ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សម រង្ស៊ី​ថា​នឹង​មិន​ចូល​រួម​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស​ទេ​


លោកកឹម​ សុខា​ ប្រធាន​​គណបក្ស​​សិទ្ធិ​​មនុស្ស​​ពេល​​មក​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វីអូអេ ខ្មែរ។
លោកកឹម​ សុខា​ ប្រធាន​​គណបក្ស​​សិទ្ធិ​​មនុស្ស​​ពេល​​មក​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វីអូអេ ខ្មែរ។

គណបក្ស​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​ច័ន្ទនេះ​ បាន​ចាត់​ទុកថា​ ការ​បញ្ចេញ​ឯកសារ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​រវាង​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ និង​លោក​កឹម សុខា​ គឺ​ជា​ល្បិចកល​មួយ​ដែល​ធ្វើឡើង​ ដើម្បី​បំបែក​កម្លាំង​អ្នក​ប្រជាធិបតេយ្យ ​ដែល​កំពុង​ស្វះស្វែង​រក​ការប្រមូលផ្តុំ​គ្នា ​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​របៀប​មេដឹកនាំ​បច្ចុប្បន្ន​នេះ។

កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ខ្សែអាត់​សំឡេង​មួយ​ដែល​ត្រូវ​បាន​គេ​ជឿថា ជា​ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​រវាង​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​និង​លោក​កឹម សុខា ​កាលពី​ថ្ងៃទី​២៤ ​ខែ​កក្កដា ឆ្នាំ ២០០៧ ​ ដែល​បាន​ចម្លង​ចេញ​ពី​សំឡេង​ដើម​ចំនួន​ប្រំាពីរ​ទំព័រ​ បាន​បញ្ជាក់​ពី​ការ​សន្ទនា​យ៉ាង​ស្និទ្ធ​ស្នាល​ មួយ​រវាង​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ និង​លោក​កឹម សុខា។

ការ​សន្ទនា​នេះ​ត្រូវ​បាន​សង្ស័យ​ថា ​ចង់​បង្ហាញ​ឲ្យ​ឃើញ​ថា ​ការបង្កើត​គណបក្ស​សិទ្ធិមនុស្ស​នេះ ​គឺ ដោយ​មាន​ការគាំទ្រ​ពី​គណបក្ស​គ្រប់គ្រង​អំណាច។ នៅ​ក្នុង​ឃ្លា​មួយ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​បាន​និយាយ​ថា​ «ឥឡូវ​នេះ​ខ្ញុំ​គិត​ថា ​ខាង​ ខាឯង ​គ្មាន​សមាជិក​គ្រប់គ្រាន់​ទេ។ ខ្ញុំ​គិត​ថា ​យក​ល្អ ​ខា​ឯង​ត្រូវ​ប្រមូល​យក​សមាជិក​ទាំងនោះ»។ ជា​ការ​ឆ្លើយតប​ទៅ​វិញ ​លោក​កឹម សុខា​ ត្រឹម​តែ​និយាយ​បាទ​ បាទ​ តែ​ប៉ុណ្ណោះ។

គណបក្ស​សិទ្ធិ​មនុស្ស​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ចាត់​ទុក​ថា ​ការ​សន្ទនា​រវាង​មេ​ដឹកនាំ​គណបក្ស​មួយ​ទៅ​គណបក្ស​មួយទៀត​ គឺជា​រឿង​ធម្មតា​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ។

លោក​ប៉ុល ហំម​ អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស​បាន​មាន​ប្រសាសន៍​ថា ​គណបក្ស​ប្រជាជន កម្ពុជា​មាន​ការ​ភិត​ភ័យ​ចំពោះ​ការ​រួប​រួម​គ្នា​រវាង​គណបក្ស​សិទ្ធិ​មនុស្ស​ និង​គណបក្ស​សម រង្ស៊ី ​ទើប​បញ្ចេញ ឯកសារ​នេះ​ជា​សាធារណៈ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ខ្ញុំ​យល់ថា ​ការ​បញ្ចេញ​ហ្នឹង​គឺ​ថា​ គ្រាន់​តែ​ដើម្បី​បំបែក​កម្លាំង​យើង​កុំ​ឲ្យ​រួប​រួម​គ្នា​បាន​ ធ្វើឲ្យលោក​សម រង្ស៊ី ​នៅតែ​មិនទុក​ចិត្ត​មកលើ​យើង ​បន្ត​ធ្វើការ​វាយ​ប្រហារ​យើង ​ចោទថា យើង​ជា​អាយ៉ង»។

លោក​ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​ បាន​មាន​ប្រសាសន៍​ថា​ ការ​ប្រាស័យ​ទាក់ទង​ គ្នា​រវាង​មេដឹក​នាំ​គណបក្ស​ទាំងពីរ​គឺ​ជា​ការល្អ​ប្រសើរ​មួយ។ ក៏​ប៉ុន្តែ​ការ​បង្ហាញ​ឯកសារ​នេះ ​គណបក្ស​គ្រប់ គ្រង​អំណាច​មិនមាន​គោលបំណង​ទៅ​បំបែកបំបាក់​សម្ព័ន្ធភាព​រវាង​គណបក្ស​សិទ្ធិមនុស្ស​ និង​គណបក្ស សម រង្ស៊ី​ទេ។ លោក​ផៃ ស៊ី​ផាន​ថ្លែង​ថា៖

