គណបក្សសម រង្ស៊ីនឹងត្រូវធ្វើការផ្លាស់ប្តូរតំណាងរាស្ត្រគណបក្សនៅពាក់កណ្តាលអាណត្តិនៅក្នុងឆ្នាំ២០១១នេះ ស្របតាមសេចក្តីសម្រេច និងកិច្ចព្រមព្រៀងជាមូលដ្ឋាន។ អ្នកសង្កេតការណ៍បានសម្តែងការព្រួយបារម្ភខ្លាចក្រែងកើតមានជម្លោះផ្ទៃក្នុងគណបក្ស ដោយសារតំណាងរាស្ត្រខ្លះអាចត្រូវបានផ្លាស់ប្តូរ និងអ្នកខ្លះទៀតអាចរក្សានៅជាតំណាងរាស្ត្រដដែល។ មន្ត្រីគណបក្សបានបញ្ជាក់ថា វានឹងមិនអាចកើតមានជម្លោះផ្ទៃក្នុងបានទេ ដោយសារគណបក្សឈរលើគោលការណ៍ផ្លាស់ប្តូរសមាជិកសភាគណបក្សនាពាក់កណ្តាលអាណត្តិនេះឱ្យបានត្រឹមត្រូវនោះ។
លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនិរទេសខ្លួន បានបញ្ជាឱ្យលោកគង់ គាំ អនុប្រធានគណ បក្សរបស់លោក ពិភាក្សាការផ្លាស់ប្តូរពាក់កណ្តាលអាណត្តិរបស់រដ្ឋសភាជាមួយសមាជិកគណៈ កម្មាធិការនាយកគណបក្សចំនួនប្រាំបីរូប ដែលបានអំពាវនាវដល់លោកឱ្យគោរពគោលការណ៍ ផ្លាស់ប្តូរពាក់កណ្តាលអាណត្តិនេះ។
នៅក្នុងការឆ្លើយតបទៅនឹងសំណើរបស់សមាជិកគណៈកម្មាធិការនាយកចំនួន៨រូប លោកសម រង្ស៊ីបានថ្លែងថា លោកគង់ គាំ ប្រធានគណបក្សសម រង្ស៊ីស្តីទី នឹងជួបដោយផ្ទាល់ជាមួយលោក លោកស្រី ដើម្បីបញ្ជាក់ និងពន្យល់ពីសេចក្តីសម្រេចរបស់គណបក្សនៅពេលវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ។
លោកសម រង្ស៊ីបានបន្ថែមថា សូមលោក លោកស្រី មេត្តាយល់ដល់ស្ថានភាព និងចូលរួមសម្រេច ដោះស្រាយ និងពង្រឹងគណបក្សឱ្យបានរឹងមាំ ដើម្បីឈានទៅទទួលបានជោគជ័យក្នុងការបោះ ឆ្នោតខាងមុខនេះ។
លោកនួន វុទ្ធី សមាជិកគណៈកម្មាធិការនាយកម្នាក់ក្នុងចំណោមសមាជិកគណៈកម្មាធិការនាយក ប្រាំបីរូបនៃគណបក្សសម រង្ស៊ី បានថ្លែងប្រាប់ វីអូអេ ថា សមាជិកគណៈកម្មាធិការនាយកទាំងប្រាំបីរូបនេះកំពុងរង់ចាំដំណោះស្រាយនៃសំណើអនុវត្តគោលការណ៍ផ្លាស់ប្តូរសមាជិកសភាគណបក្សសម រង្ស៊ីពាក់កណ្តាលអាណត្តិនេះ។
លោកនួន វុទ្ធី បានបន្ថែមថា លោកប្រធានគណបក្សសម រង្ស៊ីបានសរសេរលិខិតមកគណបក្សកាល ពីម្សិលម៉ិញ ដោយបញ្ជាក់ថា លោកគង់ គាំនឹងពិភាក្សាបញ្ហាផ្លាស់ប្តូរពាក់កណ្តាលអាណត្តិនេះ ជាមួយសមាជិកគណៈកម្មាធិការនាយកគណបក្សទាំងប្រាំបីរូប។
