ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សិក្សា​បង្ហាញ​ថា​ធនធាន​មនុស្ស​នៅ​កម្ពុជា​កើន​ឡើង


សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស​នៅ​​ទី​ក្រុង​ភ្នំពេញ​បាន​កើន​ឡើង​ពី​ ០,៧ ​ក្នុង​ឆ្នាំ​២០០៧​ ដល់​ ១,០០​ក្នុង​ឆ្នាំ​២០១០។
សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស​នៅ​​ទី​ក្រុង​ភ្នំពេញ​បាន​កើន​ឡើង​ពី​ ០,៧ ​ក្នុង​ឆ្នាំ​២០០៧​ ដល់​ ១,០០​ក្នុង​ឆ្នាំ​២០១០។

កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស​នៅ​តំបន់​ភាគ​ឦសាន​ប្រទេស​មាន​កម្រិត​ទាប​ជាង​បណ្តា​ខេត្ត​ផ្សេងៗ​ខណៈ​ដែល​ទីក្រុង​ភ្នំពេញ​មាន​សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស​កើន​ឡើង​ខ្ពស់​ជាង​គេ​នៅ​កម្ពុជា។

កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​បាន​បង្ហាញ​របក​គំហើញ​នៃ​របាយការណ៍​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៅ​កម្ពុជា​ឆ្នាំ​២០១១​ ថា​ សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស​នៅ​ខេត្ត​រតនគីរី​ និង​ស្ទឹងត្រែង​បាន​កើន​ឡើង​ពី​ ០,៣ ក្នុង​ឆ្នាំ​២០០៧​ដល់​ ០,៤ ក្នុង​ឆ្នាំ​២០១០​ ហើយ​នៅ​ទី​ក្រុង​ភ្នំពេញ​បាន​កើន​ឡើង​ពី​ ០,៧ ​ក្នុង​ឆ្នាំ​២០០៧​ ដល់​ ១,០០​ក្នុង​ឆ្នាំ​២០១០។

របាយការណ៍​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​អង្គារ​ ក្រោម​អធិបតីភាព​របស់​ដោយ​លោក​គាត​ ឈន់ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​ម៉ុក ​ម៉ារ៉េត ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​លោក ​ឌូហ្ក្លាស ប្រូដឺរិក (Douglas Broderick) តំណាង​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា។

លោក ​ធួក​ ទ្រី ​សហ​អ្នក​និពន្ធ​ជាតិ​នៃ​របាយការណ៍​នេះ​បាន​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ទីចាត់ការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ថា សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស​នៅ​កម្ពុជា​គឺ​មាន​ការ​កើន​យ៉ាង​ខ្លាំង​ក្នុង​រវាង​ឆ្នាំ​២០០៧ ​និង​ឆ្នាំ​២០១០។

«សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស​នៅ​ខេត្ត​នីមួយៗ​ ហើយ​យើង​មើល​ពណ៌​ខៀវ​ចាស់​នេះ​គឺ​មាន​ការ​អភិវឌ្ឍន៍​តិច​ជាង​គេ។​ ពណ៌​ក្រហម​នេះ​សំដៅ​ទៅ​លើ​ការ​រីកចម្រើន​ខ្លាំង​ ដូច​ថា​០,៣០៣ ​និង​០,៤៣៧​ គឺ​កំណើន​ពី​២០០៧​ ដល់​២០១០»។

លោក​ នី ​បូរ៉េត​ អ្នក​ស្រង់​ស្ថិតិ​នៃ​គណៈកម្មាធិការ​សម្រាប់​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ថា​ សន្ទស្សន៍​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៅ​កម្ពុជា​កើន​ឡើង​ខ្ពស់​ដោយ​ផ្អែក​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​ដែល​បាន​ជំរុញ​កំណើន​ប្រាក់​ចំណូល។

«ប្រាក់​ចំណូល​ជា​សមាសភាព​មួយ​នៃ​សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស។​ ហើយ​ដោយសារ​សេដ្ឋកិច្ច​យើង​កើន​ឡើង​ ស្ថានភាព​សុខភាព​ និង​ស្ថានភាព​អប់រំ​នៅ​កម្ពុជា​មាន​ការ​អភិវឌ្ឍ​ខ្ពស់។​ អញ្ចឹង​ហើយ​បាន​ធ្វើ​ឲ្យ​សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស​កើន​ឡើង​ខ្ពស់»។

លោក​ស្រី​ សូហ្វ៊ី បារ៉ាណេស (Sophie Baranes) ​នាយិកា​រង​អង្គការ​យូអិនឌីភី​ (UNDP) ប្រចាំ​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ថា ជន​ក្រីក្រ​ និង​ជន​ងាយ​រងគ្រោះ​បំផុត​នឹង​រងឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​មុន​គេ ​និង​ធ្ងន់ធ្ងរ​ជាង​គេ ហើយ​មិន​សូវ​មាន​លទ្ធភាព​ក្នុង​ការ​បន្ស៊ាំ​ និង​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​ទាំង​នេះ។

«កម្ពុជា​ គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ងាយ​រងគ្រោះ​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍ ​ដោយ​សារ​តែ​សមត្ថភាព​បន្ស៊ាំ​របស់​ខ្លួន​នៅ​មាន​កម្រិត។​ ដូចគ្នា​ទៅ​នឹង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​ផង​ដែរ​ គេ​ គិត​ថា កម្ពុជា​នឹង​អាច​ជួប​ប្រទះ​ការ​ធ្លាក់​ភ្លៀង​កាន់​តែ​ច្រើន។​ ឥទ្ធិពល​ទាំង​នេះ​នឹង​ទំនង​ធ្វើ​ឲ្យ​មាន​ភាព​ខូចខាត​ទឹក​កាន់​តែ​ធ្ងន់ធ្ងរ​ និង​ទឹក​ជំនន់​កាន់​តែ​ញឹកញាប់​ដែល​នាំ​ឲ្យ​ខូចខាត​ដល់​ដំណាំ​ និង​ជាមូលហេតុ​នៃ​កង្វះ​ស្បៀង​អាហារ​ផង​ដែរ។​ ការ​រីករាល​ដាល​នៃ​ជម្ងឺ​នានា​នឹង​មាន​កាន់​តែ​ច្រើន​ឡើង​ដែល​នឹង​បង្ក​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​សមិទ្ធិផល​នៃ​ការ​អភិវឌ្ឍ​មនុស្ស​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ»។

លោក​ ទិន ​ពន្លក​ អគ្គនាយក​រង​នៃ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​ក្រសួង​បរិស្ថាន​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ថា កម្ពុជា​ងាយ​រង​គ្រោះ​ចំពោះ​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ ដែល​អាច​ធ្វើ​ឲ្យ​ខូចខាត​ដល់​កិច្ច​ខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។

«ការ​ប្រែប្រួល​អាកាសធាតុ​មាន​ឥទ្ធិពល​ប៉ះពាល់​ដល់​កម្ពុជា​រួម​មក​ហើយ​ និង​ទៅ​អនាគត​ ឥទ្ធិពល​នេះ​នឹង​បង្កើន​សម្ភាធ​ថែម​ទៀត​ទៅ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​ ហើយ​សមត្ថភាព​បន្សាំ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​របស់​ប្រទេស​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ»។

សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស​ដែល​មាន​កម្រិត​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​ គឺ​១,៩៣នៅ​ប្រទេស​ណ័រវេសន៍​ ឬ​ប្រទេស​អភិវឌ្ឍន៍​ខ្ពស់​បំផុត៕

XS
SM
MD
LG