ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​មិន​ផ្តល់​ឱកាស​ឲ្យ​មេធាវី​លោក​សម រង្ស៊ី​ឆ្លើយតប​នឹង​មេធាវី​រដ្ឋាភិបាល


លោកសម រង្ស៊ី ប្រធានគណបក្ស​ប្រឆាំង
លោកសម រង្ស៊ី ប្រធានគណបក្ស​ប្រឆាំង

ភ្នំពេញ៖ មេធាវី​ការពារក្ដី​ឲ្យ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ ​បាន​សម្តែង​ការ​ខក​ចិត្ត​នៅ​ពេល​ដែល​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​មិន​អនុញ្ញាត​ឲ្យ​លោក​បកស្រាយ​តប​នឹង​មេធាវី​របស់​រដ្ឋាភិបាល​នៅ​ក្នុង​សវនាការ​របស់​តុលាការ​កំពូល​ទេ។ ​បន្ទាប់​ពី​សវនាការ​អស់​រយៈ​ពេល​ជិត​បី​ម៉ោង​ លោក​ឃឹម ប៉ុណ្ណ​ ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​ បាន​អះអាង​ថា សាលក្រម​រឿង​ក្ដី​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​១​ខែមិនា​ខាង​មុខ​នេះ។

បន្ទាប់​ពី​តុលាការ​កំពូល​បាន​បញ្ចប់​សវនាការ​អស់​រយៈពេល​ជាង​ពីរ​ម៉ោង​ចំពោះ​រឿងក្តី​របស់​លោក​សម រង្ស៊ី ​មេដឹកនំា​គណបក្ស​ប្រឆាំង​ និង​លោក​ព្រំ ជា ​ព្រមទាំង​អ្នកស្រី​មាស ស្រី ​ពាក់​ព័ន្ធ​នឹង​ការដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេស​វៀតណាម​នោះ​ លោក​ជួង ជូងី ​មេធាវី​ការពារក្តី​ជន​ជាប់ចោទ​ទាំង​បីរូប​ បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​លោក​ឃឹម ប៉ុណ្ណ ​ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល​ ដែល​មិន​អនុញ្ញាត​ឲ្យ​លោក​បកស្រាយ​ចំពោះ​ការ​លើក​ឡើង​របស់​មេធាវី​រដ្ឋាភិបាល។

លោក​ជួង ជូងី​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្រៅ​បន្ទប់​សវនាការ​ថា​ លោក​ត្រូវ​ឆ្លើយ​តប​នឹង​មេធាវី​របស់​រដ្ឋាភិបាល​ ក៏​ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញ្ញាត។ នេះ​គឺជា​ការ​បំបិទ​សិទ្ធិ​មួយ​ដែល​មិន​អនុញ្ញាត​ឲ្យ​លោក​បកស្រាយ​ឲ្យ​បាន​ពេញលេញ​នៅ​ក្នុង​អង្គ​សវនាការ។

«ទង្វើនេះ​គឺ​មាន​ភាព​លម្អៀង​ មិន​ផ្តល់​ពេល​គ្រប់គ្រាន់​ឲ្យ​ខ្ញុំ​ឆ្លើយតប​ទៅ​នឹង​មេធាវី​របស់​ដើម បណ្តឹង»។

តុលាការ​កំពូល ​នៅ​ថ្ងៃពុធនេះ​ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​បណ្តឹង​សារទុក្ខ​របស់​សាលា​ឧទ្ធរណ៍​ចំពោះ​រឿងក្តី​របស់​លោក​សម រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង។

លោកស្រី​មាស ស្រី​ និង​លោក​ព្រំ ជា ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម ​និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាតិ​សាសន៍​ដែល​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី២៥ ​ខែតុលា ​ឆ្នាំ២០០៩ ​នៅ​ស្រុក​ចន្ទ្រា ​ខេត្ត​ស្វាយរៀង។

