អង្គការសិទ្ធិមនុស្សមួយនឹងយករបាយការណ៍មួយជូនសាលាឧទ្ធរណ៍នៅថ្ងៃពុធនេះដើម្បីសម្តែងនូវក្តីព្រួយបារម្ភបញ្ហាមួយចំនួនទាក់ទងនឹងការឃុំខ្លួនអ្នកទោសបណ្តោះអាសន្ន ចំនួនមេធាវីតិចតួច ការគំរាមកំហែងយកចម្លើយសារភាពពីជនជាប់ចោទ និងបញ្ហាពាក់ព័ន្ធនឹងសកម្មភាពចៅក្រមក្នុងពេលសវនាការជាដើម។ ប៉ុន្តែមន្ត្រីតុលាការបានបដិសេធរបាយការណ៍នេះ។
នៅថ្ងៃអង្គារនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានសម្តែងការព្រួយបារម្ភអំពីអត្រាខ្ពស់នៃការឃុំខ្លួនបណ្តោះអាសន្ន អត្រាទាបនៃចំនួនមេធាវីក្នុងរឿងក្តីបទមជ្ឈឹម និងការប្រើអំពើហិង្សាដើម្បីបាន ចម្លើយសារភាពពីជនជាប់ចោទ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានធ្វើគម្រោងសង្កេតការណ៍សវនាការនៅក្នុងតុលាការក្រុងភ្នំពេញ និងខេត្តកណ្តាលរវាងពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០១០ ហើយគម្រោងនេះឧបត្ថម្ភដោយទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក គណៈកម្មការអឺរ៉ុប ស្ថានទូតអង់គ្លេស វិទ្យាស្ថានគ្រប់គ្រងខាងកើត ខាងលិចវិទ្យាស្ថានសង្គមបើកចំហ និងមូលនិធិអាស៊ី។
លោកស្រីមាំង ម៉ូនីកា មន្ត្រីគម្រោងជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែង យ៉ាងដូច្នេះថា៖ «យើងមានការព្រួយបារម្ភធ្ងន់ធ្ងរពាក់ព័ន្ធនឹងអត្រាខ្ពស់នៃការឃុំខ្លួនបណ្តោះអាសន្ន អត្រាទាបនៃចំនួនមេធាវីសម្រាប់ជនជាប់ចោទដែលត្រូវបានចោទប្រកាន់អំពីបទមជ្ឈឹម ចៅក្រមនៅតែបន្តប្រើទូរស័ព្ទដៃនៅក្នុងបន្ទប់សវនាការ ហើយមានអំណះអំណាង ដែលលើកឡើងដោយជនជាប់ចោទទាក់ទងនឹងទង្វើមិនត្រឹមត្រូវរបស់ប៉ូលិសដូចជាការគំរាមកំហែង និងប្រើអំពើហិង្សាទៅលើជនជាប់ចោទដើម្បីទទួលបានចម្លើយសារភាព»។
របាយការណ៍បានបញ្ជាក់ថា ទិន្នន័យ ដែលបានមកពីសវនាការចំនួន៥៣២នៅក្នុងតុលាការក្រុងភ្នំពេញ និងតុលាការខេត្តកណ្តាល បានបង្ហាញលទ្ធផលចម្រុះ។
ការបង្ហាញភស្តុតាងនៅក្នុងសវនាការមានការកើនឡើងពី៧៧ភាគរយទៅ៩៦ភាគរយ។ តុលាការទាំងពីរបានផ្តល់ឱកាសស្នើគ្នាដល់ភាគីទាំងពីរក្នុងការបង្ហាញភស្តុតាង និងសាកសួរសាក្សី។
របាយការណ៍នេះបានរកឃើញថា ទិន្នន័យបង្ហាញក្នុងសវនាការចំនួន១៨ មានជនជាប់ចោទត្រូវបានឃុំខ្លួនបណ្តោះអាសន្នលើសពីរយៈកំណត់ដោយច្បាប់។ ភាគច្រើននៃជនជាប់ចោទទាំងនេះមាន៧២ភាគរយត្រូវបានចោទប្រកាន់ពីបទមជ្ឈឹម។ របាយការណ៍នេះបានបន្តថា អត្រាសរុបនៃចំនួនមេធាវីការពារជនជាប់ចោទគ្រប់ករណីទាំងអស់ បានធ្លាក់ចុះពី៦៨ភាគរយមកនៅត្រឹម៥៩ភាគរយ។ ជនជាប់ចោទជិតបីភាគបួន ឬស្មើនឹង៧៤ភាគរយ ដែលត្រូវបានចោទប្រកាន់ពីបទមជ្ឈឹម មិនមានមេធាវីក្នុងពេលសវនាការទេ។
