្នុង​សៀវភៅ​នេះ។

ដោយ​ឡែក​លោក​ ប៊ូ ម៉េង ​អតីត​អ្នកទោស​គុក​ទួលស្លែង​ម្នាក់​ទៀត​ ​បាន​ឧទ្ទិស​សៀវភៅ​នេះ​ដល់​ក្រុម​ គ្រួសារ​របស់​គាត់​ និង​អ្នកទោស​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​គុក​ទួលស្លែង​ដែរ។

"ខ្ញុំ​រង់ចាំ​៣៥ឆ្នាំ​ ​ហើយ​ប្រពន្ធ​ខ្ញុំ​ស្លាប់​នៅ​ជើងឯក។​ ហើយ​កូន​ចៅ​ខ្ញុំ​ស្លាប់​នៅ​តំបន់​រំដោះ​របស់​ប៉ុល ពត​ ដូច្នេះ​ខ្ញុំ​សូម​លើក​បង្ហាញ​នូវ​វិញ្ញាណ​ក្ខន្ធ​ប្រពន្ធ​របស់​ខ្ញុំ ​និង​កូនចៅ ​និង​ញ្ញាត្តិដទៃ​ទៀត​ ​ប្រជាជន​ខ្មែរ​ ដែល​បាន​ស្លាប់​នៅ​ទីនេះ ​សូម​វិញ្ញាណ​ក្ខន្ធ​លោក​ទទួល​ដោយ​ស្ងប់​ចិត្ត​ចុះ"។

លោក​ឡាស អលសិន ​មន្ដ្រី​ផ្នែក​ទំនាក់​ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ ​មាន​ប្រសាសន៍​ថា​ ​សៀវភៅ​សាលក្រម​កាត់ទោស​ឌុចនេះ​ត្រូវ​បាន​ចែក​ដល់​អតីត​អ្នកទោស​គុក​ទួលស្លែង​ ​គឺ​ដោយ​សារ​ពួក​គាត់​បាន​ទទួល​រង​ការ​ឈឺចាប់​នៅទីនេះ​ ​ហើយ​ពួកគាត់​ក៏​បាន​ចូលរួម​វិភាគទាន​យ៉ាង​សំខាន់​នៅក្នុង​ការ​កាត់ទោស​ដែរ។​ ការ​ចាប់ផ្ដើម​ចែក​សៀវភៅ​សាលក្រម​ ឌុច ​នៅ​ពេលនេះ​គឺជា​ការ​ជួយ​សម្រួល​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ទូទៅ​ ​ដែល​ពុំមាន​លទ្ធភាព​ស្វែងយល់​សាលក្រម​នេះ​តាម​ប្រព័ន្ធ​អ៊ិនធឺណែត​ ​អាច​អាន​សាលក្រម​នេះ​តាម​សៀវភៅ​នេះ​តែម្ដង។

“នេះ​គឺជា​អ្វី​ដែល​យើង​ចាប់​ផ្ដើម​ដំណើរ​ការ​ចែក​សៀវភៅ​ដើម្បី​ឲ្យ​ប្រាកដ​ថា​ ​ប្រជា​ពលរដ្ឋ​កម្ពុជា​សាមញ្ញ​អាច​អាន​សាលក្រម​ និង​អាច​ទទួល​បាន​សៀវភៅ​សាលក្រម​នេះ​ ​ប្រសិន​បើ​គេ​ចង់​បាន"។

ដោយឡែក​ ​លោករាជ សម្បត្តិ​ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ ​ជឿ​ថាអតីត​ជន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម​នឹង​ជួយ​ផ្សព្វផ្សាយ​សាលក្រម​កាត់ទោស​ឌុច​នេះ​ ​ដល់​យុវជន​ជំនាន់​ក្រោយ​ទៀត​ផង​ដែរ។

"យើង​យល់ថា​ ​គាត់​នឹង​យក​អាហ្នឹង​ទៅ​ប្រាប់​កូនចៅ​គាត់​ក្រោយៗ​ទៀត​ ​ឲ្យ​យល់ថា​ ​អ្វី​ដែល​ជា​ការ​រួចទោស​អស់​ជាង​៣០ឆ្នាំ​ ​ទីបំផុត​ ​គេ​បាន​ធ្វើការ​ជំនុំជម្រះ​ក្ដី​ ​ហើយ​គេ​រកឃើញ​ថា​ ​កាត់​មាន​ទោស។ ​គេ​ដាក់ទោស ​៣០​ឆ្នាំ។​ អញ្ចឹង​នេះ ​ជា​រឿង​សំខាន់"។

មាន​អ្នកទោស​គុក​ទួលស្លែង​យ៉ាងតិច​ចំនួន​ ​១២៣៨០ ​នាក់​ត្រូវ​បាន​ធ្វើ​ទារុណ​កម្ម ​និង​សម្លាប់​ចោល​ ក្រោម​អំណាច​របស់​កាំង​ ហ្គេកអ៊ាវ​ ហៅ​ឌុច។​ ​ហើយ​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​ដាក់ទោស​ឌុច ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​៣៥​ឆ្នាំ​ ​កាល​ពី​ថ្ងៃទី​២៦ ​ខែ​កក្កដា​ ​ក៏ប៉ុន្តែ​ទោស​នេះ ​ត្រូវ​កាត់​កង​អស់​នៅ​សល់​ត្រឹម​តែ ១៩ ​ឆ្នាំ​ប៉ុណ្ណោះ។

លោក​កេសុ ប៉ុណ្ណាការ ​ប្រធាន​សារមន្ទីរ​ជាតិ​ទួលស្លែង​ ​បាន​ឲ្យ​ដឹង​ថា​ ​លោក​នឹង​យក​សៀវភៅ​សាលក្រមឌុច​នេះ​ ​ទៅ​តម្កល់​ទុក​ជា​ឯកសារ​ប្រវត្តិ​សាស្ដ្រ​សម្រាប់​សារមន្ទីរ​របស់​លោក៕

XS
SM
MD
LG