សាលា​ឧទ្ធរណ៍បាន​តម្កល់​សាលដីកា​របស់​សាលាដំបូង​ខេត្ត​ស្វាយរៀង ​ដោយ​ផ្តន្ទា​ទោស​ឲ្យ លោក​សម រង្ស៊ី ​និង​លោកស្រី​មាស ស្រី ​ព្រមទាំង​លោក​ព្រំ ជា​ ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចំនួន​ពីរ​ឆ្នាំ ​និង​ពិន័យ​ជាប្រាក់​រួមគ្នា​ប្រមាណ​ជាង​៦០​លាន​រៀល។

អ្នកស្រី​មាស ស្រី ​និង​លោក​ព្រំ ជា​ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​កាលពី​ ខែ​តុលា ​ឆ្នាំ២០១០​កន្លង​ទៅនេះ​ ក៏​ប៉ុន្តែ​ទោស​ដែល​នៅសល់​ត្រូវ​ព្យួរ។

លោកស្រី​មាស ស្រី ​និង​លោក​ព្រំ ជា​បាន​ប្រាប់​អង្គ​សវនាការ​របស់​តុលាការ​កំពូល​ថា ​ពួក​គេ​មិន​បាន​ចូលរួម​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ទេ​ ក៏​ប៉ុន្តែ​នៅ​ក្នុង​ហេតុការណ៍​នោះ​ ​ពួក​គេ​មាន​វត្តមាន​ជាមួយ​លោក​សម រង្ស៊ី​ផង​ដែរ។

លោក​ព្រំ ជា ​អាយុ៤៣​ឆ្នាំ​ និង​អ្នកស្រី​មាស ស្រី​ អាយុ​៤០​ឆ្នាំ ​បាន​បញ្ជាក់​ទៀត​ថា ​តុលាការ​គួរ​តែ​ទម្លាក់​ចោល​នូវ​ការ​ចោទ​ប្រកាន់​ ហើយ​និង​សំណង​ដ៏ច្រើន​សន្ធឹកសន្ធាប់​នេះ។​ ពួកគេ​គ្មាន​លទ្ធភាព​សង​ទេ។

លោក​ជួង ជូងី ​មេធាវី​ការពារក្តី​ជន​ជាប់ចោទ​ទាំងបីរូប ​បាន​ប្រាប់​អង្គ​សវនាការ​ថា ​លោក​សម រង្ស៊ី​ពិត​ជា​បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​មែន​ បន្ទាប់ពី​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ប្រជា​ពលរដ្ឋ​ថា ​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​នេះ​ពិត​ជា​បាន​ចូល​ដីស្រែ​របស់​ប្រជា​កសិករ​ពិត​ប្រាកដ​មែន។

លោក​ជួង ជូងី​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ក្នុងនាម​លោក​សម រង្ស៊ី​ជាអ្នក​តំណាង​រាស្រ្ត​លោក​ត្រូវតែ​គិតគូរ​អំពី​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ ហើយ​លោក​បាន​ចាត់​ទុក​ថា​ ​រឿងក្តី​នេះ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។

ចំណែក​លោក​ចាន់ សុខយាង ​មេធាវី​ការពារក្តី​រដ្ឋាភិបាល​វិញ ​បាន​និយាយ​ថា ​រឿងក្តី​នេះ​មិនមែន​ជា​រឿង​នយោបាយ​ទេ ​គឺជា​រឿង​បទ​ល្មើស​ព្រហ្មទណ្ឌ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​លោក​សម រង្ស៊ី​ ជា​ជនជាប់ចោទ​ ហើយ​ពិត​ជាអ្នក​នយោបាយ​មែន​ ក៏​ប៉ុន្តែ​លោក​មិនអាច​ធ្វើអ្វីស្រេចតែ​ចិត្ត​បាន​ទេ។

បន្ទាប់ពី​បាន​បើក​សវនាការ​អស់រយៈ​ពេល​ជាង​ពីរ​ម៉ោង​ លោក​ឃឹម ប៉ុណ្ណ ​ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល ​បាន​ប្រកាស​ថា ​សាលក្រម​រឿងក្តី​នេះ​នឹង​ត្រូវ​ប្រកាស​នៅថ្ងៃ​ទី១​ខាង​មុខ​នេះ៕

XS
SM
MD
LG