ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សម រង្ស៊ី​សុំឲ្យ​តុលាការ​​ទម្លាក់ចោល​រឿង​ក្តី​កាត់ទោស​លោក​សម ​រង្ស៊ី


លោក​សម ​រង្ស៊ី ​ប្រធាន​គណបក្ស​សម​ រស្ស៊ី
លោក​សម ​រង្ស៊ី ​ប្រធាន​គណបក្ស​សម​ រស្ស៊ី

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ នៅ​ថ្ងៃ​អាទិត្យ​នេះ ​បាន​ទទូច​ឲ្យ​តុលាការ​កម្ពុជា​ទម្លាក់​ចោល​រឿង​ក្តី​ប្រឆាំង​លោក​សម ​រង្ស៊ី ​ប្រធាន​គណបក្ស​សម​ រង្ស៊ី ​ពាក់ព័ន្ធ​នឹង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ ​នៅ​ស្រុក​ចន្ទ្រា ​ខេត្ត​ស្វាយរៀង។

ការ​ទទូច​ស្នើសុំ​របស់​គណបក្ស​ប្រឆាំង​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​បាន​អះអាង​ថា ​ការ​បោះបង្គោល ​និង​ខណ្ឌសីមា​ព្រំដែន​លេខ​១៨៤ ​លេខ​១៨៥ ​លេខ​១៨៦ ​និង​១៨៧ ​នៅ​ស្រុក​ចន្ទា្រ​ ខេត្ត​ស្វាយរៀង ​ដែល​នៅ​សេសសល់​ នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម ​រហូត​មក​ដល់​ពេល​នេះ​គណៈ​កម្មាធិការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ មិន​ទាន់​បាន​ឯកភាព​គ្នា​លើ​ទីតាំង​បង្គោល​នេះ​នៅ​ឡើយ​ទេ។

នៅ​ក្នុង​លិខិត​ឆ្លើយ​តប​មួយ​ច្បាប់​របស់​លោក​កាល​ពី​ដើម​ខែ​ធ្នូ​កន្លង​ទៅ​នេះ​ ជូន​អ្នក​តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី​ចំនួន​១៦​នាក់​ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែនបាន​បញ្ជាក់​ថា ​ភាគី​ទាំងពីរ​នៅ​បន្ត​ចរចា​ដើម្បី​កំណត់​ទីតាំង​បង្គោល​នេះ​ ដូច​ជា​ទីតាំង​បង្គោល​ព្រំដែន​ ដែល​នៅ​សេសសល់​ដទៃ​ទៀត ​ឲ្យ​បាន​សមស្រប​ដែល​អាច​ទទួល​យក​បាន​នា​ពេល​ខាង​មុន​នេះ។

លោក​យឹម​ សុវណ្ណ ​អ្នក​តំណាងរាស្ត្រ ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រឆាំង ​បាននិយាយ​ថា​ យោងតាម​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​អ្វី​ដែល​លោក​សម ​រង្ស៊ី​បាន​ដក​បង្គោល​ព្រំដែន​លេខ​១៨៥​គឺ​ពុំ​បាន​ជាប់​ពាក់ព័ន្ធ​ថា​បាន​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ទេ។ ​លោក​បាន​បញ្ជាក់​ថា ​លោក​សម ​រង្ស៊ី​គួរ​បាន​រួច​ខ្លួន​ មិន​មាន​អ្វី​ជាប់​ពាក់ព័ន្ធ​នឹង​តុលាការ។

«បាទ ​ធម្មតា ​គាត់​ចង់​បាន​ន័យ​ថា ​គណបក្ស​កាន់អំណាច​គេ​ចង់​មាន​ន័យ​ថា​ បង្គោល​ហ្នឹង​បោះ​មិន​បាន​ត្រឹមត្រូវ​ ឬ​មួយ​ក៏​មិន​ទាន់​បោះ​ជា​ផ្លូវការ។ ​ដែល​ជាអំណះ​អំណាង​មួយ​ដ៏​ប្រាកដ​ប្រជា​សម្រាប់​បង្ហាញ​អំពី​ទង្វើ​របស់​ឯកឧត្តម​លោក​ប្រធាន​ធ្វើ​ហ្នឹង​ គឺ​មិន​មាន​ទោស​ពៃរ៍​ ឬ​ក៏​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នៃ​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ ​ឬក៏​បទ​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​អី​នោះ​ទេ»។

លោក​សម​ រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ត្រូវ​បាន​សាលាដំបូង​ខេត្ត​ស្វាយរៀង​កាត់ទោស​កំបាំង​មុខ ​កាល​ពី​ថ្ងៃ​ទី​២៧ ​ខែ​មករា ​ឆ្នាំ​២០១០​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​ប្រាំបី​លាន​រៀល ​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ដល់​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេស​វៀតណាម ​និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាតិ​សាសន៍ ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​កោះក្បាន​កណ្តាល​ ឃុំ​សំរោង ​ស្រុក​ចន្ទា្រ​ ខេត្ត​ស្វាយរៀង។

លោក​ផៃ ​ស៊ីផាន​ អ្នក​នាំពាក្យ​ និង​ជា​រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា ​រឿង​ក្តី​របស់​លោក​សម ​រង្ស៊ី​គឺ​ជា​រឿង​តុលាការ ​ដូច្នេះ​លោក​សម ​រង្ស៊ី ​មិន​អាច​ទម្លាក់​ចោល​រឿង​ក្តី​ចោទ​ប្រកាន់​នេះ​បាន​ទេ។

«ការ​ថ្លែង​របស់​ឯកឧត្តម​សម ​រង្ស៊ី​គឺ​ជា​ករណី​នីតិរដ្ឋ​សុទ្ធសាធ ​មិនមែន​ពាក់ព័ន្ធ​ទៅ​លើ​រឿង​វៀតណាម ​ថៃ ​ឬ​ក៏​បរទេស​ណា​ទេ ​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​នីតិរដ្ឋ។ ​រវាង​ឯកឧត្តម​សម​ រង្ស៊ី ​ជា​បុគ្គល​ជាមួយ​នឹង​ផ្នែក​តុលាការ»។

បច្ចុប្បន្ន​នេះ​ លោក​សម ​រង្ស៊ីកំពុង​តែ​ស្នាក់​នៅ​ក្រៅ​ប្រទេស​បន្ទាប់​ពី​តុលាការ​កម្ពុជា​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១០​ឆ្នាំ ​នៅ​ក្នុង​សំណុំរឿង​ចំនួន​ពីរ​ គឺ​ការដក​តម្រុយ​បង្គោល​ព្រំដែន​ និង​ក្លែង​ឯកសារ​សាធារណៈ។

លោក​សម​ រង្ស៊ី​ធ្លាប់​បាន​ប្រកាស​ថា​ ករណី​របស់​លោក​គឺ​ជា​រឿង​នយោបាយ។​ ដូច្នេះ​ត្រូវ​តែ​មាន​ការសម្រប​សម្រួល​ផ្នែក​នយោបាយ។ ក្នុង​លិខិត​របស់​លោក​ផ្ញើ​ជូន​អ្នក​តំណាងរាស្រ្ត​គណបក្ស​សម ​រង្ស៊ី​ចំនួន​១៦​រូប ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែនបាន​មាន​ប្រសាសន៍​ថា​ ករណី​របស់​លោ​កសម​ រង្ស៊ី​គឺ​ជា​រឿង​ផ្លូវ​ច្បាប់ ​មិនមែន​ជា​រឿង​នយោបាយ​នោះ​ឡើយ៕

XS
SM
MD
LG