«រឿង​ហ្នឹង​គ្រាន់តែ​ជា​ការ​ចោទ​ប្រកាន់។ មិន​ទាន់​បញ្ចេញ​សំបុត្រ​ យើង​ឃើញ​ថា​ ពួក​គេ​មិន​ត្រូវ​គ្នា​ផង​ មិន​មែន​ដោយសារ​សំបុត្រ​ហ្នឹង​ណា។ ដូច្នេះ​វា​អាច​ថា ​ជា​លទ្ធភាព​មួយ​ ដែល​គណបក្ស​សិទ្ធិមនុស្ស​អាច​មាន​សមត្ថភាព​និយាយ​ជាមួយនឹង​គណបក្ស​កាន់អំណាច។ អាហ្នឹង​ជាឥរិយាបទ​នៃ​លទិ្ធប្រជាធិប​តេយ្យ»។

ចំណែក​លោក​យឹម សុវណ្ណ ​អ្នក​នាំ​ពាក្យ ​និង​ជា​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សម រង្ស៊ី ​បាន​វាយ ប្រហារ​ធ្ងន់ៗ​ទៅ​លើ​គណបក្ស​សិទ្ធិមនុស្ស​ថា ​ការ​បង្ហាញ​ឯកសារ​នេះ ​បាន​បញ្ជាក់​យ៉ាងច្បាស់​អំពី​កលល្បិច​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ទៅវិញ។​ លោក​យឹម សុវណ្ណ ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​ការ​ចង​សម្ព័ន្ធភាព​រវាង​គណបក្ស​ទាំង​ពីរ​ និង​មិន​មាន​ទៀត​ទេ​ ក្រោយ​ពី​ឯកសារ​នេះ​ត្រូវ​បាន​ទម្លាយ​ចេញ​ជា​សាធារណៈ។ លោក​យឹម សុវណ្ណ​ថ្លែង​ថា៖

«យើង​មិន​អាច​ទៅ​ចង​សម្ព័ន្ធ​ភាព​ជា​មួយ​គណបក្ស​មួយ​ ដែល​មិន​ស្មោះ​ត្រង់​ជា​គណបក្ស​មួយ​ដែល​ទៅធ្វើ​អាយ៉ង​ឲ្យ​គណបក្ស​កាន់អំណាច។ អួតអាង​ខ្លួន​ឯង​ជា​អ្នក​ប្រជាធិបតេយ្យ ​មិនមាន​ភាព​ស្មោះ​ត្រង់​ចំពោះ​អ្នក​ម្ចាស់​ឆ្នោត​ ហើយ​ប្រើ​ប្រាស់​នូវ​ពេល​វេលា​ កលល្បិច​បំផ្លិច​បំផ្លា​ញ​ការ​ចរចា ​ចោទប្រកាន់​គេ​សព្វគ្រប់​បែប​យ៉ាង​ ទីបំផុត​ភស្តុតាង​ចេញ​មក​គឺ​ខ្លួន​ឯង​សោះ»។

លោក​គុល បញ្ញា​ នាយកប្រតិបត្តិ​នៃ​អង្គការ​ឃ្លំាមើល​ដំណើរការ​បោះឆ្នោត​មួយ​ ដែល​មាន​ឈ្មោះ ថា ​Comfrel ​បាន​មាន​ប្រសាសន៍​ថា ​ការ​មិនទុក​ចិត្ត​គ្នា​រវាង​គណបក្ស​សម​ រង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស និង​អាច​កើត​មាន​ឡើង​ក្រោយ​ពី​ឯកសារ​នេះ​ត្រូវ​បាន​ទម្លាយ​ចេញ។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ការ​ប៉ះ​ពាល់​គណបក្ស​សិទ្ធិ​មនុស្ស​មិន​មាន​ច្រើន​ប៉ុន្មាន​ទេ​ ពីព្រោះ​គណបក្ស​នេះ​បាន​ខិតខំ​ការពារ​ខ្លួន​ជាយូរ​មក​ហើយ។ លោក​បាន​ប្រាប់​វីអូអេ​ថា៖

«វា​មិនមាន​ផល់​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ទេ ​លើកលែង​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​យក​រឿងនេះ​ទៅ​ពន្យល់​ ទៅ​បកស្រាយ​ផ្សេងៗ​វា​អាច​ប៉ះពាល់​ហើយ។ ​ក៏​ប៉ុន្តែ​មិន​ជាអ្វី​ទេ គ្រាន់តែ​អ្នក​សង្កេតការណ៍ ​គេ​អាច​យក​មតិ ព័ត៌មាន​យក​មកវិភាគ​ មក​គិត​ថា​ ព័ត៌មាន​វា​យ៉ាង​ម៉េច​ ការ​សន្ទនា​វា​យ៉ាង​ម៉េច»។

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប​បាន​មាន​ប្រសាសន៍​ថា​ ការ​បង្ហាញ​ឯកសារ​ ទំនង​ជា​គេ​មើល​ឃើញ​ការ​រីកចម្រើន​របស់​គណបក្ស​សិទ្ធិមនុស្ស​ដែល​មាន​កាន់​តែ​ខ្លាំង៕

XS
SM
MD
LG