ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​បើក​សវនាការ​រឿងក្តី​ឃាតកម្ម​នៃមេដឹកនាំ​សហជីព​កម្មករ


កម្មករ​កាន់​ផ្កា​​ដើរ​​ដង្ហែ ដើម្បីរំឮកខួប​៧ឆ្នាំ នៃ​ការបាញ់​សម្លាប់​​អតីត​ប្រធាន​សហជីព​កម្មករ​ លោក ជា វិជ្ជា។​
កម្មករ​កាន់​ផ្កា​​ដើរ​​ដង្ហែ ដើម្បីរំឮកខួប​៧ឆ្នាំ នៃ​ការបាញ់​សម្លាប់​​អតីត​ប្រធាន​សហជីព​កម្មករ​ លោក ជា វិជ្ជា។​

ភ្នំពេញ៖ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​អះអាង​ថា​ ជន​ជាប់​ចោទ​ដែលតុលាការ​ក្រុង​ភ្នំពេញ​និង ​សាលាឧទ្ឋរណ៍កាត់​ឲ្យ​ជាប់​ពន្ឋ​នាគារព្រៃស​អស់​រយៈ​ពេល​១៥ឆ្នាំ ពីបទ​បាញ់​សម្លាប់​ប្រធាន​សហជីព​សេរីកម្មករ​ម្នាក់នោះ មិន​ជាប់​ពាក់ព័ន្ឋ​នឹង​ឃាដកម្ម​នេះ​ទេ។

ក្រុមមន្រ្តី​អង្គការ​សង្គមស៊ីវិល ​បាន​ទទូច​ឲ្យ​តុលាការ​កំពូល​ដោះលែង​ជន​ជាប់ចោទរូប​នេះ​ដែល​ត្រូវ​បាន​ចោទ​ថា មានជាប់​ពាក់ព័ន្ឋនឹង​ការ​បាញ់​សម្លាប់​លោក រស់ សុវណ្ណារ៉េត ​ប្រធាន​សហជីព​សេរីកម្មករ​ប្រចាំ​រោងចក្រ​ ទ្រី ណុងហ្កាល់កុមារា ​កាលពី​ឆ្នាំ២០០៤។ ការ​ទទូច​នេះ​ បាន​កើតមាន​ឡើង​ក្រោយពី​តុលាការ​កំពូល​បាន​បើក​សវនាការ​សួរ​ដេញដោល​អស់រយៈពេល​ជិត​ពីរម៉ោង​ទៅ​លើ​សំណុំ​រឿង​ក្តី​ព្រហ្មទណ្ឌ​មួយ​របស់​ជន​ជាប់ចោទ​ ថាច់​ សាវ៉េត ហៅ​ចាន់ សុភ័ក្រ ​ដែលត្រូវ​បាន​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ឋនឹងឃាតកម្ម​គិតទុក​ជាមុន។

លោក​ឃឹម ប៉ុណ្ណ​ ប្រធាន​ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​ បាន​សម្រេច​ពន្យាពេល​ប្រកាស សាលាក្រម​នេះ​ទៅថ្ងៃ១៦​ ខែកុម្ភ​ ខាងមុខ​នេះ។

លោក​រស់ សុវណ្ណារ៉េត​ ប្រធាន​សហជីព​សេរីកម្មករ​កម្ពុជា​ ប្រចាំ​រោងចក្រ​ទ្រីណុង ហ្កាល់កុមារា ​ត្រូវ​បាន​ឃាតករ​ចំនួន​ពីរ​នាក់​បាញ់​សម្លាប់​កាលពី​ថ្ងៃទី៤​ ខែ ឧសភា​ ឆ្នាំ ២០០៤​ នៅជិត​ម្តុំតោពីរ ​សង្កាត់​ទឹកល្អក់​ក្រុងភ្នំពេញ ។

ប៉ូលីស​បាន​ចាប់ខ្លួន​ថាច់ សារ៉េត ហៅ​ចាន់ សុភ័ក្រ ​ពីបទ​ជាប់​ពាក់ព័ន្ឋ​នឹង​ករណី​ឃាតកម្ម​នេះ។​ចាន់ សុភ័ក្រ ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ​និង​សាលាឧទ្ឋរណ៍​កាត់ទោស​ឲ្យ​ជាប់​ពន្ឋនាគារ​រយៈពេល​១៥ឆ្នាំ ​ព្រមទាំង​ពិន័យ​ជា​ប្រាក់​ចំនួន​២.០០០ដុល្លារអាមេរិក។ លោក​ថាច់ សាវ៉េត​ អាយុ២៨ឆ្នាំ ​បាន​ថ្លែង​ប្រាប់​អង្គសវនាការ​ថា​ លោក​មិន​បាន​បាញ់​សម្លាប់ លោក​រស់ សុវណ្ណារ៉េត ​ទេ។ លោក​និយាយថានៅ​ថ្ងៃ​កើតហេតុ​នោះ​ លោក​នៅ​ខេត្ត​សៀមរាប ​ហើយ​កំពុង​ធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ។ លោកថាច់ សាវ៉េត ​បានផ្តល់​បទសម្ភាសន៍​ជាមួយនឹង​វីអូអេ​សំឡេង​សហរដ្ឋអាមេរិក​ថា លោក​មិន​បាន​ស្គាល់​រស់ សុវណ្ណារ៉េត ​ទេ។ លោក ថាច់ សាវ៉េត បន្តថា៖