លោកនួន វុទ្ធីបានថ្លែងថា សមាជិកគណៈកម្មាធិការនាយកចំនួនប្រាំបីរូបបានសរសេរលិខិតជូន លោកសម រង្ស៊ីដើម្បីរំឭកពីសេចក្តីសម្រេចរបស់គណៈកម្មាធិការនាយកគណបក្សនៅឆ្នាំ២០០៨ ដែលផ្តល់សិទ្ធិដល់ពួកយើងក្នុងការអនុវត្តគោលការណ៍ផ្លាស់ប្តូរតំណាងរាស្ត្រគណបក្សនៅពាក់ កណ្តាលអាណត្តិ។
«ការផ្លាស់ប្តូរគ្នាពាក់កណ្តាលអាណត្តិនេះ យោងទៅលើសេចក្តីសម្រេចរបស់គណៈកម្មាធិការ អចិន្ត្រៃយ៍ និងកិច្ចសន្យារវាងបុគ្គលនៅតាមខេត្តនីមួយៗ កិច្ចព្រមព្រៀងដែលឈានទៅឱ្យបង់ ប្រាក់។ នៅពេលមានកិច្ចសន្យាពាក់កណ្តាលអាណត្តិ យើងបង់ប្រាក់ពីលេខ១ដល់លេខ៥ចំនួន ជាង២៤.០០០ដុល្លារអាមេរិកដូចគ្នា និងពីលេខ៦ដល់លេខ៩ចំនួនជាង២២.០០០ដុល្លារអាមេរិក ដូចគ្នា»។
លោកអំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស Licadho បានថ្លែងថា កិច្ចព្រមព្រៀង ដោះដូរតំណាងរាស្ត្រពាក់កណ្តាលអាណត្តិនេះសំដៅចែករំលែងឱ្យទទួលបានបទពិសោធន៍ប្រាក់ ខែពីរដ្ឋសភាដូចគ្នា ការផ្លាស់ប្តូរបទពិសោធន៍ និងនយោបាយរបស់គណបក្ស»។
លោកអំ សំអាតបានព្រមានអំពីលទ្ធភាពនៃជម្លោះផ្ទៃក្នុងរបស់គណបក្សសម រង្ស៊ីអំពីការផ្លាស់ប្តូរ ពាក់កណ្តាលអាណត្តិនេះ បើសមាជិកគណៈកម្មាធិការនាយកគណបក្សសម រង្ស៊ីបំភ្លេចចោលកិច្ច សន្យា និងសេចក្តីសម្រេចស្តីពីការផ្លាស់ប្តូរពាក់កណ្តាលអាណតិនៅឆ្នាំ២០០៨នោះ។
«ការដោះដូរពាក់កណ្តាលអាណត្តិនេះ តំណាងរាស្ត្រខ្លះត្រូវបានដោះដូរ ប៉ុន្តែតំណាងរាស្ត្រមួយ ចំនួនប្រហែលជាអត់មានការដោះដូរទេ ដោយសារភារកិច្ច និងតួនាទីរបស់គាត់។ អញ្ចឹងវាក៏មាន បញ្ហាខ្លះដែរ។ ខ្ញុំគិតថា ត្រូវមានការពិភាក្សាគ្នាឱ្យបានដិតដល់ដើម្បីកុំឱ្យមានបញ្ហាជាមួយគ្នាក្នុងការងារនៃអាណត្តិតំណាងរាស្ត្រ»។
លោកនួន វុទ្ធីបានថ្លែងថា ការផ្លាស់ប្តូរពាក់កណ្តាលអាណត្តិនេះនឹងចូលមកដល់នៅក្នុងខែមិនា ខាងមុខនេះ ហើយមិនគួរមានជម្លោះផ្ទៃក្នុងគណបក្សទេ ដោយសារការផ្លាស់ប្តូរនេះឈរលើគោលការណ៍ច្បាប់ជាមូលដ្ឋាន។
មន្ត្រីគណបក្សសម រង្ស៊ីបានថ្លែងថា ប្រតិភូតំណាងរាស្ត្រគណបក្សសម រង្ស៊ី ដែលបានដឹកនាំដោយលោកគង់ គាំ អនុប្រធានគណបក្ស នឹងវិលត្រឡប់មកកម្ពុជាវិញនៅយប់នេះ៕