របាយការណ៍នេះបានលើកឡើងថា ក្នុងសវនាការចំនួន៣៣៨នៅតុលាការក្រុងភ្នំពេញ គេសង្កេតឃើញជនជាប់ចោទដែលមានវត្តមាន មានឯកសណ្ឋានជាអ្នកទោសក្នុងសវនាការចំនួន៣១៤នាក់ ឬ ស្មើនឹង៩៣ភាគរយ និង៤ភាគរយនៅតុលាការខេត្តកណ្តាល។ ការណ៍នេះធ្វើឱ្យបាត់បង់នូវសេចក្តីថ្លៃថ្នូរ បាត់សិទ្ធិបង្ហាញខ្លួននៅមុខតុលាការក្នុងនាមជាប្រជាពលរដ្ឋគ្មានទោស។ របាយការណ៍នេះបានបន្ថែមថា ភស្តុតាងក្នុងសវនាការចំនួន២០៦នៅតុលាការក្រុងភ្នំពេញមានតម្រុយ បង្ហាញថា ចម្លើយសារភាពអាចបានមកពីការគំរាមកំហែង ឬការគាបសង្កត់ផ្លូវចិត្តដទៃទៀតនៅក្នុង សវនាការចំនួន២៧ ឬស្មើនឹង១៣ភាគរយ ហើយចម្លើយសារភាពអាចបានមកពីការគាបសង្កត់ក្រោមរូបភាពអំពើហិង្សា ឬទារុណកម្មនៅក្នុងសវនាការចំនួន៣៤ ឬស្មើនឹង១៦ភាគរយនៃចំនួនសវនាការដែលបានសង្កេតទាំងអស់។ ប៉ុន្តែមានតែមួយប៉ុណ្ណោះក្នុងសវនាការចំនួន៨៣នៅតុលាការខេត្តកណ្តាល។ របាយការណ៍នេះបាននិយាយថា អនីតិជនចំនួន៩៧ភាគរយ ដែលត្រូវបានកាត់ទោសអំពីបទល្មើសព្រហ្មទណ្ឌនៅតុលាការក្រុងភ្នំពេញ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន។ នេះជាសញ្ញានាំឱ្យមានការព្រួយបារម្ភអំពីចំនួនលើសលុបនៃអត្រាឃុំខ្លួនបណ្តោះអាសន្នសរុប។
អនីតិជនចំនួន៥នាក់ក្នុងចំណោម៦នាក់ ដែលត្រូវបានកាត់ទោសនៅតុលាការខេត្តកណ្តាល ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន។
ចៅក្រមកែ សាខន អនុប្រធានតុលាការក្រុងភ្នំពេញបានថ្លែងថា របាយការណ៍របស់មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជានេះសរសេរខុសការណ៍ពិតជាច្រើន។
«និយាយពីរបាយការណ៍របស់គាត់ (មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា) ខ្ញុំបានជម្រាបប្រាប់គាត់ហើយថា ខ្ញុំមិនទាន់ឯកភាពទេលើរបាយការណ៍នេះទេ ពីព្រោះមតិរបាយការណ៍មួយចំនួនសរសេរទៅ មានការលើស និងការខុសឆ្គង។ អញ្ចឹង ខាងខ្ញុំអត់ទទួលយកទេ និងសុំឱ្យកែតម្រូវឡើងវិញ»។
លោកអ៊ិន វាន់វិបុល ប្រធានតុលាការខេត្តកណ្តាល បានថ្លែងថា ជនជាប់ចោទដែលបានស្លៀកសម្លៀកបំពាក់ជាអ្នកទោសមានបទល្មើសផ្សេងទៀតដែលតុលាការបានផ្តន្ទាទោសរួចហើយ ព្រោះជនជាប់ចោទអាចជាប់ពិរុទ្ធក្នុងបទល្មើស២ ឬ៣។
«អនីតិជនអាយុក្រោម១៤ឆ្នាំ យើងមិនអាចឃុំខ្លួនបានទេ។ ចាប់ពីអាយុ១៤ឆ្នាំឡើង យើងអាចឃុំខ្លួន ចំពោះអនីតិជន គឺអាចពាក់កណ្តាលនៃរយៈពេលឃុំខ្លួន ដែលយោងទៅតាមបទល្មើស ដូចជាបទល្មើសមជ្ឈឹម៤ខែ និងបទល្មើសឧក្រិដ្ឋ៦ខែជាដើម»។
លោកស្រីមាំង ម៉ូនីកាបានបញ្ជាក់ថា លោកស្រីនឹងយករបាយការណ៍នេះទៅប្រគល់ជូនសាលាឧទ្ធរណ៍ ដើម្បីពិភិក្សារកដំណោះស្រាយលើអ្វីដែលបានរកឃើញ៕