នៅថ្ងៃពុធនេះ តុលាការកំពូលកម្ពុជាបានតម្កល់ការផ្តន្ទាទោសប្រឆាំងនឹងអតីតនាយរងសេនាធិការនៃកងរាជអាវុធហស្ថ និងបក្ខពួក៥នាក់ទៀតឱ្យជាប់ពន្ធនាគាររហូតដល់១៨ឆ្នាំពីបទវាយប្រហារទឹកអាស៊ីតទៅលើម្តាយមីងរបស់អតីតបរវកញ្ញាទេសចរណ៍អ៊ិន សុលីដានៅក្នុងឆ្នាំ២០០៨។ តុលាការក្រុងភ្នំពេញបានសម្រេចលើកលែងការចោទប្រកាន់ប្រឆាំងនឹងលោកស្រីជា រដ្ឋា និងបក្ខពួកចំនួន៥នាក់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៩ ដោយសារគ្មានភស្តុតាង និងសាក្សីត្រឹមត្រូវ។ សាលាឧទ្ធរណ៍បានបដិសេធសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញ និងបានសម្រេចផ្តន្ទាទោសលោកស្រីជា រដ្ឋា ឱ្យជាប់ពន្ធនាគារចំនួន១៨ឆ្នាំ និងបក្ខពួកប្រាំនាក់ទៀតឱ្យជាប់ពន្ធនាគារពី១៥ឆ្នាំដល់១៨ឆ្នាំ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៩ពីបទមនុស្សឃាតគ្រោងទុកជាមុន និងបទផ្សំគំនិត។
ក្នុងការវាយប្រហារទឹកអាស៊ីតនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០០៨ ទៅលើអ្នកស្រីយ៉ា សុខនីមដែលជាម្តាយមីងរបស់បវរកញ្ញាទេសចរណ៍អ៊ិន សុលីដា ហើយការវាយប្រហារបានធ្វើឱ្យខូចទ្រង់ទ្រាយផ្ទៃមុខរបស់អ្នកស្រីយ៉ា សុខនីមយ៉ាងធ្ងន់ធ្ងរ។
លោក ឃឹម ប៉ុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលដែលមានសមាជិកបួនរូប បានប្រកាសថាតុលាការកំពូលបានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ។ អ្នកស្រីយ៉ា សុខនីម ជនរងគ្រោះនៃការវាយប្រហារទឹកអាស៊ីត បានថ្លែងថា សេចក្តីសម្រេចរបស់តុលាការកំពូលនេះពិតជាបានផ្តល់ភាពយុត្តិធម៌ដល់អ្នកស្រីនិងក្រុមគ្រួសាររបស់អ្នកស្រី។ អ្នកស្រីបន្តទៀតថា៖
«តុលាការមានតម្លាភាពនិងយុត្តិធម៌។ តុលាការបានផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសាររបស់នាងខ្ញុំ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលនេះ។ ប៉ុន្តែខ្ញុំនៅតែមានការភ័យខ្លាចដដែល ពីព្រោះជនល្មើសមិនទាន់ត្រូវបានចាប់ខ្លួន»។
លោកហួង សុភ័ក្ត មេធាវីរបស់ជនរងគ្រោះ បានបញ្ជាក់ថា លោកពេញចិត្តចំពោះការសម្រេចក្តីរបស់តុលាការកំពូលនេះ ប៉ុន្តែលោកមិនសូវពេញចិត្តចំពោះការសម្រេចលើសំណងសម្រាប់កូនក្តីរបស់លោកនោះទេ។ លោកថ្លែងដូច្នេះថា៖
«តុលាការកំពូលបានតម្កល់សាលដីការបស់សាលាឧទ្ធរណ៍នេះ ខ្ញុំយល់ថាត្រឹមត្រូវហើយ។ ទោះបីជាសំណងជម្ងឺចិត្តចំពោះការខូចខាតរបស់កូនក្តីខ្ញុំមិនបានគ្រប់គ្រាន់តាមសំណើក៏ដោយ។ ប៉ុន្តែខ្ញុំយល់ឃើញថា រឿងនេះមានយុត្តិធម៌សម្រាប់កូនក្តីខ្ញុំ»។
លោកណាយ ទ្រី មេធាវីរបស់ជនជាប់ចោទ បានបញ្ជាក់នៅក្នុងសវនាការថា គ្មានភស្តុតាងនិងសាក្សីច្បាស់លាស់សម្រាប់ដាក់បន្ទុកទៅលើកូនក្តីរបស់លោកទេ។ លោកអ៊ំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស លីកាដូ បានថ្លែងថា ការផ្តន្ទាទោសនេះជាសារវិជ្ជមានមួយ សម្រាប់ចូលរួមចំណែកកាត់បន្ថយការវាយប្រហារទឹកអាស៊ីតឱ្យកាន់តែមានប្រសិទ្ធិភាពនៅកម្ពុជា៕