«អត់​ផង ​ព្រោះ​ខ្ញុំ​អត់​បាន​ដឹងរឿង​ហ្នឹងផង។ ហើយ​ខ្ញុំ​ក៏អត់​បាន​ស្គាល់​អ្នក​ស្លាប់​ហ្នឹង​ម៉េចផង។​ ថ្ងៃ​កើត​ហេតុ​ ខ្ញុំ​អត់​មាន​បាន​នៅ​ហ្នឹង​ ខ្ញុំ​មក​ពី​អន្លង់វែង»។

លោក ​ជា មុន្នី ​ប្រធាន​សហជីព​សេរីកម្មករ​របស់​ប្រទេស​កម្ពុជា ​បាន​បញ្ជាក់ថា តាំងពី​តុលាការ​ ដំបូង​រហូត​ដល់​សាលាឧទ្ឋរណ៍​គ្មាន​ភស្តុតាង​ណា​មួយ​ដាក់​បន្ទុក​លោក ថាច់ សាវ៉េត​ ទេ។ លោក​បាន​មានប្រសាសន៍​ទៀតថា ​លោក​ថាច់ សាវ៉េត ​មិនជាប់​ពាក់ព័ន្ឋទៅ​ និង​ករណី​ឃាតកម្ម​នេះទេ។ លោក ជា មុន្នី​ បន្ត​ថា៖

«យើង​មើល​ឃើញថា​ អ្នក​ដែល​ពាក់ព័ន្ឋ​នៅ​ពេល​ដែល​គេ​បម្រុង​នឹង​បាញ់​លោក ហ៊ី វុទ្ឋី ​គេ​បាន​ គំរាម​កំហែង​មុន។ ប៉ុន្តែ​ប៉ូលីស​អត់​អាច​ធ្វើការ​ស៊ើបអង្គេត ​និង​ចាប់ខ្លួន​ទេ។ អ្វី​ដែល​យើង​ហ៊ាន​អះអាង​ ដោយសារ​តែ​នៅ​ពេល​អង្គសវនាការ​នេះ ​ក៏​យើង​បាន​ដឹង​ហើយ​ថា​ គ្មាន​អ្វី​ដែល​អាច​ដាក់​បន្ទុក​លើ លោក​ថាច់ សាវ៉េត ​បាន​ទៀត​ ព្រោះ​គាត់​នៅ​អន្លង់​វែង​នៅឡើយ»។

លោក អំ សំអាត​ មន្រ្តី​ផ្នែក​ស៊ើបអង្គេត​របស់​សមាគម​សិទ្ឋិមនុស្ស អាដហុក វិញ ​បាន​មាន ប្រសាសន៍​ថា​ ករណី​របស់​លោក​ថាច់ សាវ៉េត​ ស្រដៀង​គ្នាទៅនឹង​ករណី​របស់​លោក ប៊ន សំណាង និង លោក សុខ សំអឿន ដែរ។

លោក​បាន​មាន​ប្រសាសន៍​ទៀតថា​ ជន​ជាប់ចោទ​ គួរតែ​ត្រូវ​បាន​ដោះលែង​ពី​ការ​ចោទ​ប្រកាន់​ពី តុលាការ​កំពូល។ លោក​ថ្លែង​ថា៖

«គិត​ខ្លួន​ខ្ញុំ​ផ្ទាល់ទេ​ បើ​យើង​ប្រៀប​ធៀប​រឿង​ពីរ​នេះ ​យើង​ឃើញ​តាម​អ្វី ​ដែល​យើង​បាន​ស្តាប់ ហើយ​យើង​បាន​តាមដាន​កន្លង​មក​គឺថា រឿង​នេះ​ វា​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​ប៊ន សំណាង ​និង​សុខ សំអឿន​ ទៅទៀត។ អញ្ចឹង​បាន​ន័យថា​ គាត់​អត់បាន​ប្រព្រឹត្ត​អ្វីសោះ»។

យ៉ាង​តិច​មាន​បុគ្គលិ​កសហជីព​សេរីកម្មករ​ចំនួន​បីនាក់​ដែល​ត្រូវបាន​ឃាតករ​បាញ់​សម្លាប់​ដែល រួម​មាន​លោក​ជា វិជ្ជា ​អតីត​មេដឹកនាំ​សេរីកម្មករ​ដ៏​ល្បីល្បាញ​ លោក​ រស់ សុវណ្ណារ៉េត ​និង​ចុងក្រោយ​ គេ​ គឺ​លោក​ ហ៊ី វុទ្ឋី៕

XS
SM
MD
LG