ភ្នំពេញ៖ គណបក្សសម រង្ស៊ី អំពាវនាវដល់អង្គការឃ្លាំមើលការរំលោភសិទ្ឋិមនុស្សជាតិ និងអន្តរជាតិជួយរកយុត្តិធម៌ដល់សម្មជនរបស់ខ្លួនចំនួនបួនរូប ដែលត្រូវបានតុលាការខេត្តកំពង់ធំចោទប្រកាន់ពីបទប្រព្រឹត្តអំពើភេរវម្ម។
នៅក្នុងសន្និសិទកាសែតនៅថ្ងៃសុក្រនេះ លោកយឹម សុវណ្ណ អ្នកតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សប្រឆាំងបានអំពាវនាវដល់អង្គការឃ្លាំមើលការរំលោភសិទ្ឋិមនុស្សជាតិ និងអន្តរជាតិឲ្យជួយធ្វើអន្តរាគមន៍ចំពោះរឿងក្តីរបស់សកម្មជនបួនរូបនៃគណបក្សរបស់ខ្លួន ដែលជាប់ចោទពីបទភេរវកម្ម។ លោកមានប្រសាសន៍ថា៖
«ខ្ញុំសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិ ពិនិត្យតាមដានរឿងនេះ ដើម្បីធានាឲ្យប្រទេសកម្ពុជា យើងទទួលបាននូវលទ្ឋិប្រជាធិបតេយ្យ ដើម្បីធានាឲ្យរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនគោរពសិទ្ឋិមនុស្ស គោរពសិទ្ឋិគណបក្សជំទាស់ គោរពសិទ្ឋិអ្នកតំណាងរាស្រ្តឲ្យបានត្រឹមត្រូវ ដើម្បីកសាងសង្គមជាតិមួយដែលគ្មានអំពើអយុត្តិធម៌»។
ការអំពាវនាវរបស់លោកយឹម សុវណ្ណ បានកើតមានឡើងក្រោយពីតុលាការខេត្តកំពង់ធំ បានចោទប្រកាន់សកម្មជនគណបក្សសម រង្ស៊ី ចំនួនបួនរូប ដែលរួមមានលោកអ៊ុក ថន ប្រធានក្រុមប្រឹក្សា គណបក្សសម រង្ស៊ីប្រចាំស្រុកប្រសាទបល័្លង្គ លោកគឹម ហុង ជំទប់ទីពីរប្រចាំឃុំក្រយា លោកកុយ គឿន ប្រធានភូមិក្រយាខាងជើង និងលោកចោម ជៀវ ប្រធានក្រុមប្រឹក្សាភូមិក្រយាខាងជើងខាងគណបក្ស សម រង្ស៊ី។
លោកយឹម សុវណ្ណ បានមានប្រសាសន៍ថា ការចោទប្រកាន់ទាំងនេះ គឺជារឿងនយោបាយ និងជាឆាកល្ខោនមួយ ដែលបានបង្កើតឡើងពីក្រុមមន្រ្តីរដ្ឋាភិបាល។ លោកបន្តទៀតថា៖
«វាជារឿងមួយ គួរឲ្យអស់សំណើច រឿងដែលកប់ចោលតាំងពី២០០៤ រឿងមិនពិត រឿងដែលគាត់បំពេញតួនាទីភារកិច្ចរបស់គាត់ក្នុងនាមជាថ្នាក់ដឹកនាំមូលដ្ឋាន ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ រាយការណ៍ទៅប៉ូលីស ប្រាប់ប៉ូលីស ដើម្បីឲ្យប៉ូលីសចាត់វិធានការទៅតាមសមត្តកិច្ចរបស់គាត់។ គាត់បែរជាមកចោទប្រកាន់សមាជិកទាំងបួនថា ជាភេរវករ»។
កាលពីខែកក្កដា ឆ្នាំ២០០៤ ប្រជាពលរដ្ឋនៅភូមិក្រយាខាងជើង ឃុំក្រយា ស្រុកបា្រសាទបល័ង្គ បានជួបហេតុការណ៍មួយដោយអ្នកភូមិបានហៅថា ជាសកម្មភាពរបស់ខ្លាក្រដាស ដែលបានដើរចាក់បូបឈាមប្រជាពលរដ្ឋនៅពេលយប់។ ក៏ប៉ុន្តែពុំមានប្រជាពលរដ្ឋណាម្នាក់បានឃើញនៅសកម្មភាពខ្លាក្រដាសនេះ ដោយផ្ទាល់និងភ្នែកទេ។
លោកគឹម ហុងជំទប់ទីពីរខាងគណបក្សសម រង្ស៊ី ប្រចាំឃុំក្រយា បាននិយាយប្រាប់នៅក្នុងសន្និសិទកាសែតដែរថា លោកបានប្រមូលស្នាមផ្តិមមេដៃពីប្រជាពលរដ្ឋ ដើម្បីប្តឹងទៅសមត្តកិច្ចអំពីសកម្មភាពនេះ។ លោកបានមានប្រសាសន៍ថា លោកពុំយល់ដែរ ថាតើហេតុអ្វី បានជាតុលាការបានចោទប្រកាន់ ថាលោកជាប់ពាក់ព័ន្ឋនឹងអំពើភេរវកម្មនេះទៅវិញ។ លោកបានថ្លែងដូច្នេះថា៖
«បែរជាចោទពួកខ្ញុំពីបទប្រព្រឹត្តភេរវកម្ម រួចភេរវកម្មហ្នឹង ខ្ញុំស្គាល់អត់ច្បាស់ផង»។
លោកស្រីស៊ឹម សាមើ ចៅក្រមនៃសាលាដំបូងខេត្តកំពង់ធំបានបដិសេធថា លោកស្រីពុំបានដឹង អំពីលិខិតកោះហៅសកម្មជនគណបក្សសម រង្ស៊ី ទាំងបួនរូបនេះទេ។ លោកស្រីបន្តថា៖
«គេចាត់ការតាំងពីមុនមកដែរ ប៉ុន្តែរឿងមិនទាន់ចប់ ហើយខ្ញុំអត់ដឹងសាច់រឿងទេ និយាយរួម»។
លោកចាន់ សាវ៉េត មន្រ្តីផ្នែកស៊ើបអង្គេតរបស់សមាគមសិទ្ឋិមនុស្សអាដហុក (ADHOC) ពុំបានធ្វើអត្ថាធិប្បាយឲ្យបានពិស្តារទេ។ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា សមាគមសិទ្ឋិមនុស្សអាហុកកំពុងតែធ្វើការស៊ើបអង្គេតចំពោះករណីនេះហើយ។ លោកថ្លែងថា៖
«យើងកំពុងតែតាមឃ្លាំមើល ហើយធ្វើការស៊ើបអង្គេតបន្ថែមទៀតទៅលើព័ត៌មានមួយចំនួន ក្នុងការដែលគេចោទប្រកាន់នេះ»។
ចំណែកលោកហម ស៊ុនរិទ្ឋ នាយករងអង្គការសិទ្ឋិមនុស្សលីកាដូ (LICADHO) បានមានប្រសាសន៍ថា អង្គការសិទ្ឋិមនុស្សរបស់លោកពុំទាន់ធ្វើការស៊ើបអង្គេតករណីនេះនៅឡើយទេ។